Tuesday 24 November 2020

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី២៦ វិច្ឆិកា​ខាង​មុខ


ដោយ សេក បណ្ឌិត
2020-11-23
ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។
ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។
រូប៖ ឯកសារ RFA


 

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុងស្រុក​ដែល​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​អះអាង​ថា ពួកគេ​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​ទេ ​និង​រក្សា​ជំហរ​ទៅ​បំភ្លឺ​តាម​ដីកា​តុលាការ​នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​ខាងមុខ។ មេធាវី​ការពារ​ក្ដី​ថា ពេលនេះ​មាន​មនុស្សជា​ង​៥​០​ហើយ​មក​ពឹង​ឱ្យ​ការពារ​ក្នុង​សំណុំរឿង​នេះ។

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្អូញត្អែរ​ថា​ ​ពួកគេ​ពិបាក​ស្វែងរក​ឯកសារ​ ​ភស្តុតាង​ផ្លូវច្បាប់​ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការ​ ​ខណៈ​ពួកគេ​ទើប​ទទួល​បាន​ដីកា​ពី​តុលាការ​រយៈពេល​ខ្លី​ពេក។ ទោះ​យ៉ាង​ណា​ក្ដី ពួក​គេ​បាន​រក​មេធាវី​ដើម្បី​ជួយការ​ពារ​ផ្លូវច្បាប់​រួច​ហើយ​ដែរ។

​យុវជន​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ភួង ថា ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្រោយ​ពី​ទទួល​ដីកា​នេះ​ ​កន្លែង​ការងារ​របស់​លោក​ស្រាប់តែ​បញ្ឈប់​លោក​ពី​ការងារ។ លោក​នៅតែ​អះអាង​ថា លោក​មិនបាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ណាមួយ​ដូច​តុលា​ការចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់​និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​ទេ៖ «ខ្ញុំ​យល់ឃើញ​ថា ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ពួក​ខ្ញុំ​ជា​យុវជន​ដែល​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​ទៅតាម​មន្ត្រី​តុលាការ ឬ​ព្រះរាជអាជ្ញា​នោះ​ទេ ពួក​យើង​សម្ដែង​មតិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ»។

​លោក ភួង ថា ដែល​ជា​ពលករ​ធ្លាប់​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​រូប​នេះ​ប្រាប់​ថា ពេលនេះ​លោក​បាន​ពឹង​មេធាវី​គឺ​លោក​មេធាវី​ ​សំ​ សុ​គង់​ ឱ្យ​ជួយការ​ងារ​ក្ដី​រួចហើយ។


​ស្រដៀងគ្នា​នេះ​ដែរ​ ​ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​បាត់​ដំបង​ ​លោក​ ឡី សុ​ខុន​ ​រង​ការ​ចោទ​ប្រកាន់​ដែរ​នោះ​ប្រាប់​អាស៊ី​សេរី​ថា​ ​ខ្លួន​លោក​ផ្ទាល់​មិន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ដូច​តុលា​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ថា ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឱ្យ​លោក​​​មាន​ការ​ព្រួយ​បារម្ភ ប៉ុន្តែ​លោក​សង្ឃឹម​ថា តុលាការ​នឹង​បញ្ចប់​សំណុំរឿង​នេះ​ក្រោយ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា៖ «សង្ឃឹម​ថា គេ​មិន​ឃុំ​ខ្លួន​យើង​ទេ​ព្រោះអី​យើង​អត់មាន​ទោសកំហុស​ឱ្យ​គេ​ចោទប្រកាន់​យើង​ ​គ្រាន់តែ​ថា​គេ​គ្រាន់តែ​ត្រូវ​តាម​នីតិវិធី​របស់​គេ​»។​

​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​កោះ​ជា​បន្តបន្ទាប់​កោះហៅ​មេដឹកនាំ​ម​ន្រ្តី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ ១២៥នាក់​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​ការ​ចូលរួម និង​គាំទ្រ​គម្រោង​មាតុភូមិ​ន​និវត្តន៍​លោក សម រង្ស៊ី កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ។

​មេធាវី​ដែល​តែងតែ​ការពារ​ក្ដី​ឱ្យ​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ ​លោក​ ​សំ​ សុ​គង់​ ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៣ ខែវិច្ឆិកា​ថា ពេល​នេះ​លោក​ទទួល​បាន​ការ​ពឹង​ពាក់​ពី​មនុស្ស​ជាង ៥០នាក់ ដែល​ត្រូវ​តុលា​ការ​ចោទ​ប្រកាន់​នេះ​ឱ្យ​ជួយការ​ពារ​ក្ដី។ លោក​ថា អ្នក​ទាំង​នោះ​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ចំណែក​ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ ​ដែល​រង​ការចោទប្រកាន់​លោក​ថា​មិនទាន់​ឃើញ​ពួក​គេ​ទាក់ទង​លោក​នោះ​ទេ។ លោក​មេធាវី​យល់ថា​ ​ការ​បើកសវនាការ​លើ​មនុស្ស​យ៉ាង​ហោច​ណាស់ ១២៥នាក់​ក្នុង​ថ្ងៃ​តែ​មួយ នឹង​ធ្វើ​ឱ្យ​មនុស្ស​ណែនណាន់​ពេញ​តុលាការ។ លោក​ចង់​ឃើញ​តុលាការ​បើក​សវនាការ​មាន​ស្តង់​ដា​ត្រឹមត្រូវ​ដោយ​ជំនុំ​ជម្រះ​លើ​បុគ្គល​ម្នាក់ៗ ផ្សេង​ពី​គ្នា និង​ខុស​ថ្ងៃ​គ្នា៖ «អាច​សម្រេច​ចិត្ត​នៅ​ថ្ងៃ​សវនាការ​តើ​ថា តើ​សវនាការ​មាន​មនុស្ស​ជាង ១០០នាក់​ក្នុង​ថ្ងៃ​តែ​មួយ​តើ​សវនាការ​អាច​ចូល​តាម​ស្ដង់ដារ​អន្តរជាតិ​អត់ ឬ​ក៏​អាច​ធ្វើ​ឱ្យ​ជន​ជាប់​ចោទ​ទាំង​អស់​ទទួល​បាន​យុត្តិធម៌​ ​និង​ត្រឹមត្រូវ​អត់»។

​ទាក់ទង​ការ​លើកឡើង​នេះ​ ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​ត​ពី​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ទូរស័ព្ទ​មិន​ទទួល​ការ​ហៅ​ចូល។

​លោក​មេធាវី​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​កូនក្ដី​ណា​មួយ​ស្នើ​ឱ្យ​ពន្យារ​ពេល​សវនាការ​នៅឡើយ​ទេ។ ប៉ុន្តែ​ប្រសិន​នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​ជា​ថ្ងៃ​បើកសវនាការ​បើ​ចំនួន​អ្នក​ដែល​ត្រូវ​តុលា​ការ​ចោទ​ប្រកាន់​មក​ច្រើន​ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​ក្នុង​ការពារ​ការពារ​ក្ដី​ ​លោក​អាច​នឹង​ស្នើ​ទៅ​តុលាការ​សុំ​ពន្យារ​ពេល​ថ្ងៃ​នោះ​តែ​ម្ដង៕

1 comment:

Anonymous said...

Please show your courage and your spirit of nationalism to the Yuon's slave party CPP and Ah Chos Kauot Hun Sen that Khmer people will not surrender to the Yuon's cruelties through Ah Chor Phnek Muoy Hun Sen.