Thursday 22 October 2020

លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ហែ​ញត្តិ​ប្រារព្ធ​ទិវា​រំលឹក​ខួប​ថ្ងៃ​ទី២៣ តុលា


ដោយ ទីន ហ្សាការីយ៉ា
2020-10-21
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចុះ​ទៅ​មើល​ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២០។
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចុះ​ទៅ​មើល​ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២០។
រូប៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់​វិធាន​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ណា​ ដែល​​គ្រោង​ហែ​ញត្តិ​​ក្នុង​ពេល​ប្រារព្ធ​ទិវា​រំលឹក​ខួប ២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី​២៣​តុលា​ខាង​មុខ។ ​មន្ត្រី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​ ​នេះ​ថា​ ជា​ការ​ចង់​លុបបំបាត់​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដើម្បី​​​​ងាយ​ស្រួល​​​​លោក​គ្រប់គ្រង​ប្រទេស​បាន​យូរអង្វែង​ទៅ​មុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​រាប់​ពាន់​នាក់​នៅ​​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី២១ តុលា​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ដែល​គ្រោង​ប្រារព្ធ​ទិវា​រំលឹក​ខួប​ថ្ងៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​​ប៉ារីស២៣ តុលា ​​នៅ​រាជធានី​​ភ្នំពេញ​ គឺ​ជា​​ក្រុម​បំផ្លាញ​សេចក្ដី​សុខ​របស់​ពលរដ្ឋ​។ ​លោក​ ហ៊ុន សែន បាន​ចោទ​ប្រកាន់​​ថា ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ភៀស​ខ្លួន​នយោបាយ​នៅ​ក្រៅ​ប្រទេស ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​​រឿង​នេះ​​ ហើយ​លោក​ព្រមាន​ចាត់វិធានការ​លើ​ក្រុម​អ្នក​ចូល​រួម ប្រសិន​បើ​ពួក​គេ​ដើរ​ហែ​ញត្តិ​​​ទៅ​ស្ថានទូត​ចិន​​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ប្រារព្ធ​ពិធី​នេះ៖ «អា​ហ្នឹង​ណែនាំ​ពី​ក្រៅ​ប្រទេស​មក​ពី​ក្រៅ​ប្រទេស​មក អីចឹង​ខ្ញុំ​គ្រាន់​តែ​ផ្ដាំផ្ញើ កំពុង​តែ​ទឹក​ជំនន់​ផង​ណា ​កុំ​មក​រញ៉េរញ៉ៃ​ កំពុង​ទឹក​ជំនន់​ផង​ កូវីដ​ផង​ កុំ​មក​រញ៉េរញ៉ៃ​។ ហើយ​កុំ​ទៅ​លើក​ម្រាមដៃ​៣​អី​ចូល​រួម​ជា​មួយ​ថៃ​ ឃើញ​ថៃ​គេ​ដាក់​មក​វិញ​ថា កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ថៃ។​អី​ចង់​​សាមគ្គីភាព​ជា​មួយ​ហ្នឹង​​ការ​តស៊ូ​របស់​ប្រជាជន​ថៃ​ រឿង​ថៃ​រឿង​របស់​ថៃ​ ខ្មែរ​រឿង​របស់​ខ្មែរ»។


ទោះ​ជា​មាន​ការ​ព្រមាន​ពី​លោក ហ៊ុន សែន និង​ការ​មិន​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ក៏​ដោយ ក៏​ក្រុម​អង្គការ​ សមាគម និង​សហជីព​ចំនួន ២៣ស្ថាប័ន​នៅ​តែ​រក្សា​ជំហរ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ក្នុង​ខណ្ឌ​ឫស្សីកែវ ដើម្បី​រំលឹក​ខួប ២៩ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ​ខាងមុខ​ ដោយ​គ្រោង​មាន​អ្នកចូលរួម​ប្រមាណ ​១ពាន់នាក់ដដែល។​

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​អង្កេត​​​អង្គការ​ខុមហ្វ្រែល និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​រៀប​ចំ​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស លោក កង សាវាង្ស មាន​ប្រសាសន៍​​ថា ​ការ​រៀបចំ​កម្មវិធី​​​មិន​ស្ថិត​នៅ​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ​។​​លោក​បន្ថែម​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ​នៅតែ​រក្សា​ជំហរ​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តាម​រៀប​វារៈ​និង​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី២៣​ ខែតុលា​ដដែល៖ «ពីព្រោះ​ថា​ការងារ​យើង​ហ្នឹង​យើង​បាន​រៀបចំ​ហើយ​ ហើយ​ជា​រៀង​រាល់​ឆ្នាំ​យើង​តែង​តែ​ប្រារព្ធ​ពិធី​ថ្ងៃ ២៣ តុលា ហ្នឹង ហើយ​ទិវា​នេះ​គឺ​ជា​ទិវា​​មួយ​ដែល​យើង​ត្រូវ​តែ​ធ្វើ​ដោយសារ​តែ​ បំណង​ដែល​យើង​ធ្វើ​គឺ​ទី​មួយ​ដើម្បី​ឱ្យ​គាត់​នឹក​ឃើញ​ហើយ​ដាក់​ថ្ងៃ​ហ្នឹង​​ទៅ​ជា​ថ្ងៃ​មួយ​ទៅ​ ជា​ថ្ងៃ​ឈប់​សម្រាក​ដូច​រាល់​ដង​អីចឹង​។ព្រោះ​យើង​ដឹង​ហើយ​ក្នុង​ឆ្នាំ​ហ្នឹង​រដ្ឋាភិបាល​បាន​សម្រេច​ដក​នៅ​ក្នុង​កម្មវិធី​ហ្នឹង​។​ទី​២​យើង​ហ្នឹង​ជជែក​នៅ​ក្នុង​ពិធី​នេះ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​លោក​បាន​យល់​បាន​ជ្រាប​ អំពី​ថ្ងៃ​ទី​២៣​ហ្នឹង»។

តាម​គម្រោង ​អ្នកវិភាគ​និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ឯករាជ្យ​ ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល ​នឹង​ថ្លែង​សារ​រម្លឹក​ឡើង​វិញ​អំពី​ប្រវត្តិ និង​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​នេះ ព្រម​ទាំង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក ការ​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​តំណាង​កម្មករ ​កសិករ ​និង​យុវជន​ម្នាក់​ម្តងៗ។ បន្ទាប់​មក ក្រុម​សង្គម​ស៊ីវិល​នឹង​ធ្វើ​​សន្និសីទកាសែត​ រួច​ដង្ហែ​ញត្តិ​ដាក់​ជូន​រដ្ឋាភិបាល។

ប្រពន្ធ​​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ស៊ុន ធន់ គឺ​លោក​ស្រី​ សេង ចាន់​ថន​ ថ្លែង​ថា​ ​បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​លោក​ហ៊ុន​ សែន​បែប​នេះ​ក្ដី​ ក៏​ពួក​លោក​ស្រី​​​ដែល​ជា​ក្រុម​ស្ត្រី​​​ប្រពន្ធ​​របស់​សកម្មជន​គណបក្ស​ប្រឆាំង​​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ នៅ​តែ​ប្រកាន់​ជំហរ​​ចូល​រួម​​​​រំលឹក​ខួប​ថ្ងៃ​ទី​២៣​តុលា​ ដោយ​មិន​មាន​ការ​រាថយ​ឡើយ៖ «គាត់​ចង់​រក្សា​អំណាច​របស់​គាត់​ ហើយ​គាត់​មិន​គិត​ពី​សិទ្ធិ​សេរីភាព​ ពី​ការ​ចុះ​សន្ធិសញ្ញា​២៣​តុលា ដើម្បី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ផង​ហ្នឹង គាត់​ចង់​បំបាត់​ចោល​ហើយ​ក៏​យ៉ាង​ម៉េច​។​ព្រោះ​អី​ប្រទេស​ខ្មែរ​មាន​សន្ធិសញ្ញា​​ក្រុង​ប៉ារីស​២៣​តុលា​ អីចឹង​យើង​​ត្រូវ​តែ​ឱ្យ​គាត់​គោរព​ថ្ងៃ​២៣​តុលា​ហ្នឹង​ ដើម្បី​ឱ្យ​មាន​ប្រជាធិបតេយ្យ​ត្រឡប់​មក​វិញ​ កុំ​ឱ្យ​គាត់​បោះ​បង់​ចោល​ សំខាន់​ណាស់​ថ្ងៃ​២៣​តុលា​ហ្នឹង»។

​ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នយោបាយ​នៅ​ក្រៅ​ប្រទេស​ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោក ហ៊ុន សែន មិន​ចូល​ចិត្ត​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ទេ ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ធ្វើ​ឱ្យ​គាត់​បាត់​បង់​អំណាច​មួយ​រយៈ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣។ លោក​បន្ត​ថា លោក ​ហ៊ុន​ សែន​​ មិន​ចង់​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ ដោយសារ​លោក​ភ័យ​ខ្លាច​ប្រជាពលរដ្ឋ​​ងើប​បះបោរ​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដូច​​​ពលរដ្ឋ​ថៃ​នាំ​គ្នា​​​តវ៉ា​​ប្រឆាំង​​នឹង​រដ្ឋាភិបាល​​ទីក្រុង​បាងកក​សព្វ​ថ្ងៃ៖ «ជា​ធម្មជាតិ​របស់​ជន​ផ្ដាច់​ការ​គឺ​ភ័យ​ខ្លាច​ហ្នឹង​អ្នក​ណា​​ដែល​គេ​បញ្ចេញ​មតិ​ផ្ទុយ​ពី​ខ្លួន​ហើយ​អ្នក​ហ្នឹង​ចោទ​ប្រកាន់​គេ​ហ្នឹង​ជា​ខ្មាំង​ជា​អមនុស្ស។ ប៉ុន្តែ​វា​មិន​អាច​និយាយ​រួមដៃ​មនុស្ស​មិន​អាច​ច្របាច់​ម្សៅ​ឱ្យ​ជាប់​បាន​ទេ ព្រោះ​ម្សៅ​កាល​ណា​ច្របាច់​ខ្លាំង​ត្រូវ​ចេញ​តាម​ច្រវ៉េះ ដៃ​ហើយ។ អីចឹង​ទោះ​បី​ហ៊ុន សែន​ គំរាមកំហែង​ប៉ុណ្ណា​ក៏​ដោយ​ ដល់​ពេល​វេលា​មួយ​គេ​មិន​ខ្លាច​ដែរ​ យើង​មើល​ឃើញ​ទិដ្ឋភាព​ជាក់​ស្ដែង​ទៅ​យើង​ដឹង​ហើយ​យុវជន​ថៃ​មាន​តែ​ខ្លាច​ការ​ចាប់​ចង​អី​ អ្នក​ឯង​ចាប់​កាន់​តែ​ខ្លាំង​ការ​ចេញ​កាន់​តែ​ខ្លាំង​ទៀត​ហ្នឹង​។​នៅ​ប្រទេស​កម្ពុជា​ក៏​ដូច​គ្នា​ដែរ​ ដល់​ពេល​វេលា​មួយ​វា​ហ្នឹង​ឈាន​ទៅ​ដូច​គ្នា​ហ្នឹង​ដែរ»។

កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ២៣តុលា ១៩៩១ គឺ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​រវាង​ខ្មែរ​នឹង​ខ្មែរ​គ្នា​ឯង​ហើយ​ធានា​យ៉ាង​ពេញលេញ​នូវ​អធិបតេយ្យ បូរណភាព ឯករាជ្យ​ភាព​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​កម្ពុជា៕

No comments: