ដោយ ហេង រស្មី
2020-10-03
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ (ឆ្វេង) និងរូបស្ដាំបង្ហាញពីដីទំនេរ ក្រោយអគារនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបានកម្ទេចចោល ដែលថតកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
Photo courtesy and screen Capture from ASIA MARITIME TRANSPARENCY INITIATIVE Website
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាប់អាស៊ីសេរី នៅថ្ងៃសៅរ៍នេះថា មូលហេតុដែលកម្ពុជា សម្រេចវាយកម្ទេច អគារនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់សហរដ្ឋអាមេរិក គឺដោយសារតែកម្ពុជា មានគម្រោងអភិវឌ្ឍន៍កំពង់ផែ យោធារាមឱ្យមានលក្ខណៈទំនើបជាងមុន។
លោកថា កម្ពុជាបានរុះរើពីទីតាំងចាស់ទៅធ្វើនៅកន្លែងថ្មី ដែលវាសមស្របទៅតាមតម្រូវការរបស់ទីបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក សម្រាប់សន្តិសុខលំហសមុទ្រ។
លោកលើកឡើងថា អគារជំនួយរបស់សហរដ្ឋអាមេរិកនេះ គឺជាអគារចាស់ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកកម្ពុជា ហើយសហរដ្ឋអាមេរិក បានធ្វើការជួសជុល និងបំពាក់ឧបករណ៍បន្តិចបន្តួចដើម្បីបម្រើការឱ្យទីបញ្ជាការសន្តិសុខលំហសមុទ្រ វាមិនមានអ្វីជាដុំកំភួនទេ។ លោកចោទប្រកាន់ថា នេះហើយជាសារធាតុរបស់ប្រទេសមហាអំណាច ដែលមានបំណងមករារាំង និងចោទប្រកាន់មកលើកម្ពុជា៖ «អស់លោកទាំងអស់សុទ្ធតែនិយាយថា ជាអគារអាមេរិក គេវាយចោល អាហ្នឹងនៅក្នុងអធិបតេយ្យកម្ពុជា។ កម្ពុជាមានសិទ្ធិ នឹងចាត់ចែងរៀបចំ ទុកដាក់ធ្វើកន្លែងណា វាគ្មានអ្វីទៅចម្លែកទាល់តែសោះ។ ដូច្នេះយើងត្រូវតែអភិវឌ្ឍន៍កំពង់ផែរាមនេះ អោយវាមានលក្ខណៈទូលំទូលាយ បន្តិច តាំងពីផែ តាំងពីអ៊ូ តាំងពីជម្រៅទឹក ឥឡូវហ្នឹងទឹកវារាក់ វាតូច វាចង្អៀត វាមិនអាចគេហៅថា បម្រើសេចក្ដីត្រូវការបានទេ។ យើងមានផែនការអភិវឌ្ឍន៍ ដូច្នេះគឺយើងត្រូវតែរៀបចំឲ្យវាសមស្រប»។
អគារមួយក្នុងចំណោមអគារជាច្រើន នៅក្នុងមូលដ្ឋានទ័ពរាម ដែលសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ ២០១២ ត្រូវបានរបបក្រុងភ្នំពេញ កម្ទេចចោល កាលពីអំឡុងដើមខែកញ្ញា កន្លងទៅនេះ។
អគារដែលត្រូវបានកម្ទេចចោលនេះ គឺជាទីបញ្ជាការយុទ្ធសាស្ត្រនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ និងត្រូវបានថតជាប់តាមប្រព័ន្ធផ្កាយរណប កាលពីថ្ងៃទី១ ខែតុលា ហើយត្រូវបានចុះផ្សាយ កាលពីថ្ងៃទី២ ខែតុលា លើគេហទំព័ររបស់គម្រោងតម្លាភាពលំហសមុទ្រអាស៊ី (ASIA MARITIME TRANSPARENCY INITIATIVE) ដែលមានមូលដ្ឋាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
បើតាមគេហទំព័រនេះ អគារនៅសមុទ្ររាមនោះ ត្រូវបានកម្ទេចចោលនៅចន្លោះ ពីថ្ងៃទី៥ ដល់ថ្ងៃទី ១០ ខែ កញ្ញា។ ការវាយកម្ទេចអគារ ដែលសង់ដោយលុយជំនួយរបស់សហរដ្ឋអាមេរិកនេះ កើតឡើងក្រោយមានការសង្ស័យថា កម្ពុជាបានចុះហត្ថលេខាសំងាត់ជាមួយចិន ដើម្បីអនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់មូលដ្ឋានរាម សម្រាប់ធ្វើជាមូលដ្ឋានទ័ព៕
1 comment:
Ah Kandor Krun Tea Banh.
He is a Prett who came out from hell to joint Ah Roleuy Hun Sen to destroy Cambodia, and will transform Cambodia into a part of the evil Yuon Vietnam.
Post a Comment