ដោយ វ៉ែន សុមេធ
2020-10-08
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃងពេលចុះពិនិត្យការដ្ឋានអាកាសយាន្តដ្ឋានអន្តរជាតិថ្មី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
រូបពីហ្វេសប៊ុក លោក ហ៊ុន សែន
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងឃុំនៅពន្ធនាគារព្រៃសប្រតិកម្មចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថាប្ដីរបស់គេជាជនក្បត់ជាតិ គឺជាការមួលបង្កាច់ខុសពីការពិត។ ក្រុមស្ត្រីទាំងនោះនៅតែអះអាងថា ប្ដីរបស់ពួកគេជាមនុស្សស្លូតត្រង់ ដោយមិនបានប្រព្រឹត្តិខុសច្បាប់អ្វីឡើយ។
ប្រពន្ធសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៧តុលាថា គ្រួសាររបស់លោកស្រីបែកបាក់គ្នា និងរស់នៅមិនបានសេចក្ដីសុខ ដោយសារអាជ្ញាធររបបក្រុងភ្នំពេញចាប់ប្ដីលោកស្រីដាក់ពន្ធនាគារដោយអយុត្តិធម៌។ លោកស្រីបញ្ជាក់ថា ពួកលោកស្រី មានការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីដឹងថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងក្នុងការចាប់ប្ដីរបស់លោកស្រីដាក់ពន្ធនាគារនោះ។ លោកស្រីបន្ថែមថា ការឈឺចាប់នេះ នឹងជំរុញឱ្យពួកលោកស្រីកាន់តែក្លាហាននាំគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានយុត្តិធម៌សង្គមឱ្យកាន់តែខ្លាំងក្លាទ្វេដង៖ «គាត់មានមាត់ចេះតែនិយាយ អាងតែគាត់កាន់អំណាច ចង់គាត់និយាយថា អ្នកណាយ៉ាងម៉េចក៏បានដែរ ។ តាមការពិតទៅគឺពួកខ្ញុំទាំងអស់គ្នានេះ ដែលជាជនរងគ្រោះមិនដូចការចោទប្រកាន់របស់គាត់ទេ។ ព្រោះមិនមានកន្លែងណាបញ្ជាក់មកដែលពួកគាត់ហ្នឹងទៅកាប់ព្រៃឈើលក់ និងលក់ដី និងធនធានធម្មជាតិរបស់រដ្ឋទេ មិនមានភស្តុតាងដូចដែលគាត់ចោទប្រកាន់ទាល់តែសោះ»។
ស្រដៀងគ្នានេះ ប្រពន្ធសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតបក្សប្រឆាំង លោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា វិញ ថ្លែងថា ប្ដីរបស់លោកស្រីជាមនុស្សស្លូតត្រង់ និងមានគុណធម៌ល្អចំពោះប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការគណបក្សនយោបាយនោះឡើយ។ លោកស្រីនិយាយថា លោកស្រីខកចិត្តយ៉ាងខ្លាំងដែលប្ដីធ្វើអំពើល្អ តែត្រូវអាជ្ញាធរចាប់ដាក់គុកដោយអយុត្តិធម៌បែបនេះ។លោកស្រីស្នើយ៉ាងទទូចឱ្យលោកហ៊ុន សែន គោរពសិទ្ធិមនុស្ស និងឈប់ចាប់ចងប្រជាពលរដ្ឋតាមអំពើចិត្តទៀត៖ «និយាយរួមទៅសម្ដែងរបស់គាត់ហ្នឹងនឹងធ្វើឱ្យវាកាន់តែក្ដៅក្រហាយឡើង ដោយសារតែគាត់ធ្វើទុក្ខបុកម្នេញ ហើយអាជ្ញាធរថ្នាក់ក្រោយហ្នឹងធ្វើបាបពលរដ្ឋគ្រប់កន្លែងតែម្ដង កន្លែងណាក៏មានទឹកភ្នែកដែរ។គាត់គួរតែគិតឡើងវិញ គាត់មិនត្រូវមានប្រសាសន៍បែបហ្នឹងទេ ព្រោះប្រជាពលរដ្ឋចង់មានថ្នាក់ដឹកនាំល្អ ដែលថាដឹងទុក្ខលំបាករបស់ពលរដ្ឋ»។
ប្រតិកម្មរបស់ប្រពន្ធសកម្មជនគណបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា ការចាប់សកម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារជាហូរហែមកនោះ គឺដោយសារពួកគេប្រព្រឹត្តខុសច្បាប់។
លោក ហ៊ុន សែន បានប្រកាសនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តមួយនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ តុលាថា សកម្មជនគណបក្សសង្គ្រោះជាតិទាំងឡាយណាដែលធ្វើសកម្មភាពនៅក្នុងសង្គម នឹងត្រូវចាប់ខ្លួន ដោយមិនមានការលើកលែងឡើយ។ លោកចាត់ទុក ប្រជាពលរដ្ឋទាំងនោះ ថា ជាក្រុមក្បត់ជាតិ ដោយបានធ្វើសកម្មភាពនយោបាយខុសច្បាប់ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក៖ «ដូច្នេះហើយបានជាយើងដោយតម្លៃណាក៏ដោយមិនអនុញ្ញាតឱ្យអ្នកណាក៏ដោយដែលចង់បំផ្លាញសន្តិភាពដែលយើងរកបានដោយលំបាក។ សូមបញ្ជាក់ហើយបញ្ជាក់ទៀត ចេញមួយវ៉ៃមួយចេញពីរវ៉ៃ២ អ្នកឯងចង់ថាអីក៏ថាទៅ។ តែដើម្បីការពារប្រជាជនដ៏កម្សត់មួយនេះ ដែលមានប្រជាជន ១៦លាន់នាក់ ខ្ញុំត្រូវមានភារកិច្ចការពារសន្តិភាពស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់សង្គម»។
ផ្ទុយពីការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនេះ មន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក លី រតនៈរស្មី មានប្រសាសន៍ថា ការលើកឡើងរបស់លោក ហ៊ុន សែន នេះ គ្រាន់តែជាលេសលាបពណ៌លើគណបក្សប្រឆាំង ដើម្បីបានបន្តអំណាចរបស់ក្រុមខ្លួនប៉ុណ្ណោះ។
ថ្មីៗនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថា នឹងធ្វើមាតុភូមិនិវត្តលើកទី២ ដើម្បីចូលទៅស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់នៅឡើងវិញ ក៏ប៉ុន្តែលោកមិនបានប្រាប់ពេលវេលាជាក់លាក់នោះទេ។ ក្រោយការប្រកាសនេះ តុលាការរបបលោក ហ៊ុន សែន បានផ្ដើមសើរើសំណុំរឿងចាស់កាលពីឆ្នាំ២០១៩ ដើម្បីកាត់ទោសសកម្មជនបក្សប្រឆាំងជាថ្មីទៀត។ គិតត្រឹមដើមខែតុលានេះ យ៉ាងហោចណាស់ មានសកម្មជនបក្សប្រឆាំង ៨នាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារពី៥ ឆ្នាំដល់៧ ឆ្នាំ ពីបទរួមគំនិតក្បត់ ក្នុងនោះពីរនាក់ត្រូវបានចាប់ដាក់ពន្ធនាគារវិញ។
អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ យល់ថា ប្រសាសន៍របស់លោក ហ៊ុន សែន នេះ ជាការព្រួយបារម្ភខ្លាចកម្លាំងមហាជនងើបបះបោរធ្វើឱ្យរង្គោះរង្គើដល់អំណាចដឹកនាំប្រទេសរបស់លោក។ លោកជឿថា បច្ចុប្បន្នរបបក្រុងភ្នំពេញចាប់ផ្ដើមខ្វះសាច់ប្រាក់ដើម្បីផ្គត់ផ្គង់នៅក្នុងរបបនេះបណ្ដើរៗហើយ ស្របពេលដែលសហភាពអឺរ៉ុបបានផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយ ។ លោកបន្ថែមថា ក្រៅពីនេះ រដ្ឋាភិបាលឯកបក្សមួយនេះ ក៏កំពុងមានវិបត្តិផ្ទៃក្នុងរបស់ខ្លួនផងដែរ បានជាលោក ហ៊ុន សែន ព្រមានបង្ក្រាបសកម្មជនគណបក្សប្រឆាំងម្ដងហើយម្ដងទៀតបែបនេះ៖ «ដូច្នេះដើម្បីទប់ស្កាត់ការបាក់ស្រុតនេះ លោក ហ៊ុន សែន គ្មានវិធីល្អទេ នៅក្នុងការការពារអំណាច ក្រៅអំពីការគំរាម ចេញមួយវ៉ៃមួយទាំងនៅក្នុងបក្សទាំងនៅក្នុងក្រៅបក្សរំលោភសិទ្ធិមនុស្សទាំងកម្រោល។ ពីព្រោះគាត់ដឹងថា ការផ្ទុះប្រតិកម្មផ្ទៃក្នុងហ្នឹង ការតវ៉ាប្រើសិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់ប្រជាពលរដ្ឋ គឺវាដល់ដំណាក់កាលចុងក្រោយនៃដង្ហើមអំណាចផ្ដាច់ការរបស់គាត់»។
ចាប់តាំងពីខែមករាឆ្នាំ២០២០មក មានសកម្មជននយោបាយ ព្រះសង្ឃ និង សកម្មជនសង្គម ជាង៣០នាក់ ហើយ ដែលអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ។ តុលាការបានចោទប្រកាន់អ្នកទាំងនោះ ពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធាមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់បង្កឱ្យមានភាពវឹកវរនៅក្នុងសង្គម និងពីបទប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលជាដើម៕
1 comment:
In Khmer traitor Hun Sen era, Khmer nationalists become Khmer traitors whereas Khmer traitors become Khmer nationalists
Post a Comment