Saturday, 3 October 2020

លោក ទៀ បាញ់ ថា ការ​វាយ​កម្ទេច​អគារ​ទ័ព​ជើង​ទឹក​រាម​ដែល​ជា​ជំនួយ​របស់​អាមេរិក គឺ​ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​ថ្មី


ដោយ ហេង រស្មី
2020-10-03
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (ឆ្វេង) និង​រូប​ស្ដាំ​បង្ហាញ​ពីដីទំនេរ​ ក្រោយអគារ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក ត្រូវបានកម្ទេចចោល ដែល​ថតកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (ឆ្វេង) និង​រូប​ស្ដាំ​បង្ហាញ​ពីដីទំនេរ​ ក្រោយអគារ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក ត្រូវបានកម្ទេចចោល ដែល​ថតកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
Photo courtesy and screen Capture from ASIA MARITIME TRANSPARENCY INITIATIVE Website

 

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រាប់​អាស៊ីសេរី​ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា មូលហេតុ​ដែល​កម្ពុជា សម្រេច​វាយកម្ទេច អគារ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក គឺ​ដោយសារតែ​កម្ពុជា មាន​គម្រោង​អភិវឌ្ឍន៍​កំពង់​ផែ យោធា​រាម​ឱ្យ​មាន​លក្ខណៈ​ទំនើប​ជាង​មុន។

លោក​ថា កម្ពុជា​បាន​រុះរើ​ពី​ទីតាំង​ចាស់​ទៅ​ធ្វើ​នៅ​កន្លែង​ថ្មី ដែល​វា​សមស្រប​ទៅតាម​តម្រូវការ​របស់​ទីបញ្ជាការ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក សម្រាប់​សន្តិសុខ​លំហ​សមុទ្រ។

លោក​លើកឡើង​ថា អគារ​ជំនួយ​របស់​សហរដ្ឋអាមេរិក​នេះ គឺជា​អគារ​ចាស់​ដែល​ជា​កម្មសិទ្ធិ​របស់​កង​ទ័ព​ជើង​ទឹក​កម្ពុជា ហើយ​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ជួសជុល និង​បំពាក់​ឧបករណ៍​បន្តិចបន្តួច​ដើម្បី​បម្រើ​ការ​ឱ្យ​ទីបញ្ជាការ​សន្តិសុខ​លំហ​សមុទ្រ វា​មិន​មាន​អ្វី​ជា​ដុំកំភួន​ទេ។ លោក​ចោទ​ប្រកាន់​​ថា នេះ​ហើយ​ជា​សារធាតុ​របស់​ប្រទេស​មហាអំណាច ដែល​មាន​បំណង​មក​រារាំង និង​ចោទប្រកាន់​មក​លើ​កម្ពុជា៖ «អស់លោក​ទាំងអស់​សុទ្ធ​តែ​និយាយ​ថា ជា​អគារ​អាមេរិក គេ​វាយចោល អាហ្នឹង​នៅ​ក្នុង​អធិបតេយ្យ​កម្ពុជា។ កម្ពុជា​មាន​សិទ្ធិ នឹង​ចាត់ចែង​រៀបចំ ទុកដាក់​ធ្វើ​កន្លែង​ណា វា​គ្មាន​អ្វី​ទៅ​ចម្លែក​ទាល់​តែ​សោះ។ ដូច្នេះ​យើង​ត្រូវតែ​អភិវឌ្ឍន៍​កំពង់ផែ​រាម​នេះ អោយ​វា​មាន​លក្ខណៈ​ទូលំទូលាយ បន្តិច តាំងពី​ផែ តាំងពី​អ៊ូ តាំងពី​ជម្រៅ​ទឹក ឥឡូវ​ហ្នឹង​ទឹក​វា​រាក់ វា​តូច វា​ចង្អៀត វា​មិន​អាច​គេ​ហៅថា បម្រើ​សេចក្ដី​ត្រូវ​ការ​បាន​ទេ។ យើង​មាន​ផែនការ​អភិវឌ្ឍន៍ ដូច្នេះ​គឺ​យើង​ត្រូវតែ​រៀបចំ​ឲ្យ​វា​សមស្រប»។


អគារ​មួយ​ក្នុងចំណោម​អគារ​ជាច្រើន នៅ​ក្នុង​មូលដ្ឋានទ័ព​រាម ដែល​សង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋអាមេរិក កាល​ពី​ខែ​សីហា ឆ្នាំ ២០១២ ត្រូវ​បាន​របប​ក្រុងភ្នំពេញ កម្ទេច​ចោល កាល​ពី​អំឡុង​ដើម​ខែ​កញ្ញា កន្លង​ទៅ​នេះ។

អគារ​ដែល​ត្រូវ​បាន​កម្ទេច​ចោល​នេះ គឺជា​ទីបញ្ជាការ​យុទ្ធសាស្ត្រ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ និង​ត្រូវ​បាន​ថត​ជាប់​តាម​ប្រព័ន្ធ​ផ្កាយរណប កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ហើយ​ត្រូវ​បាន​ចុះផ្សាយ កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា លើ​គេហទំព័រ​របស់​គម្រោង​តម្លាភាព​លំហ​សមុទ្រ​អាស៊ី (ASIA MARITIME TRANSPARENCY INITIATIVE) ដែល​មាន​មូលដ្ឋាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

បើ​តាម​គេហទំព័រ​នេះ អគារ​នៅ​សមុទ្រ​រាម​នោះ ត្រូវ​បាន​កម្ទេច​ចោល​នៅ​ចន្លោះ ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី ១០ ខែ កញ្ញា។ ការ​វាយកម្ទេច​អគារ ដែល​សង់​ដោយ​លុយ​ជំនួយ​របស់​សហរដ្ឋអាមេរិក​នេះ កើត​ឡើង​ក្រោយ​មាន​ការ​សង្ស័យ​ថា កម្ពុជា​បាន​ចុះហត្ថលេខា​សំងាត់​ជាមួយ​ចិន ដើម្បី​អនុញ្ញាត​ឲ្យ​យោធា​ចិន ប្រើប្រាស់​មូលដ្ឋាន​រាម សម្រាប់​ធ្វើជា​មូលដ្ឋានទ័ព៕

1 comment:

Anonymous said...

Ah Kandor Krun Tea Banh.
He is a Prett who came out from hell to joint Ah Roleuy Hun Sen to destroy Cambodia, and will transform Cambodia into a part of the evil Yuon Vietnam.