ដោយ សន ចាន់រដ្ឋា
2020-10-20
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ៨រូប ក្នុងចំណោម ៩រូប ដែលតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន ក្នុងនោះមាន (ពីឆ្វេង) លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និងលោក ហូរ វ៉ាន់។
Photo courtesy of Sam Rainsy's facebook Page
តុលាការក្រុងភ្នំពេញ ចេញដីកាបង្គាប់ឲ្យក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងនិទ្ទេសខ្លួន នៅក្រៅប្រទេសចំនួន ៩នាក់ ចូលបំភ្លឺ នៅថ្ងៃទី១១ វិច្ឆិកា ខាងមុខ។ ឈ្មោះអ្នកទាំង ៩នាក់ ដែលមាននៅក្នុងដីកាកោះហៅនោះ គឺមានលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស និងសមាជិកគណបក្ស ៦រូប គឺមានលោក អ៊ូ ចន្ទ័ប្ញទិ្ធ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល និងអ្នកស្រី ជូឡុង ស៊ូមូរ៉ា។
ក្រុមចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យក្រុមមេដឹកនាំគណបក្សប្រឆាំងទាំង ៩នាក់ ចូលឆ្លើយបំភ្លឺអំពីបទចោទ "ឧបឃាត" ដែលពាក់ព័ន្ធនឹងអង្គហេតុ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្ដួលរំលំរដ្ឋាភិបាល ក្រោមឧបាយកល ផែនការវិលត្រលប់ចូលប្រទេសកម្ពុជាវិញ របស់លោក សម រង្ស៊ី នៅឆ្នាំ២០១៩ ដោយអំពាវនាវ និងប្រើប្រាស់ថវិកាប៉ុនប៉ងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ដើម្បីអនុវត្តផែនការ។ បទចោទនេះ ចែងនៅមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសពន្ធនាគារ ពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។
តុលាការក្រុងភ្នំពេញ បានចោទ ក្រុមមេដឹកនាំបក្សប្រឆាំងទាំង ៩រូប ពីបទ "ឧបឃាត" នេះ កាលពី ថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៩ គឺមុនគម្រោងធ្វើមាតុភូមិនិវត្តន៍លើកទី១ របស់លោក សម រង្ស៊ី។ នៅពេលនោះ អាជ្ញាធរក្រុងភ្នំពេញ បានសំអាងលើបទចោទ ឧបឃាត របស់តុលាការនេះ ធ្វើជាហេតុផល ក្នុងការបិទគ្រប់ផ្លូវ និងថែមទាំងបានស្នើសុំប្រទេសក្នុងតំបន់ជួយរាំងខ្ទប់ មិនឲ្យក្រុមមេដឹកនាំបក្សប្រឆាំង វិលចូលប្រទេសកម្ពុជាបាន។
ទោះជាយ៉ាងណា លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានប្រកាសមុនដីកាកោះរបស់តុលាការនេះថា ក្រុមមេដឹកនាំបក្សប្រឆាំង នៅក្រៅប្រទេស កំពុងរៀបចំគម្រោងមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី ជាលើកទី២ និងប្ដេជ្ញាវិលត្រលប់ឲ្យទាល់តែបាន៕
No comments:
Post a Comment