Monday, 5 October 2020

លោក សម រង្ស៊ី​ ថា ​ការវាយកម្ទេច​អាគារ​ជំនួយ​របស់​អាមេរិក​បង្ហាញ​ថា​ចិន​បានចូល​កាន់តែជ្រៅ​ទៅក្នុង​ទំនាក់ទំនង​ផ្នែក​យោធា​នៅ​កម្ពុជា


ដោយ សុ ជីវី
2020-10-04


ប្រធានស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​រូប​ស្ដាំ​បង្ហាញ​ពីដីទំនេរ​ ក្រោយអគារ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក ត្រូវបានកម្ទេចចោល ដែល​ថតកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
ប្រធានស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​រូប​ស្ដាំ​បង្ហាញ​ពីដីទំនេរ​ ក្រោយអគារ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក ត្រូវបានកម្ទេចចោល ដែល​ថតកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
រូបថត៖ អាស៊ីសេរី និង​ថតពីគេហទំព័រ​គម្រោង​តម្លាភាព​លំហ​សមុទ្រ​អាស៊ី



ប្រធានស្ដីទីគណបក្ស​សង្រ្គោះជាតិ​ថា​ការវាយកម្ទេច​អាគារ​ដែល​ជាជំនួយ​របស់​សហរដ្ឋអាមេរិក បង្ហាញ​ថា​ចិន​បានចូល​កាន់តែជ្រៅ​ទៅក្នុង​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​កម្ពុជា ដែលទំនង​អាច​បង្ក​ឱ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់។

ចំណែក​អ្នកជំនាញ​ផ្នែកវិទ្យាសាស្រ្ត​នយោបាយ​ថា ​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការបំផ្លាញ​អាគារ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ នៃ​ទឹកដី​របស់​ខ្លួន ប៉ុន្តែ​ការសម្រេចចិត្ត​ធ្វើបែបនេះ​នៅ​ក្នុង​កាលៈទេសៈ​នេះ​ក៏​អាច​ធ្វើឱ្យ​មាន​ក្ដី​បារម្ភ​ពី​ការគំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់ ដែល​កំពុង​ប្រទាញប្រទង់​ដោយ​មហាអំណាច​ពិភព​លោកទាំង​២ គឺអាមេរិក និង​ចិននេះ។

ប្រធាន​ស្ដីទី​គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសរសេរ​សារ​តាម​បណ្ដាញ​សង្គម ធ្វីតធឺ (Twitter) របស់​លោក កាល​ពីថ្ងៃ ទី៣ ខែ​តុលា​​ថា ការវាយ​កម្ទេច​អាគារ​ដែល​ជាជំនួយ​របស់​សហរដ្ឋអាមេរិក​គឺ​ជាសញ្ញា​បង្ហាញ​កាន់តែច្បាស់​បន្ថែមទៀត​ ពីទំហំ​នៃទំនាក់ទំនង​របស់ចិន​ទៅ​ក្នុង​វិស័យ​យោធា​កម្ពុជា។

លោក សម រង្ស៊ី សរសេរ​បន្តថា​ទំនាក់ទំនង​បែបបនេះ​កំពុង​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បង្កគ្រោះថ្នាក់​ដល់​ស្ថិរភាព​ក្នុង​តំបន់។

ការបង្ហោះសារ​របស់​លោក សម រង្ស៊ី​នេះ​គឺ​ភា្លមៗ​បន្ទាប់ពី​មាន​ការទម្លាយព័ត៌មាន​ថា ​អគារ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បានវាយ​កម្ទេចចោល។

គំនិតផ្តួចផ្តើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative)នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (Center for International and Strategic Studies - CSIS) ដែល​មាន​មូលដ្ឋាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បានបង្ហាញ​រូបថត​តាម​ប្រព័ន្ធ​ផ្កាយ​រណប កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ថា អគារ​មួយ​នោះ​អាចត្រូវ​វាយកម្ទេច​រវាង​ថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែ​កញ្ញា។


តែទោះ​ជាយ៉ាងណា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​សៅរ៍​ថា មូលហេតុ​ដែល​វាយ​កម្ទេច​នេះ គឺ​ដោយសារ​តែ​កម្ពុជា​មាន​គម្រោង​​អភិវឌ្ឍកំពង់ផែ​យោធា​រាម ឱ្យ​មាន​លក្ខណៈ​ទំនើប​ជាង​មុន។ លោកថា​នេះ​ជា​ការរុះរើ​អគារ​ពី​ទីតាំង​ចាស់​ទៅ​ធ្វើ​នៅ​កន្លែង​ថ្មី ដែល​វា​សម​ស្រប​ទៅ​តាម​តម្រូវការ​របស់​ទីបញ្ជាការ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក សម្រាប់​សន្តិសុខ លំហ​សមុទ្រ។ លោក​បន្ថែម​ថា អគារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ គឺ​ជា​អគារ​ចាស់ ដែល​ជា​កម្មសិទ្ធិ​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា ហើយ​សហរដ្ឋ​អាមេរិក បាន​ជួយ​ជួសជុល និង​បំពាក់​ឧបករណ៍​បន្តិចបន្តួច ដើម្បី​បម្រើការ​ឱ្យ​ទី​បញ្ជាការ​សន្តិសុខ​លំហ​សមុទ្រ ដូច​នេះ វា​មិន​មាន​អ្វី​ជា​ដុំ​កំភួន​ទេ៖ «អស់​លោក​ទាំង​អស់​សុទ្ធតែ​និយាយ​ថា ជា​អគារ​អាមេរិក​គេ​វ៉ៃ​ចោល អា​ហ្នឹង​នៅ​ក្នុង​អធិបតេយ្យ​កម្ពុជា។ កម្ពុជា​មាន​សិទ្ធិ នឹង​ចាត់​ចែង​រៀបចំ ទុក​ដាក់​ធ្វើ​កន្លែង​ណា វា​គ្មាន​អ្វី​ទៅ​ចម្លែក​ទាល់​តែ​សោះ។ ដូច្នេះ​យើង​ត្រូវ​តែ​ អភិវឌ្ឍន៍​កំពង់​ផែ​រាម​នេះ ឱ្យ​វា​មាន​លក្ខណៈ​ទូលំទូលាយ​បន្តិច តាំង​ពី​ផែ តាំង​ពី​អ៊ូ​ តាំង​ពី​ជម្រៅ​ទឹក​ ឥឡូវ​ហ្នឹង​ទឹក​វា​រាក់ វា​តូច វា​ចង្អៀត វា​មិន​អាច​គេ​ហៅ​ថា​ បម្រើ​សេចក្ដី​ត្រូវ​ការ​បាន​ទេ​។​យើង​មាន​ផែន​ការ​អភិវឌ្ឍន៍ ដូច្នេះ​គឺ​យើង​ត្រូវ​តែ​រៀបចំ​ឲ្យ​វា​សម​ស្រប»។

រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។
រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។ ហ្វេសប៊ុក/Reuters

អ្នកជំនាញ​ខាងវិទ្យាសាស្រ្ត​នយោបាយ លោក ឯម សុវណ្ណារ៉ា ទទួល​ស្គាល់​ថា​កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការចាត់ចែង​ការងារ និង​ប្រើប្រាស់​សមិទ្ធិផល​ជំនួយ​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន ​រាប់ទាំង​ជំនួយ​របស់​សហរដ្ឋ​អាមេរិកនេះ​ដោយ​មិនបាច់​ជូនដំណឹង​ណាមួយ​ទៅ​ម្ចាស់ជំនួយ​ឡើយ។ ប៉ុន្តែ​លោក​ថា កម្ពុជា​គួរតែ​បំភ្លឺ​អោយ​បាន​ច្បាស់លាស់ដែរក្នុង​រឿង​នេះ ដើម្បី​រក្សាទំនាក់ទំនង​ស្មោះត្រង់​រវាងរដ្ឋ និង​រដ្ឋ។ លោក​ថា​អំឡុង​ពេល​មហាអំណាច​ពិភពលោក​ទាំង២ គឺចិន និង​អាមេរិក​កំពុង​មានការប្រទាំងប្រទើសគ្នា​ក្នុង​តំបន់​អាស៊ី​នេះ ទង្វើ​របស់​អាជ្ញាធរ​ពេលនេះ​អាច​ចោទ​ជា​បញ្ហា​ទៅដល់​ស្ថិរភាព​ក្នុង​តំបន់​ដែរ៖ «ក្នុង​ភាព​មិនទាន់​មាន​ជំនឿ​ទុកចិត្ត​គ្នា​ពេញលេញ ឬ​ស្មោះត្រង់​រវាង​គ្នា និង​គ្នា​ទេ វានឹង​អាចឈាន​ទៅ​ដល់​ការមាន​ការលំបាក​ក្នុង​ទំនាក់​ទំនង​រវាងរដ្ឋ​ និងរដ្ឋ។ បើកាលណា​បាត់​ជំនឿ​ក្នុង​ការកសាង​ទំនាក់​ទំនង ហើយ​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ជា​តួអង្គ​រដ្ឋ​មួយ​ដែល​មានឥទ្ធិពល និង​ជា​មហាអំណាច​ធំ​នៅ​ក្នុង​សាកលលោក​ហ្នឹងផង ហើយ​កំពុងតែ​ដាក់​សំពាធ​ទៅលើ​ភាគីចិន​ដែល​កំពុង​តែ​ព្យាយាម​ត្រួតត្រា​នៅ​ក្នុង​តំបន់ អ៊ីញ្ចឹង​រដ្ឋតូចៗ​ក្នុង​តំបន់​ដូចជា​កម្ពុជា​អាចនឹង​ទទួលឥទ្ធិពល​ណាមួយ​ផ្សេង​ទៀត ពី​ដែល​ហៅថា​រដ្ឋធំៗ​ហ្នឹងឯង​ដែល អ៊ីញ្ចឹង​រដ្ឋតូចៗ​គួរតែ​មាន​យន្តការណ៍​ហៅ​ថា​ប្រយ័ត្នប្រយែង និង​ច្បាស់លាស់។»

កាលពី​ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីជាន់ខ្ពស់​យោធាអាមេរិក​បាន​ស្នើ​អោយ​កម្ពុជា​ពន្យល់​ពី​មូលហេតុដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​បដិសេធ​ជំនួយ​អាមេរិក ដើម្បី​ជួសជុល​អាគារ​នៅ​មូលដ្ឋានទ័ពរាម​នោះ។ រដ្ឋមន្រ្តី ក្រសួងការពារជាតិ លោក ទៀ បាញ់​ឆ្លើយតបថា កម្ពុជា​ស្វាគមន៍​ចំពោះ​ជំនួយ​នោះ​នៅ​ទីតាំង​ថ្មី ប៉ុន្តែ​អគារ ដែល​បម្រុង​នឹង​ជួសជុល​នោះ​ ត្រូវ​ផ្លាស់ប្តូរ​ទៅ​ទីកន្លែង​ផ្សេងទៀត ដើម្បី​អភិវឌ្ឍន៍​តំបន់​រាម។ នេះ​ប្រហែល​ជា​មូលហេតុមួយ ដែល​អគារជំនួយ​នោះត្រូវ​វាយកម្ទេចចោល ដើម្បី​ទុក​តំបន់រាម​នៅក្រោម​ជំនួយ​របស់​ប្រទេសចិន។

លោក ទៀ បាញ់ បានអោយ​ដឹង​កាលពី​ថ្ងៃសៅរ៍ ទី៣ កញ្ញា​ថា គំរោង​កសាង​ផែរាម​ថ្មី​នេះ នឹង​ត្រូវ​គេ​ប្រើប្រាស់​ថវិកា​ច្រើន​ជាង​​រាប់រយ​ដង នៃ​តម្លៃ​អគារ​សាងសង់​ដោយ​សហរដ្ឋ​អាមេរិក។ លោក​ថា កម្ពុជា​នៅ​តែ​រក្សា​សិទ្ធិ ដើម្បី​ស្នើសុំ​ជំនួយ​បរទេស រួម​ទាំង​ជំនួយ​យោធា​ផង ដើម្បី​ការពារ​ទឹក​ដី។

ទាក់ទង​នឹង​ការវាយកម្ទេច​អគារ​ជំនួយ​ពី​អាមេរិកនេះ កាល​ពី​ថ្ងៃ​សុក្រ ទី២ តុលា មន្ទីរ​បញ្ចកោណ (Pentagon) យោធា​អាមេរិក បាន​ស្នើ​ឲ្យ​កម្ពុជា​ពន្យល់​ជុំវិញ​បញ្ហា​នេះ ដោយ​បញ្ជាក់​ថា ការ​កម្ទេច​អគារ​ជា​ជំនួយ​របស់​អាមេរិក​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​វត្តមាន​យោធា​ចិន ក្នុង​មូលដ្ឋាន​យោធា​ជើង​ទឹក​រាម។

តែទោះជាយ៉ាងណា​អាជ្ញាធររដ្ឋាភិបាល រួមទាំង រដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់ ផង​បាន​ច្រានចោល​ការចោទប្រកាន់នានា អំពីបញ្ហា​នេះ​ដោយ​សំអាង​ថារដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ធានា​មិនអោយមាន​មូលដ្ឋាន​ទ័ពបរទេស​នៅ​ក្នុងទឹកដីកម្ពុជា​ឡើយ។ លោក​ចោទ​ប្រកាន់​ថា ការលើកឡើងទាំងនោះ ជា​​សារធាតុ​របស់​ប្រទេស​មហា​អំណាច ដែល​មាន​បំណង​មក​រារាំង និង​ចោទ​ប្រកាន់​មក​លើ​កម្ពុជា។

ផ្ទុយពីនេះ​ សារព័ត៌មាន​របស់​អាមេរិក​ឈ្មោះ ឌឹ វ៉លស្រ៊ីត ជឺរណល (The Wall Street Journal) បាន​ទម្លាយ​ព័ត៌មាន​ឲ្យ​ពិភពលោក​ដឹង​មុនគេ​ថា ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លួច​ចុះ​កិច្ចសន្យា​យោធា​សម្ងាត់​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​រយៈពេល​៣០ឆ្នាំ។

ជាមួយគ្នានេះ​រដ្ឋាភិបាលកម្ពុជា​​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២០ ក៏បាន​ផ្ដល់​សិទ្ធិវិនិយោគ​ទៅអោយ​ក្រុមហ៊ុនចិន(Canopy Sands Development Co., Ltd ) សាងសង់​រីស៊ត មានទំហំវិនិយោគ ១៦ លានដុល្លារ នៅក្នុង​តំបន់​រាម ហើយ​ការបូមខ្សាច់​នៅ​បរិវេណ​កំពង់ផែ​រាម ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្ដើម នៅ​៤ថ្ងៃក្រោយ​គម្រោង​នេះ​អនុម័ត ដែល​ត្រូវ​គេសង្ស័យ​ថា​អាចជាការចាប់ផ្ដើម​ជំហាន​ដំបូង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផែ​ទឹកជ្រៅ​នៅ​ទីនោះ៕

2 comments:

Anonymous said...

The evil Yuon and Chinese will steal everything. They will move in and force Khmers out. The same thing happen in the past. What will Khmers do? Migrate and go West?

Anonymous said...

Khmers are hopeless. That's why the Thais, Viet Congs and the Chinese are able to take advantage of them.