ដោយ យន់ សាមៀន
2020-10-17
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចែកស្បៀង និងសម្ភារៈប្រើប្រាស់ដល់ជនរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្តចុះជួប និងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់។ សកម្មភាពសប្បុរសធម៌នេះ មិនមានការរារាំងពីអាជ្ញាធរឡើយ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានបើកទូលាយដល់គ្រប់គណបក្សនយោបាយ អាចចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះ។
លោក កឹម សុខា បានដឹកនាំក្រុមមន្ត្រីរបស់លោក ចុះចែកជំនួយមនុស្សធម៌ មានអង្ករ មី និងតង់ ជាដើម ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ តុលា។ លោកមិនបានថ្លែងសារនយោបាយអ្វីនោះទេ គ្រាន់តែសួរសុខទុក្ខពលរដ្ឋ និងប្រាប់ពីបំណងដែលលោកចុះជួបពួកគាត់។ សកម្មភាពមនុស្សធម៌ទាំងនោះ លោកបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោក។ ប្រធានគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា ជំនួយមនុស្សធម៌ទាំងនេះបានមកពីសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលតែងអមដំណើរលោក កឹម សុខា ចុះជួបពលរដ្ឋតាមមូលដ្ឋាន គឺលោក មាជ សុវណ្ណរ៉ា ឱ្យដឹងថា សកម្មភាពរបស់ លោក កឹម សុខា នេះ ជារឿងមនុស្សធម៌សុទ្ធសាធ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ហើយគាត់ក៏មិនបាននិយាយរឿងនយោបាយអ្វីនោះដែរ ក្រៅតែពីការសួរសុខទុក្ខពលរដ្ឋ៖ «ទោះបីជាអតីតសកម្មជនក្ដី ប្រជាពលរដ្ឋក្ដី សួរគាត់ថា តើគណបក្សហ្នឹងយ៉ាងម៉េចហើយ អ្វីហើយ? គាត់អត់អាចនិយាយបានទេ គ្រាន់(គាត់)ថា បងប្អូនតាមដានតាមរយៈការគិតរបស់បងប្អូនអ៊ីចឹងទៅ។ ដោយសារគាត់មានបម្រាមនយោបាយ ហាមនិយាយនយោបាយ ហាមជួបជុំ អ៊ីចឹងកាលណាយើងទៅនិយាយរឿងនយោបាយ វាកើតជាបញ្ហា»។
កាលពីថ្ងៃទី១៥ តុលា អាជ្ញាធរមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ បានរារាំងមិនឱ្យលោក កឹម សុខា ចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នោះឡើយ ក្រោមហេតុផលថា ជាន់កម្មវិធីគ្នាជាមួយក្រុមដទៃទៀត។ ទង្វើបែបនេះបានរងការរិះគន់ថា ជាការរើសអើងផ្នែកនយោបាយលើមេបក្សប្រឆាំងរូបនេះ។
ទោះជាយ៉ាងណា ក្រោយផ្ទុះការរិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ខេត្តបង្កលក្ខណៈងាយស្រួលដល់លោក កឹម សុខា និងគណបក្សនយោបាយដទៃទៀត អាចធ្វើសកម្មភាពចុះចែកអំណោយដល់ពលរដ្ឋបានដោយគ្មានការរារាំង៖ «កិច្ចការដែលយើងកំពុងធ្វើនេះ ជាកិច្ចការមនុស្សធម៌ ហើយដោយមិនប្រកាន់បក្ខពួកនយោបាយទេ គឺគិតពីប្រជាជនរស់រានមានជីវិត។ នៅពេលដែលក្រុមគាត់ និងខ្លួនគាត់ចុះទៅចែកអំណោយនៅមូលដ្ឋាន គឺសូមបង្កលក្ខណៈឱ្យគាត់បានចែកអំណោយជូនប្រជាពលរដ្ឋ។ មិនថា តែឯកឧត្ដម កឹម សុខា ទេ (គឺ) គ្រប់គណបក្សនយោបាយ»។
លោក កឹម សុខា បានចាប់ផ្ដើមចុះជួបពលរដ្ឋនៅតាមខេត្ត នៅខែកក្កដា ឆ្នាំ២០២០ ក្រោយជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះអស់រយៈពេលជាង ២ឆ្នាំ។ តុលាការបានចេញលិខិតព្រមានលោកថា សកម្មភាពមួយចំនួនអាចនឹងឈានដល់ការបំពានកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ។ ទោះជាយ៉ាងណា លោក កឹម សុខា នៅតែមានសកម្មភាពមួយចំនួនតាមមូលដ្ឋាន ដូចជា ជួបពលរដ្ឋ ដាំកូនឈើ លែងកូនត្រី និងចូលរួមពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅតាមវត្តអារាម ជាដើម ហើយមួយរយៈពេលចុងក្រោយនេះ លោកចុះផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ លោកក៏បានផ្តល់ថវិកាចំនួន៥ ពាន់ដុល្លារអាមេរិក ដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីចូលរួមឆ្លើយតបនឹងគ្រោះទឹកជំនន់នេះផងដែរ។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា ឱ្យដឹងថា លោក កឹម សុខា នឹងចុះទៅខេត្តមួយចំនួនទៀត ដែលរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ ដូចជា ខេត្តកំពង់ស្ពឺ និងខេត្តភាគពាយ័ព្យជាដើម។ លោកបន្តថា លោក កឹម សុខា គឺជាមេដឹកនាំបក្សប្រឆាំងដ៏ធំ ដូច្នេះគាត់ត្រូវតែចុះជួយពលរដ្ឋ ពេលពលរដ្ឋជួបទុក្ខលំបាក ហើយនៅពេលគាត់មានសិទ្ធិធ្វើនយោបាយវិញ គាត់នឹងរៀបចំគោលនយោបាយជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ៖ «គាត់បានដើរអ៊ីចឹង ទោះបីគាត់មិនបាននិយាយអំពីនយោបាយ ក៏ក្នុងនាមគាត់ជាអ្នកនយោបាយកំពូលម្នាក់ គឺគាត់ស្ដាប់ ចង់ដឹងថា តើប្រជាពលរដ្ឋហ្នឹងមានទឹកចិត្តពុះកញ្ជ្រោលយ៉ាងម៉េចក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពពួកគាត់រឹតត្បិតយ៉ាងម៉េច ហើយគាត់ចង់បានអ្វីនៅ ចំពោះមុខទៅថ្ងៃអនាគត»។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែងថា មកដល់ពេលនេះ លោក កឹម សុខា នៅតែជាបុគ្គលគ្មានទោស ព្រោះតុលាការមិនទាន់សម្រេចរឿងក្ដីគាត់នៅឡើយ។ លោកថា សកម្មភាពរបស់លោក កឹម សុខា បង្ហាញពីផ្នែកមួយនៃព្រហ្មវិហារធម៌របស់អ្នកដឹកនាំ គឺការឱ្យទាន ហើយមិនបំពានបម្រាមរបស់តុលាការឡើយ ព្រោះជាសកម្មភាពមនុស្សធម៌។ អ្នកឃ្លាំមើលសង្គមរូបនេះជំរុញឱ្យ លោ កឹម សុខា ធ្វើសកម្មភាពឱ្យបានកាន់តែច្រើន ដើម្បីផ្សារភ្ជាប់ជាមួយពលរដ្ឋ និងបង្ហាញពីភាពស្អាតស្អំរបស់លោក៖ «សម្រាប់លោក កឹម សុខា ខ្ញុំគិតថា គួរតែដើរតួនាទីឱ្យកាន់តែផុលផុស កាន់តែសកម្មជាងនេះបន្តទៀត ពីព្រោះដើម្បីបញ្ជាក់ថា គាត់ជាអ្នកនយោបាយមួយស្អាតស្អំ មិនមែនដូចការចោទប្រកាន់របស់តុលាការទេ។ ហើយសកម្មភាពហ្នឹង គឺដើម្បីជាការលើកទឹកចិត្តអ្នកគាំទ្ររបស់អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានផង ហើយនិងអ្នកដែលស្ថិតនៅក្នុងបម្រាម១០០នាក់ជាងហ្នឹងថា កុំឱ្យបាក់ទឹកចិត្ត ពីព្រោះអ្វីៗ វាអាចនឹងមានការចរចា»។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតុលាការរបបលោក ហ៊ុន សែន ចោទប្រកាន់ពីបទ“សន្ទិដ្ឋិភាព” ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ក្រោយស៊ើបអង្កេតជាង ២ឆ្នាំ តុលាការបានចាប់ផ្ដើមបើកសវនាការរឿងក្ដីនេះកាលពីពាក់កណ្ដាលខែមករា និងបន្តរហូតដល់ចុងខែមីនា ទើបផ្អាកសវនាការដោយសារការរាលដាលជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា ក្រុមមេធាវីលោក កឹម សុខា បានដាក់លិខិតពីរដងរួចមកហើយ ដើម្បីស្នើសុំឱ្យតុលាការបន្តសវនាការរឿងក្ដីនេះឡើយវិញ ប៉ុន្តែ តុលាការមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ គិតត្រឹមថ្ងៃទី១៧ តុលា។
សហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផង នៅតែទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទ និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា វិញ ដោយពិនិត្យឃើញថា មេបក្សប្រឆាំងរូបនេះមិនបានប្រព្រឹត្តទង្វើក្បត់ជាតិដូចការចោទប្រកាន់របស់អាជ្ញាធរនោះឡើយ៕
3 comments:
keep going Karma Sokha !!
You have transformed yourself into a puppet of the puppet's Yuon.
Whatever you do becomes a piece of shit.
How can you smile when Khmer people and Cambodia suffer heavily from the traitorous acts of Ah Chor Kbot Cheat Hun Sen who has filled up lakes and rivers to please his master Yuon.
Hun Sen’s goal is destroy the CNRP by playing Kem Sokha against Sam Rainsy.
If Hun Sen is truly against Kem Sokha doing politic, we would not be able to see Kem Sokha doing what he did in the picture.
Khem Sokha eh!a non-violent leader who plays a losing political game with hun sen who manipulates the situations to get what he wants. Yet Mr Khem gets comfortable and stays quiet like a shut-up loser.
hun sen's govt wants to delay his trail till 2024. yet Mr khen has never conveyed or mounted a protest of it personally or through his legal team. If he did I haven't seen one or heard.
He should get defiant with this drum-up charge of treason because he knows damn well that he is being trailed in the kangaroo court.
All and all he only can lead people to a certain point (his popularity)and when is getting tough the tough is not going and he gets stuck. He ain't a political-savvy nor a tenacious leader who would defy all odds. He is at hun hen's mercy. When someone at someone else's mercy
he is always at the mercy of someone.
Post a Comment