ដោយ សេក បណ្ឌិត
2020-10-14
ពលរដ្ឋនៅសង្កាត់ព្រៃស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ នាំគ្នាដឹកឥវ៉ាន់ចេញពីតំបន់ទឹកជន់លិច ទៅរកកន្លែងសុវត្ថិភាព នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ
ស្ថានភាពទឹកជំនន់បន្តហក់ឡើង នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលបណ្ដាលឱ្យប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ រស់នៅក្នុងទឹកយ៉ាងលំបាក ស្របពេលដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារទៀតត្រូវបានអាជ្ញាធរជម្លៀសទៅនៅទីទួលសុវត្ថិភាពបណ្ដោះអាសន្ន។
អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៤ តុលាថា ទឹកជំនន់បន្តហក់ឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ខណៈខេត្តមួយចំនួនទៀតទឹកបានស្រុកវិញបន្តិច ក៏ប៉ុន្តែមិនទាន់បានធូរស្រាលនៅឡើយទេ។ លោកបន្ថែមថា អាជ្ញាធរបានបញ្ជូនកងកម្លាំងជំនាញប្រមាណ ១ពាន់នាក់ ចុះជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីកន្លែង។ លោកប្រាប់ថា គិតត្រឹមថ្ងៃទី១៤ តុលា មានប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់ហើយ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្នុងនោះមានប្រជាពលរដ្ឋជាង ១ម៉ឺននាក់ បានជម្លៀសចេញពីផ្ទះទៅស្នាក់នៅទីទួលមានសុវត្ថិភាព។ ក្រៅពីនេះមានប្រជាពលរដ្ឋជាង ១០ម៉ឺននាក់កំពុងរស់នៅក្នុងទឹក ដោយមិនបានចេញពីផ្ទះរបស់គាត់ឡើយ៖ «ប្រជាពលរដ្ឋដែលមិនព្រមចាកចេញហ្នឹងពីព្រោះទឹកឡើងមិនទាន់ដល់កម្រិតដែលត្រូវជម្លៀស គ្រាន់តែគាត់ចាប់ផ្ដើមទឹកលិច និងរងផលប៉ះពាល់ ក្នុងការលំបាកជីវភាពរបស់គាត់។ ហើយបើចេញទៅនៅទីទួលអីហ្នឹងពេលខ្លះវាពិបាកជាងនៅផ្ទះគាត់ អីចឹងហើយគាត់មិនចង់ចាកចេញឬក៏មិនទាន់ត្រូវការជម្លៀស»។
លោកឱ្យដឹងថា ទឹកជំនន់បានលិចលង់ស្ទើរទូទាំងប្រទេស ប៉ុន្តែខេត្តបាត់ដំបង ពោធិ៍សាត់ និង ខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។លោកថា មានប្រជាពលរដ្ឋ ១១នាក់ហើយ ដែលបានលង់ទឹកស្លាប់ និងម្នាក់ត្រូវរន្ទះបាញ់ស្លាប់។ បន្ថែមពីនេះបណ្ដាលឱ្យលិចផ្ទះពលរដ្ឋប្រមាណ ៣ម៉ឺន ៤ពាន់ខ្នង លិចដំណាំស្រូវរបស់កសិករជាង ៨ម៉ឺន ៨ពាន់ហិកតារ (៨៨.៧០០) ខូចខាតដំណាំផ្សេងៗ ជាង ៥ម៉ឺន ៣ពាន់ហិកតារ លិចសាលារៀនជាង៨០កន្លែង ខូចខាតផ្លូវលំជាង ១២០គីឡូម៉ែត្រ និងផ្លូវជាតិប្រមាណ ១៧គីឡូម៉ែត្រ។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី១៤ តុលាថា ស្ថានភាពទឹកជំនន់បានឡើងលិចផ្លូវជាតិលេខ៥ ប្រមាណ ១គីឡូម៉ែត្រហើយ នៅភូមិព្រែក ល្ពៅ ឃុំបត់ត្រង់ស្រុកមង្គលបូរី ដល់ មុខសួនស្ព័រ ក្នុងភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើងអំឡុងពេលនេះ ត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីឱ្យអាជ្ញាធរចុះជួយសង្គ្រោះពលរដ្ឋបានទាន់ពេល។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ា និង អ្នកស្រី ឱ វណ្ណឌីន ដើម្បីសុំអត្ថាធិប្បាយបន្ថែមអំពីចំនួនមន្ទីរពេទ្យដែលបានលិចលង់ដោយគ្រោះទឹកជំនន់នេះបានទេ នៅថ្ងៃទី១៤ តុលា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក្នុងពេលដឹកនាំមន្រ្តីសុខាភិបាលចុះទៅពិនិត្យទីតាំងព្យាបាលជំងឺកូវីដ១៩ សម្រាប់មន្ត្រីការទូត និងភ្ញៀវពិសេស (VIP) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព ជាពិសេស ករណីពស់ចឹក សូមប្រញាប់មកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីទទួលសេវាសង្គ្រោះទាន់ពេលវេលា។
លោក ម៉ម ប៊ុនហេង ក៏បានស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ និងជួយសង្គ្រោះឱ្យទាន់ពេលវេលា ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដូចជាស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ជរាជាដើម។
ចំណែកក្រុមប្រជាពលរដ្ឋនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានជម្លៀសចេញពីផ្ទះ ប្រាប់អាស៊ីសេរីថា មូលហេតុដែលពួកគេចាកចេញពីផ្ទះដោយសារព្រួយបារម្ភអំពីសុវត្ថិភាព ជាពិសេសខ្លាចកុមារតូចៗ អាចប្រឈមនឹងលង់ទឹកស្លាប់ ពីព្រោះទឹកបានហូរចូលទៅដល់ផ្ទះរបស់ពួកគេអស់ហើយ៖ «ឱ្យតែវាមកទៀតព្រួយបារម្ភហើយ បើវាលិចអស់ហើយ យើងព្រួយបារម្ភដូចគ្នា ព្រោះជីវិតម្នាក់ចង់រស់ ដល់អីចឹងវាបារម្ភមិនដឹងស្មានណាដេកលក់ ដូចជានៅផ្ទះឃុំយប់មិញមានអីទឹកលិចមកបានដឹងខ្លួន។ អត់មានមានអាជ្ញាធរណាមកជួយទេ គ្រាន់តែថា គេទប់ស្កាត់ទឹកនៅកន្លែងណាដែលមានរន្ធមានអីគេយកដីទប់កុំឱ្យវាបាក់ថ្នល់បានអី។ ធម្មតាយើងជញ្ជូនឥវ៉ាន់ទាន់វាអត់លិចខ្លាំងទេ គ្រាន់តែទឹកហូរកាត់ថ្នល់អីយើងជញ្ជូនឥវ៉ាន់ទាន់។ ខ្ញុំព្រួយបារម្ភគ្រាន់តែថា វាពិបាកអត់មានកន្លែងជ្រកនៅ យើងបោះបង់ធ្វើជំរំស្នាក់នៅបណ្ដោះអាសន្ន ហ្នឹងជ្រកនៅលើចិញ្ចើមផ្លូវអីចឹងធ្វើម៉េចបើវាលិចហើយ»។
នៅថ្ងៃទី១៣តុលាក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថា ខ្យល់ព្យុះចំនួន២ នឹងចូលមកដល់កម្ពុជានៅចុងសប្ដាហ៍នេះ ដែលអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់នៅទូទាំងប្រទេស ជាពិសេសនៅខេត្តភាគពាយព្យអាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ថ្ងៃទី១៨ និងថ្ងៃទី១៩ តុលា។ ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះគ្រោះទឹកជំនន់អាចនឹងហក់ឡើងទៀត រហូតដល់ថ្ងៃទី២០ តុលា។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា មានកសិកររាប់ម៉ឺនគ្រួសារដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ ប្រឈមនឹងដាច់ស្បៀងអាហារ និងមានជីវភាពក្រីក្រកាន់តែខ្លាំង ហើយជំពាក់បំណុលធនាគារកាន់តែច្រើន ដោយសារទឹកលិចខូចផលដំណាំ ធ្វើឱ្យពួកគាត់បាត់បង់របររកប្រាក់ចំណូល ដើម្បីរកប្រាក់សងធនាគារដែលបានខ្ចីគេធ្វើដើមដាំដុះកន្លងមក។ លោកឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរត្រូវប្រញាប់ផ្ដល់ពូជស្រូវ និងពូជបន្លែផ្សេង ជូនពលរដ្ឋដាំដុះឡើងវិញក្រោយពេលទឹកស្រក ហើយធនាគារគួរផ្អាកយកការប្រាក់ពីពលរដ្ឋមួយរយៈ ដើម្បីជួយកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕
No comments:
Post a Comment