Thursday 6 August 2020

ព្រះសង្ឃ​៦​អង្គ គេច​ព្រះ​កាយ​ដើម្បី​សុវត្ថិភាព ក្រោយ​ចូលរួម​ទាមទារ​ដោះលែង លោក រ៉ុង ឈុន


ដោយ ខែ សុណង
2020-08-06
សកម្មភាព​ព្រះសង្ឃ និង​យុវជន​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដោះលែង លោក រ៉ុង ឈុន កា​ល​ពី​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០២០។
សកម្មភាព​ព្រះសង្ឃ និង​យុវជន​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដោះលែង លោក រ៉ុង ឈុន កា​ល​ពី​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០២០។
Photo courtesy of N1M



ព្រះសង្ឃ​ចំនួន​៦​អង្គ​ដែល​គង់នៅ​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ភៀស​ព្រះ​កាយ​ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព បន្ទាប់ពី​បាន​ចូលរួម​សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បារម្ភ​ពី​ស្ថានភាព​នៃ​ការ​ភ័យខ្លាច​នាំ​ឱ្យ​ភៀស​ព្រះ​កាយ​នេះ ក្នុង​គ្រា​ដែល​ព្រះសង្ឃ​ចូលរួម​សកម្មភាព​សង្គម ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។

ព្រះសង្ឃ​ដែល​បាន​ភៀស​ព្រះកាយ​បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា ព្រះតេជព្រះគុណ​ព្រួយបារម្ភ​ពី​សុវត្ថិភាព បន្ទាប់ពី​បាន​ឃើញ​អាជ្ញាធរ​និង​មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ​ចាប់​បញ្ជូន​ព្រះសង្ឃ​សមាជិក​ខ្មែរ​ថាវរៈ​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ ហើយ​ព្រមាន​មិន​ឱ្យ​ចូលរួម​សកម្មភាព​តស៊ូ​មតិ​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន។

ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងចំណោម​ព្រះសង្ឃ​ភៀស​ព្រះកាយ ៦​អង្គ សុំ​លាក់​ព្រះនាម ឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​៥ សីហា ថា ព្រះតេជព្រះគុណ​បាន​ចូលរួម​សកម្មភាព​តវ៉ា​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ សីហា ដោយ​ព្រះអង្គ​ជ្រាប​ពី​តម្រុយ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ព្រះសង្ឃ ទើប​ព្រះសង្ឃ​៦​អង្គ មិន​ហ៊ាន​ចូល​វត្ត និង​គេច​ព្រះ​កាយ​ផ្អាក​ចូលរួម​ការ​តវ៉ា​មួយ​គ្រា​សិន​៖ «អាត្មា​នៅ​ទីក្រុង​ភ្នំពេញ​គេ​តាម​ប្រមាញ់​យើង​វា​ពិបាក រឿង​ផ្លូវ​គេ​គូស​ឱ្យ​យើង​ដើរ វា​ពិបាក​ណាស់​។ អាត្មា​ធ្វើ​សកម្មភាព ២-៣​ថ្ងៃ​ហ្នឹង​វា ពិបាក អាជ្ញាធរ​គេ​មិន​ឱ្យ​យើង​ចូលរួម ហើយ​ឃើញ​យុវជន​គាត់​តវ៉ា​ខ្លាំងក្លា​ណាស់​។ យើង​ធ្វើ​មិន​ឈ្នះ​ពួក​អាជ្ញាធរ​គេ ឃាត់ឃាំង​គេ​ធ្វើទុក្ខបុកម្នេញ​តាម​សកម្មភាព​ដែល​មើល​ឃើញ​ញោម​! ព្រះសង្ឃ​ក៏​មិន​ឱ្យ​យើង​ចូលរួម​ដល់​យប់មិញ​ទទួល​គេ​ចាប់​គេ​អី ផ្ទុះ​សារាយ​​ទៅ​ធ្វើ​ឱ្យ​ពួក​អាត្មា​ភៀស​ព្រះកាយ​ចេញពី​វត្ត​នីមួយ​គ្រប់​អង្គ​ទៅ»។


ក្ដី​បារម្ភ​នេះ បន្ទាប់ពី​មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​បាន​បញ្ជូន​ព្រះសង្ឃ​ឯករាជ្យ និង​ព្រះសង្ឃ​ជា​សមាជិក​ខ្មែរ​ថាវរៈ​៨​អង្គ ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ កាលពី​រសៀល​ថ្ងៃ​ទី​៥ សីហា​។ មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ បាន​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ទាំង ៨​អង្គ​នៅ​វត្ត​នួនមណីយរាម ហៅ​វត្ត​ថាន់ ក្នុង​ខណ្ឌ​ចំការមន នៅ​ពេល​ព្រះអង្គ​កំពុង​គង់នៅ ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ក្រុម​យុវជន​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ទាក់ទង​នឹង​ដំណឹង​ពី​ការ​ភៀស​ព្រះកាយ​នេះ ជំនួយការ​ព្រះ​មេគុណ​រាជធានី​ភ្នំពេញ​ព្រះតេជព្រះគុណ សំ អូន មាន​ថេរ​ដីកា​ថា ព្រះអង្គ​ពុំបាន​ដឹង​ថា ព្រះសង្ឃ​អង្គណា​បាត់​ព្រះកាយ ឬ​ភៀស​ព្រះ​កាយ​នោះ​ទេ​។ ចំណែក​ព្រះសង្ឃ​ទាំង​៨​អង្គ ត្រូវ​បាន​មន្ត្រី​សង្ឃ​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​វិញ ព្រោះតែ​ព្រះសង្ឃ​ទាំងនោះ​បាន​ចាក​ចេញពី​វត្ត​នៅ​ក្នុង​រដូវ​ចូល​ព្រះវស្សា ប្រាសចាក​ធម៌​វិន័យ។

ថ្វីបើ​អះអាង​ពី​ចំណាត់ការ​លើ​ព្រះសង្ឃ​យ៉ាង​នេះ​ក្ដី ក្រុម​យុវជន​ដែល​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ព្រះសង្ឃ​ដោយ​ខុសច្បាប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ការ​ភ័យព្រួយ​ពី​សុវត្ថិភាព​របស់​ព្រះសង្ឃ​ទាំងនោះ​ដែរ​។ លោក​ពន្យល់​ថា សកម្មភាព​ណាមួយ​ក្នុង​រូបភាព​រារាំង​ព្រះសង្ឃ​មិន​ឱ្យ​ចូលរួម​នេះ គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​អន្តរជាតិ​។ លោក​បញ្ជាក់​ថា រីឯ​ការ​យក​ធម៌​វិន័យ​មក​ដាក់​គំនាប​ព្រះអង្គ​នេះ​ទៀតសោត គ្រាន់តែ​ជាហេតុ​ផល​មួយ ប៉ុន្តែ​មិន​គួរ​ឱ្យ​ព្រះសង្ឃ​មានការ​ភ័យខ្លាច​បែប​នេះ​ឡើយ​៖ «បញ្ហា​នេះ​គួរ​មានការ​សម្របសម្រួល​ណាមួយ​ប្រកបដោយ​សន្តិវិធី​ទៅ ដើម្បី​កុំ​ឱ្យ​ព្រះអង្គ​ទាំងអស់​មាន​អារម្មណ៍​ភ័យខ្លាច​ឬក៏​ភៀស​ព្រះកាយ​ចេញ​ព្រោះ​ទាក់ទង​ផ្លូវច្បាប់​មិនទាន់​មានអី​ខុស​នោះ​ទេ​។ ចង់​ឱ្យ​មានការ​ដោះស្រាយ​គ្នា ឬ​សម្របសម្រួល​ដើម្បី​ឱ្យ​ដើរ​តាម​ពុទ្ធឱវាទ​ទៅ​និង​គោរព​ព្រះសង្ឃ​ក្នុងនាម​សិទ្ធិពល​រដ្ឋ​ឱ្យ​រលូន​ទាំង​ផ្នែក​ពុទ្ធចក្រ​នោះ»។

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ទាំង​៨​អង្គ​គង់នៅ​ខេត្ត​បាត់ដំបង បាន​និមន្ត​ចូល​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន និង​ពលរដ្ឋ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន តាំង​ពី​ថ្ងៃ​ទី​១ ខែ​សីហា រហូត​មក​។ សមាជិក​ក្រុម​ខ្មែរថាវរៈ យុវតី ឈឿន ដារ៉ាវី ឱ្យ​ដឹង​ថា ព្រះសង្ឃ​ដែល​បាន​ភៀស​ព្រះ​កាយ និង​មិន​អាច​ទាក់ទង​បាន​សរុប ៦​អង្គ ក្នុង​នោះ​មាន​ព្រះនាម ស៊ឹម សុវណ្ណ ឌី និង​ព្រះតេជព្រះគុណ ប៊ូ បេត រួម​ទាំង​ព្រះសង្ឃ ៤​អង្គ​ផ្សេងទៀត​ដែល​បាត់​ព័ត៌មាន ភៀស​ព្រះ​កាយ​ផ្អាក​ចូលរួម​តវ៉ា ដើម្បី​សុវត្ថិភាព៕

1 comment:

Anonymous said...

So many Khmer heroes have sacrificed their lives for Khmer people and Cambodia. It is time that Khmer people step up their courage and start a nationwide peaceful protest condemning the kleptocratic regime of Ah Yuon's slave Hun Sen.

Ah Roleuy Hun Sen was born to facilitate the Vietnamization of Cambodia. He wanted to stay in power until Cambodia is a province or part of the evil Vietnam.