Saturday 14 November 2020

អ្នក​ជំនាញ​ថា អាស៊ាន​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជម្លោះ​នានា​ក្នុង​តំបន់​ជាមួយ​មហាអំណាច​ចិន​បាន​ទេ


ដោយ មាន ​ឫទ្ធិ
2020-11-13
កិច្ចប្រជុំ​​កំពូល​​អាស៊ាន​​លើកទី​៣៧ ធ្វើឡើង​​តាម​​ប្រព័ន្ធ​វីដេអូ​ (video conference) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំ​​កំពូល​​អាស៊ាន​​លើកទី​៣៧ ធ្វើឡើង​​តាម​​ប្រព័ន្ធ​វីដេអូ​ (video conference) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
រូប៖ ទំព័រ​ហ្វេសប៊ុក​របស់​សមាគម​អាស៊ាន (ASEAN)



កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំ​ឆ្នាំ លើក​ទី​៣៧ កំពុង​ប្រព្រឹត្តិ​ទៅ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា ដោយ​ពុំ​មាន​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តិ​ទៅ ស្រប​ពេល​ដែល​មានការ​លើក​ឡើង​ថា អាស៊ាន​គួរតែ​បណ្ដេញ​កម្ពុជា និង​ឡាវ​ចេញពី​សមាជិកភាព​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ តំបន់​អាស៊ាន​ទាំងមូល ក៏​រង​នូវ​ការរិះគន់​កាន់តែ​ខ្លាំង​ថា ពុំ​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​មហាអំណាច​ចិន​នៅ​ក្នុង​តំបន់​នេះ​បានទេ ដោយសារតែ​កម្ពុជា និង​ឡាវ​តែង​កាន់ជើង​ប្រទេស​ចិន​។ អ្នក​ជំនាញ​លើក​ឡើង​ថា រដ្ឋ​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន​កំពុងតែ​យក​បញ្ហា​ជាច្រើន​ទៅ​និយាយ​នៅ​ក្រៅ​រង្វង់​យន្តការ​របស់​អាស៊ាន ដើម្បី​ដាក់​សម្ពាធ​ដល់​សមាគម​នេះ និង​ដល់​កម្ពុជា​ដែល​តែង​រណប​ប្រទេស​ចិន។

សូម​តាមដាន​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​អ្នក​ជំនាញ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) លោក ក្រិកហ្គោរី ផលីង (Gregory Poling) ជុំវិញ​បញ្ហា​នេះ​ដូចត​ទៅ​៖


មាន ឫទ្ធិ៖ ដូចដែល​លោក​ជ្រាប​ស្រាប់​ហើយ ថ្មីៗ​នេះ អតីត​អ្នកការទូត​សិង្ហបុរី (Singapore) បាន​លើកឡើង​ជា​គំនិត​ថា សមាគម​អាស៊ាន​គួរតែ​បណ្ដេញ​កម្ពុជា និង​ឡាវ​ចេញ ដោយសារតែ​ប្រទេស​ទាំងពីរ​នេះ​មាន​ជំហរ​ឃ្លីងឃ្លោង​ទៅ​រក​ប្រទេស​ចិន​។ តើ​លោក​គិត​ថា វា​អាច​ទៅ​រួច​ដែរ​ឬទេ ដែល​អាស៊ាន​អាច​បណ្ដេញ​កម្ពុជា និង​ឡាវ​ចេញពី​សមាគម​នេះ?

ក្រិកហ្គោរី ផលីង៖ វា​ប្រហែលជា​មិន​អាច​ទៅ​រួច​នោះ​ទេ​។ ខ្ញុំ​គិត​ថា លោក ប៊ីឡាហារី កូស៊ីកាន (Bilahari Kausikan) ដែល​បាន​លើកឡើង​ពី​បញ្ហា​នេះ ក៏​យល់​ដែរ​ថា វា​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ​។ ប៉ុន្តែ អ្វី​ដែល​អតីត​អ្នកការទូត​រូប​នេះ បាន​លើកឡើង​នោះ គឺ​ថ្លែង​ឲ្យ​គេឯង​ដឹង​អំពី​ការ​ថ្នាំងថ្នាក់​ដែល​អ្នក​ការទូត​ជាច្រើន​នៅ​ក្នុង​សមាគម​អាស៊ាន បាន​នាំគ្នា​និយាយ​ជា​លក្ខណៈ​ឯកជន។ ជាពិសេស​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក​ម្ល៉េះ ដែល​កម្ពុជា​ជាពិសេស ហើយ​ពេល​ខ្លះ​ប្រទេស​ឡាវ ហាក់បីដូចជា​មាន​ការ​យកចិត្តទុកដាក់​ខ្លាំង​អំពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ជាជាង​គិតគូរ​អំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​ភូមិ​ផង​របង​ដទៃ​ទៀត​ដែល​ជា​សមាជិក​អាស៊ាន​ជាមួយគ្នា។

មាន ឫទ្ធិ៖ ប្រសិនបើ​កម្ពុជា និង​ឡាវ​នៅតែ​បន្ត​ទំនាក់ទំនង​ស្អិតល្មួត​ជាពិសេស​ជាមួយ​មហាអំណាច​ចិន​ដដែល ហើយ​បង្ក​ជា​អសន្តិសុខ​សម្រាប់​តំបន់​អាស៊ាន​ទាំងមូល​តែម្ដង តើ​មាន​ជា​ដំណោះស្រាយ​អ្វី​ចេញ​ទៅ​រួច​ទេ សម្រាប់​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន ដើម្បី​ធ្វើ​ការងារ​រួមគ្នា​ដោយ​គ្មាន​កម្ពុជា និង​ឡាវ?

ក្រិកហ្គោរី ផលីង៖ ខ្ញុំ​មិន​ដឹង​ទេ​។ ប្រហែលជា​ថា ប្រទេស​ទាំងនេះ​ត្រូវតែ​សម្រុះសម្រួល​គ្នា​ជុំវិញ​បញ្ហា​នានា​នៅ​ក្នុង​រង្វង់​អាស៊ាន​។ ដូចជា​បញ្ហា​ចម្បងៗ​មួយ​ចំនួន​... ប្រាកដ​ណាស់​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​រឿង​មួយ ប៉ុន្តែ​បញ្ហា​សំខាន់​មួយទៀត​ដែល​កំពុងតែ​ឡើង​កម្តៅ​នោះ គឺ​បញ្ហា​នៅ​តំបន់​មេគង្គ​។ នៅ​ក្នុង​រឿងរ៉ាវ​សមុទ្រ​ចិន​ខាងត្បូង បើសិនជា​វា​ទំនង​កាន់តែ​ខ្លាំង​ថា កម្ពុជា និង​ឡាវ ហើយ​អាច​ថា ថៃ នៅតែ​បដិសេធ​មិន​គាំទ្រ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ពេលនោះ អាស៊ាន​ខ្លួនឯង​នឹង​ក្លាយ​ជា​បញ្ហា​សម្រាប់​រដ្ឋ​សមាជិក​ដទៃ​ទៀត ដូចជា​សម្រាប់​ប្រទេស​វៀតណាម (Vietnam) ហ្វីលីពីន (Philippines) និង​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ជាដើម​។ ប្រទេស​អស់ទាំង​នេះ នឹង​ចាប់ផ្ដើម​មើល​ឃើញ​ថា អាស៊ាន​គឺជា​ផ្នែក​មួយ​នៃ​បញ្ហា ហើយ​មិនមែន​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​នោះ​ទេ​។ ការណ៍​នេះ​នឹង​ក្លាយ​ជា​រឿងរ៉ាវ​ដ៏​អាក្រក់​មួយ​សម្រាប់​សមាគម​នេះ។

មាន ឫទ្ធិ៖ អ៊ីចឹង ក្នុង​សេនារីយ៉ូ​នេះ តើ​វា​អាច​ទៅ​រួច​ទេ ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនេះ ដែល​មិន​ពេញ​ចិត្តនឹង​កម្ពុជា និង​ឡាវ​ដោយសារតែ​គាំទ្រ​ប្រទេស​ចិន អាច​នឹង​រួមដៃ​គ្នា​រម្លាយ​ចោល​ធម្មនុញ្ញ​អាស៊ាន ហើយ​នាំគ្នា​ទៅ​បង្កើត​សមាគម​អាស៊ាន​ថ្មី​មួយទៀត​ដែល​គ្មាន​ប្រទេស​កម្ពុជា និង​ឡាវ​បា​នដែរ​ឬទេ?

ក្រិកហ្គោរី ផលីង៖ ខ្ញុំ​មិន​ប្រាកដ​ទេ​ចំពោះ​សេនារីយ៉ូ​នេះ​ទេ​។ ខ្ញុំ​គិត​ថា អ្វី​ដែល​ទំនងជា​អាច​កើត​មាន​ឡើង​ច្រើន​នោះ គឺថា សមាជិក​មួយ​ចំនួន​នៃ​អាស៊ាន បាន​ចាប់ផ្តើម​យក​បញ្ហា​ជាច្រើន​ទៅ​និយាយ​នៅ​ក្រៅ​រង្វង់​យន្តការ​អាស៊ាន​។ ឧទាហរណ៍​ជាក់ស្ដែង​ដូចជា ករណី​ប្រទេស​វៀតណាម ប្រទេស​ហ្វីលីពីន អាច​ព្យាយាម​ឈប់​និយាយ​អំពី​ក្រម​ប្រតិបត្តិ​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រទេស​ទាំងនោះ បែរជា​លើក​យក​បញ្ហា​នេះ ទៅ​និយាយ​ដាច់ដោយឡែក​នៅ​ក្រៅ​បរិបទ​អាស៊ាន​។ ការ​ធ្វើ​ដូច្នេះ មិនមែន​មិន​សម​ហេតុផល​ទាំងស្រុង​នោះ​ទេ​។ វា​គឺ​ដូច​តែ​គ្នា​ហ្នឹង នៅ​ពេល​ដែល​អាស៊ាន​មិន​អើពើ​ពី​បញ្ហា​នៅ​តំបន់​ទន្លេ​មេគង្គ ឬ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ឬក៏​បញ្ហា​ចង់​ឲ្យ​មានការ​ល្បាត​នៅ​ច្រក​សមុទ្រ​តំបន់​ម៉ាឡាកា (Strait of Malacca) ឬ​ការ​ល្បាត​នៅ​ច្រក​សមុទ្រ​ស៊ូលូ (Sulu-Sulawesi Seas Patrol) ដែល​បញ្ហា​អស់ទាំង​នេះ​មិន​ត្រូវ​បាន​អាស៊ាន​លើក​យក​មក​ដោះស្រាយ​នោះ​ទេ​។ ដូច្នេះ​ហើយ ការ​យក​បញ្ហា​អស់ទាំង​នេះ ទៅ​និយាយ​នៅ​ក្រៅ​រង្វង់​អាស៊ាន មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ព្រោះ​វា​អាច​ជា​ការ​ដាក់​សម្ពាធ​ទៅលើ​សមាគម​អាស៊ាន និង​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​មួយ​ចំនួន ដូចជា​កម្ពុជា ដែល​តែងតែ​ខ្លាច​ប្រទេស​ចិន​យ៉ាង​ខ្លាំង ជាជាង​ផ្តល់​ការ​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ខ្លួន​នោះ។

មាន ឫទ្ធិ៖ យើង​ឃើញ​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កំពុងតែ​ប្រព្រឹត្តិ​ទៅ​នា​ពេល​នេះ ហើយ​ដែល​ប្រទេស​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​ប្តូរ​វេន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អវត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ Conference ដោយសារតែ​លោក​ត្រូវ​ធ្វើ​ចត្តាឡឺស័ក ក្រោយ​ពី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី (Hungary) ដែល​បាន​កើត​ជំងឺ​កូវីដ​-១៩​។ តើ​អវត្តមាន​របស់​លោក ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការណ៍​ចង់​ឲ្យ​អាស៊ាន​បណ្ដេញ​កម្ពុជា និង​ឡាវ​ចេញពី​សមាគម​នេះ​ដែរ​ឬទេ?

ក្រិកហ្គោរី ផលីង៖ ខ្ញុំ​មិន​គិត​ថា វា​ពាក់ព័ន្ធ​នឹង​រឿង​នោះ​ដោយ​ផ្ទាល់​នោះ​ទេ​។ ខ្ញុំ​មិន​គិត​ថា លោក ហ៊ុន សែន គាត់​ខូចចិត្ត​ខ្លាំង​ដោយសារ​ការ​លើកឡើង​របស់​អតីត​អ្នកការទូត​សិង្ហបុរី​នេះ​ទេ​។ គាត់​តែងតែ​មិន​មាន​អារម្មណ៍​កក់ក្ដៅ​ប៉ុន្មាន​ទេ នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ម្តងៗ​។ គាត់​តែងតែ​ដឹងខ្លួន​ឯង​ថា គាត់​គឺជា​មនុស្ស​ខុសគេ មិន​ចូល​ចំណោម នៅ​ក្នុង​សមាគម​នេះ ព្រោះ​គាត់​តែងតែ​ត្រូវ​គេ​សម្លឹង​មើល​ក្នុង​ក្រសែភ្នែក​ប្រកបដោយ​ការសង្ស័យ​។ ហើយ​វា​មិនមែន​មានតែ​គាត់​នោះ​ទេ​។ កាលពីមុន យើង​ក៏​ធ្លាប់​ឃើញ​រដ្ឋមន្ត្រីការបរទេស​របស់​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​យ៉ាង​ដូច្នេះ​ដែរ​។ ដូច្នេះ ខ្ញុំ​មិន​គិត​ថា គាត់​ខ្វល់ខ្វាយ​ពី​លេស​មិន​ព្រម​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ទេ។

មាន ឫទ្ធិ៖ តាម​ទស្សនៈ​របស់​លោក អ្វី​ទៅជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​អាស៊ាន ដែល​សមាគម​នេះ​គួរតែ​ធ្វើ ដើម្បី​ធានា​ថា សមាគម​នេះ​នឹង​នៅតែ​រឹងមាំ ហើយ​មិន​ត្រូវ​បាន​ប្រទេស​សមាជិក​ដទៃ​ទៀត​ដូចជា កម្ពុជា និង​ឡាវ អូសទាញ​ឲ្យ​ទោ​ទន់​ទៅ​រក​មហាអំណាច​ចិន?

ក្រិកហ្គោរី ផលីង៖ ខ្ញុំ​គិត​ថា វា​ជា​ការ​សំខាន់​ដែល​អាស៊ាន​ត្រូវតែ​ទទួល​ស្គាល់​អំពី​ភាព​មាន​កម្រិត​របស់​ខ្លួន នា​ពេល​ឥឡូវនេះ​។ អាស៊ាន​មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​នយោបាយ ឬ​បញ្ហា​សន្តិសុខ​នោះ​ទេ​។ ជាពិសេស បញ្ហា​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ចិន​។ ដូច្នេះ ចាំបាច់​គួរ​យក​បញ្ហា​ទាំងនោះ​ទៅ​និយាយ​នៅ​ក្រៅ​រង្វង់​សមាគម​អាស៊ាន​នេះ​វិញ​។ អាស៊ាន​មិន​ត្រូវ​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ទៅ​និយាយ​ឲ្យ​ហួស​ពី​គោលការណ៍​ទូទៅ​នោះ​ទេ​។ សមាគម​នេះ ក៏​មិន​គួរ​ព្យាយាម​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​តំបន់​មេគង្គ ឬក៏​មិន​គួរ​ព្យាយាម​និយាយ​អំពី​បញ្ហា​កង្វល់​កាន់តែ​ខ្លាំង​អំពី​វត្តមាន​របស់​ចិន​នៅ​ក្នុង​តំបន់​នេះ​ទេ។ អាស៊ាន​គួរតែ​ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​វិញ ដែល​សមាគម​នេះ​អាច​ដោះស្រាយ​បាន​។ ប្រហែលជា នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​យូរ​ខាងមុខ​ទៀត ទើប​អាស៊ាន​អាច​នឹង​ចាប់ផ្ដើម មាន​អារម្មណ៍​ថា ជា​សហគមន៍ និង​គោលបំណង​ពិតប្រាកដ ដែល​នឹង​អនុញ្ញាត​ឲ្យ​សមាគម​នេះ អាច​និយាយ​អំពី​បញ្ហា​សន្តិសុខ​ជាថ្មី​ម្តង​ទៀត​ឡើង​វិញ​បាន៕

No comments: