ដោយ សេក បណ្ឌិត
2020-10-22
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ កុម្ភៈ ២០១៥។
Photo: RFA
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) អះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានក្លាយជារបបផ្ដាច់ការឯកបក្ស ដោយសារតែឧត្ដមសេនីយ៍បាតដៃកខ្វក់ចំនួន ១២រូប ដែលចូលរួមក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។ ការលើកឡើងបែបនេះ គឺនៅក្នុងពេលអង្គការ Human Rights Watch បញ្ចេញរបាយការណ៍ថ្មីមួយកម្រាស់២៧១ ទំព័រជាភាសាខ្មែរ ស្ដីពីទង្វើរំលោភសិទ្ធិមនុស្សដ៏យូរអង្វែងរបស់ឧត្ដមសេនីយ៍ទាំង១២ នាក់នោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២២ តុលាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បន្តទទួលបានផលប្រយោជន៍ពីការគាំទ្រដោយឥតងាករេពីក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ដើម្បីកម្ចាត់ក្រុមអ្នកនយោបាយជំទាស់ និងរំលាយគណបក្សប្រឆាំងធំជាងគេ យ៉ាងមានប្រសិទ្ធភាព ហើយបន្ទាប់មករៀបចម្ការបោះឆ្នោតបែបបង្គ្រប់កិច្ចនៅខែកក្កដា ឆ្នាំ២០១៨។
អង្គការ Human Rights Watch រកឃើញថា មន្ត្រីជាន់ខ្ពស់ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដែលជួយជ្រោងរបបផ្ដាច់ការលោក ហ៊ុន សែន នោះ មានចំនួន ១២នាក់ ហើយពួកគេបានជាប់ឈ្មោះថា ជាឧត្ដមសេនីយ៍បាតដៃកខ្វក់ ឬបាតដៃប្រឡាក់ឈាម។
អ្នកទាំងនោះ មាន ៦នាក់ ស្ថិតក្នុងជួងកងទ័ព រួមមាន អតីតអគ្គមេបញ្ជាការកងទ័ព និងបច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក ប៉ុល សារឿន អតីតនាយសេនាធិការចម្រុះកងទ័ព និងបច្ចុប្បន្នជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ លោក ចាប ភក្តី មេបញ្ជាការយោធភូមិភាគ២ លោក ជឿន សុវណ្ណថា អតីតមេបញ្ជាការយោធភូមិភាគទី៥ និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ លោក ប៊ុន សេង និងមេបញ្ជាការយោធភូមិភាគទី៤ ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៨ លោក ជា ម៉ន។ ចំណែក ក្នុងជួរកងរាជអាវុធហត្ថវិញ មាន២ នាក់ គឺមេប៉េអិមផ្ទៃប្រទេស លោក សៅ សុខា និងមេប៉េអិមរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង។ ដោយឡែក ក្នុងជួរនគរបាលជាតិវិញ ឧត្ដមសេនីយ៍បាតដៃប្រឡាក់ឈាមមាន៤ រូប រួមមាន មេប៉ូលិសជាតិ និងជាក្មួយប្រសាលោក ហ៊ុន សែន គឺលោក នេត សាវឿន អតីតអគ្គនាយកអន្តោប្រវេសន៍ និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ និងអគ្គស្នងការរងនគរបាលជាតិដែលជាអតីតស្នងការរាជធានីភ្នំពេញ និងបច្ចុប្បន្នជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជួន សុវណ្ណ។
អង្គការ Human Rights Watch អះអាងថា ក្រុមឧត្ដមសេនីយ៍ទាំងនេះ ទទួលបានបុណ្យស័ក្ដិខ្ពង់ខ្ពស់ និងមុខតំណែងខ្លាញ់ ហើយម្នាក់ៗ សុទ្ធតែជំពាក់គុណលោក ហ៊ុន សែន ដែលបំពាក់សក្ដិខ្លួនឯងថា ជានាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥។ ជាជាងការងារបម្រើប្រយោជន៍សាធារណៈ ក្រុមឧត្ដមសេនីយ៍បាតដៃកខ្វក់ទាំងនេះបំពេញការងារការពាររបបលោក ហ៊ុន សែន ហើយបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការរំលោភសិទ្ធិមនុស្សជំនួសលោក ហ៊ុន សែន។ ជាងនេះទៅទៀត ក្នុងតួនាទីបម្រើរដ្ឋាភិបាល ពួកគេមានប្រាក់ខែសមល្មមទេ ប៉ុន្តែម្នាក់ៗ បែរជាទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ដែលគ្មានអ្នកណាអាចបកស្រាយបាន។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) មានប្រសាសន៍ថា ជាច្រើនឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានបង្កើត និងបណ្ដុះបណ្ដាលក្រុមមន្ត្រីស្នូលផ្នែកសន្តិសុខដែលបានធ្វើតាមបញ្ជារបស់គាត់យ៉ាងឃោរឃៅ និងគ្មានមេត្តាធម៌។ លោកថា ភាពសំខាន់នៃក្រុមឧត្ដមសេនីយ៍បាតដៃកខ្វក់ទាំងនេះស្ដែងចេញកាន់តែច្បាស់តាមរយៈការបង្ក្រាបទ្រង់ទ្រាយធំទៅលើអ្នកសារព័ត៌មាន អ្នកនយោបាយជំទាស់ និងអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ៖ «គ្មានមេដឹកនាំផ្ដាច់ការណាឡើងដល់ចំណុចកំពូលបានដោយគ្មានការជួយជ្រោមជ្រែងគាំទ្រពីក្រុមមនុស្សឃោរឃៅឥតមេត្តាធម៌នោះទេ។ នៅក្រោមបង្គាប់លោក ហ៊ុន សែន មានមន្ត្រីស្នូលនៃឧត្ដមសេនីយ៍មួយក្រុម ដែលជាក្រុមរំលោភបំពាន និងបំភិតបំភ័យពលរដ្ឋកម្ពុជា។ ពួកគេមានចិត្តគំនិតប្រមាថមើលងាយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចលោក ហ៊ុន សែន បានធ្វើក្នុងរយៈពេល៣៥ ឆ្នាំ កន្លងទៅនោះដែរ»។
អង្គការ Human Rights Watch បានចេញផ្សាយរបាយការណ៍អំពីទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រព្រឹត្តដោយក្រុមឧត្ដមសេនីយ៍ទាំងនេះ កាលពីឆ្នាំ២០១៨ ម្ដងរួចមកហើយ ប៉ុន្តែកាលនោះមានតែជាភាសាអង់គ្លេស។ ទោះជាយ៉ាងណា Human Rights Watch បានចំណាយពេលដ៏យូរដើម្បីបកប្រែរបាយការណ៍នេះលម្អិតជាភាសាខ្មែរ ហើយនៅថ្ងៃទី២២ តុលា អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះបានចេញផ្សាយជាផ្លូវការរបាយការណ៍ថ្មីជាភាសាខ្មែរ ក្រោមចំណងជើងថា “ឧត្ដមសេនីយ៍បាតដៃកខ្វក់ទាំង ១២នាក់ នៅកម្ពុជា៖ ប្រវត្តិដ៏យូរអង្វែងនៃការរំលោភសិទ្ធិមនុស្សដោយឧត្ដមសេនីយ៍របស់លោក ហ៊ុន សែន”។
ក្រៅពីរបាយការណ៍កម្រាស់ ២៧១ទំព័រ អង្គការ Human Rights Watch ក៏បានចេញផ្សាយវីដេអូខ្លីមួយស្ដីអំពីទ្រព្យសម្បត្តិដ៏មហិមា ដែលមិនអាចពន្យល់បានរបស់ក្រុមឧត្ដមសេនីយ៍បាតដៃកខ្វក់ទាំងនោះផងដែរ។ ទាំងរបាយការណ៍ និងវីដេអូនោះ អាចរកបាននៅលើគេហទំព័ររបស់អង្គការ Human Rights Watch។
អាស៊ីសេរីបានទាក់ទងប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ដើម្បីសុំការឆ្លើយតបទៅនឹងការរកឃើញរបស់អង្គការ Human Rights Watch ប៉ុន្តែពួកលោកមិនលើកទូរស័ព្ទទេ នៅថ្ងៃទី២២ តុលា។
ចំណែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ចេញមុខបដិសេធការលើកឡើងទាំងឡាយរបស់អង្គការ Human Rights Watch។ លោកថា របាយការណ៍នេះធ្វើឡើងដោយមិនគ្រប់ជ្រុងជ្រោយ និងឯកតោភាគី។ មេប៉ូលិសជាន់ខ្ពស់រូបនេះអះអាងថា ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធបានប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា ដោយមិនបានរំលោភសិទ្ធិមនុស្សដូចការចោទប្រកាន់ឡើយ៖ «គាត់អត់ខ្វល់គិតអំពីទិដ្ឋភាពច្បាប់នៅកម្ពុជា ច្បាប់គេអនុវត្តរបៀបម៉េចដែរ។ ដល់ថ្ងៃនេះ គាត់ថែមទាំងថា ថ្នាក់ដឹកនាំហ្នឹងរំលោភសិទ្ធិមនុស្សទៀត។ អាហ្នឹងរឿងរបស់គាត់ ប៉ុន្តែគ្រាន់តែថា យើងខ្ញុំសុំបដិសេធហើយ។ ការវាយតម្លៃរបៀបនេះ គឺគ្មានតម្លាភាព ឬក៏ការវាយតម្លៃដោយឯកចិត្ត ដោយពុំមានមូលដ្ឋានព័ត៌មានអ្វីច្បាស់លាស់ ហើយជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំមន្ត្រីអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា»។
ទោះជាយ៉ាងណា អង្គការ Human Rights Watch អះអាងថា ខ្លួនបានចងក្រងទុកជាឯកសារអំពីកំណត់ត្រានៃការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់លោក ហ៊ុន សែន និងក្រុមមន្ត្រីរបស់លោក តាំងពីយូរមកហើយ។ Human Rights Watch រកឃើញថា ជាង ៣០ឆ្នាំមកនេះ មានអ្នកនយោបាយប្រឆាំង អ្នកកាសែត មេដឹកនាំសហជីព និងមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ក្រោមហេតុផលនយោបាយ។ ករណីឃាតកម្មទាំងនោះ ភាគច្រើនគ្មានការស៊ើបអង្កេត និងកាត់ទោសឱ្យបានត្រឹមត្រូវ គួរឱ្យទុកចិត្តបាននោះឡើយ ទោះជាករណីទាំងនោះត្រូវបានដឹងថា ជាប់ពាក់ព័ន្ធនឹងក្រុមកងកម្លាំងសន្តិសុខក្តី។ ករណីខ្លះទៀត ជនដៃដល់ ឬឃាតកសិប្បនិម្មិត ត្រូវបានផ្ដន្ទាទោស ឯអ្នកបញ្ជានៅពីក្រោយខ្នងបានរួចផុតពីសំណាញ់ច្បាប់ ដោយមិនអាចប៉ះពាល់បាន។ ជាងនេះទៅទៀត ក្រុមកងកម្លាំងសន្តិសុខបានចាប់ខ្លួន វាយដំ ច្រំធាក់ យាយី និងបំភិតបំភ័យអ្នករិះគន់រដ្ឋាភិបាលជាច្រើន ដូចជាអ្នកការពារសិទ្ធិមនុស្ស សកម្មជនសិទ្ធិការងារ សកម្មជនដីធ្លី និងអ្នកបញ្ចេញមតិតាមប្រព័ន្ធអ៊ិនធើណិតជាដើម។
ឆ្លើយតបនឹងទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបែបនេះ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាមស៍ មានប្រសាសន៍ថា ក្រុមឧត្ដមសេនីយ៍បាតដៃប្រឡាក់ឈាមទាំងនោះ រួមទាំងចៅហ្វាយនាយរបស់ពួកគេផង គួរតែត្រូវបាននាំមកកាត់ទោស និងកោះហៅឱ្យមកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មជាច្រើន ដែលពួកគេបានប្រព្រឹត្ត៕
No comments:
Post a Comment