Sunday 22 November 2020

អង្គការ​ជាតិ និង​អន្តរជាតិ​ស្នើ​ឱ្យ​របប​ភ្នំពេញ​លុបចោល​បទ​ញុះញង់​ចេញ​ពី​ក្រមព្រហ្មទណ្ឌ

Khmer Circle:

How had the Viet Congs and their sponsored Cambodian communist allies destabilised the old Cambodian regimes? Well, the answer is: terrorism and incitement. These dark arts are still very much their weapons and monopolised arsenals today through their control of the armed forces and the national broadcasting media.

So they are now passing 'anti-incitement law' to keep themselves in power? 

🔺🔺🔺

ដោយ សេក បណ្ឌិត
2020-11-21


សមាជិក​សភា​លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ខ្លះ​នៃ​រដ្ឋធម្មនុញ្ញ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៨។

សមាជិក​សភា​លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ខ្លះ​នៃ​រដ្ឋធម្មនុញ្ញ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៨។
Photo courtesy of National Assembly


 

អង្គការ​ជាតិ និង​អន្តរជាតិ​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន លុប​ចោល ឬ​កែប្រែ​បទ​ចោទ​ញុះញង់ ដែល​មាន​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ ដើម្បី​ឱ្យ​ស្រប​នឹង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​។ សំណើ​នេះ ធ្វើឡើង​ដោយសារ​បទ​ញុះញង់​នេះ កំពុង​ក្លាយ​ជា​ឧបករណ៍​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។

មូលនិធិ​ខ្លូនី​ដើម្បី​យុត្តិធម៌ (Clooney Foundation for Justice) ដែល​ជា​អង្គការ​តស៊ូ​មតិ​ផ្នែក​ច្បាប់ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ពិនិត្យ​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ប្រើប្រាស់​បទ​ចោទ​ញុះញង់ រំលោភ​លើ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា មូលនិធិ​ខ្លូនី ដើម្បី​យុត្តិធម៌ បាន​លើក​យក​សំណុំរឿង​យុវជន គង់ រ៉ៃយ៉ា មក​វែកញែក អម​ដោយ​ការ​ពន្យល់​ពី​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​។ អាជ្ញាធរ​បាន​ចាប់ខ្លួន​យុវជន គង់ រ៉ៃយ៉ា និង​ចោទប្រកាន់​រូបគេ​ពី​បទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” បន្ទាប់ពី​យុវជន​រូប​នេះ​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូបភាព និង​ទស្សនៈ​បណ្ឌិត កែម ឡី​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​គង់ រ៉ៃយ៉ា ឱ្យ​ជាប់ពន្ធនាគារ​២ ឆ្នាំ ដោយ​អនុវត្ត​ទោស​ជាង​៤ ខែ ចំណែក​ទោស​នៅសល់​ត្រូវ​ព្យួរ។


អតីត​រដ្ឋអាជ្ញា​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី (ICTY) និង​ជា​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​របស់​គណៈមេធាវី​សហរដ្ឋអាមេរិក លោក អាធើរ ទ្រែលឌី (Athur Traldi) មាន​ប្រសាសន៍ថា ការ​កាត់ទោស​នេះ​មិន​មាន​បង្ហាញ​ភស្តុតាង​ណាមួយ​ដែល​ថា ជនជាប់ចោទ​មាន​បំណង​ញុះញង់​បុគ្គល​ណា​ម្នាក់​ឱ្យ​ចូលរួម​ក្នុង​អំពើ​ល្មើសច្បាប់​ឡើយ ហើយក៏​មិន​បាន​បង្ហាញ​ថា តើ​ការ​ផ្សព្វផ្សាយ​លក់​អាវយឺត​របស់​គាត់ ឬក៏​អាវយឺត​នោះ អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ណាមួយ​នោះ​ដែរ​។ លោក​វាយតម្លៃ​ថា យុវជន គង់ រ៉ៃយ៉ា ជាប់ទោស ដោយសារតែ​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​របស់​ខ្លួន​តែប៉ុណ្ណោះ។

សំណុំរឿង​យុវជន គង់ រ៉ៃយ៉ា មិនមែន​ជា​ករណី​ដោយឡែក​នៃ​ការ​ប្រើប្រាស់​បទ​ញុះញង់ ដើម្បី​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នោះ​ទេ​។ អាជ្ញាធរ​បាន​ប្រើប្រាស់​បទ​ញុះញង់​នេះ ដើម្បី​ចោទ​ប្រកាន់ និង​កាត់ទោស​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន អ្នកសារព័ត៌មាន និង​មន្ត្រី​គណបក្ស​ប្រឆាំង​រហូតដល់​រាប់​រយ​នាក់​ឯណោះ​។ ជា​ឧទាហរណ៍ ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន និង​ក្រុម​សកម្មជន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣ ខែ​ចុង​ក្រោយនេះ គឺ​អាជ្ញាធរ​ប្រើ​តែ​បទ​ចោទ​ញុះញង់ ស្រប​ពេល​សមាជិក​បក្ស​ប្រឆាំង​យ៉ាងហោចណាស់​១២៥ នាក់ នឹង​ត្រូវ​តុលាការ​បើក​ការ​ជំនុំជម្រះ​នៅ​ពេល​ឆាប់ៗ​ខាងមុខ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់ និង​រួមគំនិត​ក្បត់។

មូលនិធិ​ខ្លូនី​ដើម្បី​យុត្តិធម៌ គូសបញ្ជាក់​ថា បទ​ញុះញង់​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ មាត្រា​៤៩៥ នោះ មិន​ត្រូវ​បាន​តាក់តែង ឬ​កំណត់​ឱ្យ​ជាក់លាក់​ឡើយ ដូច្នេះ​វា​រំលោភ​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​បាន​ទទួល​ស្គាល់ និង​សន្យា​អនុវត្ត​តាម​។ អង្គការ​អន្តរជាតិ​ដដែល​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន លុបចោល ឬ​យ៉ាងហោចណាស់​កែប្រែ​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​និង​ធានា​ថា ការចោទប្រកាន់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ចំពោះ​បទ​ញុះញង់​នេះ ត្រូវ​គោរព​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​។​

ឆ្លើយតប​នឹង​រឿង​នេះ ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា អ្នកធ្វើ​របាយការណ៍ ឬ​សេចក្តី​ថ្លែងការណ៍​នេះ មិនមែន​ជា​អ្នកឯកទេស​ដែល​យល់ដឹង​គ្រប់​ជ្រុងជ្រោយ​អំពី​បញ្ហា​កម្ពុជា ហើយ​អាច​ភ័ន្តច្រឡំ​ចំពោះ​ចំណុច​មួយ​ចំនួន​ដោយសារតែ​ការ​បកប្រែ​។ ដូច្នេះ​លោក​ថា រដ្ឋាភិបាល​មិន​ចាប់អារម្មណ៍​នឹង​ការ​លើកឡើង​ទាំង​នេះ​ទេ។

លោក ផៃ ស៊ីផាន អះអាង​ទៀត​ថា ច្បាប់​កម្ពុជា​ស្រប​ទៅ​តាម​របៀប​របប​សង្គម វប្បធម៌ និង​ស្ថានភាព​របស់​កម្ពុជា មិនមែន​ធ្វើតាម​ការ​ចង់​បាន​របស់​អន្តរជាតិ​នោះ​ឡើយ​។ លោក​បន្ថែម​ថា ទោះជា​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ដល់​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ក៏ដោយ ក៏​មិនមែន​មាន​ន័យ​ថា កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​លិខិត​បទដ្ឋាន​អន្តរជាតិ​ទាំងនោះ​ដែរ៖ «​បើ​យើង​និយាយ​ពី​កតិកា​(​សញ្ញា​)​អន្តរជាតិ អាហ្នឹង​គ្រាន់តែ​ជា​គោលការណ៍​មួយ​ដែល​យើង​គោរព​នឹង​គោលការណ៍​ហ្នឹង​ទេ មិនមែន​ឱ្យ​យើង​អនុវត្ត​តាម​គោលការណ៍​ហ្នឹង​ទេ​។ មើល​ឱ្យ​ច្បាស់​ទៅ​មើល មើល​ឱ្យ​ច្បាស់​ក្នុង​ការ​ចុះហត្ថលេខា​ផ្ដល់​សច្ចាប័ន មើល​ឱ្យ​ច្បាស់​បាន​យើង​អាច​និយាយ​បាន​។ កតិកាសញ្ញា​របស់​អន្តរជាតិ​ហ្នឹង គ្រាន់តែ​ជា​ការ​សម្រេចចិត្ត​មួយ ដើម្បី​កសាង​ទិសដៅ​ទៅដល់​ដូចគ្នា​តែ​អ៊ីចឹង​។ មិនមែន​អា​ហ្នឹង​ជា​ច្បាប់​ទេ​ណា ច្រឡំ​ហើយ។ ច្បាប់ គឺជា​ច្បាប់​មួយ​លើ​ទឹកដី​មួយ មាន​ដែន​សមត្ថកិច្ច​មួយ​ដែល​គេ​អនុវត្ត»។

ផ្ទុយ​ពី​ការ​បកស្រាយ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​អនុវត្ត​តាម​លិខិត​បទដ្ឋាន​អន្តរជាតិ​ទាំងឡាយ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ហើយ​ចំណុច​នេះ​មាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា៖ «​ច្បាប់​ដែល​ល្អ ខ្ញុំ​ទទួល​ស្គាល់​ហើយ​ថា វា​ត្រូវ​សិក្សា​តាំងពី​ទំនៀម​ទម្លាប់ ប្រពៃណី តាំងពី​វប្បធម៌ តាំងពី​ស្អី​របស់​ប្រទេស​នីមួយៗ ហើយ​ក្រៅពី​ហ្នឹង គឺ​គួបផ្សំ​ជាមួយ​នឹង​បទដ្ឋាន​អន្តរជាតិ​។ ទោះបីជា​ច្បាប់​ហ្នឹង​ជា​ច្បាប់​កម្ពុជា​ក៏ដោយ ហើយ​ការអនុវត្ត​នៅ​កម្ពុជា​មែន តែ​កុំភ្លេច​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​យើង​បាន​ផ្តល់​សច្ចាប័ន​ជាច្រើន​ទៅលើ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​។ អ៊ីចឹង ច្បាប់​ទាំងឡាយ​ដែល​ចែង​មក ទី​មួយ​ស្របតាម​រដ្ឋធម្មនុញ្ញ ទី​ពីរ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ដែល​យើង​បាន​ផ្តល់​សច្ចាប័ន​ហ្នឹង​»។

រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា កម្ពុជា​ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ។

អ្នកការពារ​សិទ្ធិ​មនុស្សលោក អំ សំអាត ជឿជាក់​ថា អង្គការ ឬ​អ្នក​ជំនាញ​អន្តរជាតិ បាន​ពិនិត្យ​យ៉ាង​ដិតដល់ និង​មាន​មូលដ្ឋាន​ច្បាស់លាស់ មុននឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា​។ លោក​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​ក៏​ពិនិត្យ​ឃើញ​អាជ្ញាធរ​ប្រើប្រាស់​បទ​ចោទ​ញុះញង់​នេះ ដើម្បី​បង្ក្រាប​លើ​សិទ្ធិ​សេរីភាពរ​របស់​ពល​រដ្ឋ​ដែរ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ធ្វើ​វិសោធនកម្ម​មាត្រា​ស្តីពី​បទ​ចោទ​ញុះញង់​នេះ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ៕

1 comment:

Anonymous said...

A National Assembly that contain only airhead's people.

They are useless.