Friday, 9 October 2020

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន ដែល​ចាត់​ទុក​ប្ដី​របស់​ពួកគេ​ជា​ក្រុម​ក្បត់


ដោយ វ៉ែន សុមេធ
2020-10-08
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ពីហ្វេសប៊ុក លោក ហ៊ុន សែន


 

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ថា​ប្ដី​របស់​គេ​ជា​ជន​ក្បត់ជាតិ គឺជា​ការ​មួលបង្កាច់​ខុស​ពី​ការពិត​។ ក្រុម​ស្ត្រី​ទាំងនោះ​នៅតែ​អះអាង​ថា ប្ដី​របស់​ពួកគេ​ជា​មនុស្ស​ស្លូតត្រង់ ដោយ​មិន​បាន​ប្រព្រឹត្តិ​ខុសច្បាប់​អ្វី​ឡើយ។

ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៧​តុលា​ថា គ្រួសារ​របស់​លោក​ស្រី​បែកបាក់​គ្នា និង​រស់នៅ​មិនបាន​សេចក្ដី​សុខ ដោយសារ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ប្ដី​លោកស្រី​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ លោកស្រី​បញ្ជាក់​ថា ពួក​លោក​ស្រី មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​បន្ទាប់ពី​ដឹង​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុង​ការ​ចាប់​ប្ដី​របស់​លោកស្រី​ដាក់​ពន្ធនាគារ​នោះ។ លោកស្រី​បន្ថែម​ថា ការឈឺចាប់​នេះ នឹង​ជំរុញ​ឱ្យ​ពួក​លោក​ស្រី​កាន់តែ​ក្លាហាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ទ្វេដង៖ «គាត់​មាន​មាត់​ចេះតែ​និយាយ អាង​តែ​គាត់​កាន់អំណាច ចង់​គាត់​និយាយ​ថា អ្នកណា​យ៉ាងម៉េច​ក៏​បាន​ដែរ ។ តាម​ការ​ពិត​ទៅ​គឺ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​នេះ ដែល​ជា​ជនរងគ្រោះ​មិន​ដូច​ការចោទប្រកាន់​របស់​គាត់​ទេ។ ព្រោះ​មិន​មាន​កន្លែង​ណា​បញ្ជាក់​មក​ដែល​ពួកគាត់​ហ្នឹង​ទៅ​កាប់​ព្រៃឈើ​លក់ និង​លក់​ដី និង​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​ទេ មិន​មាន​ភស្តុតាង​ដូចដែល​គាត់​ចោទប្រកាន់​ទាល់តែ​សោះ»។

ស្រដៀង​គ្នា​នេះ ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​បក្ស​ប្រឆាំង លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា វិញ ថ្លែង​ថា ប្ដី​របស់​លោក​ស្រី​ជា​មនុស្ស​ស្លូតត្រង់ និង​មាន​គុណធម៌​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​នោះ​ឡើយ។ លោកស្រី​និយាយ​ថា លោកស្រី​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ប្ដី​ធ្វើអំពើ​ល្អ តែ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក​ដោយ​អយុត្តិធម៌​បែប​នេះ។លោកស្រី​ស្នើ​យ៉ាង​ទទូច​ឱ្យ​លោក​ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ឈប់​ចាប់ចង​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត៖ «និយាយ​រួម​ទៅ​សម្ដែង​របស់​គាត់​ហ្នឹង​នឹង​ធ្វើ​ឱ្យ​វា​កាន់តែ​ក្ដៅក្រហាយ​ឡើង ដោយសារតែ​គាត់​ធ្វើទុក្ខបុកម្នេញ ហើយ​អាជ្ញាធរ​ថ្នាក់​ក្រោយ​ហ្នឹង​ធ្វើបាប​ពលរដ្ឋ​គ្រប់កន្លែង​តែម្ដង កន្លែង​ណា​ក៏​មាន​ទឹកភ្នែក​ដែរ​។​គាត់​គួរតែ​គិត​ឡើងវិញ គាត់​មិន​ត្រូវ​មានប្រសាសន៍​បែប​ហ្នឹង​ទេ ព្រោះ​ប្រជាពលរដ្ឋ​ចង់​មាន​ថ្នាក់ដឹកនាំ​ល្អ ដែល​ថា​ដឹង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ»។


ប្រតិកម្ម​របស់​ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជាថ្មី​ថា ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​ហូរហែ​មក​នោះ គឺ​ដោយសារ​ពួកគេ​ប្រព្រឹត្ត​ខុសច្បាប់។

លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​៧ តុលា​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​សង្គម នឹង​ត្រូវ​ចាប់ខ្លួន ដោយ​មិន​មាន​ការលើកលែង​ឡើយ។ លោក​ចាត់​ទុក ប្រជាពលរដ្ឋ​ទាំងនោះ ថា ជា​ក្រុម​ក្បត់ជាតិ ដោយ​បាន​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ច្បាប់ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក៖ «ដូច្នេះ​ហើយ​បានជា​យើង​ដោយ​តម្លៃ​ណា​ក៏​ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នកណា​ក៏ដោយ​ដែល​ចង់​បំផ្លាញ​សន្តិភាព​ដែល​យើង​រក​បាន​ដោយ​លំបាក។ សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ចេញ​មួយ​វ៉ៃ​មួយ​ចេញ​ពីរ​វ៉ៃ​២ អ្នកឯង​ចង់​ថា​អី​ក៏​ថា​ទៅ។ តែ​ដើម្បី​ការពារ​ប្រជាជន​ដ៏​កម្សត់​មួយ​នេះ ដែល​មា​ន​ប្រជាជន ១៦​លាន់​នាក់ ខ្ញុំ​ត្រូវ​មាន​ភារកិច្ច​ការពារ​សន្តិភាព​ស្ថិរភាព​នយោបាយ​សន្តិសុខ​សណ្ដាប់​សង្គម»។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក លី រតនៈរស្មី មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ គ្រាន់តែ​ជា​លេស​លាប​ពណ៌​លើ​គណបក្សប្រឆាំង ដើម្បី​បាន​បន្ត​អំណាច​របស់​ក្រុម​ខ្លួន​ប៉ុណ្ណោះ។

ថ្មីៗ​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ថា នឹង​ធ្វើ​មាតុភូមិ​និវត្ត​លើក​ទី​២ ដើម្បី​ចូល​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់នៅ​ឡើងវិញ ក៏ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពេលវេលា​ជាក់លាក់​នោះ​ទេ​។ ក្រោយ​ការ​ប្រកាស​នេះ តុលាការ​របប​លោក ហ៊ុន សែន បាន​ផ្ដើម​សើរើ​សំណុំរឿង​ចាស់​កាលពី​ឆ្នាំ​២០១៩ ដើម្បី​កាត់ទោស​សកម្មជន​បក្ស​ប្រឆាំង​ជា​ថ្មី​ទៀត។ គិត​ត្រឹម​ដើមខែ​តុលា​នេះ យ៉ាងហោចណាស់ មាន​សកម្មជន​បក្ស​ប្រឆាំង ៨​នាក់ ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ពី​៥ ឆ្នាំ​ដល់​៧ ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ ក្នុង​នោះ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​វិញ។

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ យល់​ថា ប្រសាសន៍​របស់​លោក ហ៊ុន សែន នេះ ជា​ការ​ព្រួយបារម្ភ​ខ្លាច​កម្លាំង​មហាជន​ងើប​បះបោរ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​អំណាច​ដឹកនាំ​ប្រទេស​របស់​លោក។ លោក​ជឿ​ថា បច្ចុប្បន្ន​របប​ក្រុងភ្នំពេញ​ចាប់ផ្ដើម​ខ្វះ​សាច់ប្រាក់​ដើម្បី​ផ្គត់ផ្គង់​នៅ​ក្នុង​របប​នេះ​បណ្ដើរៗ​ហើយ ស្រប​ពេល​​ដែល​សហភាព​អឺរ៉ុប​បាន​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ២០​ភាគរយ ។ លោក​បន្ថែម​ថា ក្រៅ​ពី​នេះ រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ ក៏​កំពុង​មាន​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន​ផង​ដែរ បាន​ជា​លោក ហ៊ុន សែន ព្រមាន​បង្ក្រាប​សកម្មជន​គណបក្ស​ប្រឆាំង​ម្ដង​ហើយ​ម្ដងទៀត​បែបនេះ៖ «ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការ​បាក់​ស្រុត​នេះ លោក ហ៊ុន សែន គ្មាន​វិធី​ល្អ​ទេ នៅ​ក្នុង​ការ​ការពារ​អំណាច ក្រៅ​អំពី​ការ​គំរាម ចេញ​មួយ​វ៉ៃ​មួយ​ទាំង​នៅ​ក្នុង​បក្ស​ទាំង​នៅ​ក្នុង​ក្រៅ​បក្ស​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​កម្រោល។ ពីព្រោះ​គាត់​ដឹង​ថា ការ​ផ្ទុះ​ប្រតិកម្ម​ផ្ទៃក្នុង​ហ្នឹង ការ​តវ៉ា​ប្រើ​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រជាពលរដ្ឋ គឺ​វា​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ដង្ហើម​អំណាច​ផ្ដាច់ការ​របស់​គាត់»។

ចាប់​តាំងពី​ខែ​មករា​ឆ្នាំ​២០២០​មក មាន​សកម្មជន​នយោបាយ ព្រះសង្ឃ និង សកម្មជន​សង្គម ជាង​៣០​នាក់ ហើយ ដែល​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​។ តុលាការ​បាន​ចោទប្រកាន់​អ្នក​ទាំងនោះ ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​យោធា​មិន​ស្ដាប់បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម និង​ពី​បទ​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជាដើម៕

1 comment:

Anonymous said...

In Khmer traitor Hun Sen era, Khmer nationalists become Khmer traitors whereas Khmer traitors become Khmer nationalists