ដោយ វ៉ែន សុមេធ
2020-10-18
តាដំបងគ្រញូង និមិត្តរូបតំណាងខេត្តបាត់ដំបង
រូប៖ ហ្វេសប៊ុក
នគរបាលចាប់ខ្លួន សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង ចំនួន ២នាក់ ដោយមិនបានបង្ហាញដីកា និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំ ករណីទៅធ្វើបុណ្យភ្ជុំបិណ្ឌ ជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ សាច់ញាតិ និងអង្គការសិទ្ធិមនុស្ស ហៅការចាប់ខ្លួននេះ ជារឿងនយោបាយ និងទាមទារឲ្យនគរបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើសកម្មបក្សប្រឆាំង។
សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ២នាក់ ដែលរងការចាប់ខ្លួន គឺលោក គង់ ប៊ុនហ៊ាង និងលោក ហង្ស សេង។ ប្រពន្ធរបស់ លោក គង់ ប៊ុនហ៊ាង គឺលោកស្រី សេន ស៊ី ប្រាប់ថា នគរបាលឃុំកំពង់ព្រះ ស្រុកសង្កែ បានឡើងចាប់ក្រៀក លោក គង់ ប៊ុនហ៊ាង ទាំងយប់ដល់លើផ្ទះ គឺនៅម៉ោងប្រហែល ៨យប់ ថ្ងៃទី១៧ តុលា និងមិនបានបង្ហាញ ឬអានដីកាចាប់ខ្លួនទេ។
នៅពេលចាប់ខ្លួននោះ នគរបាល គ្រាន់តែប្រាប់ លោកស្រីថា ថ្នាក់លើឲ្យហៅលោក គង់ ប៊ុនហ៊ាង យកទៅសួរនាំ ករណី លោក ទៅវត្ត ធ្វើបុណ្យ ជាមួយ លោក កឹម សុខា កាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ។
លោកស្រី សេន ស៊ី បានទៅសួររកប្ដី នៅប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ព្រះ នៅព្រឹកថ្ងៃទី១៨ តុលា តែប៉ូលិសប្រាប់ថា បានបញ្ជូនទៅអធិការដ្ឋានស្រុកសង្កែ។ នៅពេល តាមទៅរកប្ដីបន្តទៀត ប៉ូលិសស្រុកសង្កែ ប្រាប់ថា ប្ដីលោកស្រី ត្រូវបញ្ជូនទៅស្នងការដ្ឋាន និងត្រូវបញ្ជូនបន្ត ទៅដល់តុលាការនៅក្រុងភ្នំពេញហើយ តែប៉ូលិសមិនប្រាប់ថា ចោទប្រកាន់ពីបទអ្វីទេ។
លោកស្រី សេន ស៊ី ប្រាប់ថា លោកស្រីគ្មានលទ្ធភាពតាមទៅរកប្ដីដល់ក្រុងភ្នំពេញទេ ព្រោះគ្មានកូនចៅជួយនាំទៅក្រុងភ្នំពេញ ដោយសារកូនប្រុសស្រីទាំងអស់ ចំនួន ៦នាក់ សុទ្ធតែជាពលករ កំពុងធ្វើការនៅប្រទេសថៃ។
លោកស្រី ទាមទារឲ្យប៉ូលិស ដោះលែងប្ដី វិញ ព្រោះ លោក មានវ័យចាស់ទៅហើយដោយបញ្ជាក់ថា លោក គង់ ប៊ុនហ៊ាង មានអាយុ ៦៦ឆ្នាំ កំពុងមានជំងឺស្លាប់មួយចំហៀងខ្លួន និងងាប់សរសៃជើងខាងស្ដាំ កម្រើកមិនបាន៖ «ឥឡូវ ខ្ញុំសុំសំណូមពរឲ្យជួយប្ដីខ្ញុំឲ្យបានចេញវិញមក។ ប្ដីខ្ញុំឈឺ ខ្ញុំចេះតែចង់ឲ្យជួយហើយ។ ជួយឲ្យឆាប់ចេញមកផង ព្រោះអ្វីគាត់កំពុងឈឺ។ បើអ្នកអត់ឈឺ ខ្ញុំមិនសូវគិតទេ។ ដើរដួល ជម្រុលជម្រូកៗ ហើយដាក់ខ្នោះប្ដីខ្ញុំទៅទៀតនោះ។ ប្ដីខ្ញុំទៅជាយ៉ាងម្ដេចទៅ! គ្រាន់តែលឺចាប់ខ្លួន ម្នាក់ៗ ខ្សឹបសួរ ថា ធ្វើបាបអ្វី តាហ៊ាងនោះ»។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោត និងជាអនុប្រធានប្រតិបត្តិខេត្តបាត់ដំបង លោក ឌឹម សារឿន ឲ្យដឹងថា ក្រោយការចាប់ខ្លួនលោក គង់ ប៊ុនហ៊ាង រួច នៅព្រឹកបន្ទាប់ គឺថ្ងៃទី១៨ តុលា នគរបាលបានបន្តចាប់ខ្លួន សមាជិកប្រតិបត្តិខេត្តម្នាក់ទៀត ឈ្មោះ ហង្ស សេង។
លោក ឌឹម សារឿន បន្តថា សមាជិកប្រតិបត្តិខេត្តទាំង ២នាក់ សុទ្ធតែធ្លាប់ ទៅធ្វើបុណ្យភ្ជុំបិណ្ឌ ជាមួយលោក កឹម សុខា។ លោកហៅការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងរឿងនយោបាយ និងទាមទារឲ្យប៉ូលិស ដោះលែងសកម្មជនបក្សប្រឆាំង ទាំងពីរនាក់វិញ៖ «យល់រឿងហ្នឹង ជារឿងនយោបាយ។ នយោបាយទាំងស្រុងតែម្ដងណា អត់មានរឿងអ្វីផ្សេងទេ ដោយសារពីដើមមក គាត់ជាសមាជិកប្រតិបត្តិសកម្មហើយ គាត់ជាមនុស្សចាស់ទុំ មានកេរ្តិ៍ឈ្មោះនៅក្នុងភូមិនីមួយៗ នៅក្នុងឃុំនីមួយៗ។ តាមទង្វើសកម្មភាពរបស់ពួកគាត់ មិនដែលធ្វើអាក្រក់ជាមួយអ្នកណាផង ការរស់នៅក្នុងសង្គម។ ចំពោះអ្នកស្រុក គាត់ជាព្រឹទ្ធាចារ្យ ជាមនុស្សល្អ មានសក្ដានុពល មានគេគោរពច្រើន អ៊ីចឹងណា»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះ ពីស្នងការនគរបាលខេត្តបាត់ដំបង លោក ជា គឹមសាន បានទេ នៅថ្ងៃទី១៨ តុលា ដោយសារមិនទទួលទូរស័ព្ទ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់ថា នគរបាលខេត្តបាត់ដំបងពិតជាបានចាប់ខ្លួន មនុស្សទាំងពីរនាក់នេះមែន ហើយបានបញ្ជូនទៅតុលាការក្រុងភ្នំពេញ ដោយសារប្រមាថព្រះមហាក្សត្រ។ លោក អះអាងថា នគរបាល បានបង្ហាញដីកាចាប់ខ្លួនត្រឹមត្រូវ មិនពិតដូចការអះអាងរបស់សាច់ញាតិអ្នករងការចាប់ខ្លួនឡើយ៖ «អើ! ករណីគេសួរហ្នឹង គឺវាមានមែន។ គេបានឃុំខ្លួន តែមិនមែនទេគេមានដីកាត្រឹមត្រូវ ទី១។ ទី២ គាត់ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។ តែប៉ិនហ្នឹងអូន។ រឿងគេចោទគាត់ប្រមាថ ព្រះមហាក្សត្រ ពូអត់អាចយក repeat (និយាយឡើងវិញ) ដែលគាត់និយាយថាម្ដេចបានទេ។ តែគ្រាន់តែគេចោទប្រកាន់អំពីបទប្រមាថព្រះមហាក្សត្រ តែពូអត់អាច repeat ថា គាត់និយាយថាម្ដេចទេ»។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា យល់ថា ចាប់ខ្លួន សកម្មជនបក្សប្រឆាំង ជាបន្តបន្ទាប់ និងចំណាត់ការរបស់តុលាការ កាត់ក្ដី ឲ្យមានទោសឡើងវិញ ជារឿងនយោបាយ ជាជាងការអនុវត្តច្បាប់។ លោក ព្រួយបារម្ភថា ចំណាត់ការរបស់នគរបាល និង តុលាការ ជាបន្តបន្ទាប់នេះ នឹងធ្វើឲ្យសហគមន៍អន្តរជាតិ មើលមកកម្ពុជា កាន់តែរំលោភសិទ្ធិមនុស្ស។ សង្គមស៊ីវិលរូបនេះ ចង់ឃើញ អាជ្ញាធរ បើកចំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ សម្រាប់ពលរដ្ឋឡើងវិញ ដើម្បីបញ្ចៀសទណ្ឌកម្មនានា របស់សហគមន៍អន្តរជាតិ។
ស្របពេល នគរបាល បង្កើនការចាប់ខ្លួននេះ តុលាការនៅតាមខេត្តមួយចំនួន ក៏កំពុងបង្កើនការកោះហៅសកម្មជនបក្សប្រឆាំង យកមកកាត់ទោសឡើងវិញដែរ។ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក គង់ ច័ន្ទខេមរិទ្ធ បានចេញដីកាកោះហៅ សកម្មជនបក្សប្រឆាំង លោក ច័ន្ទ ស៊ីថាត ឲ្យចូលសវនាការ ថ្ងៃទី២៣ តុលា ខាងមុខ ពីបទបរិហារបង្កាច់កេរ្តិ៍ កាលពី ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងករណីប្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យលុបឈ្មោះ ជនជាតិវៀតណាម ចេញពីបញ្ជីឈ្មោះ បោះឆ្នោត។
ចំណែកអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅស្រុកឈូក ខេត្តកំពត លោក នុត ពេជ ក៏កំពុងព្រួយបារម្ភពីការចាប់ខ្លួនឡើងវិញជាថ្មីដែរ ក្នុងបទចោទរួមគំនិតក្បត់ ពាក់ព័ន្ធនឹងសំណុំរឿងមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
ថ្វីត្បិតតុលាការខេត្តកំពត មិនទាន់កំណត់ថ្ងៃសវនាការលោក នុត ពេជ ឡើងវិញ តែលោកនៅតែបន្តបង្ហាញខ្លួន នៅប៉ុស្តិ៍នគរបាលឃុំបឹងនិមល ស្រុកឈូក រៀងរាល់ខែ តាមការកំហិតរបស់តុលាការ។ លោក នុត ពេជ ប្រាប់សារព័ត៌មានក្នុងស្រុក (Cambojanews.com) ថា លោកពិបាកចិត្តណាស់ និងខ្លាចតែ ត្រូវអាជ្ញាធរចាប់ខ្លួនម្ដងទៀតទេ។
ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផង បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដោយត្រូវដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងយុវជនទាំងឡាយដែលត្រូវបានចាប់ខ្លួនទាំងបំពានច្បាប់នោះ ឲ្យមានសេរីភាពឡើងវិញ៕
1 comment:
Ah Kwack Hun Sen is just a puppet of Yuon. He has been implementing successfully all Yuon's orders; suppressing Khmer nationalists is part of the Yuonization of Cambodia.
Post a Comment