Sunday 22 November 2020

អាជ្ញាធរ​ជាតិ​អប្សរា​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្គាខប មិន​ប៉ះពាល់​ដី​ឧទ្យាន​ជាតិ​អង្គរ


ដោយ ជាតិ ចំណាន
2020-11-21
ប្រាសាទអង្គរ​វត្ត ខេត្តសៀមរាប រូប​ថត​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
ប្រាសាទអង្គរ​វត្ត ខេត្តសៀមរាប រូប​ថត​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
Photo courtesy

 

អាជ្ញាធរ​ជាតិ​អប្សរា​អះអាង​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្គាខប (Naga Corp) លើ​ផ្ទៃដី​ជិត​១០០​ហិកតារ ក្នុង​ខេត្ត​សៀមរាប​នោះ មិន​ប៉ះពាល់​តំបន់​ការពារ​ក្នុង​ឧទ្យាន​ជាតិ​អង្គរ​នោះ​ទេ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​សង្គម​ស​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន ព្រួយបារម្ភ​ថា គម្រោង​វិនិយោគ​ខ្នាត​ធំ​មួយ​នេះ អាច​ប៉ះពាល់​ដល់​ប្រាសាទអង្គរវត្ត​ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នៅ​កម្ពុជា។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ប្រាប់​អាស៊ីសេរី​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ណាហ្គា ខបគ្រោង​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​នោះ គឺ​ស្ថិតនៅ​ខាងក្រៅ​តំបន់​ឧទ្យានជាតិ​អង្គរ ហើយ​ដី​តំបន់​នោះ គឺ​រដ្ឋាភិបាល បាន​រក្សាទុក​ជាច្រើន​ឆ្នាំ​មក​ហើយ សម្រាប់​ចាត់ចែង​ការអភិវឌ្ឍន៍​ផ្នែក​វិស័យ​ទេសចរណ៍។ លោក ឡុង កុសស ឆ្លើយតប​ថា ការ​បារម្ភ​និង​ការរិះគន់​កន្លង​មក ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​ខ្វះ​ការ​យល់ដឹង​អំពី​គោលបំណង​របស់​ក្រុមហ៊ុន​ណាហ្គាខប៖ «ដូចជា​ឆ្នាំ​៩០​ជាង គឺ​រដ្ឋាភិបាល បាន​រក្សាទុក​ផ្ទៃដី ដែល​គេ​ហៅថា ផ្ទៃដី​តំបន់​ទេសចរណ៍​វប្បធម៌ ដែល​មាន​ផ្ទៃ​ជាង​១​ពាន់​ហិកតារ ដូច្នេះ​គម្រោង​នេះ គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​ដី​ដែល​គេ​រក្សាទុក សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​ខាង​ផ្នែក​វិស័យ​ទេសចរណ៍​នេះឯង​។ នេះ​គឺជា​ទស្សនវិស័យ​របស់​រដ្ឋាភិបាល ដែល​រៀបចំ​អាហ្នឹង​តាំងពី​យូរ​ណាស់​មក​ហើយ វា​មិនមែន​ជា​ទីតាំង​ដែល​ទើបតែ​នឹកឃើញ​ទេ។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​អះអាង​ហើយ​អះអាង​ទៀត​ថា វា​អត់​មាន​ប៉ះពាល់​ដល់ តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​ទេ»។


អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​រូប​នេះ អះអាង​បន្ត​ថា អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​បាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ណាហ្គា​ខប​នេះ​យ៉ាង​ហ្មត់ចត់ ដូច្នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌ និង​ប្រាសាទ​បុរាណ​នោះ​ទេ ហើយ​ក៏​មាន​ការ​បើក​ល្បែងស៊ីសង​អ្វី​ដែរ​។ លោក រំពឹង​ថា គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ជួយ​កម្ពស់​វិស័យ​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ក្រុមហ៊ុន​ណាហ្គាខប ដែលជា​ក្រុមហ៊ុន​ធំ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើល៍ (Naga World) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា​ថា គម្រោង​វិនិយោគ​រមណីយដ្ឋាន​ក្នុង​ទឹកដី​ខេត្ត​សៀមរាប មាន​ទឹកប្រាក់​ជំហាន​ដំបូង​ក្នុង​តម្លៃ ៣៥០​លាន​ដុល្លារ​អាមេរិក ។ គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ ក្រុមហ៊ុន​បាន​ជួល​ដី​ពី​រដ្ឋាភិបាល​មាន​ទំហំ ៧៥ ហិកតារ មាន​ចម្ងាយ ៥​រយ (៥០០) ម៉ែត្រ ពី​ឧទ្យាន​ជាតិ​អង្គរ​។ បច្ចុប្បន្ន​ដី​តំបន់​នោះ គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា។ គម្រោង​អភិវឌ្ឍន៍​នេះ រួមមាន​សណ្ឋាគារ​ផ្កាយ​ប្រាំ កន្លែង​ជិះ​ក្តារ​លើទឹក សួន​ទឹក​ខ្នាត​ធំ សួន​បុប្ផា​ចម្រុះ​ពណ៌ ឧទ្យាន​វប្បធម៌​បែប​ប្រវត្តិសាស្ត្រ និង​ទីក្រុង​សៀមរាប ឆៃណាថោន (Siem Reap China Town ) ដែល​ក្រុមហ៊ុន​ដាក់ឈ្មោះ​ជា​រួម​ថា «Angkor Lake of Wonder» ។ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជួល​ឲ្យ​ក្រុមហ៊ុន រយៈពេល​៥០​ឆ្នាំ​គិត ចាប់ពី​ឆ្នាំ​២០២០ ដល់ ឆ្នាំ​២០៧០ ក្នុង​តម្លៃ ៤​សែន ៥​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ហើយ​ដំឡើង​ថ្លៃ ៥​ភាគរយ នៅ​ឆ្នាំ​បន្ទាប់។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​នេះ មិន​បាន​ប្រឆាំង​ជាមួយ​នឹង​គោលការណ៍​គ្រប់គ្រង​តំបន់​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) នោះ​ទេ ដោយសារ​នៅ​ទីតាំង​ផ្សេងគ្នា​។ លោក​អះអាង​ជាថ្មី​ថា ការ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ គឺជា​ការ​បង្កើត​កន្លែង​កម្សាន្ត​បែប​សិប្បនិម្មិត ដោយ​មិនមែន​ជា​កន្លែង​កាស៊ីណូ នោះ​ទេ។ លោក​យល់​ថា គម្រោង​វិនិយោគ​នេះ នឹង​ផ្ដល់​ការងារ​ឱ្យ​ពលរដ្ឋ​ខ្មែរ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​នឹង​ជួយ​ផ្តល់​ចំណូល​ដល់​រដ្ឋាភិបាល​ខ្មែរ។

ចំពោះ​សំណួរ​ដែល​ថា ហេតុអ្វី​បានជា​គម្រោង​វិនិយោគ​ខ្នាត​ធំ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ត្រូវ​ធ្វើ​នៅ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​មាន​សក្ដានុពល​ទេសចរណ៍​ស្រាប់​ទៅ​ហើយ​នោះ លោក ផៃ ស៊ីផាន ឆ្លើយតប​ថា ដោយសារ​ទីតាំង​នោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រួចជាស្រេច​។ លោក​ថា រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ពង្រីក​គម្រោង​វិនិយោគ​វិស័យ​ទេសចរណ៍​ទៅតាម​ខេត្ត​ដទៃ​ទៀត​ជា​ជំហានៗ​។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា ប្រសិនបើ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ណាហ្គាខប​នេះ មាន​ករណី​រំលោភ​សិទ្ធិ​ការងារ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​កម្ពុជា គឺ​រដ្ឋាភិបាល នឹង​ចាត់វិធានការ​ភ្លាម៖ «​រដ្ឋាភិបាល មិនមែន​នឹកឃើញ​អី​ធ្វើ​អ៊ីចឹង​ទេ គេ​មាន​របៀប​របស់​គេ ។ ទី​១ ដូច​ខ្ញុំ​ថា អាជ្ញាធរ​ជាតិ​អប្សរា ជា​អ្នកថែរក្សា​តំបន់​វប្បធម៌ ដោយសារ​មាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​យូណេស្កូ ហើយ​គេ​មាន​ផែនទី​ភូមិសាស្ត្រ​របស់​គេ​ត្រឹមត្រូវ។ ទី​២ សួរ​ថា ហេតុ​ដូចម្ដេច បាន​យើង​ឲ្យ​ក្រុមហ៊ុន​ទៅ​ធ្វើ​កន្លែង​នោះ ដោយ​ខេត្ត​សៀមរាប មាន​សក្ដានុពល​ផ្នែក​ទេសចរ​វប្បធម៌ តែ​អានេះ​ផ្សេង​ពីលើ​ទេសចរ​វប្បធម៌​ទេ​ណា គឺ​កម្សាន្ត​តើ។ ក្រៅពី​ទៅ​មើល​ប្រាង្គ​ប្រាសាទ គឺ​មាន​កូន​គាត់​មាន​បង ប្អូន​គាត់​ទៅជា​មួយ​ផង អាច​ឈាន​ចូល​ទៅ​មើល​កន្លែង​សិប្បនិម្មិត​នោះ»។

អង្គការ​យូណេស្កូ (UNESCO) បាន​ដាក់​ប្រាសាទ​ទាំងឡាយ​នៅ​ក្នុង​តំបន់​អង្គរ​ទាំងមូល ព្រមទាំង​បរិវេណ និង​ព្រៃព្រឹក្សា​នៅ​តំបន់​អង្គរ ដែល​មាន​ទំហំ​ប្រមាណ​ជាង ៤០០​គីឡូម៉ែត្រ​ការ៉េ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩២​។ ប្រាសាទ​បុរាណ​នេះ រក​ចំណូល​ឲ្យ​កម្ពុជា បាន​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយឆ្នាំៗ តាមរយៈ​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍ថា រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក ដូច្នេះ​រាល់​ការ​វិនិយោគ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ និង​អនុលោម​ទៅតាម​គោលការណ៍​របស់​អង្គការ​យូណេស្កូ។ អ្នកស្រី ស្វាគមន៍​ប្រសិនបើ​គម្រោង វិនិយោគ​មួយ​នេះ មិន​បាន​បំពាន​គោលការណ៍​អង្គការ​យូណេស្កូ ប៉ុន្តែ​ប្រសិនបើ​មិន​បាន​អនុលោម​ទេ គឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​ឡើងវិញ ព្រោះថា តំបន់​អង្គរវត្ត ត្រូវ​បាន​អភិរក្ស និង​ធានា​នូវ​សោភ័ណភាព ព្រមទាំង​រក្សា​នូវ​គុណ​តម្លៃ​នៃ​ទីក្រុង​បុរាណ​មួយ​នេះ​ផង​ដែរ​​​៖ «យើង​ដឹង​ហើយ​ថា ណាហ្គា នេះ​គឺ​ការ​វិនិយោគ​របស់​គាត់​នេះ​ពាក់ព័ន្ធ​នឹង​កាស៊ីណូ អី​ជាដើម ដូច្នេះ​យើង​មិន​ដឹង​ថា ទោះបី​មានការ​ធានា អ៊ីចឹង​មែន តែ​ទៅមុខ​វា​នឹង​មាន ការពង្រីក​វិសាលភាព​យ៉ាងម៉េច​។ វា​ជា​រឿង​មួយ​ដែល​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ ត្រូវ​ធានា​ថា រាល់​ការ​វិនិយោគ​នេះ មិនមែន​ផ្តោត​តែ​ទិសដៅ​សេដ្ឋកិច្ច​មួយ​មុខ​ទេ តែ​ការអភិវឌ្ឍន៍​នេះ ត្រូវ​ធានា​នូវ​ចិរភាព និង​រក្សា​គុណ​តម្លៃ​សង្គម​ផង​ដែរ»។

អ្នកស្រី ចក់ សុភាព បន្ត​ថា រដ្ឋាភិបាល ក៏​ត្រូវ​ធានា​ថា ក្រុមហ៊ុន​ណាហ្គាខប​នេះ គោរព​គោលការណ៍ សិទ្ធិមនុស្ស​ផង​ដែរ ព្រោះថា កន្លងមក សាខា​របស់​ក្រុមហ៊ុន​ណាហ្គាខប គឺ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ធ្លាប់​មាន​ការចោទប្រកាន់​ថា រំលោភ​សិទ្ធិ​ការងារ​កម្មករ និង​សហជីព។ អ្នកស្រី​យល់​ថា ប្រសិនបើ​រដ្ឋាភិបាល មិន​អាច​ធានា​នូវ​គោលការណ៍​ទាំងនេះ​ទេ គឺ​នឹង​​​​​​​​​​មាន​សំណួរ​ចោទ​ឡើង​ថា តើ​ការ​ទាក់ទាញ​វិនិយោគទុន​ទាំងនេះ រដ្ឋាភិបាល កំពុង​ឲ្យ​តម្លៃ​លើ​ផលប្រយោជន៍​សម្រាប់​សង្គម និង​ពលរដ្ឋ ឬ​គ្រាន់តែ​ផ្ដល់​ផលប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​តែ​ម្យ៉ាង៕

No comments: