ដោយ ហេង រស្មី
2020-10-24
(ឆ្វេង) លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខេត្តកំពត ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពេលជួបទូតជប៉ុន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង RFA
មេដឹកនាំគណបក្សនយោបាយ បានបញ្ចេញសារនយោបាយផ្សេងគ្នាក្នុងខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា។ មេដឹកនាំឯកបក្សលើកសរសេរពីសមិទ្ធផលរបស់ខ្លួន ជាងឱ្យតម្លៃលើកិច្ចព្រមព្រៀងនេះ ចំណែកមេបក្សប្រឆាំងវិញ ចង់ឃើញខ្មែររួបរួមគ្នា និងបន្តអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ហោះសារអបអរខួបលើកទី២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា ១៩៩១។ លោកបានរំលឹកអំពីការចរចារវាងខ្មែរទាំង៤ ភាគី ដោយមានការចូលរួមពីប្រទេសចំនួន១៨ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផង ឈានទៅសម្រេចបានកិច្ចព្រមព្រៀងបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ហាក់មិនផ្ដល់តម្លៃដល់កិច្ចព្រមព្រៀងនេះប៉ុន្មានទេ ព្រោះលោកថា ទោះជាមានកិច្ចព្រមព្រៀងនេះក្តី ក៏សង្គ្រាមស៊ីវិលនៅតែបន្ត ដែលបង្កដោយភាគីខ្មែរក្រហម។ លោក ហ៊ុន សែន អះអាងថា គឺនយោបាយឈ្នះ-ឈ្នះៗរបស់លោកទៅវិញទេ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ហើយកម្ពុជាស្គាល់សន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ។
ផ្ទុយពីការអះអាងនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសជាព្រឹត្តិការណ៍ដ៏សំខាន់របស់កម្ពុជា។ លោកបានចោទសួរសំណួរជាច្រើន ដូចជា ថាតើហេតុអ្វីបានជាមានកិច្ចព្រមព្រៀងនេះ? តើកម្ពុជាបានសន្យា និងមានកាតព្វកិច្ចធ្វើអ្វីខ្លះ? តើត្រូវរៀបចំប្រទេសជាតិរបៀបណា ហើយសហគមន៍អន្តរជាតិ ពិសេសប្រទេសហត្ថលេខី មានកាតព្វកិច្ចអ្វីដែរ?
លោក កឹម សុខា រៀបរាប់លើហ្វេសប៊ុកថា កម្ពុជាគួរពិចារណា និងវាយតម្លៃថា តើអ្វីដែលបានសន្យាទាំងឡាយ ត្រូវបានអនុវត្តល្អប្រសើរហើយ ឬនៅ? ហើយទាំងភាគីខ្មែរ និងអន្តរជាតិត្រូវពិនិត្យមើលទៀតថា តើចំណុចណាខ្លះដែលមិនទាន់បានធ្វើ ឬធ្វើមិនបានពេញលេញស្របតាមកិច្ចព្រមព្រៀងនោះ។ មេបក្សប្រឆាំងដែលកំពុងជាប់បម្រាមនយោបាយរូបនេះ សង្កត់ធ្ងន់ថា ទាំងភាគីខ្មែរ និងសហគមន៍អន្តរជាតិ ត្រូវយកស្មារតីនៃកិច្ចព្រមព្រៀងនេះ មកអនុវត្តបន្តចំពោះចំណុចណាដែលមិនទាន់សម្រេចបាន ជាជាងការយកប្រជាពលរដ្ឋខ្មែរ និងទឹកដីកម្ពុជា បម្រើតាមមហិច្ឆតារៀងៗខ្លួន។ លោក កឹម សុខា បន្ថែមថា មានតែការរួបរួមរវាងខ្មែរ និងខ្មែរទេ ទើបកម្ពុជាមិនបែកបាក់ និងមិនជាន់ដានប្រវត្តិសាស្ត្រ។
ចំណែក គណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ ពិនិត្យឃើញថា ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ននេះ ដើរប្រាសចាកច្រើនពីគោលការណ៍កិច្ចព្រមព្រៀងក្រុងប៉ារីស ពិសេសត្រង់ចំណុចការឯកភាពជាតិ ការធានាការគោរពសិទ្ធិមនុស្ស ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស និងតុលាការឯករាជ្យ ជាដើម។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ តុលា គណបក្សដែលកើតចេញពីក្រុមបញ្ញវន្ត និងសង្គមស៊ីវិលនេះ អំពាវនាវដល់រដ្ឋាភិបាលអនុវត្តស្មារតីកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ និងអំពាវនាវដល់គណបក្សនយោបាយទាំងអស់យោគយល់ចំពោះអ្នកមានទស្សនៈនយោបាយផ្សេង ដោយបញ្ឈប់ការលាបពណ៌ ការចោទប្រកាន់គ្នាថាក្បត់ជាតិ និងការជេរប្រមាថ ជាដើម។
កិច្ចព្រមព្រៀងក្រុងប៉ារីស២៣ តុលា នៅតែចំណុចខ្វែងគ្នានៅឡើយរវាងក្រុមអ្នកកាន់អំណាច គណបក្សប្រឆាំង និងសង្គមស៊ីវិលឯករាជ្យ។ គណបក្សកាន់អំណាច ពិសេស លោក ហ៊ុន សែន ផ្ទាល់ បានប្រកាសជាញឹកញាប់ថា កិច្ចព្រមព្រៀងនេះបានអស់សុពលភាពទៅហើយ ព្រោះបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញដែលរដ្ឋាភិបាលកំពុងអនុវត្ត។ ប៉ុន្តែ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកជំនាញ អះអាងដូចគ្នាថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅតែមានសុពលភាព ហើយការដែលលោក ហ៊ុន សែន ចង់លុបបំបាត់កិច្ចព្រមព្រៀងនេះ ព្រោះលោកកំពុងដឹកនាំប្រទេសទៅរករបបផ្ដាច់ការ ផ្ទុយពីអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ៕
1 comment:
Karma Sokha,
Are you just awake from death ?
If Ah Yuon's slave Hun Sen wants to have solidarity with you, he would not have dissolved your party.
Wake up Ah Chkuot Kem Sokha !!
Post a Comment