ដោយ សេក បណ្ឌិត
2020-11-23
ទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ដែលបច្ចុប្បន្ន ត្រូវបានតុលាការបញ្ជាឱ្យបិទចោល។
រូប៖ ឯកសារ RFA
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកដែលត្រូវតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ទេ និងរក្សាជំហរទៅបំភ្លឺតាមដីកាតុលាការនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។ មេធាវីការពារក្ដីថា ពេលនេះមានមនុស្សជាង៥០ហើយមកពឹងឱ្យការពារក្នុងសំណុំរឿងនេះ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិត្អូញត្អែរថា ពួកគេពិបាកស្វែងរកឯកសារ ភស្តុតាងផ្លូវច្បាប់ដើម្បីតតាំងតាមផ្លូវតុលាការ ខណៈពួកគេទើបទទួលបានដីកាពីតុលាការរយៈពេលខ្លីពេក។ ទោះយ៉ាងណាក្ដី ពួកគេបានរកមេធាវីដើម្បីជួយការពារផ្លូវច្បាប់រួចហើយដែរ។
យុវជនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិលោក ភួង ថា ឱ្យអាស៊ីសេរីដឹងថា ក្រោយពីទទួលដីកានេះ កន្លែងការងាររបស់លោកស្រាប់តែបញ្ឈប់លោកពីការងារ។ លោកនៅតែអះអាងថា លោកមិនបានប្រព្រឹត្តអំពើក្បត់ជាតិណាមួយដូចតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះទេ៖ «ខ្ញុំយល់ឃើញថា ជារឿងអយុត្តិធម៌មួយសម្រាប់ពួកខ្ញុំជាយុវជនដែលពួកខ្ញុំអត់បានធ្វើដូចការចោទប្រកាន់ទៅតាមមន្ត្រីតុលាការ ឬព្រះរាជអាជ្ញានោះទេ ពួកយើងសម្ដែងមតិក្នុងនាមជាប្រជាពលរដ្ឋខ្មែរ»។
លោក ភួង ថា ដែលជាពលករធ្លាប់ធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងរូបនេះប្រាប់ថា ពេលនេះលោកបានពឹងមេធាវីគឺលោកមេធាវី សំ សុគង់ ឱ្យជួយការងារក្ដីរួចហើយ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តបាត់ដំបង លោក ឡី សុខុន រងការចោទប្រកាន់ដែរនោះប្រាប់អាស៊ីសេរីថា ខ្លួនលោកផ្ទាល់មិនបានប្រព្រឹត្តិបទល្មើសដូចតុលាការចោទប្រកាន់នោះទេ។ លោកថា ការចោទប្រកាន់នេះធ្វើឱ្យលោកមានការព្រួយបារម្ភ ប៉ុន្តែលោកសង្ឃឹមថា តុលាការនឹងបញ្ចប់សំណុំរឿងនេះក្រោយថ្ងៃទី២៦ ខែវិច្ឆិកា៖ «សង្ឃឹមថា គេមិនឃុំខ្លួនយើងទេព្រោះអីយើងអត់មានទោសកំហុសឱ្យគេចោទប្រកាន់យើង គ្រាន់តែថាគេគ្រាន់តែត្រូវតាមនីតិវិធីរបស់គេ»។
ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាកោះជាបន្តបន្ទាប់កោះហៅមេដឹកនាំមន្រ្តីនិងសកម្មជនគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ១២៥នាក់ឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២៦ វិច្ឆិកា ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធការចូលរួម និងគាំទ្រគម្រោងមាតុភូមិននិវត្តន៍លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
មេធាវីដែលតែងតែការពារក្ដីឱ្យមន្ត្រីនិងសកម្មជនបក្សប្រឆាំង លោក សំ សុគង់ ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៣ ខែវិច្ឆិកាថា ពេលនេះលោកទទួលបានការពឹងពាក់ពីមនុស្សជាង ៥០នាក់ ដែលត្រូវតុលាការចោទប្រកាន់នេះឱ្យជួយការពារក្ដី។ លោកថា អ្នកទាំងនោះកំពុងរស់នៅក្នុងប្រទេសកម្ពុជា ចំណែកចំពោះសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលរងការចោទប្រកាន់លោកថាមិនទាន់ឃើញពួកគេទាក់ទងលោកនោះទេ។ លោកមេធាវីយល់ថា ការបើកសវនាការលើមនុស្សយ៉ាងហោចណាស់ ១២៥នាក់ក្នុងថ្ងៃតែមួយ នឹងធ្វើឱ្យមនុស្សណែនណាន់ពេញតុលាការ។ លោកចង់ឃើញតុលាការបើកសវនាការមានស្តង់ដាត្រឹមត្រូវដោយជំនុំជម្រះលើបុគ្គលម្នាក់ៗ ផ្សេងពីគ្នា និងខុសថ្ងៃគ្នា៖ «អាចសម្រេចចិត្តនៅថ្ងៃសវនាការតើថា តើសវនាការមានមនុស្សជាង ១០០នាក់ក្នុងថ្ងៃតែមួយតើសវនាការអាចចូលតាមស្ដង់ដារអន្តរជាតិអត់ ឬក៏អាចធ្វើឱ្យជនជាប់ចោទទាំងអស់ទទួលបានយុត្តិធម៌ និងត្រឹមត្រូវអត់»។
ទាក់ទងការលើកឡើងនេះ អាស៊ីសេរីមិនអាចសុំការឆ្លើយតពីលោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញដោយទូរស័ព្ទមិនទទួលការហៅចូល។
លោកមេធាវីឱ្យដឹងថា មកដល់ពេលនេះមិនទាន់មានកូនក្ដីណាមួយស្នើឱ្យពន្យារពេលសវនាការនៅឡើយទេ។ ប៉ុន្តែប្រសិននៅថ្ងៃទី២៦ ខែវិច្ឆិកាជាថ្ងៃបើកសវនាការបើចំនួនអ្នកដែលត្រូវតុលាការចោទប្រកាន់មកច្រើនដែលធ្វើឲ្យលោកពិបាកក្នុងការពារការពារក្ដី លោកអាចនឹងស្នើទៅតុលាការសុំពន្យារពេលថ្ងៃនោះតែម្ដង៕
1 comment:
Please show your courage and your spirit of nationalism to the Yuon's slave party CPP and Ah Chos Kauot Hun Sen that Khmer people will not surrender to the Yuon's cruelties through Ah Chor Phnek Muoy Hun Sen.
Post a Comment