Khmer Circle:
There are other better options for the King and the monarchy [if he had the well-being and future of his compatriots in his heart and conscience] beside slipping in and out of his gold cage and pretending to be his Kingdom's foremost Saviour with clipped wings!
Those who make cases and offer specious apologies on his behalf and for his irresolution are just as disingenous as he is, and that's putting it kindly!
🔺🔺🔺
ដោយ មួង ណារ៉េត
2020-10-21
(រូបឆ្វេង) ឧត្ដមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រលោក សឺន ស៊ូប៊ែរ្តិ៍ (ខាងស្ដាំ) ព្រះឆាយាលក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
RFA និង ទំព័រហ្វេសប៊ុករបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ថ្លែងថា ព្រះរាជាបច្ចុប្បន្ន ដូចជាប់ឃុំក្នុងវាំង និងមិនអាចប្រើប្រាស់ព្រះរាជសិទ្ធិ តួនាទី និងការទទួលខុសត្រូវសំខាន់ៗ ជាច្រើន ព្រោះស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនបានអនុវត្តឲ្យស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការលើកស្ទួយស្ថាប័នព្រះមហាក្សត្រនោះឡើយ។
ឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ បញ្ជាក់ថា អង្គព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កុំថាឡើយកិច្ចការដោះស្រាយបញ្ហាជាតិធំៗ សូម្បីតែសេរីភាព ក្នុងការបំពេញព្រះរាជកិច្ច ដូចជា គ្រាន់តែចុះសួរសុខទុក្ខប្រជារាស្រ្តនៅកន្លែងណា ទៅតាមការសព្វព្រះរាជហឫទ័យរបស់ព្រះអង្គ ក៏ទ្រង់មិនអាចធ្វើបានផង គឺទ្រង់មិនដែលបានទៅតាមព្រះទ័យលោកនោះទេ៖ «ម្ល៉ោះហើយ ដូចឃុំលោកនៅវាំងអ៊ីចឹង!»។
លោក សឺន ស៊ូប៊ែរ្តិ៍ បន្ថែមថា ក្នុងផ្នែកមួយនេះ មានស្ថាប័នរដ្ឋាភិបាលមួយ គឺក្រសួងព្រះបរមរាជវាំង ដែលជាអ្នកចាត់ការទាំងអស់ ដែលព្រះមហាក្សត្រគ្មានសិទ្ធិសម្រេចទេ។ លោកលើកយកករណីមួយទៀត ដែលព្រះមហាក្សត្រ មិនអាចសម្រេច សូម្បីតែក្នុងករណីបង្កើតក្រុមបញ្ញវន្ត មកជួយទ្រង់ រឿងគម្រោងសាងសង់សាលាមួយនៅជិតក្រុងឧត្តុង្គ ក្នុងខេត្តកំពង់ស្ពឺ៖ «លោកសព្វព្រះទ័យ លោកចង់ឲ្យមានកម្មវិធីអ្វីមួយ សម្រាប់ព្រះអង្គដែលបានបង្កើតសាលាហ្នឹង ចង់ឲ្យបានបញ្ញវន្តទាំងប៉ុន្មានហ្នឹងមកជួយលោក។ រួចដល់ក្រោយមក ស្រាប់តែរាជរដ្ឋាភិបាលហ្នឹងថា មិនដឹងជ្រៀតជ្រែកឬមិនដឹង ឬអត់ គេថា រាជរដ្ឋាភិបាលជួយព្រះអង្គហើយ មិនបាច់មានស្អីអ៊ីចឹងទៀត! រួចដឹងខ្លាចស្អី ខ្ញុំឆ្ងល់? គ្រាន់តែបញ្ញវន្តទៅជួយព្រះមហាក្សត្រ ដើម្បីឲ្យមានសាលាហ្នឹង»។
យោងតាមខ្លឹមសារច្បាប់កំពូលរបស់ជាតិ គឺរដ្ឋធម្មនុញ្ញនោះ មានចែងយ៉ាងច្រើនអំពីព្រះរាជសិទ្ធិ តួនាទី និងការទទួលខុសត្រូវរបស់អង្គព្រះមហាក្សត្រ ដូចជាទ្រង់ធ្វើជាអធិបតីក្នុងពិធីសមាជជាតិ ដែលត្រូវធ្វើមួយឆ្នាំម្ដង ដើម្បីស្ដាប់កង្វល់រាស្ត្រជាដើម។
តួនាទីទាំងនេះ បើតាមលោក សឺន ស៊ូប៊ែរ្តិ៍ គឺមានចែងតែនៅក្រដាសប៉ុណ្ណោះ តែការអនុវត្តជាក់ស្ដែង គឺស្ថាប័នរដ្ឋាភិបាល រំលោភសិទ្ធិព្រះរាជា ព្រោះខកខានមិនបានគោរពតាមអ្វី ដែលមានចែងក្នុងច្បាប់កំពូលនោះ ដោយមិនបានរៀបចំឲ្យមានយន្តការ ក្នុងការរៀបចំសមាជជាតិនេះឡើងសោះ។
បើតាមមាត្រា ១៤៨ ថ្មី ចែងថាសមាជជាតិ ត្រូវប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី និងមានអង្គព្រះមហាក្សត្រធ្វើជាអធិបតី។ អង្គសមាជជាតិនេះ គឺដើម្បីស្ដាប់កង្វល់រាស្ត្រ និងរកដំណោះស្រាយសមស្របជូនប្រជារាស្ត្រ ប៉ុន្តែលោក សឺន ស៊ូប៊ែរ្តិ៍ ថា មិនដែលឃើញប្រមុខរដ្ឋាភិបាល បើកសមាជជាតិនេះ ម្ដងណាសោះ។ លោកថា នេះជាការបំពានច្បាប់កំពូលផង និងព្រះរាជសិទ្ធិព្រះមហាក្សត្រផង ព្រោះសមាជជាតិនេះ គេតែងតែធ្វើជាទំនៀមទម្លាប់តាំងពីដើមរៀងមក ដើម្បីឲ្យព្រះមហាក្សត្រ បានទទួលជួបធ្វើសវនាការរបៀបនេះ ជាមួយប្រជារាស្ត្រព្រះអង្គ៖ «គេមានចារហើយ ក៏មិនបង្កើតជាច្បាប់ ឬរៀបចំអង្គការហ្នឹងទៅ។ ខ្លាចអី ខ្លាចប្រជាពលរដ្ឋមកប្ដឹងផ្ទាល់ទៅរាជរដ្ឋាភិបាល? ហើយព្រះករុណាលោកអាចនៅហ្នឹងជាអធិបតី មានន័យថាយើងមានធ្វើខុសច្រើន បានជាយើងមិនហ៊ាន!។
នៅមានតួនាទីច្រើនទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ អំពីតួនាទីរបស់ព្រះមហាក្សត្រ ដូចជា តួនាទីធានាឯកភាពជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រព័ន្ធតុលាការ ការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ជាដើម។
អ្នកវិភាគឯករាជ្យបណ្ឌិត ឡៅ ម៉ុងហៃ ក៏យល់ឃើញថា សិទ្ធិអំណាច និងតួនាទី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញល្មមឲ្យគេយល់ថា ព្រះមហាក្សត្រជាតួអង្គគន្លឹះ ក្នុងការធ្វើឲ្យមានការគោរព និងអនុវត្តរដ្ឋធម្មនុញ្ញ ដើម្បីសម្រេចបាននូវឆន្ទ: ឬចក្ខុវិស័យរបស់ប្រជាជាតិខ្មែរ ឬដើម្បីធ្វើឲ្យព្រលឹងជាតិខ្មែរ រស់រវើក និងសកម្ម ទោះជាព្រះមហាក្សត្រអត់អំណាចក៏ដោយ។ ប៉ុន្តែជាក់ស្ដែង បណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា សិទ្ធិអំណាចតិចតួចដែលមាន មិនទាន់ត្រូវបានប្រើប្រាស់ ឲ្យសមស្របនៅឡើយ។
លោកបន្ថែមថា សូម្បីតែព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ជាក់ស្ដែងក៏បាត់ទៅហើយដែរ ព្រោះតែមានច្បាប់ស្តីពីពន្ធនាគារ កំណត់ថា ព្រះមហាក្សត្រ អាចប្រើប្រាស់ព្រះរាជសិទ្ធិនេះ បានតែតាមសំណើរបស់ប្រមុខរដ្ឋាភិបាលតែប៉ុណ្ណោះ។
រីឯសិទ្ធិអំណាចតែងតាំងសមាជិកបីរូប នៃក្រុមប្រឹក្សាធម្មនុញ្ញ លោក ឡៅ ម៉ុងហៃ ថាត្រូវបានប្រើប្រាស់ យកទៅតែងតាំងតែបក្សពួក អ្នកមិនមានសមត្ថភាពវិជ្ជាជីវ:សមស្រប ដែលត្រូវកាន់តំណែងខ្ពស់បំផុត តែមិនមានសេចក្តីក្លាហានប្តូរផ្តាច់ ក្នុងការការពាររដ្ឋធម្មនុញ្ញ ដើម្បីធានាឲ្យរាល់ច្បាប់ និងសេចក្ដីសម្រេចរបស់អង្គការរដ្ឋ ស្របនឹងច្បាប់កំពូលនេះឡើយ។
សម្រាប់ការធានាឯករាជ្យ អធិបតេយ្យ និងបូរណភាព លោកបន្ថែមថា ព្រះមហាក្សត្រជាមេបញ្ជាការកំពូល តែលោកអត់ដែលគ្រងឯកសណ្ឋានយោធា ដូចជំនាន់សង្គមរាស្ត្រនិយម។ លោកថា គេដូចជាមិនដែលឃើញទ្រង់យាងត្រួតពល ឬធ្វើជាអធិបតីក្នុងពិធីយោធា ឬឃើញយោធាធ្វើសច្ចាប្រណិធាន ចំពោះព្រះភក្ត្រមេបញ្ជាការកំពូល ដែលជាអង្គព្រះមហាក្សត្រនោះទេ។
ក្នុងវិស័យសិទ្ឋិ និងសេរីភាពវិញ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា គេក៏នៅមិនទាន់បានឃើញ និងដឹងថា ព្រះមហាក្សត្របានបំពេញតួនាទី ជាអ្នកធានានៅឡើយ សូម្បីតែនៅពេល ដែលមានការបង្ក្រាបសឹងតែជាប្រព័ន្ធទៅលើសិទ្ធិ និងសេរីភាព ជាពិសេសសេរីភាពខាងការបញ្ចេញមតិ និងខាងការជួបប្រជុំ ដូចសព្វថ្ងៃនេះក៏ដោយ។
ចំពោះតួនាទីធានាការគោរពសិទ្ធិ និងសេរីភាពនេះ លោកបន្តថា វាក៏ជាប់ពាក់ព័ន្ធនឹងតួនាទីធានាការគោរពសន្ធិសញ្ញាអន្តរជាតិដែរ ព្រោះសិទ្ធិ និងសេរីភាពទាំងនោះ មានចែងក្នុងសន្ធិសញ្ញាមួយចំនួន ដែលកម្ពុជាជារដ្ឋភាគី។ បណ្ឌិត ឡៅ ម៉ុងហៃ ថា តួនាទីរបស់ព្រះមហាក្សត្រនៅក្នុងផ្នែកនេះ ក៏ប្រហែលជាមិនខុសពីតួនាទីមុននេះដែរទេ។
អំពីតួនាទីធានាឯករាជ្យអំណាចតុលាការ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា ព្រះមហាក្សត្រទ្រង់មានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជួយទ្រង់ក្នុងការធានានេះ។ ប៉ុន្តែលោកថា ច្បាប់តុលាការ ជាពិសេស ច្បាប់ស្ដីពីឧត្ដមក្រុមប្រឹក្សានេះ មិនបង្កើតឲ្យព្រះមហាក្សត្រមានលទ្ធភាពបំពេញតួនាទីមួយរបស់ទ្រង់ ឲ្យសកម្មបានទេ។ លើសពីនេះទៀត គឺច្បាប់ទាំងនោះ មិនបានធានាឯករាជ្យរបស់សមាជិកនៃឧត្ដមក្រុមប្រឹក្សានេះ (និងមន្ត្រីតុលាការ) ពីគណបក្សនយោបាយ ដូចច្បាប់ស្ដីពី គ.ជ.ប ដែលហាមឃាត់មិនឲ្យសមាជិករបស់ខ្លួន ចូលជាសមាជិកគណបក្សនយោបាយ។
ជាងនេះទៅទៀត ទាំងនាយករដ្ឋមន្ត្រី និងគណ:រដ្ឋមន្ត្រី ក៏ខកខានមិនបាន ចូលគាល់រាយការណ៍ទូលថ្វាយព្រះមហាក្សត្រ ឲ្យទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ ឲ្យបានពីរដងក្នុងមួយខែ ដូចមានចែងក្នុងមាត្រា ២០ នៃរដ្ឋធម្មនុញ្ញនោះដែរ។
ការណ៍ដែលគ្មានយន្តការ និងមធ្យោបាយសមស្រប ដើម្បីឲ្យព្រះមហាក្សត្រប្រើប្រាស់ព្រះរាជសិទ្ធិ និងតួនាទីរបស់ទ្រង់បាននោះ បើតាមអ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ឯណោះ ថាមកពីរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សកាន់អំណាច ខ្វះឆន្ទៈក្នុងការលើកតម្កើងស្ថាប័នព្រះមហាក្សត្រ ឬចង់ឲ្យអំណាចព្រះមហាក្សត្រចុះខ្សោយ ងាយស្រួលដល់លោក ហ៊ុន សែន និងមន្រ្តីបក្សកាន់អំណាច ធ្វើអ្វីតាមតែអំពើចិត្ត ដើម្បីក្រាញអំណាចប្រមូលផ្តុំ តវង្សត្រកូល៖ «ហើយលទ្ធផលយើងឃើញជាក់ស្ដែងហើយ អំណាចនយោបាយដឹកនាំរបស់លោក ហ៊ុន សែន មិនផ្ដល់តម្លៃលើការគោរពឆន្ទៈរបស់ពលរដ្ឋទេ មិនថ្វាយព្រះកិត្តិយសដល់ព្រះរាជាដោយសុទ្ធចិត្តទេ ក៏ប៉ុន្តែលាក់ពុតនយោបាយ ហើយប្រើប្រាស់អ្វីៗ ទាំងថវិកាជាតិ ទាំងព្រះនាមព្រះមហាក្សត្រ ទាំងឈ្មោះប្រជារាស្ត្រផង ដើម្បីជាគោលដៅអំណាចរបស់លោក ហ៊ុន សែន និងគ្រួសារត្រកូលហ៊ុន»។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺ ពីមន្ត្រីក្រសួងព្រះបរមរាជវាំង និងមន្រ្តីនាំពាក្យរបបក្រុងភ្នំពេញ ជុំវិញរឿងនេះជាច្រើនដងដែរ តែទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់អះអាងជាសាធារណៈថា លោកជាអ្នកគោរព និងការពារស្ថាប័នព្រះមហាក្សត្រដ៏ស្មោះស្ម័គ្រមួយរូប និងធ្លាប់ព្រមានអ្នកដែលចង់ធ្វើអ្វីប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ឲ្យរំលងសពលោកជាមុនសិន។
ច្បាប់រដ្ឋធម្មនុញ្ញមាត្រា ៧ ជំពូក ២ ចែងច្បាស់ មិនអោយមាននរណារំលោភបំពានអង្គព្រះមហាក្សត្របានឡើយ។ ប៉ុន្តែ ទោះបីជាលោក ហ៊ុន សែន អះអាងថា លោកគោរព និងការពារ អង្គព្រះមហាក្សត្រក៏ដោយ ក៏លោកធ្លាប់ហ៊ានប្រមាថស្ថាប័ននេះ ដោយគំរាមរម្លាយរបបរាជានិយមចោលផង ដោយសារតែព្រះរាជាមិនសព្វព្រះរាជហឫទ័យក្នុងការឡាយព្រះហស្តលេខា លើសន្ធិសញ្ញាបំពេញបន្ថែម រឿងព្រំដែនកម្ពុជា-វៀតណាម៖ «ហើយខ្ញុំប្រាប់សម្រេចក្រុមព្រះ ពេលជួបតាមទូរស័ព្ទ ថាព្រះអង្គ បើលើកនេះវាពិបាកស៊ីញេ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្ដង?»។
ទោះបីជារងការប្រមាថយ៉ាងនេះក្តី ក៏គ្មានស្ថាប័នណាមួយ រកយុត្តិធម៌ថ្វាយអង្គព្រះមហាក្សត្រនោះដែរ។ ប៉ុន្តែបើសកម្មជនបក្សប្រឆាំង ហ៊ាននិយាយរិះគន់អង្គព្រះមហាក្សត្រ លោក ហ៊ុន សែន បញ្ជាឲ្យគេចាប់ដាក់គុកជាហូរហែ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ត្រូវបានតុលាការរបបក្រុងភ្នំពេញ ចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដោយសារលោកថា ព្រះមហាក្សត្របច្ចុប្បន្ន ជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន និងត្រូវបានបង្ខំឲ្យប្រថាប់ត្រា លើរាល់ទង្វើអាក្រក់របស់លោក ហ៊ុន សែន។
ឧត្តមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ សង្កេតឃើញថាស្ថាប័នព្រះមហាក្សត្រ ដែលធ្លាប់តែមានអំណាចពេញដៃ ដូចក្នុងសម័យសង្គមរាស្រ្តនិយម លែងមានឥទ្ធិពលអ្វីទាំងអស់នៅពេលនេះ ក្រៅតែពីមានតួនាទីជាសម្បក ឬនិម្មិតរូបតែប៉ុណ្ណោះ៖ «ព្រះករុណបច្ចុប្បន្នលោកអត់មានអ្វីទាំងអស់! គេអត់មានផ្ដល់មធ្យោបាយឲ្យលោកបំពេញភារកិច្ចហ្នឹងឲ្យបានហ្មត់ចត់។ អត់មាន មធ្យោបាយ យើងធ្វើអ្វីអត់បាន។ ស្អីៗដែលកើតឡើង គឺមកពីរាជរដ្ឋាភិបាល ដែលគេទទួលខុសត្រូវ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ចោទជាសំណួរថា តើអាចជាការធ្វើវិទ្ធង្សនា ប្រឆាំងនឹងរបបរាជានិយមឬទេ បើមិនសហការគាំទ្រព្រះមហាក្សត ឲ្យលោកប្រើប្រាស់ព្រះរាជសិទ្ធិនិងបំពេញតួនាទីរបស់លោកដូចចែងក្នុងរដ្ឋធម្មនុញ្ញ? ៕
No comments:
Post a Comment