Wednesday, 23 September 2020

"បក្សកាន់អំណាច​លែង​អោយ​តម្លៃ​រដ្ឋធម្មនុញ្ញ​ ខណៈ​​ច្បាប់កំពូលនេះ​មាន​អាយុ​២៧ឆ្នាំ"


ដោយ សុជីវី
2020-09-22
សម័យ​ប្រជុំ​រដ្ឋសភា ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុម័ត​​សេចក្ដីព្រាង​ច្បាប់​ ស្ដីពី​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ក្នុង​ការ​កំណត់​ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​វៀតណាម។
សម័យ​ប្រជុំ​រដ្ឋសភា ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុម័ត​​សេចក្ដីព្រាង​ច្បាប់​ ស្ដីពី​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ក្នុង​ការ​កំណត់​ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​វៀតណាម។
រូប៖ ហ្វេសប៊ុក​រដ្ឋសភា



រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​មាន​អាយុ​២៧ឆ្នាំ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី២៤ កញ្ញា ឆ្នាំ២០២០។ អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា​ចាប់​តាំងពី​ត្រូវបាន​បង្កើត​មកខ្លឹមសារ​នៃ​ច្បាប់​កំពូល​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា បកស្រាយ​ស្រេច​តែ​ចិត្ត ដើម្បី​ឱ្យ​ក្លាយជា​ឧបករណ៍​បម្រើ​នយោបាយ​ផ្ដាច់មុខ​របស់​បក្ស​កាន់អំណាច ហើយ​មួយ​រយៈ​ចុង​ក្រោយ​អាជ្ញាធរ​បាន​បំពាន​ច្បាប់​កំពូល​នេះ ដោយ​ឲ្យ​តម្លៃ​ទៅ​លើ​ច្បាប់ពិសេស ច្រើនជាង​រដ្ឋធម្មនុញ្ញ។

តើ​អ្វី​ខ្លះ​ជា​សារៈសំខាន់ និង​ការបំពាន​រដ្ឋធម្មនុញ្ញ រយៈ​ពេល​២៧ឆ្នាំ​មក​នេះ?

អ្នកជំនាញ​ច្បាប់ និង​មន្ត្រី​បក្ស​ប្រឆាំង​មើល​ឃើញ​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​ហាក់​លែង​ត្រូវការ ប្រើប្រាស់ និង​ឱ្យ​តម្លៃ​រដ្ឋធម្មនុញ្ញ​ទៀត​ហើយ ចាប់​តាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អំណាច​ផ្ដាច់​មុខ​ពេញទី​មក ពោល​គឺ​ចាប់​តាំងពី​រដ្ឋសភា​ក្លាយ​ជា​ឯកបក្ស ​នៅ​ក្រោយ​ការបោះ​ឆ្នោត​ឆ្នាំ២០១៨​មក។ អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ផ្ដើម​មើល​រំលង​ច្បាប់​កំពូល​នេះ ហើយ​ងាក​ទៅ​ប្រើប្រាស់​ ច្បាប់​ពិសេស ដើម្បី​លុប​បំបាត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ​ជំនួស​ឲ្យ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ។


បើទោះជាយ៉ាងនេះ អ្នកច្បាប់​ពន្យល់​ថា​រដ្ឋធម្មនុញ្ញ​នៅតែ​ជា​មូលដ្ឋានគ្រឹះ​សំខាន់​ធានា​ភាពសុខសាន្ត​របស់​កម្ពុជា ដែល​មិន​គួរ​មើល​រំលង និង​បំពាន​នោះ​ទេ។ សមាជិក​គណៈ​មេធាវី លោក គង់ សំអុន លើក​ឡើង​ថា​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣​ជា​ច្បាប់​ស៊ីវិល័យ មាន​ភាពជឿនលឿន មាន​ធាតុ​ផ្សំ និង​ខ្លឹមសារ​ប្រសើរ​ ជាង​រដ្ឋធម្មនុញ្ញ​មុនៗ​របស់​កម្ពុជា និង​មាន​លក្ខណៈ​ប្រសើរ​ជាង​ រដ្ឋធម្មនុញ្ញ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន។

ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ប្រសើរ​នៃ​ច្បាប់​នេះ​ការអនុវត្ត​ជាក់ស្ដែង​មួយ​ចំនួន​វិញ​ហាក់​​ដើរ​បញ្ច្រាស ឬ​នៅ​មិន​ទាន់​មាន​ភាពប្រសើរ។ លោក មេធាវី គង់ សំអុន សង្កេត​ឃើញ​ថា ​មាត្រា​មួយ​ចំនួន​ស្ដីពី​សិទ្ធិ​សេរីភាព ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ចែង​បាន​ប្រសើរ តែ​ការ​អនុវត្ត​ជាក់ស្ដែង គឺ​មាន​ការកម្រិត​ សេរីភាព​ខ្លះ៖ «ខ្ញុំ​យល់​ថា ការអនុវត្ត​នៅ​មាន​កម្រិត។ ជាពិសេស​នូវ​ចំណុច​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​ភាព​មិនសូវ​ច្បាស់លាស់។ បាន​ន័យ​ថា​វា​មាន​លក្ខណៈ​ជា​ទស្សនៈ​អ្វី​អ៊ីចឹង។ តែ​បើសិនជា​ចំណុច​ដែល​ជាក់លាក់​អាហ្នឹង​ការ​អនុវត្ត​វា​បាន​ច្រើន។ ឧទាហរណ៍​យើង​និយាយ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​អ៊ីចឹង យើង​មាន​ការ​អនុវត្ត​ជា​ច្បាប់​ទូទៅ​ហើយ ក៏​ប៉ុន្តែ​ច្បាប់​យើង​ក៏​មាន​ការកម្រិត​មួយ​ចំនួន ឧទាហរណ៍​ថា ការធ្វើ​បាតុកម្ម កូដកម្ម ឬ​ក៏​តវ៉ា​អ្វី​ផ្សេងៗ ត្រូវ​ជូន​ដំណឹង ឬ​ក៏​ត្រូវ​កម្រិត​ទៅ​លើ​ចំនួន»។

រដ្ឋធម្មនុញ្ញ ​ឆ្នាំ១៩៩៣​កើត​ចេញ​ពី​ការទាមទារ​របស់​បណ្ដា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រាប់​ឱ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត និង​បង្កើត​ធម្មនុញ្ញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ក្រុម​ប្រទេស​ទាំងអស់​នោះ​បាន​ទាមទារ​ឱ្យ​កម្ពុជា​បញ្ចូល​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​សន្តិភាព​​​ទីក្រុង​​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ជា​គ្រឹះ​នៃ​ច្បាប់​កំពូល​នេះ​ ដើម្បី​ធានា​ឲ្យ​បាន​គោល​ការណ៍ធំៗ។ ពិសេស​ត្រូវ​បញ្ចូល​ចំណុច​សំខាន់​ដូចជា៖ ការគោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ ការ​​បែង​ចែក​អំណាច​ដាច់​ពី​គ្នា តុលាការ​ត្រូវ​ឯករាជ្យ ការ​ធានា​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​។ គោល​ការណ៍​ទាំងនេះ គឺ​ជា​ភាពសុខសាន្ត​របស់​កម្ពុជា ដែល​មិន​រង​ការឈ្លាន​ពាន​ពី​បរទេស។ ការដណ្ដើម​អំណាច​គ្នា ដើម្បី​ដឹកនាំ​កម្ពុជា គឺ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​គោលការណ៍​ប្រជាធិបតេយ្យ ​ធានា​ឲ្យ​បាន​ការសន្មត​ថា​អំណាច​ជា​របស់​ពលរដ្ឋ​ខ្មែរ។

ថ្វីត្បិត ​ភាព​សុខសាន្ត​នៃ​សង្គមជាតិ​ទាំងនេះ ត្រូវ​បាន​ចងក្រង និង​តាក់តែង​ដោយ​ល្អ​ពិចិត្រ​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ជាស្រេច នៅ​ឆ្នាំ១៩៩៣​ក៏​ពិតមែន ប៉ុន្តែ​រដ្ឋាភិបាល និង​សមាជិក​សភា នៃ​បក្ស​កាន់​អំណាច តែង​យក​ខ្លឹមសារ ​នៃ​ច្បាប់​កំពូល​នេះ ទៅ​បកស្រាយ ដើម្បី​ការពារ​ប្រយោជន៍​នយោបាយ និង​បំបាក់​ដៃគូ​ប្រជែង​អំណាច។

នៅ​មួយ​រយៈ​ចុងក្រោយ​មុន​នឹង​អាជ្ញាធរ​លែង​សូវ​យក​ចិត្ត​ទុកដាក់​នឹង​រដ្ឋធម្មនុញ្ញ​នេះ ក្រុម​សភា​បក្ស​កាន់​អំណាច​ បាន​កែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ឱ្យ​ស្ថាប័ន​ឯករាជ្យ​ទាំង​អស់​ស្ថិត​ក្រោម​ឥទ្ធិពល​ស្ថាប័ន​រដ្ឋាភិបាល និង​បញ្ចូល​សមាជិក​ជាន់ខ្ពស់​នៃ​បក្ស​កាន់​អំណាច ​ឱ្យ​ដឹកនាំ​ស្ថាប័ន​ឯករាជ្យ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំង​អស់ ហើយ​បង្វែរ​ស្ថាប័ន​ទាំង​នោះ​ឲ្យ​លែង​​ឯករាជ្យ​ ហើយ​ត្រូវ​ដើរ​តាម​បន្ទាត់​មាគ៌ា​រដ្ឋាភិបាល​ទាំងស្រុង។

សមាជិក​ព្រឹទ្ធ​សភា​ជាប់ឆ្នោត​ គណបក្ស​ភ្លើងទៀន លោក សោ ចាន់ដេត ចោទ​​ថា​របប​ក្រុង​ភ្នំពេញ បាន​បំពាន​ខ្លឹមសារ​ដើម​របស់​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់​បណ្ដាល​ឲ្យ​បាត់​ខ្លឹមសារ​ទាំង​ស្រុង។ សមាជិក​ព្រឹទ្ធសភា​រូបនេះ​យល់​ថា​រដ្ឋធម្មនុញ្ញ​ក៏​រងគ្រោះ​ដូច​ពលរដ្ឋ​ដែរ ហើយ​លែង​ជា​ច្បាប់​យូរ​មក​ហើយ ដោយ​ជំនួស​ដោយ​បញ្ជា​របស់​មេដឹកនាំ​របប​នេះ​វិញ៖ «រដ្ឋធម្មនុញ្ញ​ខ្មែរ​យើង​ឥឡូវ​ហ្នឹង​ជាប់​គុក​ហើយ។ ហ៊ុន សែន យក​ទៅ​ដាក់​គុក​នៅ​ទួលក្រសាំង​ហើយ ហើយ​ច្បាប់​ដែល​គេ​យក​មក​ប្រើប្រាស់​មិនមែន​ច្បាប់​រដ្ឋធម្មនុញ្ញ​ទេ គឺ​ជា​ច្បាប់​មាត់​របស់ ហ៊ុន សែន ដែល​ពលរដ្ឋ​គ្រប់​គ្នា​គេ​ហៅ​ថា នីតិ​មាត់។ ជា​អ្វី​ដែល​ចេញ​ពី​មាត់​របស់​បុគ្គល​ជន​ក្បត់​ជាតិ ជន​ផ្ដាច់ការ។ អ៊ីចឹង​ហើយ​រដ្ឋធម្មនុញ្ញ​យើង​រាល់​ថ្ងៃ​ហ្នឹង កំពុង​តែ​ជាប់​ឃុំឃាំង។ អ៊ីចឹង​ហើយ​បាន​យើង​ថា ត្រូវ​តែ​រួម​គ្នា ដើម្បី​ទៅ​រំដោះ​រដ្ឋធម្មនុញ្ញ​យើង​វិញ។ ថ្ងៃ​ទិវា​គោរព​រដ្ឋធម្មនុញ្ញ​ខ្មែរ​គឺ​ជា​ថ្ងៃ​ដែល​យើង​ត្រូវ​តែ​រួម​គ្នា​ដើម្បី​រំដោះ​រដ្ឋធម្មនុញ្ញ​យើង​ឲ្យ​មាន​សេរីភាព​មក​វិញ ព្រោះអ្វី​ដែល ហ៊ុន សែន អនុវត្ត គឺ​មិន​បាន​អនុវត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ទេ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​មាត់​របស់​គាត់»។

២៧ឆ្នាំ​មកនេះ​សមាជិក​រដ្ឋសភា​បក្ស​កាន់អំណាច​បាន​ធ្វើ​វិសោធនកម្ម​កែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ យ៉ាង​តិច​បំផុត​១០លើក​រួច​ហើយ ដែល​បណ្ដាល​ឱ្យ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​វិវត្តន៍​ទៅ​រក​ស្ថានភាព​អាក្រក់​ជាង​មុន ដូចជា​វិសោធនកម្ម​ឆ្នាំ២០០៤ ឲ្យ​មាន​ការបោះ​ឆ្នោត​ជា​កញ្ចប់​ផ្ដល់​សេចក្ដី​ទុកចិត្ត​បង្កើត​ថ្នាក់ដឹក​នាំ​រដ្ឋសភា និង​រដ្ឋាភិបាល​ក្នុង​ពេល​តែមួយ និង​វិសោធនកម្ម​ឆ្នាំ២០១៨ សំដៅ​ដល់​ការហាមឃាត់​ពលរដ្ឋ​កម្ពុជា​ពី​សកម្មភាព​ណាមួយ ដែល​ប៉ះ​ពាល់​ដល់​ផលប្រយោជន៍​កម្ពុជា ទោះ​ដោយ​ផ្ទាល់ ឬ ដោយ​ប្រយោល។ វិសោធនកម្ម​នេះ ​រង​ការរិះគន់​ថា ជា​ការរឹតត្បិត​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ ស្របពេល​រដ្ឋាភិបាល​កំពុង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា ការអនុវត្ត​រដ្ឋធម្មនុញ្ញ​មាន​ភាព​រញ៉េរញ៉ៃ​ខ្លះ កាលពី​អាណត្តិ​ទី១។ តែយ៉ាងណា​ដំណើរការ​​នៃ​ការអនុវត្ត​ច្បាប់​កំពូល​នេះ ចេះ​តែ​វិវត្តន៍​​​រក​ភាពល្អប្រសើរ​ជា​បន្ត​បន្ទាប់។ មន្ត្រី​រដ្ឋសភា​រូប​នេះ បន្ត​ថា​​ រយៈ​ពេល​២៧ឆ្នាំ​មក​នេះ រដ្ឋធម្មនុញ្ញ ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ស្ថាប័ន​ទាំង​ឡាយ​នៅ​តែ​រក្សា​ភាពឯករាជ្យ និង​ម្ចាស់ការ​ លើ​តួនាទី​ការងារ​របស់​ខ្លួន​តាម​ស្ថាប័ន៖ «យើងមាន​រដ្ឋធម្មនុញ្ញ​មួយ គោលការណ៍​គឺ​ថា​កំណត់​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ឥឡូវ​នេះ​៦នីតិកាល​ហើយ ហើយ​ក្នុង​ការអនុវត្ត​ហ្នឹង វា​មាន​ការ​លំបាក​ វា​មាន​ការអនុវត្ត​ជា​ធម្មតា រហូត​ហើយ​ឥឡូវ​បាន​៦នីតិកាល។ ច្បាប់​បាន​ប្រាំរយ ជិត​ប្រាំមួយរយ​ហើយ។ ការលំបាក​ដំបូៗ​ក៏​មាន​គឺ​មាត្រា​មួយ​ចំនួន​ហ្នឹង គឺ​ថា រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា កំណត់​ថា​កម្ពុជា​ជា​ប្រទេស​សេរី ប្រជាធិបតេយ្យ​ពហុ​បក្ស។ វា​តែងតែ​មាន​ការប្រកួត​ប្រជែង​គ្នា វា​ធ្វើ​ឲ្យ​មាន​ការរាំងស្ទះ ជួនកាល​ឈ្លោះ​គ្នា។ ដំបូង​ឡើយ​ប្រជាជន​កម្ពុជា ឬ​ក៏​គណបក្ស​​នយោបាយ​នៅ​កម្ពុជា​ហ្នឹង​មិន​ទាន់​មាន​បទ​ពិសោធន៍ មិន​ទាន់​មាន​ប្រពៃណី​ខាង​ប្រជាធិបតេយ្យ​ហ្នឹង មាន​ការ​លំបាក​មួយ​ចំនួន»។

បក្សកាន់អំណាច​ទទួល​បាន​​ជោគជ័យ​ទាំង​ស្រុង​រួច​ទៅ​ហើយ​ក្នុង​ការកែ​រដ្ឋធម្មនុញ្ញ ដើម្បី​ផាត់​ចោល​​ស្ថាប័ន​ឯករាជ្យ​ទាំងអស់​ក្នុង​​​រដ្ឋ​ធម្មនុញ្ញ​ពិសេស​អំណាច​ឯករាជ្យ​សំខាន់​ជាង​គេ​គឺ​អំណាច​តុលាការ​។ បក្ស​កាន់​អំណាច​បាន​បន្សាប​អំណាច​តុលាការ​ឱ្យ​ស្ថិត​ក្រោម​អង្គ​នីតិ​ប្រតិបត្តិ ឬ​រដ្ឋាភិបាល ​តាម​រយៈ​​ការកែ​ច្បាប់​ស្ដីពី​តុលាការ ចៅក្រម ព្រះរាជ​អាជ្ញា និង​ការលើក​ទឹកចិត្ត ការចាប់បង្ខំ​មន្ត្រី​តុលាការ​ឱ្យ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​ទាំង​អស់។

និស្សិត​ជំនាញ​ច្បាប់ និង​កិច្ចការ​រដ្ឋបាល​សាធារណៈ លោក ឃី ពិសី ឱ្យដឹង​ថា តាម​រយៈ​ការសិក្សា​នៅ​ក្នុង​សាលា និង​ការសង្កេត​ការអនុវត្ត​​ជាក់ស្ដែង​រដ្ឋធម្មនុញ្ញ​ពិត​ជា​រង​ការបំពាន​លើ​មាត្រា​មួយ​ចំនួន​មែន ជាពិសេស​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការចូលរួម​សម្ដែង​មតិ ការតវ៉ា​ក្នុងសង្គម និង​ការច្របាច់​បញ្ចូល​ស្ថាប័ន​ឯករាជ្យ​មួយ​ចំនួន​ឱ្យ​ស្ថិត​ក្រោម​អំណាច​នីតិប្រតិបត្តិ។

និស្សិត​ច្បាប់​រូបនេះ​យល់​ថា ដើម្បី​ដោះស្រាយ​ស្ថានភាព​ការរំលោភ​រដ្ឋធម្មនុញ្ញ​គឺ​មាន​តែ​ឆន្ទៈ​របស់​អ្នក​នយោបាយ ព្រោះ​ពលរដ្ឋ​លែង​អាច​ទាមទារ​អ្វី​បាន​ទេ ព្រោះ​តែ​ប្រឈម​ការបង្ក្រាប​ជាប់​រហូត។ តែយ៉ាងណា លោក​ថា ពលរដ្ឋ ​នៅតែ​រក្សា​ជំហរ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ​ឡើងវិញ៖ «កាន់តែ​សំខាន់​លើស​ពី​ហ្នឹង​ទៀត គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​យើង​ដឹង​ថា អ្នក​នយោបាយ ឬ​ក៏​រដ្ឋាភិបាល គាត់​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ឬ​គាត់​រំលោភ​រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ងើប​ឈរ​ឡើង មិនមែន​ងើបឈរ ដើម្បី​ធ្វើ​បដិវត្ត មិនមែន​ងើបឈរ​ឡើង ​ទៅ​បះបោរ​ទេ។ គឺ​ងើប​ឈរ​ឡើង ដើម្បី​ទាមទារ​ឲ្យ​អ្នក​នយោបាយ ទាមទារ​ឱ្យ​រដ្ឋាភិបាល គាត់​គោរព​ឡើងវិញ។ ប្រសិនបើ​យើង​ងើបឈរ​តែ​មួយ​ក្រុម​ មួយ​ក្ដាប់​តូច គឺ​ប្រាកដ​ណាស់ គេ​អាច​បំបែក​បាន គេ​បង្ក្រាប​បាន។ ប៉ុន្តែ​បើ​ពលរដ្ឋ​ទាំង​អស់​​ គាត់​យល់​ដឹង​ពី​សិទ្ធិ​របស់​គាត់។ គាត់​យល់​ដឹង​ពី​រដ្ឋធម្មនុញ្ញ។ គាត់​ងើបឈរ​ទាំង​អស់​គ្នា នោះ​ដំណោះស្រាយ​ នឹង​មាន​នោះ​ឯង។ ខ្ញុំ​និយាយ​ឡើងវិញ ទី១​គឺ​ឆន្ទៈ​អ្នក​នយោបាយ។ ទី ២​ការ​តស៊ូមតិ​របស់​ពលរដ្ឋ។ ចំណុច២​ហ្នឹង​ សំខាន់​ដែល​អាច​ដោះស្រាយ​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការបំពាន​រដ្ឋធម្មនុញ្ញ»។

អ្នកជំនាញ​ផ្នែកច្បាប់​លើក​ឡើង​ថា រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​កុំ​នាំ​គ្នា ​បោះបង់​រដ្ឋធម្មនុញ្ញ​ចោល ហើយ​ត្រូវ​ងាក​មក​​ប្រើប្រាស់​យន្ត​ការដោះស្រាយ​វិបត្តិ​នយោបាយ តាម​រដ្ឋធម្មនុញ្ញ ដែល​ចែង​ឱ្យ ​អង្គព្រះមហាក្សត្រ​ជា​អាជ្ញា​កណ្ដាល។ អ្នកជំនាញ​បន្ត​ទៀត​ថា​មាន​តែ​ការគោរព​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​ត្រឹមត្រូវ ​ទេទើប​​​ប្រជាពលរដ្ឋ​មាន​ក្ដីសុខសាន​ ដូច​​​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៕

2 comments:

Anonymous said...

The constitution has been forcefully replaced by the "Law of Kdor Ah Hun Sen", which means if Ah Hun Sen wants to kill somebody , he would create a law for that particular person.

Anonymous said...

Hun Sen and his goons never care about Cambodia. Only themselves. They have willingly destroy Cambodia on orders from their master, the evil Yuon. Everything is dying in Cambodia, rivers, forest, lives, and even the constitution. Hun Sen just make up his own laws. Arrest, beat, and kill anyone who oppose him and his goons. Protected by the evil Yuon.