Sunday 18 October 2020

លោក កឹម សុខា បន្ត​ចុះ​ផ្តល់​ជំនួយ​​ដល់​ពលរដ្ឋ ក្រោយ​លោក ហ៊ុន សែន ហាម​មិន​ឱ្យ​អាជ្ញាធរ​រារាំង


ដោយ យន់ សាមៀន
2020-10-17
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចែក​ស្បៀង និង​សម្ភារៈ​ប្រើប្រាស់​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចែក​ស្បៀង និង​សម្ភារៈ​ប្រើប្រាស់​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។
រូប៖ ហ្វេសប៊ុក​លោក កឹម សុខា



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បន្ត​ចុះ​ជួប​ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ សកម្មភាព​សប្បុរសធម៌​នេះ មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ឡើយ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បើក​ទូលាយ​ដល់​គ្រប់​គណបក្ស​នយោបាយ ​អាច​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ។

លោក កឹម សុខា បាន​ដឹកនាំ​ក្រុម​មន្ត្រី​របស់​លោក​ ចុះ​ចែក​ជំនួយ​មនុស្ស​ធម៌​ មា​ន​អង្ករ ​មី និង​តង់ ជាដើម ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ តុលា។ លោក​មិន​បាន​ថ្លែង​សារ​នយោបាយ​អ្វី​នោះ​ទេ គ្រាន់​តែ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ និង​ប្រាប់​ពី​បំណង​ដែល​លោក​ចុះ​ជួប​ពួក​គាត់។ សកម្មភាព​មនុស្ស​ធម៌​ទាំង​នោះ លោក​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​លោក។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ជំនួយ​មនុស្ស​ធម៌​ទាំងនេះ​បាន​មក​ពី​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កាណាដា និង​អូស្ត្រាលី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែង​អម​ដំណើរ​លោក កឹម សុខា ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន គឺ​លោក មាជ សុវណ្ណរ៉ា ឱ្យ​ដឹង​ថា សកម្មភាព​របស់​​ លោក កឹម សុខា នេះ ជា​រឿង​មនុស្សធម៌​សុទ្ធសាធ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ ហើយ​គាត់​ក៏​មិន​បាន​និយាយ​រឿង​នយោបាយ​អ្វី​នោះ​ដែរ ក្រៅ​តែ​ពី​ការ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ៖ «ទោះបី​ជា​អតីត​សកម្មជន​ក្ដី ប្រជាពលរដ្ឋ​ក្ដី សួរ​គាត់​ថា តើ​គណបក្ស​ហ្នឹង​យ៉ាងម៉េច​ហើយ អ្វី​ហើយ? គាត់​អត់​អាច​និយាយ​បាន​ទេ គ្រាន់​(គាត់)ថា បងប្អូន​តាម​ដាន​តាម​រយៈ​ការ​គិត​របស់​បង​ប្អូន​អ៊ីចឹង​ទៅ។ ដោយ​សារ​គាត់​មាន​បម្រាម​នយោបាយ ហាម​និយាយ​នយោបាយ​ ហាម​ជួប​ជុំ អ៊ីចឹង​កាល​ណា​យើង​ទៅ​និយាយ​រឿង​នយោបាយ វា​កើត​ជា​បញ្ហា»។


កាល​ពី​ថ្ងៃ​ទី១៥ តុលា អាជ្ញាធរ​មូលដ្ឋាន​ក្នុង​​ខេត្ត​បន្ទាយមានជ័យ​ បាន​រារាំង​មិន​ឱ្យ​លោក កឹម សុខា ចែក​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នោះ​ឡើយ ក្រោម​ហេតុផល​ថា ជាន់​កម្មវិធី​គ្នា​ជាមួយ​ក្រុម​ដទៃ​ទៀត។ ទង្វើ​បែបនេះ​បាន​រង​ការ​រិះគន់​ថា ជា​ការ​រើស​អើង​ផ្នែក​នយោបាយ​លើ​មេ​បក្ស​ប្រឆាំង​រូប​នេះ។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ផ្ទុះ​ការ​រិះគន់​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខេត្ត​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​លោក កឹម សុខា និង​គណបក្ស​នយោបាយ​ដទៃ​ទៀត អាច​ធ្វើ​សកម្មភាព​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​បាន​ដោយ​គ្មាន​ការ​រារាំង៖ «កិច្ច​ការ​ដែល​យើង​កំពុង​ធ្វើ​នេះ ជា​កិច្ច​ការ​មនុស្ស​ធម៌ ហើយ​ដោយ​មិន​ប្រកាន់​បក្ខពួក​នយោបាយ​ទេ គឺ​គិត​ពី​ប្រជាជន​រស់​រាន​មាន​ជីវិត។ នៅ​ពេល​ដែល​ក្រុម​គាត់ និង​ខ្លួន​​គាត់​ចុះ​ទៅ​ចែក​អំណោយ​នៅ​មូលដ្ឋាន គឺ​សូម​បង្ក​លក្ខណៈ​ឱ្យ​គាត់​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ។ មិន​ថា តែ​ឯកឧត្ដម កឹម សុខា ទេ (គឺ) គ្រប់​គណបក្ស​នយោបាយ»។

លោក កឹម សុខា បាន​ចាប់​ផ្ដើម​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​ខេត្ត​ នៅ​​ខែកក្កដា ឆ្នាំ២០២០​ ក្រោយ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ​អស់​រយៈពេល​ជាង ២ឆ្នាំ។ តុលាការ​បាន​ចេញ​លិខិត​ព្រមាន​លោក​ថា សកម្មភាព​មួយ​ចំនួន​អាច​នឹង​ឈាន​ដល់​ការ​បំពាន​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា នៅ​តែ​មាន​សកម្មភាព​មួយ​ចំនួន​តាម​មូលដ្ឋាន​ ដូចជា ជួប​ពលរដ្ឋ ដាំ​កូន​ឈើ ​លែង​កូន​ត្រី និង​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ-ភ្ជុំ​បិណ្ឌ​នៅ​តាម​វត្តអារាម ជាដើម ហើយ​មួយរយៈពេល​ចុងក្រោយ​នេះ លោក​ចុះ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ លោក​ក៏​បាន​ផ្តល់​ថវិកា​ចំនួន​៥ ពាន់​ដុល្លារ​អាមេរិក​ ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​គ្រោះ​ទឹក​ជំនន់​នេះ​ផង​ដែរ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណរ៉ា ឱ្យ​ដឹង​ថា លោក កឹម សុខា នឹង​ចុះ​ទៅ​ខេត្ត​មួយ​ចំនួន​ទៀត ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹក​ជំនន់ ដូច​ជា ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ភាគ​ពាយ័ព្យ​ជាដើម។ លោក​បន្ត​ថា លោក​​ កឹម សុខា គឺជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ដ៏​ធំ ដូច្នេះ​គាត់​​ត្រូវ​តែ​ចុះ​ជួយ​ពលរដ្ឋ ពេល​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក ហើយ​នៅ​ពេល​គាត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ គាត់​នឹង​រៀបចំ​គោល​នយោបាយ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ៖ «គាត់​បាន​ដើរ​អ៊ីចឹង ទោះបី​គាត់​មិន​បាន​និយាយ​អំពី​​នយោបាយ ក៏​ក្នុង​នាម​​គាត់​ជា​អ្នក​នយោបាយ​កំពូល​ម្នាក់​ គឺ​គាត់​ស្ដាប់​ ចង់​ដឹង​ថា តើ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​ទឹក​ចិត្ត​ពុះកញ្ជ្រោល​យ៉ាង​ម៉េច​ក្នុង​សង្គមប្រជាធិបតេយ្យ សេរីភាព​ពួក​គាត់​រឹតត្បិត​យ៉ាងម៉េច ហើយ​គាត់​ចង់​បាន​អ្វី​នៅ ចំពោះ​មុខ​ទៅ​ថ្ងៃ​អនាគត»។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា មក​ដល់​ពេល​នេះ លោក​ កឹម សុខា នៅ​តែ​ជា​បុគ្គល​គ្មាន​ទោស​ ព្រោះ​តុលាការ​មិ​ន​ទាន់​សម្រេច​រឿង​ក្ដី​គាត់​នៅ​ឡើយ។ លោក​ថា សកម្មភាព​របស់​លោក កឹម សុខា បង្ហាញ​ពី​ផ្នែក​មួយ​នៃ​​ព្រហ្មវិហារ​ធម៌​របស់​អ្នក​ដឹក​នាំ គឺ​ការ​ឱ្យ​ទាន ហើយ​មិន​បំពាន​បម្រាម​របស់​តុលាការ​ឡើយ ព្រោះ​ជា​សកម្មភាព​មនុស្ស​ធម៌។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​ជំរុញ​ឱ្យ​ លោ កឹម សុខា ធ្វើ​សកម្មភាព​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ផ្សារភ្ជាប់​ជាមួយ​ពលរដ្ឋ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​លោក៖ «សម្រាប់​លោក កឹម សុខា ខ្ញុំ​គិត​ថា គួរ​តែ​ដើរ​តួនាទី​ឱ្យ​កាន់​តែ​ផុលផុស កាន់​តែ​សកម្ម​ជាង​នេះ​បន្ត​ទៀត ពី​ព្រោះ​ដើម្បី​បញ្ជាក់​ថា គាត់​ជា​អ្នក​នយោបាយ​មួយ​ស្អាតស្អំ មិន​មែន​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។ ​ហើយ​សកម្មភាព​ហ្នឹង គឺ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​អ្នក​គាំទ្រ​របស់​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ផង ហើយ​និង​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​បម្រាម​១០០នាក់​ជាង​ហ្នឹង​ថា កុំ​ឱ្យ​បាក់​ទឹក​ចិត្ត ពី​ព្រោះ​អ្វីៗ វា​អាច​នឹង​មាន​ការ​ចរចា»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន ចោទ​ប្រកាន់​ពី​បទ“សន្ទិដ្ឋិភាព” ឬ​​ការ​​ត្រូវ​រ៉ូវ​គ្នា​​​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ក្រោយ​ស៊ើបអង្កេត​ជាង ២ឆ្នាំ តុលាការ​បាន​ចាប់​ផ្ដើម​បើក​សវនាការ​រឿង​ក្ដី​នេះ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា និង​បន្ត​រហូត​ដល់​ចុង​ខែ​មីនា ទើប​ផ្អាក​សវនាការ​ដោយសារ​ការ​រាល​ដាល​ជំងឺ​កូវីដ-១៩។ ទោះ​ជា​យ៉ាង​ណា ក្រុម​មេធាវី​លោក កឹម សុខា បាន​ដាក់​លិខិត​ពីរ​ដង​រួច​មក​ហើយ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​បន្ត​សវនាការ​រឿង​ក្ដី​នេះ​ឡើយ​វិញ ប៉ុន្តែ​ តុលាការ​មិន​ទាន់​ឆ្លើយតប​យ៉ាងណា​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី១៧ តុលា។

សហគមន៍​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផង នៅ​តែ​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា វិញ ដោយ​ពិនិត្យ​ឃើញ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នោះ​ឡើយ៕

3 comments:

Anonymous said...

keep going Karma Sokha !!

You have transformed yourself into a puppet of the puppet's Yuon.

Whatever you do becomes a piece of shit.

How can you smile when Khmer people and Cambodia suffer heavily from the traitorous acts of Ah Chor Kbot Cheat Hun Sen who has filled up lakes and rivers to please his master Yuon.

Anonymous said...



Hun Sen’s goal is destroy the CNRP by playing Kem Sokha against Sam Rainsy.
If Hun Sen is truly against Kem Sokha doing politic, we would not be able to see Kem Sokha doing what he did in the picture.



Anonymous said...

Khem Sokha eh!a non-violent leader who plays a losing political game with hun sen who manipulates the situations to get what he wants. Yet Mr Khem gets comfortable and stays quiet like a shut-up loser.
hun sen's govt wants to delay his trail till 2024. yet Mr khen has never conveyed or mounted a protest of it personally or through his legal team. If he did I haven't seen one or heard.
He should get defiant with this drum-up charge of treason because he knows damn well that he is being trailed in the kangaroo court.
All and all he only can lead people to a certain point (his popularity)and when is getting tough the tough is not going and he gets stuck. He ain't a political-savvy nor a tenacious leader who would defy all odds. He is at hun hen's mercy. When someone at someone else's mercy
he is always at the mercy of someone.