ដោយ សុ ជីវី
2020-10-04
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងរូបស្ដាំបង្ហាញពីដីទំនេរ ក្រោយអគារនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបានកម្ទេចចោល ដែលថតកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
រូបថត៖ អាស៊ីសេរី និងថតពីគេហទំព័រគម្រោងតម្លាភាពលំហសមុទ្រអាស៊ី
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិថាការវាយកម្ទេចអាគារដែលជាជំនួយរបស់សហរដ្ឋអាមេរិក បង្ហាញថាចិនបានចូលកាន់តែជ្រៅទៅក្នុងទំនាក់ទំនងផ្នែកយោធាជាមួយកម្ពុជា ដែលទំនងអាចបង្កឱ្យមានអស្ថិរភាពក្នុងតំបន់។
ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការបំផ្លាញអាគារ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យ នៃទឹកដីរបស់ខ្លួន ប៉ុន្តែការសម្រេចចិត្តធ្វើបែបនេះនៅក្នុងកាលៈទេសៈនេះក៏អាចធ្វើឱ្យមានក្ដីបារម្ភពីការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ដែលកំពុងប្រទាញប្រទង់ដោយមហាអំណាចពិភពលោកទាំង២ គឺអាមេរិក និងចិននេះ។
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសរសេរសារតាមបណ្ដាញសង្គម ធ្វីតធឺ (Twitter) របស់លោក កាលពីថ្ងៃ ទី៣ ខែតុលាថា ការវាយកម្ទេចអាគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកគឺជាសញ្ញាបង្ហាញកាន់តែច្បាស់បន្ថែមទៀត ពីទំហំនៃទំនាក់ទំនងរបស់ចិនទៅក្នុងវិស័យយោធាកម្ពុជា។
លោក សម រង្ស៊ី សរសេរបន្តថាទំនាក់ទំនងបែបបនេះកំពុងរំលោភទៅលើរដ្ឋធម្មនុញ្ញកម្ពុជា និងបង្កគ្រោះថ្នាក់ដល់ស្ថិរភាពក្នុងតំបន់។
ការបង្ហោះសាររបស់លោក សម រង្ស៊ីនេះគឺភា្លមៗបន្ទាប់ពីមានការទម្លាយព័ត៌មានថា អគារនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់សហរដ្ឋអាមេរិកត្រូវបានវាយកម្ទេចចោល។
គំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ី (Asia Maritime Transparency Initiative)នៃមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (Center for International and Strategic Studies - CSIS) ដែលមានមូលដ្ឋាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបង្ហាញរូបថតតាមប្រព័ន្ធផ្កាយរណប កាលពីថ្ងៃទី២ ខែតុលា ថា អគារមួយនោះអាចត្រូវវាយកម្ទេចរវាងថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែកញ្ញា។
តែទោះជាយ៉ាងណា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាប់អាស៊ីសេរីកាលពីថ្ងៃសៅរ៍ថា មូលហេតុដែលវាយកម្ទេចនេះ គឺដោយសារតែកម្ពុជាមានគម្រោងអភិវឌ្ឍកំពង់ផែយោធារាម ឱ្យមានលក្ខណៈទំនើបជាងមុន។ លោកថានេះជាការរុះរើអគារពីទីតាំងចាស់ទៅធ្វើនៅកន្លែងថ្មី ដែលវាសមស្របទៅតាមតម្រូវការរបស់ទីបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក សម្រាប់សន្តិសុខ លំហសមុទ្រ។ លោកបន្ថែមថា អគារជំនួយរបស់សហរដ្ឋអាមេរិកនេះ គឺជាអគារចាស់ ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកកម្ពុជា ហើយសហរដ្ឋអាមេរិក បានជួយជួសជុល និងបំពាក់ឧបករណ៍បន្តិចបន្តួច ដើម្បីបម្រើការឱ្យទីបញ្ជាការសន្តិសុខលំហសមុទ្រ ដូចនេះ វាមិនមានអ្វីជាដុំកំភួនទេ៖ «អស់លោកទាំងអស់សុទ្ធតែនិយាយថា ជាអគារអាមេរិកគេវ៉ៃចោល អាហ្នឹងនៅក្នុងអធិបតេយ្យកម្ពុជា។ កម្ពុជាមានសិទ្ធិ នឹងចាត់ចែងរៀបចំ ទុកដាក់ធ្វើកន្លែងណា វាគ្មានអ្វីទៅចម្លែកទាល់តែសោះ។ ដូច្នេះយើងត្រូវតែ អភិវឌ្ឍន៍កំពង់ផែរាមនេះ ឱ្យវាមានលក្ខណៈទូលំទូលាយបន្តិច តាំងពីផែ តាំងពីអ៊ូ តាំងពីជម្រៅទឹក ឥឡូវហ្នឹងទឹកវារាក់ វាតូច វាចង្អៀត វាមិនអាចគេហៅថា បម្រើសេចក្ដីត្រូវការបានទេ។យើងមានផែនការអភិវឌ្ឍន៍ ដូច្នេះគឺយើងត្រូវតែរៀបចំឲ្យវាសមស្រប»។
រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ (ហ្វេសប៊ុក)។ មន្ដ្រីកងទ័ពជើងទឹកកម្ពុជា ចូលរួមពិធីក្រោយពេលធ្វើសមយុទ្ធយោធារួច កាលពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៦ (Reuters)។ ហ្វេសប៊ុក/Reuters
អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា ទទួលស្គាល់ថាកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចាត់ចែងការងារ និងប្រើប្រាស់សមិទ្ធិផលជំនួយនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន រាប់ទាំងជំនួយរបស់សហរដ្ឋអាមេរិកនេះដោយមិនបាច់ជូនដំណឹងណាមួយទៅម្ចាស់ជំនួយឡើយ។ ប៉ុន្តែលោកថា កម្ពុជាគួរតែបំភ្លឺអោយបានច្បាស់លាស់ដែរក្នុងរឿងនេះ ដើម្បីរក្សាទំនាក់ទំនងស្មោះត្រង់រវាងរដ្ឋ និងរដ្ឋ។ លោកថាអំឡុងពេលមហាអំណាចពិភពលោកទាំង២ គឺចិន និងអាមេរិកកំពុងមានការប្រទាំងប្រទើសគ្នាក្នុងតំបន់អាស៊ីនេះ ទង្វើរបស់អាជ្ញាធរពេលនេះអាចចោទជាបញ្ហាទៅដល់ស្ថិរភាពក្នុងតំបន់ដែរ៖ «ក្នុងភាពមិនទាន់មានជំនឿទុកចិត្តគ្នាពេញលេញ ឬស្មោះត្រង់រវាងគ្នា និងគ្នាទេ វានឹងអាចឈានទៅដល់ការមានការលំបាកក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ បើកាលណាបាត់ជំនឿក្នុងការកសាងទំនាក់ទំនង ហើយនៅពេលដែលសហរដ្ឋអាមេរិកជាតួអង្គរដ្ឋមួយដែលមានឥទ្ធិពល និងជាមហាអំណាចធំនៅក្នុងសាកលលោកហ្នឹងផង ហើយកំពុងតែដាក់សំពាធទៅលើភាគីចិនដែលកំពុងតែព្យាយាមត្រួតត្រានៅក្នុងតំបន់ អ៊ីញ្ចឹងរដ្ឋតូចៗក្នុងតំបន់ដូចជាកម្ពុជាអាចនឹងទទួលឥទ្ធិពលណាមួយផ្សេងទៀត ពីដែលហៅថារដ្ឋធំៗហ្នឹងឯងដែល អ៊ីញ្ចឹងរដ្ឋតូចៗគួរតែមានយន្តការណ៍ហៅថាប្រយ័ត្នប្រយែង និងច្បាស់លាស់។»
កាលពីខែកក្កដា ឆ្នាំ២០១៩ មន្រ្តីជាន់ខ្ពស់យោធាអាមេរិកបានស្នើអោយកម្ពុជាពន្យល់ពីមូលហេតុដែលអាជ្ញាធរក្រុងភ្នំពេញបដិសេធជំនួយអាមេរិក ដើម្បីជួសជុលអាគារនៅមូលដ្ឋានទ័ពរាមនោះ។ រដ្ឋមន្រ្តី ក្រសួងការពារជាតិ លោក ទៀ បាញ់ឆ្លើយតបថា កម្ពុជាស្វាគមន៍ចំពោះជំនួយនោះនៅទីតាំងថ្មី ប៉ុន្តែអគារ ដែលបម្រុងនឹងជួសជុលនោះ ត្រូវផ្លាស់ប្តូរទៅទីកន្លែងផ្សេងទៀត ដើម្បីអភិវឌ្ឍន៍តំបន់រាម។ នេះប្រហែលជាមូលហេតុមួយ ដែលអគារជំនួយនោះត្រូវវាយកម្ទេចចោល ដើម្បីទុកតំបន់រាមនៅក្រោមជំនួយរបស់ប្រទេសចិន។
លោក ទៀ បាញ់ បានអោយដឹងកាលពីថ្ងៃសៅរ៍ ទី៣ កញ្ញាថា គំរោងកសាងផែរាមថ្មីនេះ នឹងត្រូវគេប្រើប្រាស់ថវិកាច្រើនជាងរាប់រយដង នៃតម្លៃអគារសាងសង់ដោយសហរដ្ឋអាមេរិក។ លោកថា កម្ពុជានៅតែរក្សាសិទ្ធិ ដើម្បីស្នើសុំជំនួយបរទេស រួមទាំងជំនួយយោធាផង ដើម្បីការពារទឹកដី។
ទាក់ទងនឹងការវាយកម្ទេចអគារជំនួយពីអាមេរិកនេះ កាលពីថ្ងៃសុក្រ ទី២ តុលា មន្ទីរបញ្ចកោណ (Pentagon) យោធាអាមេរិក បានស្នើឲ្យកម្ពុជាពន្យល់ជុំវិញបញ្ហានេះ ដោយបញ្ជាក់ថា ការកម្ទេចអគារជាជំនួយរបស់អាមេរិកនេះ អាចជាប់ពាក់ព័ន្ធទៅនឹងគម្រោងរដ្ឋាភិបាលកម្ពុជា ទទួលយកវត្តមានយោធាចិន ក្នុងមូលដ្ឋានយោធាជើងទឹករាម។
តែទោះជាយ៉ាងណាអាជ្ញាធររដ្ឋាភិបាល រួមទាំង រដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់ ផងបានច្រានចោលការចោទប្រកាន់នានា អំពីបញ្ហានេះដោយសំអាងថារដ្ឋធម្មនុញ្ញកម្ពុជាបានធានាមិនអោយមានមូលដ្ឋានទ័ពបរទេសនៅក្នុងទឹកដីកម្ពុជាឡើយ។ លោកចោទប្រកាន់ថា ការលើកឡើងទាំងនោះ ជាសារធាតុរបស់ប្រទេសមហាអំណាច ដែលមានបំណងមករារាំង និងចោទប្រកាន់មកលើកម្ពុជា។
ផ្ទុយពីនេះ សារព័ត៌មានរបស់អាមេរិកឈ្មោះ ឌឹ វ៉លស្រ៊ីត ជឺរណល (The Wall Street Journal) បានទម្លាយព័ត៌មានឲ្យពិភពលោកដឹងមុនគេថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលួចចុះកិច្ចសន្យាយោធាសម្ងាត់អនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមរយៈពេល៣០ឆ្នាំ។
ជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២០ ក៏បានផ្ដល់សិទ្ធិវិនិយោគទៅអោយក្រុមហ៊ុនចិន(Canopy Sands Development Co., Ltd ) សាងសង់រីស៊ត មានទំហំវិនិយោគ ១៦ លានដុល្លារ នៅក្នុងតំបន់រាម ហើយការបូមខ្សាច់នៅបរិវេណកំពង់ផែរាម ក្នុងគម្រោងរបស់ក្រុមហ៊ុននេះបានចាប់ផ្ដើម នៅ៤ថ្ងៃក្រោយគម្រោងនេះអនុម័ត ដែលត្រូវគេសង្ស័យថាអាចជាការចាប់ផ្ដើមជំហានដំបូងការកសាងហេដ្ឋារចនាសម្ព័ន្ធផែទឹកជ្រៅនៅទីនោះ៕
2 comments:
The evil Yuon and Chinese will steal everything. They will move in and force Khmers out. The same thing happen in the past. What will Khmers do? Migrate and go West?
Khmers are hopeless. That's why the Thais, Viet Congs and the Chinese are able to take advantage of them.
Post a Comment