Saturday 14 November 2020

ពលរដ្ឋ​និង​សកម្មជន​ថ្កោលទោស​រដ្ឋាភិបាល​ធ្វេសប្រហែស​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩


ដោយ វ៉ែន សុមេធ
2020-11-13
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល ក្នុង​ជំនួប​ និង​ពិធី​ចុះហត្ថលេខា​រវាង​លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី លោក វេង សុខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២០។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល ក្នុង​ជំនួប​ និង​ពិធី​ចុះហត្ថលេខា​រវាង​លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី លោក វេង សុខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន



ពលរដ្ឋ និង​សកម្មជន​ថ្កោលទោស​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​កម្ពុជា​ប្រឈម​ហានិភ័យ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ ដោយសារ​មិន​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។ ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ​លើ​ផល​ប៉ះពាល់​ទាំងអស់ លើ​ប្រជា​ពលរដ្ឋ។

កម្មការិនី​នៅ​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ លោកស្រី អាង សាវុធ លើកឡើង​ថា រដ្ឋាភិបាល​ខ្វះ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូវីដ​-១៩ និង​ការទប់ស្កាត់​ការ​នាំ​ចូល​ពី​ខាងក្រៅ ទើប​បណ្ដាល​ឲ្យ​កម្ពុជា​ប្រឈម​ការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​នេះ។ លោកស្រី​បន្ត​ថា កម្ពុជា​មិន​ត្រឹមតែ​ប្រឈម​នឹង​ជំងឺ​នេះ​នោះ​ទេ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច ពលរដ្ឋ​បាត់បង់​ការងារ និង​ជំពាក់​បំណុល​ធនាគារ​ជាដើម​។ លោកស្រី​ព្រួយបារម្ភ​ថា ជំងឺ​នេះ នឹង​រីក​រាលដាល​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ ប៉ះពាល់​ដល់​ការងារ និង​ជីវភាព​របស់​លោក​ស្រី​ដែល​កំពុង​ជួប​ការ​លំបាក។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែម​ក្នុង​ការ​អនុវត្ត​វិធានការ​ធ្វើ​ចត្តាឡឺស័ក​ចំពោះ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន ដើម្បី​បង្ការ​ជំងឺ​នេះ៖ «​រាជរដ្ឋាភិបាល​គឺ​គាត់​មានការ​ធ្វេសប្រហែស សូម្បីតែ​ការ​និយាយ​ក៏​អត់​មាន​ពាក់​ម៉ាស់ ពាក់​អី​ការពារ​ខ្លួន​ទេ​។ ជំងឺ​កូវីដ​គេ​ឲ្យ​យើង​ឃ្លាតឆ្ងាយ​ពី​គ្នា​រយៈ​ពី​១​ម៉ែត្រ​ឬក៏​២​ម៉ែត្រ ប៉ុន្តែ​អានេះ គឺ​គាត់​នៅ​កៀក​គិត​គ្នា​អញ្ចឹង ដល់ពេល​អញ្ចឹង​ទៅ វា​កើត​ទៅជា​ជំងឺឆ្លង​រាតត្បាត​។​ឥឡូវ​កំពុងតែ​រីក​រាលដាល​រៀង​ខ្លាំង​ដែរ​ឥឡូវ ហើយ​បើ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​វិញ ខ្ញុំ​សោកស្ដាយ​ខ្លាំង​ណាស់ ដូច​ថា គាត់​មាន​វិធានការ​ចង់​ឲ្យ​ប្រជាជន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន តែ​ចំពោះ​ខ្លួនឯង គឺ​អត់​មាន»។


ចំណែក​ពលករ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​លោក ណុល វណ្ណៈ បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ធ្វើ​គំរូ​អាក្រក់​មួយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក មិន​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល​ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ រក្សា​គម្លាត និង​មិន​ត្រូវ​ចាប់ដៃ​គ្នា​ជាដើម​។ លោក​បារម្ភ​ថា វិធានការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​លើ​ជីវភាព​របស់​ពួកគេ បាត់បង់​ប្រាក់ចំណូល ហើយ​កាន់តែ​ក្រីក្រ​ទៅៗ​។ លោក​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត​ចំពោះ​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ឲ្យ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​ឲ្យ​បាន​ម៉ត់ចត់​បន្ថែម​ទៀត។៖ «​ចាប់​តាំង​ពី​ជំងឺ​កូវិដ​-១៩​ផ្ទុះ​ឡើង​មក មិន​ថា អ្នក​ចេញចូល​ប្រទេស​កម្ពុជា​ទេ ជាពិសេស​នៅ​ក្នុង​ព្រលាន​យន្តហោះ​ពោធិចិនតុង​ហ្នឹង រាជរដ្ឋាភិបាល​ហ្នឹង​ក៏​អត់​ដែល​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ល្អ​ទេ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេ ពីព្រោះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​គាត់​ធ្វេសប្រហែស​មែនទែន គាត់​អត់​បាន​យកចិត្តទុកដាក់​ទៅលើ​អា​បញ្ហា​កូ​វីដ​-១៩​នេះ​ទេ អ៊ីចឹង​គាត់​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​តែ​មាន​បរទេស ជាពិសេស​ការទូត​មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក​គិត​ថា មិន​អីៗ ប៉ុន្តែ​ដល់ពេល​ឥឡូវ​ហ្នឹង​គឺ​អី​ទៅ​ហើយ អញ្ចឹង​អា​ចំណុច​កន្លែង​ហ្នឹងហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​របស់​យើង​ឆ្លង​ជំងឺ​កូវីដ​-១៩»។

ក្តីបារម្ភ​របស់​យុវជន​ដោយសារ​តែ លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​កម្ពុជា​មួយ​ចំនួន​ទៀត មិន​បាន​ពាក់​ម៉ាស់​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា បណ្ដាល​ឲ្យ​មនុស្ស​បួន​នាក់ ឆ្លង​ជំងឺ covid-19 ពី​លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) ពាក់ព័ន្ធ​នឹង​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​រដ្ឋាភិបាល លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ផ្ទាល់​នេះ។

ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ និង​ជា​អនុ​ចលនា​ប្រជាធិបតេយ្យ​កូរ៉េខាងត្បូង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ាត់ វ​ន្នី ឲ្យ​ដឹង​ថា បញ្ហា​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ថ្មីៗ​នេះ គឺជា​កំហុស​មួយ​របស់​រដ្ឋាភិបាល​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​មួយ​ចំនួន​ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​បញ្ហា​នេះ ហើយ​លោក​ស្ដាយ​ដែល​មន្ត្រី​រដ្ឋាភិបាល​មិន​ព្រម​អនុវត្ត​នូវ​គោលការណ៍​សុខភាព​ជាស​កល ដើម្បី​បង្ការ​ការ​ឆ្លង​នូវ​ជំងឺ​នេះ៖ «បើសិនជា​គាត់​មិន​អនុវត្ត​នូវ​គោលការណ៍​សុខាភិបាល សូម​មេត្តា​ក្រសួង​សុខាភិបាល ឬក៏​រដ្ឋាភិបាល​ខ្លួនឯង​ហ្នឹង ចាត់វិធានការ​ដាក់​ពន្ធនាគារ​គាត់​បណ្ដោយ​ទៅ ហើយ​ប៉ុន្តែ​ការ​ដាក់​ពន្ធនាគារ​ហ្នឹង សូម​ឲ្យ​ដាក់​ពន្ធនាគារ​ដាច់ដោយឡែក​ទៅ អាហ្នឹង​ព្រោះ​យើង​ធ្វើ​របៀប​ហ្នឹង​គឺ​មិនមែន មិនមែន​យើង​ធ្វើ​ផ្ដាច់ការ​អី​ទេ ព្រោះ​យើង​ធ្វើ​ហ្នឹង គឺ​ការពារ​សុខភាព​សាធារណៈ​រឿង​សុខភាព​មនុស្ស​ជាទូទៅ​សំខាន់​ជាង​រឿង​បុគ្គល​ម្នាក់ ពីរ​នាក់​ដែល​គាត់​មិន​គោរព​ច្បាប់​ហ្នឹង​។ អានេះ​គឺ​ខ្ញុំ​សំណូមពរ​បែប​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី​០៩ វិច្ឆិកា លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​មួយ ស្តី​បន្ទោស​មន្ត្រី​របស់​លោក​ដែល​ធ្វើ​ចត្តាឡឺស័ក​មិន​បាន​ត្រឹមត្រូវ ធ្វើ​ឱ្យ​ចំនួន​អ្នក​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ហុងគ្រី ឬ​ដែល​លោក​ហៅថា ព្រឹត្តិការណ៍​ថ្ងៃ​ទី៣ វិច្ឆិកា​នោះ កើន​ឡើងជា​លំដាប់​។ លោក​ចង់​ឱ្យ​សភាពការណ៍​នេះ ត្រូវ​បាន​រំលត់​ក្នុង​ពេល​យ៉ាង​យូរ​បី​សប្ដាហ៍ ហើយ​ដើម្បី​ធ្វើ​បែប​នេះ​បាន គឺ​ទាល់តែ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​ចត្តាឡឺស័ក​ឱ្យ​បាន​ហ្មត់ចត់​បំផុត។

ទោះជា​យ៉ាងណា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាស​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​ថា នឹង​មិន​មាន​ការ​បិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះ បើ​ទោះ​បី​ជា​មាន​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី ហុង​គ្រី រាប់​ពាន់​នាក់ និង​កំពុង​ធ្វើ​ចត្តាឡឺស័ក​ក៏ដោយ​។​

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក ឲ្យ​ដឹង​ថា ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ គឺជា​កំហុស និង​ជា​ការ​អសមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​ការគ្រប់គ្រង ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ទុក្ខ​ផ្ទួនៗ​។ លោក​បន្ត​ថា ប្រសិនបើ​ជំងឺ​នេះ​រីក​រាលដាល​កាន់តែ​ខ្លាំង នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​រាប់​លាន​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ទាំងនោះ​។ លោក​បន្ថែម​ទៀត​ថា ផល​ប៉ះពាល់​ផ្ទួនៗ​ទាំងនេះ នឹង​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ធ្លាក់ខ្លួន​ក្រ​ជាង​មុន៖ «​គឺ​រដ្ឋាភិបាល​ខ្លួនឯង​ហ្នឹង​គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ រដ្ឋាភិបាល​គឺ​មិន​មាន​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​កើតឡើង​ទេ បណ្ដោយ​ឲ្យ​មន្ត្រី​ខ្លួនឯង​ចុះ​ទៅតាម​ខេត្ត ហើយ​ជាពិសេស​បណ្ដោយ​ឲ្យ​ជំងឺ​កូវីដ​-១៩​ហ្នឹង ឆ្លង​រីក​រាលដាល​កាន់តែ​ធំ​ទៅៗ ហើយ​យើង​មើល​នៅ​ក្នុង​បរិបទ​ពេលនេះ​គឺ​ប្រទេស​កម្ពុជា​កំពុងតែ​ស្ថិត​នៅក្នុង​គ្រោះអាសន្ន​។ អ្វី​ដែល​កើតឡើង​ទាំងអស់​នេះ​គឺជា​កំហុស​របស់​រដ្ឋាភិបាល»។

ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ប្រកាស​ចាត់​វិធានការ​បន្ទាន់​ជា​ថ្មី​ទៀត ដោយ​បិទ​សាលារៀន សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កន្លែង​ហាត់​កីឡា និង​ក្លឹប​កម្សាន្ត​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​។ យុវជន បារម្ភ​ថា ការ​រីក​រាលដាល​នេះ នឹង​ធ្វើ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​ប្រឈម​នឹង​ការបាត់បង់​ការងារ ជីវភាព​កាន់តែ​ក្រីក្រ​ជាង​មុន និង​ប្រឈម​បញ្ហា​សុខភាព ដោយសារ​ការ​ចម្លង​ចូល​ក្នុង​សហគមន៍​ជាដើម៕

No comments: