Saturday 28 November 2020

សង្គម​ស៊ីវិល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ពួកគេ​​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ


Khmer Circle: So it's not the exilled opposition leaders who are behind all this "agitation" then?!

🔺🔺🔺

ដោយ ហេង រស្មី
2020-11-28
សាច់ញាតិ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០២០ ទាមទារ​ឱ្យ​ដោះលែង​សាច់​ញាតិ ១៧នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។
សាច់ញាតិ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០២០ ទាមទារ​ឱ្យ​ដោះលែង​សាច់​ញាតិ ១៧នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។
រូប៖ ពលរដ្ឋ



 

សង្គម​ស៊ីវិល និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា សង្គម​ស៊ីវិល​ជា​អ្នក​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ា។ ពួកគេ​យល់ថា ការ​លើក​ឡើង​នេះ គឺជា​ការ​គេចវេះ​មិន​ទទួលខុសត្រូវ​លើ​បញ្ហា​ដែល​កើត​ឡើង​លើ​ប្រជា​ពលរដ្ឋ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី​មួយ​ចំនួន​មាន​ក្រមសីលធម៌​ត្រឹមត្រូវ ហើយ​ពាក្យពេចន៍​ដែល​ពួកគេ​និយាយ​ប្រាប់​ពលរដ្ឋ គឺជា​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់ មិនមែន​ជា​ការ​ញុះញង់​ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នោះ​ទេ​។ លោក​ថា ការ​ថ្លែង​សារ​បែបនេះ គឺជា​ការ​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ការងារ ព្រោះ​ប្រសាសន៍​របស់​លោក ហ៊ុន សែន មាន​ឥទ្ធិពល​លើ​មន្ត្រី​មូលដ្ឋាន ដោយ​ពួកគេ​អាច​បន្ត​រឹត​បន្តឹង និង​តាមដាន​សកម្មភាព​របស់​មន្ត្រី​សង្គម​ស៊ីវិល​ជាដើម៖ «​ក្នុង​ក្រមព្រហ្មទណ្ឌ គឺ​បទ​ញុះញង់ គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ មានន័យថា យើង​ទៅ​ញុះញង់​ក្រុម​ណាមួយ​ឲ្យ​ទៅ​ធ្វើ​ខុសច្បាប់ ប៉ុន្តែ​បើសិនជា​យើង​ទៅ​អប់រំ​គាត់ ឲ្យ​គាត់​ចេះ​គោរព​ច្បាប់ ឲ្យ​គាត់​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរីភាព ខ្ញុំ​ថា អាហ្នឹង​មិនមែន​ជា​អំពើ​ញុះញង់​ទេ។ អាហ្នឹង​យល់ៗ​ច្រឡំ​គ្នា​កន្លែង​ហ្នឹងហើយ​ត្រង់​ហ្នឹង​ហើយ​បាទ​! ប្រហែល​ជា​អាច​មាន​ការ​ភ័ន្ត​ច្រឡំ​ត្រង់​ផង​ហ្នឹង»។


ការ​លើក​ឡើង​របស់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​នៅ​ពេល​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់​អង្គការ​ក្រៅរដ្ឋាភិបាល និង​មេធាវី​មួយ​ចំនួន​ថា បាន​ធ្វើ​សកម្មភាព​ញុះញង់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​។ លោក​បន្ត​ថា លោក​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ផ្ដល់​ជំនួយ​ផ្លូវច្បាប់ ឬ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ ជា​ជាង​ការ​ញុះញង់​ប្រជា​ពលរដ្ឋ៖ «មាន​អង្គការ​មួយ​ចំនួន និង​មេធាវី​ខ្លះ​ក៏​ឆ្លៀតឱកាស​រុញ​ឲ្យ​មាន​បាតុកម្ម​ផ្ទុះឡើង​។ យើង​លើកទឹកចិត្ត​ឲ្យ​ផ្តល់​ជំនួយ​ផ្លូវច្បាប់ ឬ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ តែ​យើង​មិន​លើកទឹកចិត្ត​ឲ្យ​អ្នកធ្វើ​សកម្មភាព​ញុះញង់ ដើម្បី​រុញ​ឲ្យ​ធ្វើបាតុកម្ម​នោះ​ទេ អ្នក​អាច​យល់​។ រឿង​ខ្លះ​រុញ​ពី​កំពង់សោម រុញ​ពី​កោះកុង រុញ​ពី​ក្រចេះ មិនមែន​យើង​មិន​ដឹង​ទេ»។

ក្រៅពី​លោក ហ៊ុន សែន អាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​តែងតែ​រារាំង រុញច្រាន និង​គំរាមកំហែង​ក្រុម​ស្ត្រី​តវ៉ា​ថ្ងៃ​សុក្រ ក៏បាន​ចោទ​ចំៗ​ទៅ​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក និង​អង្គការ​សហប្រជាជាតិ​ខាង​ផ្នែក​សិទ្ធិមនុស្ស (UN) ដែល​ទៅ​ឃ្លាំមើល​ការ​តវ៉ា​នោះ​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ជា​អ្នក​សម្របសម្រួល ឲ្យ​ក្រុម​ស្ត្រី​ឡើង​មក​តវ៉ា​ផង​ដែរ។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ ប្រពន្ធ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ គឺ​ចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ផ្ទាល់​ដោយ​ការ​រំលោភបំពាន​សិទ្ធិ​សេរីភាព និង​រឿង​អយុត្តិធម៌​ផ្សេងៗ​លើ​គ្រួសារ​របស់​ពួកគេ ដោយ​មិន​ពាក់ព័ន្ធ​នឹង​អង្គការក្រៅរដ្ឋាភិបាល​នោះ​ទេ​។ លោកស្រី​បន្ត​ថា ក្រុម​សង្គម​ស៊ីវិល​គ្រាន់តែ​ជា​អ្នកឃ្លាំមើល​ការ​តវ៉ា​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​។ លោកស្រី​ស្នើ​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​ទម្លាក់​កំហុស​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌​វិញ​ប្រសើរ​ជាង៖ «ចោទប្រកាន់​លើ​សង្គម​ស៊ីវិល​ម៉េច​កើត រាល់ថ្ងៃ​ខ្ញុំ​បាន​ពួកគាត់​ហ្នឹង​តើ គាត់​គ្មាន​នៅ​ពីក្រោយ​ខ្នង​ពួក​ខ្ញុំ​ទេ និយាយ​រួម​អត់​ទាំងអស់​ហ្មង ហើយ​ចោទប្រកាន់​លើ​ពួកគាត់​​អ៊ីចឹង​ខុស​ហើយ ខ្ញុំ​អត់​ទទួលស្គាល់​ទេ ព្រោះ​ពួកគាត់​ដែល​បាន​ឃ្លាំមើល​ពួក​ខ្ញុំ តាមដាន​ពួក​ខ្ញុំ​នេះ គាត់​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង ខ្ញុំ​គ្មាន​ទៅ​សុំ​ជំនួយ​ពី​គាត់ ហើយក៏​មិនដែល​ផ្ដល់​ប្រឹក្សា​អី​មក​ឲ្យ​ពួក​ខ្ញុំ​ដែរ ខ្ញុំ​ចង់​និយាយ​អ៊ីចឹង​។ គឺ​ខ្ញុំ​ធ្វើ​សុទ្ធចិត្ត គឺ​ដូចៗ​ថា ខ្ញុំ​ធ្វើ​គឺ​ឆន្ទៈ​ពួក​ខ្ញុំ ព្រោះ​ធម្មតា​អូន បាត់​ប្តី រង​អំពើ​អយុត្តិធម៌​។ រាល់ថ្ងៃ​មាន​ហ្នឹង​ស្អី ឥឡូវនេះ បើ​យើង​មិន​ទៅ​ស្រែក មិន​ទៅ​ទាមទារ​សួរថា បាន​អី​មកវិញ​។ ខ្ញុំ​ត្រូវតែ​ធ្វើ​ព្រោះ​រាល់ថ្ងៃ​ឆ្នាំងបាយ​របស់ខ្ញុំ​បោក​ហើយ បែក​អស់ហើយ អ៊ីចឹង​បើ​ខ្ញុំ​មិន​ធ្វើ ខ្ញុំ​នៅផ្ទះ​ម៉េច​កើត​?»។

កន្លង​មក ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) សមាគម​អាដហុក (ADHOC) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center) ធ្លាប់​បាន​ចេញផ្សាយ​របាយការណ៍​ឃ្លាំមើល​សិទ្ធិមនុស្ស រួមគ្នា ដោយ​រក​ឃើញ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ នៅតែ​គាបសង្កត់ រឹតត្បិត បំភិតបំភ័យ​ធ្ងន់ធ្ងរ លើ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ពលរដ្ឋ​ទូទៅ​។ ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ទង្វើ​រំលោភបំពាន​ទាំងនេះ និង​គោរព​សិទ្ធិ​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ៕

1 comment:

Anonymous said...

Sar Kheng is behind it. Sar Kheng has been secretly helping Sam Rainsy, but lately no dignitary has talked to Sam Rainsy, so Sar Kheng must act alone now.