ដោយ ទីន ហ្សាការីយ៉ា
2020-10-22
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លើកម្រាមដៃ ៣ បង្ហាញសាមគ្គីភាពជាមួយចលនាប្រជាធិបតេយ្យនៅប្រទេសថៃ ដែលកំពុងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។
រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី
លោក ហ៊ុន សែន បានព្រមាន លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំងថា កុំចង់ចូលរួមសាមគ្គីជាមួយបាតុករថៃលើកម្រាមដៃ៣ ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលឲ្យសោះ។ លោកអះអាងថា លោកនឹងមិនអត់ឱនឲ្យឡើយ ពីព្រោះថា រឿងថៃ និងខ្មែរជាពីរផ្សេងគ្នា៖ «អ៊ីចឹងខ្ញុំគ្រាន់តែផ្កាំផ្ញើ កំពុងតែទឹកជំនន់ផងកូវីដផង កុំរញ៉េរញ៉ៃ ហើយកុំទៅលើកម្រាមដៃ ៣អី (ថា) ចូលរួមជាមួយថៃ ឃើញថៃគេដាក់ត្រឡប់មកវិញថា កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ។ អីណា ! ចង់សាមគ្គីភាពជាមួយនឹងការតស៊ូជាមួយប្រជាជនថៃ រឿងថៃរឿងរបស់ថៃ ខ្មែររឿងរបស់ខ្មែរ គ្រាន់តែបញ្ជាក់ជូនប៉ុណ្ណឹង តម្រូវការពេលនេះ គឺកម្លាំងទាំងអស់ត្រូវប្រមូលផ្ដុំជួយប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន»។
លោក ហ៊ុន សែន ថ្លែងដូច្នេះ នៅចំពោះមុខពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខែត្របន្ទាយមានជ័យ នាថ្ងៃទី២១ តុលា។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨តុលា បានបង្ហោះរូបភាព និងសារ តាមរយៈគណនីហ្វេសប៊ុក និងធ្វីតទ័រ (@RainsySam) របស់លោក ដោយលើកម្រាមដៃ ៣ ភ្ជាប់ជាមួយរូបថតលើកម្រាមដៃ ៣ ដោយសរសេរសារជាភាសាអង់គ្លេស និងភាសាខ្មែរ សម្ដែងសាមគ្គីភាពជាមួយចលនាប្រជាធិបតេយ្យនៅប្រទេសថៃ ដែលកំពុងតែទាមទារឲ្យរដ្ឋាភិបាលរបស់ខ្លួនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងស្នើឲ្យវិសោធនកម្មច្បាប់ ដែលទោសធ្ងន់ធ្ងរ ចំពោះអ្នកណាដែលនិយាយប៉ះពាល់ដល់ព្រះមហាក្សត្រនោះ៕
1 comment:
9-finger campaign did not work, too many fingers. 3-finger campaign will succeed.
Post a Comment