ដោយ សុជីវី
2020-09-22
សម័យប្រជុំរដ្ឋសភា ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែមក្នុងការកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម។
រូប៖ ហ្វេសប៊ុករដ្ឋសភា
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជាមានអាយុ២៧ឆ្នាំហើយ គិតត្រឹមថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២០។ អ្នកឃ្លាំមើលសង្កេតឃើញថាចាប់តាំងពីត្រូវបានបង្កើតមកខ្លឹមសារនៃច្បាប់កំពូលមួយនេះ ត្រូវបានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បកស្រាយស្រេចតែចិត្ត ដើម្បីឱ្យក្លាយជាឧបករណ៍បម្រើនយោបាយផ្ដាច់មុខរបស់បក្សកាន់អំណាច ហើយមួយរយៈចុងក្រោយអាជ្ញាធរបានបំពានច្បាប់កំពូលនេះ ដោយឲ្យតម្លៃទៅលើច្បាប់ពិសេស ច្រើនជាងរដ្ឋធម្មនុញ្ញ។
តើអ្វីខ្លះជាសារៈសំខាន់ និងការបំពានរដ្ឋធម្មនុញ្ញ រយៈពេល២៧ឆ្នាំមកនេះ?
អ្នកជំនាញច្បាប់ និងមន្ត្រីបក្សប្រឆាំងមើលឃើញថា អាជ្ញាធរ និងរដ្ឋាភិបាលហាក់លែងត្រូវការ ប្រើប្រាស់ និងឱ្យតម្លៃរដ្ឋធម្មនុញ្ញទៀតហើយ ចាប់តាំងពីគណបក្សប្រជាជនកម្ពុជា ទទួលបានអំណាចផ្ដាច់មុខពេញទីមក ពោលគឺចាប់តាំងពីរដ្ឋសភាក្លាយជាឯកបក្ស នៅក្រោយការបោះឆ្នោតឆ្នាំ២០១៨មក។ អាជ្ញាធររដ្ឋាភិបាលចាប់ផ្ដើមមើលរំលងច្បាប់កំពូលនេះ ហើយងាកទៅប្រើប្រាស់ ច្បាប់ពិសេស ដើម្បីលុបបំបាត់សិទ្ធិសេរីភាពរបស់ពលរដ្ឋ ជំនួសឲ្យខ្លឹមសាររដ្ឋធម្មនុញ្ញ។
បើទោះជាយ៉ាងនេះ អ្នកច្បាប់ពន្យល់ថារដ្ឋធម្មនុញ្ញនៅតែជាមូលដ្ឋានគ្រឹះសំខាន់ធានាភាពសុខសាន្តរបស់កម្ពុជា ដែលមិនគួរមើលរំលង និងបំពាននោះទេ។ សមាជិកគណៈមេធាវី លោក គង់ សំអុន លើកឡើងថារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ជាច្បាប់ស៊ីវិល័យ មានភាពជឿនលឿន មានធាតុផ្សំ និងខ្លឹមសារប្រសើរ ជាងរដ្ឋធម្មនុញ្ញមុនៗរបស់កម្ពុជា និងមានលក្ខណៈប្រសើរជាង រដ្ឋធម្មនុញ្ញតាមបណ្ដាប្រទេសមួយចំនួន។
ប៉ុន្តែទន្ទឹមនឹងភាពប្រសើរនៃច្បាប់នេះការអនុវត្តជាក់ស្ដែងមួយចំនួនវិញហាក់ដើរបញ្ច្រាស ឬនៅមិនទាន់មានភាពប្រសើរ។ លោក មេធាវី គង់ សំអុន សង្កេតឃើញថា មាត្រាមួយចំនួនស្ដីពីសិទ្ធិសេរីភាព ការសម្ដែងមតិរបស់ពលរដ្ឋចែងបានប្រសើរ តែការអនុវត្តជាក់ស្ដែង គឺមានការកម្រិត សេរីភាពខ្លះ៖ «ខ្ញុំយល់ថា ការអនុវត្តនៅមានកម្រិត។ ជាពិសេសនូវចំណុចមួយចំនួន ដែលពាក់ព័ន្ធភាពមិនសូវច្បាស់លាស់។ បានន័យថាវាមានលក្ខណៈជាទស្សនៈអ្វីអ៊ីចឹង។ តែបើសិនជាចំណុចដែលជាក់លាក់អាហ្នឹងការអនុវត្តវាបានច្រើន។ ឧទាហរណ៍យើងនិយាយអំពីសេរីភាពនៃការបញ្ចេញមតិអ៊ីចឹង យើងមានការអនុវត្តជាច្បាប់ទូទៅហើយ ក៏ប៉ុន្តែច្បាប់យើងក៏មានការកម្រិតមួយចំនួន ឧទាហរណ៍ថា ការធ្វើបាតុកម្ម កូដកម្ម ឬក៏តវ៉ាអ្វីផ្សេងៗ ត្រូវជូនដំណឹង ឬក៏ត្រូវកម្រិតទៅលើចំនួន»។
រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣កើតចេញពីការទាមទាររបស់បណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រាប់ឱ្យកម្ពុជារៀបចំការបោះឆ្នោត និងបង្កើតធម្មនុញ្ញដោយខ្លួនឯង។ ប៉ុន្តែក្រុមប្រទេសទាំងអស់នោះបានទាមទារឱ្យកម្ពុជាបញ្ចូលខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ជាគ្រឹះនៃច្បាប់កំពូលនេះ ដើម្បីធានាឲ្យបានគោលការណ៍ធំៗ។ ពិសេសត្រូវបញ្ចូលចំណុចសំខាន់ដូចជា៖ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការបែងចែកអំណាចដាច់ពីគ្នា តុលាការត្រូវឯករាជ្យ ការធានាអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ គោលការណ៍ទាំងនេះ គឺជាភាពសុខសាន្តរបស់កម្ពុជា ដែលមិនរងការឈ្លានពានពីបរទេស។ ការដណ្ដើមអំណាចគ្នា ដើម្បីដឹកនាំកម្ពុជា គឺត្រូវតែធ្វើឡើងតាមគោលការណ៍ប្រជាធិបតេយ្យ ធានាឲ្យបានការសន្មតថាអំណាចជារបស់ពលរដ្ឋខ្មែរ។
ថ្វីត្បិត ភាពសុខសាន្តនៃសង្គមជាតិទាំងនេះ ត្រូវបានចងក្រង និងតាក់តែងដោយល្អពិចិត្រក្នុងរដ្ឋធម្មនុញ្ញរួចជាស្រេច នៅឆ្នាំ១៩៩៣ក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាល និងសមាជិកសភា នៃបក្សកាន់អំណាច តែងយកខ្លឹមសារ នៃច្បាប់កំពូលនេះ ទៅបកស្រាយ ដើម្បីការពារប្រយោជន៍នយោបាយ និងបំបាក់ដៃគូប្រជែងអំណាច។
នៅមួយរយៈចុងក្រោយមុននឹងអាជ្ញាធរលែងសូវយកចិត្តទុកដាក់នឹងរដ្ឋធម្មនុញ្ញនេះ ក្រុមសភាបក្សកាន់អំណាច បានកែខ្លឹមសាររដ្ឋធម្មនុញ្ញឱ្យស្ថាប័នឯករាជ្យទាំងអស់ស្ថិតក្រោមឥទ្ធិពលស្ថាប័នរដ្ឋាភិបាល និងបញ្ចូលសមាជិកជាន់ខ្ពស់នៃបក្សកាន់អំណាច ឱ្យដឹកនាំស្ថាប័នឯករាជ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ហើយបង្វែរស្ថាប័នទាំងនោះឲ្យលែងឯករាជ្យ ហើយត្រូវដើរតាមបន្ទាត់មាគ៌ារដ្ឋាភិបាលទាំងស្រុង។
សមាជិកព្រឹទ្ធសភាជាប់ឆ្នោត គណបក្សភ្លើងទៀន លោក សោ ចាន់ដេត ចោទថារបបក្រុងភ្នំពេញ បានបំពានខ្លឹមសារដើមរបស់រដ្ឋធម្មនុញ្ញជាបន្តបន្ទាប់បណ្ដាលឲ្យបាត់ខ្លឹមសារទាំងស្រុង។ សមាជិកព្រឹទ្ធសភារូបនេះយល់ថារដ្ឋធម្មនុញ្ញក៏រងគ្រោះដូចពលរដ្ឋដែរ ហើយលែងជាច្បាប់យូរមកហើយ ដោយជំនួសដោយបញ្ជារបស់មេដឹកនាំរបបនេះវិញ៖ «រដ្ឋធម្មនុញ្ញខ្មែរយើងឥឡូវហ្នឹងជាប់គុកហើយ។ ហ៊ុន សែន យកទៅដាក់គុកនៅទួលក្រសាំងហើយ ហើយច្បាប់ដែលគេយកមកប្រើប្រាស់មិនមែនច្បាប់រដ្ឋធម្មនុញ្ញទេ គឺជាច្បាប់មាត់របស់ ហ៊ុន សែន ដែលពលរដ្ឋគ្រប់គ្នាគេហៅថា នីតិមាត់។ ជាអ្វីដែលចេញពីមាត់របស់បុគ្គលជនក្បត់ជាតិ ជនផ្ដាច់ការ។ អ៊ីចឹងហើយរដ្ឋធម្មនុញ្ញយើងរាល់ថ្ងៃហ្នឹង កំពុងតែជាប់ឃុំឃាំង។ អ៊ីចឹងហើយបានយើងថា ត្រូវតែរួមគ្នា ដើម្បីទៅរំដោះរដ្ឋធម្មនុញ្ញយើងវិញ។ ថ្ងៃទិវាគោរពរដ្ឋធម្មនុញ្ញខ្មែរគឺជាថ្ងៃដែលយើងត្រូវតែរួមគ្នាដើម្បីរំដោះរដ្ឋធម្មនុញ្ញយើងឲ្យមានសេរីភាពមកវិញ ព្រោះអ្វីដែល ហ៊ុន សែន អនុវត្ត គឺមិនបានអនុវត្តទៅតាមរដ្ឋធម្មនុញ្ញទេ គឺអនុវត្តទៅតាមច្បាប់មាត់របស់គាត់»។
២៧ឆ្នាំមកនេះសមាជិករដ្ឋសភាបក្សកាន់អំណាចបានធ្វើវិសោធនកម្មកែខ្លឹមសាររដ្ឋធម្មនុញ្ញ យ៉ាងតិចបំផុត១០លើករួចហើយ ដែលបណ្ដាលឱ្យខ្លឹមសាររដ្ឋធម្មនុញ្ញវិវត្តន៍ទៅរកស្ថានភាពអាក្រក់ជាងមុន ដូចជាវិសោធនកម្មឆ្នាំ២០០៤ ឲ្យមានការបោះឆ្នោតជាកញ្ចប់ផ្ដល់សេចក្ដីទុកចិត្តបង្កើតថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ និងវិសោធនកម្មឆ្នាំ២០១៨ សំដៅដល់ការហាមឃាត់ពលរដ្ឋកម្ពុជាពីសកម្មភាពណាមួយ ដែលប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា ទោះដោយផ្ទាល់ ឬ ដោយប្រយោល។ វិសោធនកម្មនេះ រងការរិះគន់ថា ជាការរឹតត្បិតសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ ស្របពេលរដ្ឋាភិបាលកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា ការអនុវត្តរដ្ឋធម្មនុញ្ញមានភាពរញ៉េរញ៉ៃខ្លះ កាលពីអាណត្តិទី១។ តែយ៉ាងណាដំណើរការនៃការអនុវត្តច្បាប់កំពូលនេះ ចេះតែវិវត្តន៍រកភាពល្អប្រសើរជាបន្តបន្ទាប់។ មន្ត្រីរដ្ឋសភារូបនេះ បន្តថា រយៈពេល២៧ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយស្ថាប័នទាំងឡាយនៅតែរក្សាភាពឯករាជ្យ និងម្ចាស់ការ លើតួនាទីការងាររបស់ខ្លួនតាមស្ថាប័ន៖ «យើងមានរដ្ឋធម្មនុញ្ញមួយ គោលការណ៍គឺថាកំណត់ដោយអង្គការសហប្រជាជាតិនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយឥឡូវនេះ៦នីតិកាលហើយ ហើយក្នុងការអនុវត្តហ្នឹង វាមានការលំបាក វាមានការអនុវត្តជាធម្មតា រហូតហើយឥឡូវបាន៦នីតិកាល។ ច្បាប់បានប្រាំរយ ជិតប្រាំមួយរយហើយ។ ការលំបាកដំបូៗក៏មានគឺមាត្រាមួយចំនួនហ្នឹង គឺថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់កម្ពុជា កំណត់ថាកម្ពុជាជាប្រទេសសេរី ប្រជាធិបតេយ្យពហុបក្ស។ វាតែងតែមានការប្រកួតប្រជែងគ្នា វាធ្វើឲ្យមានការរាំងស្ទះ ជួនកាលឈ្លោះគ្នា។ ដំបូងឡើយប្រជាជនកម្ពុជា ឬក៏គណបក្សនយោបាយនៅកម្ពុជាហ្នឹងមិនទាន់មានបទពិសោធន៍ មិនទាន់មានប្រពៃណីខាងប្រជាធិបតេយ្យហ្នឹង មានការលំបាកមួយចំនួន»។
បក្សកាន់អំណាចទទួលបានជោគជ័យទាំងស្រុងរួចទៅហើយក្នុងការកែរដ្ឋធម្មនុញ្ញ ដើម្បីផាត់ចោលស្ថាប័នឯករាជ្យទាំងអស់ក្នុងរដ្ឋធម្មនុញ្ញពិសេសអំណាចឯករាជ្យសំខាន់ជាងគេគឺអំណាចតុលាការ។ បក្សកាន់អំណាចបានបន្សាបអំណាចតុលាការឱ្យស្ថិតក្រោមអង្គនីតិប្រតិបត្តិ ឬរដ្ឋាភិបាល តាមរយៈការកែច្បាប់ស្ដីពីតុលាការ ចៅក្រម ព្រះរាជអាជ្ញា និងការលើកទឹកចិត្ត ការចាប់បង្ខំមន្ត្រីតុលាការឱ្យចូលជាសមាជិកគណបក្សនយោបាយទាំងអស់។
និស្សិតជំនាញច្បាប់ និងកិច្ចការរដ្ឋបាលសាធារណៈ លោក ឃី ពិសី ឱ្យដឹងថា តាមរយៈការសិក្សានៅក្នុងសាលា និងការសង្កេតការអនុវត្តជាក់ស្ដែងរដ្ឋធម្មនុញ្ញពិតជារងការបំពានលើមាត្រាមួយចំនួនមែន ជាពិសេសសិទ្ធិសេរីភាពពលរដ្ឋក្នុងការចូលរួមសម្ដែងមតិ ការតវ៉ាក្នុងសង្គម និងការច្របាច់បញ្ចូលស្ថាប័នឯករាជ្យមួយចំនួនឱ្យស្ថិតក្រោមអំណាចនីតិប្រតិបត្តិ។
និស្សិតច្បាប់រូបនេះយល់ថា ដើម្បីដោះស្រាយស្ថានភាពការរំលោភរដ្ឋធម្មនុញ្ញគឺមានតែឆន្ទៈរបស់អ្នកនយោបាយ ព្រោះពលរដ្ឋលែងអាចទាមទារអ្វីបានទេ ព្រោះតែប្រឈមការបង្ក្រាបជាប់រហូត។ តែយ៉ាងណា លោកថា ពលរដ្ឋ នៅតែរក្សាជំហរជំរុញឱ្យរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញឡើងវិញ៖ «កាន់តែសំខាន់លើសពីហ្នឹងទៀត គឺការចូលរួមរបស់ប្រជាពលរដ្ឋនៅពេលដែលយើងដឹងថា អ្នកនយោបាយ ឬក៏រដ្ឋាភិបាល គាត់ដើរផ្ទុយពីរដ្ឋធម្មនុញ្ញ ឬគាត់រំលោភរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋទាំងអស់ត្រូវងើបឈរឡើង មិនមែនងើបឈរ ដើម្បីធ្វើបដិវត្ត មិនមែនងើបឈរឡើង ទៅបះបោរទេ។ គឺងើបឈរឡើង ដើម្បីទាមទារឲ្យអ្នកនយោបាយ ទាមទារឱ្យរដ្ឋាភិបាល គាត់គោរពឡើងវិញ។ ប្រសិនបើយើងងើបឈរតែមួយក្រុម មួយក្ដាប់តូច គឺប្រាកដណាស់ គេអាចបំបែកបាន គេបង្ក្រាបបាន។ ប៉ុន្តែបើពលរដ្ឋទាំងអស់ គាត់យល់ដឹងពីសិទ្ធិរបស់គាត់។ គាត់យល់ដឹងពីរដ្ឋធម្មនុញ្ញ។ គាត់ងើបឈរទាំងអស់គ្នា នោះដំណោះស្រាយ នឹងមាននោះឯង។ ខ្ញុំនិយាយឡើងវិញ ទី១គឺឆន្ទៈអ្នកនយោបាយ។ ទី ២ការតស៊ូមតិរបស់ពលរដ្ឋ។ ចំណុច២ហ្នឹង សំខាន់ដែលអាចដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងការបំពានរដ្ឋធម្មនុញ្ញ»។
អ្នកជំនាញផ្នែកច្បាប់លើកឡើងថា រដ្ឋាភិបាល និងគណបក្សប្រឆាំងកុំនាំគ្នា បោះបង់រដ្ឋធម្មនុញ្ញចោល ហើយត្រូវងាកមកប្រើប្រាស់យន្តការដោះស្រាយវិបត្តិនយោបាយ តាមរដ្ឋធម្មនុញ្ញ ដែលចែងឱ្យ អង្គព្រះមហាក្សត្រជាអាជ្ញាកណ្ដាល។ អ្នកជំនាញបន្តទៀតថាមានតែការគោរពរដ្ឋធម្មនុញ្ញឱ្យបានត្រឹមត្រូវ ទេទើបប្រជាពលរដ្ឋមានក្ដីសុខសាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕
2 comments:
The constitution has been forcefully replaced by the "Law of Kdor Ah Hun Sen", which means if Ah Hun Sen wants to kill somebody , he would create a law for that particular person.
Hun Sen and his goons never care about Cambodia. Only themselves. They have willingly destroy Cambodia on orders from their master, the evil Yuon. Everything is dying in Cambodia, rivers, forest, lives, and even the constitution. Hun Sen just make up his own laws. Arrest, beat, and kill anyone who oppose him and his goons. Protected by the evil Yuon.
Post a Comment