Sunday 15 November 2020

លោក ហ៊ុន សែន អះអាង​ថា លោក និង​គ្រួសារ​អវិជ្ជមាន​កូវីដ ក្រោយ​ធ្វើតេស្ត​ជា​លើក​ទី​៣


Khmer Circle: There's only one form of Freedom of Expression under Xamdaach, and that is his Freedom to Lie and to Deny... regardless. But, that's not all; even reporting his own lies and words can land you in jail!

 

🔺🔺🔺

ដោយ យន់ សាមៀន
2020-11-14
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០។
​រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​មុន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល​ថា លោក និង​ក្រុម​គ្រួសារ ធ្វើតេស្ត​លើក​ទី​បី​មិន​មាន​ជំងឺ​កូ​វីដ​-១៩ ទេ ក្រោយ​ក្រុម​គ្រូពេទ្យ យក​សំណាក​ទៅ​ធ្វើ​តេស្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​។ ទោះបីជា​យ៉ាងណា ក្រសួងសុខាភិបាល​នៅ​មិន​ទាន់​បង្ហាញ​លទ្ធផល​តេស្ត អ្នក​ពាក់ព័ន្ធ​ជាមួយ​គណៈប្រតិភូ​ប្រទេស​ហុងគ្រី ឬ​ហៅថា ព្រឹត្តិការណ៍​០៣ វិច្ឆិកា​ជាច្រើន​នាក់​ទៀត នៅឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា។

លោក ហ៊ុន សែន បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​(Facebook) នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា​ថា ទោះបីជា​លោក និង​ភរិយា រួម​ទាំង​អ្នក​នៅ​ជុំវិញ​លោក​គ្មាន​ជំងឺ កូវីដ​នៅ​ពេល​នេះ​ក្តី ប៉ុន្តែ លោក នឹង​បន្ត​ធ្វើ​ចត្តាឡឺស័ក​រហូតដល់​ថ្ងៃ​ទី​១៨ វិច្ឆិកា ដែល​នឹង​ត្រូវ​ធ្វើតេស្ត​លើក​ទី​៤ និង​ជា​លើក​ចុង​ក្រោយ ដើម្បី​បញ្ជាក់​ថា លោក មាន​ឬ​គ្មាន​ជំងឺ​កូ​វីដ​-១៩។

មេដឹកនាំ​ដែល​តែង​មើលស្រាល​ជំងឺ​កូ​វីដ​រូប​នេះ​សង្ឃឹមថា លោក និង​គ្រួសារ​របស់​លោក​រួមទាំង​មនុស្ស​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ដែល​ធ្វើ​ចត្តាឡឺស័ក​ក្នុង​ពេល​ជាមួយគ្នា​ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា​មក នឹង​បន្ត​ធ្វើតេស្ត ដើម្បី​កាត់បន្ថយ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ហើយ​អាច​ឈាន​​​ទៅ​បើក​សាលារៀន​ឡើងវិញ។


ដោយឡែក​មនុស្ស ជាង​១​ពាន់​នាក់​ទៀត​ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​យក​សំណាក​ទៅ​ពិនិត្យ​នោះ ក្រសួង​នៅ​មិនទាន់​បង្ហាញ​លទ្ធផល​ធ្វើតេស្ត​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា​។ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ពាក់ព័ន្ធ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា​នេះ​។​

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន ថ្លែង ថា ជា​រឿង​ចម្លែក​ដែល​លោក ហ៊ុន សែន ប្រកាស​ថា គ្មាន​ជំងឺ​កូ​វីដ មុន​ការប្រកាស​របស់​ក្រសួង​សុខាភិបាល​។ លោក​មើល​ឃើញ​ថា បញ្ហា​ជំងឺ​ក​វីដ​នេះ របប​លោក ហ៊ុន សែន ប្រើប្រាស់​ជា​រឿង​នយោបាយ ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​និង​បង្ក្រាប​លើ​សំឡេង​ប្រឆាំង ប៉ុន្តែ​របប​លោក ហ៊ុន សែន ខ្លួនឯង តែង​ធ្វេសប្រហែស​ចំពោះ​ការទប់ស្កាត់​ជំងឺ​កូ​​វីដ​តាំង​ពី​ដើម​មក​ម្ល៉េះ​។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ បន្ត​ថា ជា​រឿង​អាម៉ាស់ និង​គ្មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ទាល់តែសោះ ដែល​មេដឹកនាំ​ក្រុងភ្នំពេញ ស្នើសុំ​កុំ​ឲ្យ​គណៈប្រតិភូ​ហុងគ្រី ពាក់​ម៉ាស់ ដោយសារតែ​ចង់​យកមុខយកមាត់​ជ្រុល និង​ចង់​អួត​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា ប្រទេស​ហុង​គ្រី គាំទ្រ​របប​របស់​គាត់​ខុស​ពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ភាគច្រើន​ផ្សេងទៀត​រឿង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា៖ «​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ស្នើ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី មិន​ពាក់​ម៉ាស់​នោះ ធ្វើ​ឲ្យ​ជំងឺ​នេះ​រាល់​ដាល​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​មន្ត្រី របស់​លោក ដែល​ជា​ហានិភ័យ​មួយ​ដ៏​ធ្ងន់ធ្ងរ​ហើយ​ប្រជាពលរដ្ឋ​គួរតែ​ថ្កោលទោស​ចំពោះ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​គាត់»។

មន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី អះអាង​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា ខាង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គឺជា​អ្នក​ផ្ដួចផ្ដើម​ស្នើសុំ​មិន​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម ប្រទេស​ហុងគ្រី លោក​ ភីធើ ស៊ី​ចា​តូ (Péter Szijjártó)​ពាក់​ម៉ាស់​ក្នុង​ជំនួប​ផ្លូវការ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ៣ ខែវិច្ឆិកា​។ ក្រសួងការបរទេស​ហុងគ្រី បញ្ជាក់​ថា រដ្ឋមន្ត្រី​និង​គណៈប្រតិភូ​របស់​ខ្លួន ប្រកាន់ខ្ជាប់​ខ្ជួន​តាម​គោលការណ៍​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើតាម​សំណូមពរ​របស់​ប្រទេស​ម្ចាស់ផ្ទះ ព្រមទាំង​បង្ហាញ​លិខិតបញ្ជាក់​សុខភាព​ថា គ្មាន​ជំងឺ​កូវីដ​ទៀត​ផង​។ លើស​ពី​នេះ ក្រសួង​ការបរទេស​ហុង​គ្រី ថា គ្មាន​នរណា​អាច​បញ្ជាក់​បាន​ថា អ្នកណា​ចម្លង​ជំងឺ​នេះ​ពី​អ្នកណា​ឲ្យ​ប្រាកដ​នោះ​ទេ។

គិត​ពី​ថ្ងៃ​ទី​០៤ ដល់​ទី​១៣ វិច្ឆិកា ក្រសួងសុខាភិបាល បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា កើន​ដល់​ជាង​២ ពាន់​នាក់​ហើយ (២.៥៦៧) និង​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​ក្នុង​នោះ រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន​៤​នាក់​។ រដ្ឋាភិបាល​បានសម្រេច​បិទ​ទីតាំង​សេវា​កម្សាន្ត និង​ទេសចរណ៍ ព្រមទាំង​សាលារៀន​មួយចំ​នួន ហើយ​វេទិកា​សាធារណៈ និង​ពិធី​ដែល​ប្រមូល​ផ្តុំ​មនុស្ស​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន​ឡើងវិញ​។ ចំណែក​ក្រុមប្រឹក្សា​គណៈ​ឱសថការី​ជាតិ បាន​អំពាវនាវ​ដល់​ឧសថ​ការី​ទាំងឡាយ កុំ​តម្លើង​ថ្លៃ​ម៉ាស អាកុល ជែល​លាងដៃ ឧបករណ៍​វាស់​កម្ដៅ និង​សម្ភារ​សម្លាប់​មេរោគ​ផ្សេងៗ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​បញ្ចប់​ព្រឹត្តិការ​ថ្ងៃ​៣ វិច្ឆិកា ឲ្យ​ឆាប់​បំផុត​។​ក្រុមប្រឹក្សា​គណៈ​ឱសថការី​ជាតិ ព្រមាន​ថា នឹង​ដាក់​ទណ្ឌកម្ម​ចំពោះ​ឱសថការី​ណា ដែល​មិន​គោរព​តាម​សេចក្តី​អំពាវនាវ​នេះ​។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍ថា រដ្ឋាភិបាល គួរតែ​បន្ត​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីត​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ។ លោក សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ ក្រុ​មមន្ត្រី​រដ្ឋាភិបាល វិស័យ​ឯកជន រួម​ទាំង​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ជាដើម ហាក់​នៅ​ធ្វេស​ប្រហែស​ដោយ​មិនសូវ​យកចិត្តទុកដាក់​ការពារ​ខ្លួន​នោះ​ឡើយ៖ «រក្សា​គម្លាត ការ​ពាក់​ម៉ាស់​ជាប្រចាំ ពិធី​ផ្លូវការ​ឬក៏​ក្រៅផ្លូវការ​ជាពិសេស​ពិធី​ផ្លូវការ​របស់​មន្ត្រី​រដ្ឋាភិបាល គួរតែ​បង្ហាញ​នូវ​រូបភាព​មួយ​ជា​គំរូ​ដល់​មហាជន ជាពិសេស ការ​ជួបគ្នា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដែល​ទូរទស្សន៍​រដ្ឋ និង​ឯកជន​គេ​យក​ម​ផ្សព្វផ្សាយ​នេះ ដើម្បី​ឲ្យ​ក្មេងៗ និង​យុវជន​ជាដើម ឃើញ​លោកយាយ​លោកតា​អ៊ុំ​ពូ​មីង​របស់​ពួកគេ កំពុង​តែ​មាន ការប្រុងប្រយ័ត្ន​។ ដូច្នេះ​ប្រសិនបើ​ពួកគេ​បាន​ឃើញ​រូបភាព​ទាំងអស់​នេះ ការអនុវត្ត​តាម​ការ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល វា​កាន់តែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់»។

នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា​នេះ ក្រសួងសុខាភិបាល ក៏បាន​ធ្វើតេស្ត​រក​ឃើញ បុរស​ជនជាតិ​អាមេរិក ម្នាក់​អាយុ ៦៩​ឆ្នាំ ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ហើយ​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​រុស្ស៊ី​។ បុរស​រូប​នេះ គឺជា​អ្នកដំណើរ​មកពី​អាមេរិក ហើយ​មកដល់​កម្ពុជា​​ថ្ងៃ​ទី​១៣ វិច្ឆិកា​។ ចំណែក​រួម​អ្នកដំណើរ​ចំនួន​៧០​នាក់​ផ្សេងទៀត មាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន និង​កំពុង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក នៅ​ក្នុង​សណ្ឋាគារ​២៣​កន្លែង និង​នៅ​មណ្ឌល​ទ័ពអាកាស។

គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​វិច្ឆិកា កម្ពុជា រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​កើន​ដល់ ៣០២​នាក់ ក្នុង​នោះ ព្យាបាល​ជាសះស្បើយ​ចំនួន​២៨៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ចំនួន​១៣​នាក់ ហើយ​មិន​ទាន់​មាន​ករណី​ស្លាប់​នៅ​ឡើយ​ទេ៕

No comments: