ដោយ សុជីវី
2020-10-21
កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
RFA/Sorn Chanratha
គណបក្សសង្គ្រោះជាតិ ទាមទារឱ្យរបបលោក ហ៊ុន សែន ដកចេញបម្រាម និងលុបចោលវិធានការមួយចំនួន ដើម្បីបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សនេះអាចវិលទៅកម្ពុជាវិញបាន។ ការទាមទារនេះ គឺក្រោយពេលតុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ០៩ រូប ឱ្យចូលរួមក្នុងសវនាការពាក់ព័ន្ធនឹងសំណុំរឿងឧបឃាត ដែលគ្រោងធ្វើនៅខែវិច្ឆិកា ខាងមុខនេះ។
គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២១ តុលា ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលទៅកម្ពុជាវិញ ផ្ដល់សុពលភាពលើលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំសង្គ្រោះជាតិ ដែលក្រសួងការបរទេសបានលុបចោល និងសរសេរលិខិតទៅប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសថៃ ឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិអាចចេញចូលបាន។ ជាពិសេស គណបក្សនេះទទូចដល់អាជ្ញាធរបញ្ឈប់ទង្វើរារាំង ហាមឃាត់ បំភិតបំភ័យ និងចាប់ចងពលរដ្ឋ ដែលចង់ទៅទទួលស្វាគមន៍ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិគូសបញ្ជាក់ថា បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក អាចធ្វើបែបនេះបាន នោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេស នឹងត្រឡប់ទៅកម្ពុជាវិញក្នុងពាលឆាប់ៗនេះ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់អាស៊ីសេរីបន្ថែមថា របបលោក ហ៊ុន សែន បានដកហូតសិទ្ធិពលរដ្ឋរបស់លោក និងមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត តាមរយៈការលុបចោលលិខិតឆ្លងដែន និងបន្តរាំងខ្ទប់មិនឱ្យពួកលោកបានវិលទៅកម្ពុជាវិញ។ លោកថា នេះជាការរំលោភបំពានរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងររួចទៅហើយ ដូច្នេះមិនបាច់និយាយដល់រឿងក្ដីក្ដាំ ដែលតុលាការក្រុងភ្នំពេញកំពុងគាស់កកាយនៅពេលនេះនោះទេ៖ «វាមិនមែនជារឿងយុត្តិធម៌ ជារឿងគោរពច្បាប់ទេ ជារឿងនយោបាយដែលលោក ហ៊ុន សែន ហ្នឹងការពារអំណាចដែលគាត់ចាត់ទុកថា ជាអំណាចរបស់គាត់។ ហើយអ្វីដែលយើងបានធ្វើ គឺយើងដើម្បីទាមទារឱ្យមានការគោរពសិទ្ធិនយោបាយ គោរពគោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ»។
កាលពីថ្ងៃទី១៩ តុលា តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន០៩ រូបដែលកំពុងរស់នៅនិរទេសនៅក្រៅប្រទេស ឱ្យចូលខ្លួនក្នុងសវនាការជំនុំជម្រះពីបទ “ឧបឃាត” នៅថ្ងៃទី១១ វិច្ឆិកា ខាងមុខ។ តាមក្រមព្រហ្មទណ្ឌមាត្រា៤៥១ ឧបឃាត គឺជាការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័នជាតិ ឬនាំឱ្យមានការប៉ះពាល់ដល់បូរណភាពដែនដីជាតិ ហើយដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៣០ ឆ្នាំ។
ថ្នាក់ដឹកនាំសង្គ្រោះជាតិទាំង ៩ រូបដែលជាប់ចោទក្នុងសំណុំរឿងនេះ រួមមាន លោក សម រង្ស៊ី និងភរិយា អ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។ អ្នកនយោបាយជាន់ខ្ពស់បក្សប្រឆាំងទាំង០៩ រូប គឺជាអ្នកដែលបានប្រជុំរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គណបក្សសង្គ្រោះជាតិ និងដំណើរវិលចូលស្រុករបស់លោក សម រង្សី កាលពីឆ្នាំ២០១៩ កន្លងទៅ។
ទោះជាយ៉ាងណា សវនាការនេះត្រូវបានអ្នកឃ្លាំមើលចាត់ទុកថា ជាយុទ្ធសាស្ត្រនយោបាយច្រើនជាងការអនុវត្តតាមច្បាប់ ព្រោះតុលាការមិនបានអន្តរាគមន៍ដើម្បីឱ្យថ្នាក់ដឹកនាំសង្គ្រោះជាតិទាំងនោះ អាចចូលរួមក្នុងសវនាការបានឡើយ ស្របពេលរដ្ឋាភិបាលបន្តបិទផ្លូវមិនឱ្យពួកគេវិលចូលកម្ពុជាវិញ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែងថា តុលាការមានឆន្ទានុសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើឱ្យរដ្ឋាភិបាលសម្របសម្រួលឱ្យជនជាប់ចោទ អាចមកតតាំងក្តីតាមផ្លូវច្បាប់ ដើម្បីជនជាប់ចោទទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ លោកថា បើរដ្ឋាភិបាលនៅតែរាំងខ្ទប់មិនឱ្យជនជាប់ចោទចូលរួមក្នុងសវនាការ ហើយតុលាការនៅតែបន្តនីតិវិធីទៀត នោះមានន័យថា តុលាការកំពុងខ្លាចអំណាចរដ្ឋាភិបាល៖ «ខាងតុលាការត្រូវការជនត្រូវចោទទាំងអស់ហ្នឹងចូលសវនាការ ប៉ុន្តែស្រាប់តែខាងរដ្ឋាភិបាលមិនសម្រួលនីតិវិធីទៅដល់តុលាការផង អ៊ីចឹងតុលាការធ្វើការយ៉ាងម៉េចនឹងកើត។ កន្លែងនេះដែលឆ្លុះបញ្ចាំងថា ខាងស្ថាប័ននីតិប្រតិបត្តិ គឺមានឥទ្ធិពលធំធេងទៅលើស្ថាប័នតុលាការ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក គុជ គឹមឡុង ដើម្បីសុំការបកស្រាយរឿងនេះ តែលោកមិនលើកទូរស័ព្ទទេ នៅថ្ងៃទី២១ តុលា។ ប៉ុន្តែលោកបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា តុលាការបានជូនដំណឹងរួចហើយ ត្រង់ចូល ឬមិនចូលយ៉ាងណានោះ គឺអាស្រ័យលើក្រុមមន្ត្រីសង្គ្រោះជាតិទាំងនោះ តុលាការមិនដឹងរឿងនេះឡើយ។
ចំណែក ប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ មានប្រសាសន៍ថា ក្រុមថ្នាក់ដឹកនាំសង្គ្រោះជាតិត្រូវទាក់ទងទៅតុលាការតាមរយៈមេធាវី ដើម្បីស្វះស្វែងរកលទ្ធភាពចូលតតាំងក្តីនេះ ចំណែករឿងអ្វីផ្សេងពីនេះ លោកសុំមិនបកស្រាយនោះទេ៖ «គាត់ត្រូវតែស្វែងរកលទ្ធភាពក្នុងការពន្យល់ ឬក៏តតាំងនៅតុលាការ ជាជាងពឹងពាក់អ្នកសារព័ត៌មានចុះផ្សាយ គ្រាន់តែបង្ហាញនិន្នាការប្រឈម និងនិន្នាការប្រឆាំងតែប៉ុណ្ណោះ មិនបានផលប្រយោជន៍អ្វីនោះទេ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ជា អូន ដើម្បីសាកសួរពីរឿងបម្រាមមិនឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិមកកម្ពុជាវិញ តែលោកមិនលើកទូរស័ព្ទ។ អាស៊ីសេរីក៏បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ដើម្បីសាកសួរពីរឿងលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែរ តែលោកក៏មិនទទួលទូរស័ព្ទដូចគ្នា នៅថ្ងៃទី២១ តុលា។
អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត មើលឃើញថា ការលើកយករឿងក្តីនេះមកជំនុំជម្រះនៅពេលនេះ គឺជាយុទ្ធសាស្ត្របំបែកសំឡេងបក្សសង្គ្រោះជាតិ ដោយបិទច្រកក្រុមលោក សម រង្ស៊ី ដែលកំពុងធ្វើនយោបាយនៅក្រៅប្រទេស ហើយបើកច្រកឱ្យក្រុមលោក កឹម សុខា ដែលកំពុងមានវត្តមាននៅក្នុងប្រទេស។ លោកថា នេះក៏ជាយុទ្ធសាស្ត្របំភិតបំភ័យក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ កុំឱ្យធ្វើសកម្មភាពនយោបាយគាំទ្រគណបក្សនេះតទៅទៀតផងដែរ៖ «រដ្ឋាភិបាលរាំងខ្ទប់មិនឱ្យមន្ត្រីជាន់ខ្ពស់(បក្សប្រឆាំង) ទាំង០៩ រូបហ្នឹង មានឱកាសនៅក្នុងការចូលប្រទេសបាន។ ទីពីរ ជាការគំរាមកំហែងទៅអ្នកគាំទ្របន្ថែមទៀតនៅក្នុងប្រទេស អាហ្នឹងដូចជាយុទ្ធសាស្ត្រមួយគេហៅថា អារកមាន់ បំភ័យស្វា។ ខ្ញុំមើលឃើញថា អ្នកនយោបាយខ្មែរមិនគួរនៅតែប្រើប្រាស់រូបភាពបែបហ្នឹងទេ បើយើងគិតអំពីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ»។
របប លោក ហ៊ុន សែន បានចាប់ផ្តើមសើរើរឿងក្តីចាស់ៗប្រឆាំងនឹងសកម្មជនមូលដ្ឋាន និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ ក្រោយពីលោក សម រង្ស៊ី បានប្រកាសវិលចូលកម្ពុជាសាជាថ្មីម្តងទៀត។ តុលាការស្ទើរគ្រប់រាជធានី-ខេត្ត បានកោះហៅពួកគេឱ្យចូលរួមក្នុងសវនាការ ហើយមានករណីខ្លះ ដូចជា នៅខេត្តកំពត និងខេត្តត្បូងឃ្មុំ ជាដើម តុលាការបានកាត់ទោសសកម្មជនបក្សប្រឆាំងឱ្យជាប់ពន្ធនាគារពីរ៥ ឆ្នាំដល់៧ ឆ្នាំ។ សកម្មជនណាដែលរត់ភៀសខ្លួន ឬចុះចូលជាមួយបក្សកាន់អំណាច អាចរួចផុតពីការជាប់ឃុំ ប៉ុន្តែសកម្មជនដែលស្មោះស្ម័គ្រជាមួយបក្សប្រឆាំង ហើយបន្តរស់នៅមូលដ្ឋាន ពួកគេនឹងត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារវិញភ្លាមៗ បើមានសាលក្រមពីតុលាការ ឬបញ្ជាពីអាជ្ញាធរថ្នាក់លើ។
ចាប់តាំងពីខែមករាមក អាជ្ញាធរបានចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជាង២០ នាក់ហើយ ដោយចោទប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ជាតិ ញុះញង់ឱ្យយោធិនមិនស្តាប់បង្គាប់ និងញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គម។ ក្រៅពីនេះ អាជ្ញាធរក៏បានចាប់ខ្លួនសកម្មជន និងយុវជន ជាង១០ នាក់ ដាក់ពន្ធនាគារផងដែរ ដោយចោទប្រកាន់ពីបទញុះញង់ ក្រោយពីពួកគេរិះគន់រឿងព្រំដែន ធ្វើសកម្មភាពទាមទារយុត្តិធម៌សង្គម និងច្រៀងរែប (Rap) រិះគន់សង្គម ជាដើម។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផង សុទ្ធតែបានលើកឡើងពីកង្វល់ជុំវិញការបង្ក្រាបលើសិទ្ធិសេរីភាពពលរដ្ឋនេះ។ ពួកគេស្នើយ៉ាងទទូចឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបែបនេះតទៅទៀត និងបើកលំហប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ៕
No comments:
Post a Comment