ដោយ វ៉ែន សុមេធ
2020-09-13
រូបសំណាកគោព្រៃ ២ក្បាល ជានិមិត្តរូបសម្រាប់សម្គាល់ខេត្តមណ្ឌលគិរី
RFA/Morm Moniroth
ជនជាតិដើមភាគតិចព្នងរាប់រយគ្រួសារ រស់នៅខេត្តមណ្ឌលគិរី គ្រោងធ្វើសន្និសីទកាសែតនៅថ្ងៃទី១៥ កញ្ញា ដើម្បីទាមទារភ្នំរ៉ាដាង ដែលត្រូវអ្នកមានអំណាច រំលោភយកទាំងមូលនោះ ត្រឡប់មកវិញ។ អ្នកភូមិថា កន្លងទៅពលរដ្ឋជាង ១០០នាក់បានផ្តិតមេដៃស្នើឱ្យអាជ្ញាធរខេត្ត និងស្ថាប័នជាតិ សង្គ្រោះភ្នំនេះ ក៏ប៉ុន្តែមិនត្រឹមតែពុំទទួលបានផលនោះទេបែរជាមានពលរដ្ឋ ៣នាក់ បានក្លាយជាជនរងគ្រោះជាប់បណ្ដឹងនៅតុលាការ ព្រោះតែចេញមុខការពារភ្នំនេះទៅវិញ។
ជនជាតិដើមភាគតិចព្នង ១២០គ្រួសារ រស់នៅសង្កាត់រមនា ក្រុងសែនមនោរម្យជំរុញជាថ្មីទៀតឱ្យអាជ្ញាធរខេត្ត និងរដ្ឋាភិបាលអន្តរាគមន៍ដកហូតភ្នំរ៉ាដាងមានទំហំ ២០ហិកតារពីបុគ្គលមានអំណាច ដែលប្រើល្បិចលួចធ្វើប្លង់រឹងរំលោភយកភ្នំនេះទាំងមូល។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅភូមិពូលូងលោកស្រី រឿន ផ្លុំ ឱ្យដឹងនៅថ្ងៃទី១៣ កញ្ញាថា ភ្នំរ៉ាដាងជាបណ្ដុំនៃប្រពៃណីវប្បធម៌ ដែលក្រុមពលរដ្ឋគោរពបូជាតាំងពីបុរាណមកតែត្រូវបានពលរដ្ឋខិលខូចខ្លះឃុបឃិតជាមួយអាជ្ញាធរលួចលក់ឱ្យឈ្មួញបំពានច្បាប់។ លោកស្រីថា កន្លងទៅមានការឈូសឆាយទន្ទ្រានព្រៃឱ្យក្លាយជាវាលអស់មួយផ្នែកធំប៉ះពាល់ប្រភពទឹកអូរធម្មជាតិនិងបាត់បង់ទីកន្លែងគោរពបូជាអារក្សអ្នកតាជាដើម៖ «អ្វីដែលពួកខ្ញុំទាមទារវាជាការពិត ហើយគាត់ឃើញជាក់ស្ដែងថា កន្លែងហ្នឹងគេពិតជាកាប់បំផ្លាញមែន។ ភ្នំហ្នឹង គឺជាកន្លែងអារក្សអ្នកតា ដែលជនជាតិដើមភាគតិច យើងមានជំនឿ យើងតែងតែធ្វើពិធីសែនព្រេននៅលើហ្នឹងរៀងរាល់ឆ្នាំ។ នៅខាងនោះទៀត វាមានព្រៃខ្មោច ហើយនៅខាងក្បាលភ្នំខាងនេះ យើងមានអណ្ដូងទឹក។ អណ្ដូងទឹកហ្នឹង គឺវាចេញពីភ្នំហ្នឹងដែរ បើបាត់បង់ភ្នំហ្នឹង គឺរីងទឹកហ្មង»។
ចំណែក សមាជិកបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក គ្រើង តុលា អះអាងថា ខ្នងភ្នំរ៉ាដាងមានទំហំជិត ៦ហិកតារ ត្រូវគេលួចធ្វើប្លង់រឹងដោយស្ងាត់ៗ ថែមទាំងឈូសឆាយព្រៃអស់ជាច្រើនហិកតារ ប៉ះពាល់តំបន់ប្រពៃណីវប្បធម៌របស់អ្នកស្រុក។ លោកថា ឈ្មួញបានយកពលរដ្ឋជាខែល និងប្រើល្បិចឱ្យពលរដ្ឋជាង ២០គ្រួសារផ្ដិតមេដៃលើឯកសារមួយសន្លឹកដោយអះអាងថា ជាអំណោយមនុស្សធម៌សម្រាប់ចែកជូនពលរដ្ឋក្នុងមួយគ្រួសារ ២០០ដុល្លារស្មើៗ គ្នា។ លោកថា ក្រុមពលរដ្ឋបានឯកភាពទទួលប្រាក់ទាំងនោះ និងព្រមផ្ដិតមេដៃ ហើយឈ្មួញបានយកឯកសារទាំងនោះក្លែងជាលិខិតទិញលក់ដីនៅតំបន់ភ្នំរ៉ាដាងទៅវិញ៖ «ប្រាប់ពលរដ្ឋត្រង់ៗ ថា ឥឡូវនេះមានឧកញ៉ាមួយចង់បានដីហ្នឹង ១០០ភាគរយពលរដ្ឋមិនផ្ដិតមេដៃ ទទួលលុយ ៨០ម៉ឺនរៀលហ្នឹងទេ។ ប៉ុន្តែល្បិចអាជ្ញាធរមូលដ្ឋាន គឺអំណោយនេះនោះលោកឧកញ៉ានេះគេជួយភូមិយើងឥឡូវផ្តិតមេដៃចំណុចហ្នឹងហើយដែលយើងមិនដឹងថា លុយជាស្អីផង គាត់មិនចេះអក្សរភាគច្រើនហើយគេមិនអាចឯកសារទាំងអស់»។
កាលពីដើមខែសីហាកន្លងទៅ (ឆ្នាំ២០២០) ជនជាតិដើមភាគតិចប្រមាណ ១២០នាក់បានផ្ដិតមេដៃដាក់ញត្តិទៅសាលាខេត្តមណ្ឌលគិរី និងអាជ្ញាធរជាតិ ដើម្បីឱ្យស្ថាប័នទាំងនេះដោះស្រាយជម្លោះដីធ្លីនៅតំបន់ភ្នំរ៉ាដាង និងត្រូវអភិរក្សតំបន់នោះ ជាទីសក្ការវប្បធម៌បន្សល់តាំងពីបុរាណមក។ ក៏ប៉ុន្តែអ្នកភូមិថា អាជ្ញាធរពាក់ព័ន្ធមិនបានដោះស្រាយក្ដីកង្វល់នេះជូនពួកគាត់ទេ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី១៣ កញ្ញា។
ចំណែកអភិបាលក្រុងសែនមនោរម្យលោក ឡុង វិបុល មានប្រសាសន៍ថា កន្លងទៅមានតំណាងជនជាតិដើមភាគតិចជាច្រើនគ្រួសារ បានផ្ដិតមេដៃយល់ព្រមផ្ទេរកម្មសិទ្ធិជូនអ្នកទិញ ដែលមានអាជ្ញាធរភូមិ/ឃុំចុះទៅពិនិត្យទីតាំងដីជាក់ស្ដែង ហើយបានស្នើសុំធ្វើប្លង់កម្មសិទ្ធិ ដែលមានការបង់ពន្ធប្រថាប់ត្រាតាមនីតិវិធីរដ្ឋបាល។ លោកចាត់ទុកការសុំទាមទារដីភ្នំរ៉ាដាងមកវិញ ជារឿងផ្ទៃក្នុងរបស់សហគមន៍ដែលមិនចុះសម្រុងគ្នា ហើយអ្នកដែលស្នើសុំទាមទារនោះ ក៏ឋិតក្នុងចំណែកដែលព្រមព្រៀងលក់ដីភ្នំនេះដែរ៖ ពួកគាត់ព្រមព្រៀងគ្នា ក្នុងទំហំមួយដែលមានស្នាមមេដៃ អ្នកលក់ និងអ្នកទទួលផលទាំងអស់ក្នុងហ្នឹង ហើយជាទូទៅយើងធ្វើនីតិវិធីរដ្ឋបាលទៅតាមការស្នើសុំរបស់សាមីហ្នឹង គឺតំណាងពួកគាត់ ហើយឥឡូវគាត់ទាមទារ ៣ ទៅ ៤គ្រួសារ មកទាមទារលើសមូហភាពទាំងមូលជាង ១០០គ្រួសារ យើងនឹងអញ្ជើញពួកគាត់មក ដើម្បីសួរនាំបន្ថែម»។
ទោះជាយ៉ាងណាមន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ពន្យល់ថា ដីភ្នំត្រូវចាត់ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ គ្មានបុគ្គលណាមានសិទ្ធិលក់ដូរ និងទិញ បាននោះទេ ដរាបណារដ្ឋាភិបាលមិនទាន់ធ្វើអនុប្បយោគ។ ហេតុនេះលោកថា ការទិញលក់ដីភ្នំរ៉ាដាង គឺជារឿងមិនត្រឹមត្រូវ និងមានភាពមិនប្រក្រតីច្រើន ដែលទាមទារឱ្យស្ថាប័នជំនាញ និងតុលាការស៊ើបអង្កេតរឿងនេះ ឱ្យច្បាស់លាស់ ដើម្បីរកយុត្តិធម៌ជូនសហគមន៍៖ «ប្រសិនបើការលក់ដូរ ដែលពុំមានការបម្លែងជាអនុប្បយោគមានន័យថា បញ្ហាហ្នឹងជាបញ្ហាខុសច្បាប់ ហើយជាទូទៅខ្ញុំសង្កេតឃើញថា ប្រសិនជាយកប្រជាសហគមន៍ទៅផ្ដិតមេដៃលក់ដូរជាទង្វើមួយមិនស្របតាមនីតិវិធីច្បាប់នោះទេ»។
កាលពីចុងខែមិថុនាកន្លងទៅជនជាតិដើមភាគតិចព្នងរាប់សិបនាក់ បានលើកគ្នាតវ៉ានៅលើភ្នំរ៉ាដាង ស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ទប់ស្កាត់ជនខិលខូចលក់ និងឈូសឆាយដីភ្នំរ៉ាដាង ដែលជាប្រភពទឹកអូរ និងជាអណ្ដូងទឹកសមូហភាព ដែលសហគមន៍ប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកភូមិថា នៅតំបន់ភ្នំរ៉ាដាង មានទឹកអូរច្បារជាប្រភពទឹកសំខាន់ហូរឆ្ពោះទៅស្រុកកោះញែកមិនចេះរីងស្ងួត ហើយពលរដ្ឋរាប់ពាន់គ្រួសារនឹងបាត់បង់ទីកន្លែងអាស្រ័យផល ប្រសិនបើរដ្ឋមិនខ្នះខ្នែងជួយសង្គ្រោះភ្នំនេះទេ។ ក្រុមពលរដ្ឋដែលលើកគ្នាតវ៉ានោះសោកស្ដាយ ចំពោះការបំផ្លាញធនធានធម្មជាតិដ៏ធំសម្បើម និងចង់ឱ្យអាជ្ញាធររក្សាតំបន់នោះជាកន្លែងអភិរក្សរបស់អ្នកស្រុក៕
No comments:
Post a Comment