ដោយ ហេង រស្មី
2020-10-15
លោក ជុំ សារ៉ាត់ សកម្មជនបក្សប្រឆាំងនៅខេត្តពោធិ៍សាត់ និងលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)
រូប៖ ហ្វេសប៊ុក និង AFP
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់ សកម្មជនបក្សប្រឆាំងនៅខេត្តពោធិ៍សាត់ លោក ជុំ សារ៉ាត់ គឺជារឿងនយោបាយ។ ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះអះអាង ថារដ្ឋាភិបាលកម្ពុជានៅតែប្រើប្រាស់ប្រព័ន្ធតុលាការ និងច្បាប់ ដើម្បីបំបិទមាត់អ្នករិះគន់ និងអ្នកគាំទ្របក្សប្រឆាំង។
អង្គការយូមែនរ៉ៃស៍វ៉ច្ឆ (Human Rights Watch) ទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ជុំ សារ៉ាត់ និងដោះលែងលោកឱ្យមានសេរីភាពវិញ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ១៤ តុលាថា ការចាប់ខ្លួន និងចោទប្រកាន់សកម្មជនបក្សប្រឆាំងរូបនេះ ធ្វើឡើងដោយមិនត្រឹមត្រូវ។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះពិនិត្យឃើញថា គណបក្សកាន់អំណាចបានប្រើប្រាស់ តុលាការ និងច្បាប់ ជាយុទ្ធសាស្ត្រមួយយូរមកហើយដើម្បីបំបិទមាត់អ្នករិះគន់។
អង្គការ Human Rights Watch អំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងអង្គការសហប្រជាជាតិ ទាមទារទៅរដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្ស ជាបន្ទាន់។ ស្ថាប័ននេះមើលឃើញថា ផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដោយសារ ជំងឺកូវីដ១៩ មិនបានបញ្ឈប់លោក ហ៊ុន សែន ពីការតាមកម្ចាត់អ្នករិះគន់ និងក្រុមអ្នកប្រឆាំងនោះឡើយ។
លោក ជុំ សារ៉ាត់ ឬ ជុំ សារ៉េត គឺជាអតីតជំទប់ទី២ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីរសៀលថ្ងៃទី ៦ ខែតុលា ក្បែរផ្ទះរបស់លោក។ តុលាការខេត្តពោធិ៍សាត់ បានចោទប្រកាន់លោកពីបទ ចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងប្រើហិង្សាលើម្ចាស់កម្មសិទ្ធិឯកជន ហើយបានឃុំខ្លួនលោកបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តពោធិ៍សាត់។
ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ រៀបរាប់ថា លោក ជុំ សារ៉ាត់ ត្រូវក្រុមហ៊ុន របស់លោក ទ្រីភាព ឈ្មោះ អឹម ឌី អេស (M.D.S. Import Export Co. compan) ប្ដឹងថា បានកាប់ទន្ទ្រានដីព្រៃ។ បណ្ដឹងនេះកើតឡើងតាំងពីឆ្នាំ២០១៤ នៅពេលមានវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនលោក ទ្រី ភាព ប៉ុន្តែតុលាការទើបតែលើកយកករណីនេះមកកាត់ក្ដី ហើយចាប់ខ្លួនសកម្មជនបក្សប្រឆាំង លោក ជុំ សារ៉ាត់ តែម្តង។
អាស៊ីសេរី ព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងសមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់អង្គការ Human Rights Watch ប៉ុន្តែ ពួកលោកមិនទទទួលទូរស័ព្ទទេ នៅរសៀលទី១៤ តុលា។
ទោះយ៉ាងណាក្ដី លោក ជិន ម៉ាលីន ធ្លាប់អះអាងថា សេចក្ដីថ្លែងការណ៍របស់ស្ថាប័នសិទ្ធិមនុស្សជាតិនិងអន្តរជាតិ គឺមិនមានឥទ្ធិពល ដល់សេចក្ដីសម្រេចរបស់តុលាការកម្ពុជានោះទេ។ មន្ត្រីអ្នកនាំពាក្យរូបនេះក៏ធ្លាប់ចោទប្រកាន់ថា ស្ថាប័នសិទ្ធិមនុស្សជាតិ និងអន្តរជាតិ គឺលំអៀងការគាំទ្រទៅបក្សប្រឆាំង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា រដ្ឋាភិបាលកម្ពុជាគួរតែពិនិត្យ និងកែលម្អ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឱ្យប្រសើរឡើងវិញ ព្រោះការឆ្លើយតបបែបអវិជ្ជមាន គឺមិនមានផលល្អដល់រដ្ឋាភិបាលកម្ពុជានោះទេ៖ «គួរណាស់តែយើងទេពិនិត្យឡើងវិញថា អ្វីជាចំណុចខ្វះខាតដែលយើងមិនទាន់បានធ្វើ យើងគួរតែកែលម្អ ដើម្បីធ្វើយ៉ាងណាឲ្យមានស្ថានភាពល្អ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សកុំឲ្យមានការរិះគន់តទៅទៀត និងបើសិនមានការរិះគន់ហើយ និងការលើកឡើងជាបន្តបន្ទាប់ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សអីហ្នឹង វាអត់សូវមានផលចំណេញសម្រាប់កម្ពុជាយើងទេ»។
ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងផ្ទុះឡើងជាថ្មី បន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថានឹងធ្វើមាតុភូមិនិវត្តលើកទី២ ដើម្បីចូលទៅស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់នៅឡើងវិញ។ ចាប់តាំងពីខែមករា រហូតដល់ដើមខែតុលានេះ មានសកម្មជននយោបាយ ព្រះសង្ឃ និង សកម្មជនសង្គម ជាង៣០នាក់ ហើយ ដែលអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ដែលត្រូវបានក្រុមអ្នកសិទ្ធិមនុស្សវាយតម្លៃថា ជាបទចោទប្រកាន់បែបនយោបាយ ដើម្បីបំបិទសំឡេងអ្នករិះគន់រដ្ឋាភិបាល។ កាលពីពេលថ្មីៗនេះ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសជាថ្មីទៀត ឱ្យអាជ្ញាធរបន្តអនុវត្តបទបញ្ជា ចេញ១ វាយ១ ចេញ២ វាយ២ ចំពោះសកម្មជនបក្សប្រឆាំង ក្រោមហេតុផលថា រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម៕
No comments:
Post a Comment