Saturday 28 November 2020

ក្រុម​យុវជន​ស្នើ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ទីតាំង​ដែល​អាជ្ញាធរ​ថា វៀតណាម​រុះរើ​តង់​ពី​តាម​ព្រំដែន


ដោយ ឡេង ម៉ាលី
2020-11-27
អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ។
អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ។
រូប​ហ្វេសប៊ុក



អាជ្ញាធរ​ខេត្ត​ចំនួន ២ ជាប់​ព្រំដែន​កម្ពុជា និង​វៀតណាម​អះអាង​ថា ភាគី​វៀតណាម​បាន​រុះរើ​តង់ និង​សំណង់​រឹង​ចេញពី​តំបន់​ព្រំដែន​ជាប់​ខេត្ត​ទាំងនេះ​អស់​ហើយ បន្ទាប់​ពី​មានការ​សន្ទនា​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ តាម​វីដេអូ កាលពី​ថ្ងៃ​ទី២៤ វិច្ឆិកា​។ ប៉ុន្តែ ក្រុម​យុវជន និង​គណបក្សប្រឆាំង ស្នើ​ឱ្យ​រដ្ឋាភិបាល អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចុះ​ពិនិត្យ​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ទាំង​នោះ។

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​អះអាង​ថា ភាគី​វៀតណាម​បាន​រុះរើ​តង់​ចំនួន ៩ ចេញពី​តំបន់​ព្រំដែន​នៃ​ស្រុក​ចន្ទ្រា ដែល​មិនទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​អស់​ហើយ​។ អ្នកនាំពាក្យ​សាលាខេត្ត​ស្វាយរៀង លោក រស់ សុផារិទ្ធិ ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ថា តង់​ទាំងនោះ​គឺ​យោធា​វៀតណាម​បាន​សង់​ឡើង ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល ជំងឺ​កូវីដ១៩ ហើយ​ការសាងសង់​នោះ​មិន​ប៉ះពាល់​ដល់ ការ​បង្ក​បង្កើន​ផល​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន​នោះ​ទេ៖ «អា​ហ្នឹង​គេ​បាន​រុះរើ​តាម​ការ​ស្នើសុំ​របស់​យើង​ហើយ គេ​មិន​បាន​ធ្វើ​សំណង់​រឹង បៃ​តុង​អី​ទេ គេ​គ្រាន់តែ​បោះតង់ ក្រោម​ហេតុផល​ការពារ​ជំងឺ​កូវីដ១៩ ព្រោះ​យើង​អាស្រ័យ​ផល។ យើង​មិន​អាច​ឱ្យ​វៀតណាម​មក​បោះតង់ នៅ​កន្លែង​ដែល​យើង​អាស្រ័យ​ផល​ហ្នឹង​បានទេ​។ ដរាបណា​កន្លែង​ហ្នឹង មិន​ទាន់​មាន​ការ​បោះបង្គោល​ព្រំដែន យើង​រក្សា​ស្ថានភាព​នៅ​ដដែល»។


ចំណែក អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ វិញ បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា​ថា ភាគី​វៀតណាម​បាន​រុះរើ​ង​តង់ និង​សំណង់​រឹង ចំនួន ២៦ កន្លែង​ចេញពី​តំបន់​ព្រំដែន​នៃ​ខេត្ត​កណ្តាល​អស់ហើយ​។ លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា រួម​ទាំង​រូបលោក​ផង បាន​ចុះទៅ​ត្រួត​ពិនិត្យ​មើល​ការ​រុះរើ​តង់​ទាំងនោះ​ជាក់ស្ដែង។

ដោយឡែក ខេត្ត​មួយ​ចំនួន​ទៀត​ដែល​មាន​ករណី​វៀតណាម​បោះតង់​នៅ​ក្បែរ​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា​ដែរ​នោះ អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ ដូចជា អភិបាល​ខេត្ត​កំពត លោក ជាវ តាយ និង​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ជាដើម ដោយ​ពួក​លោក​មិន​លើក​ទូរស័ព្ទ​ទេ​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា។

កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​អាស៊ីសេរី​ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧​កន្លែង នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៃ​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

អាជ្ញាធរ​ខ្មែរ​អះអាង​ថា ការ​រុះរើ​តង់​ទាំងនេះ បន្ទាប់ពី​មាន​ការ​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ រវាង​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ង្វៀង សួនហ្វុក (Nguyen Suon Phok) នាយករដ្ឋមន្ត្រី​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។ មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​បង្ហាញ​មោទនភាព ចំពោះ​សមិទ្ធផល​ទាក់ទង​នឹង​កិច្ចការ​ព្រំដែន ដូចជា ការ​ផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ភាគី​កម្ពុជា និង​វៀតណាម ហើយ​និង​ការ​ឯកភាព លើ​ពិធីសារ​ទទួលស្គាល់​ខណ្ឌ​សីមា និង​ការ​បោះ​បង្គោល​ព្រំដែន​សម្រេច​បាន ៨៤​ភាគរយ​។ បន្ថែម​ពី​នេះ ភាគី​ប្រទេស​ទាំងពីរ ប្ដេជ្ញា​ដោះស្រាយ ការកំណត់​បង្គោល​ព្រំដែន​ដែល​នៅសល់​ចំនួន ១៦​ភាគរយ ឱ្យ​រួចរាល់ និង​ប្រែក្លាយ​តំបន់​ព្រំដែន ឱ្យ​ទៅ​ជា​តំបន់​សន្តិភាព អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ។

ទោះជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​រស់នៅ​កៀក​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ លោក ជា វីរៈ ប្រាប់​អាស៊ីសេរី​ថា វៀតណាម​មិន​ទាន់​រុះរើ​តង់ និង​សំណង់​រឹង ចេញ​ពី​តំបន់​ព្រំដែន​ជាប់​ស្រុក​មេមត់​នៅ​ឡើយ​ទេ។ លោក​ថា ក្នុង​ចន្លោះ​ឃុំ​ចំនួន ៣ នៃ​ស្រុក​មេមត់​មាន​តង់ និង​សំណង់​រឹង​ជិត ១០​កន្លែង ដែល​គេ​បោះ​ក្នុង​ចន្លោះ​បង្គោល​ព្រំដែន លេខ ៨៥ រហូតដល់​បង្គោល​ព្រំដែន​លេខ ៩៥៖ «ខ្ញុំ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​យួន​ហ្នឹង ដក​តង់​ហ្នឹង រើចេញ​ឱ្យ​អស់​ទៅ តាម​បណ្ដោយ​ព្រំដែន​ហ្នឹង​ហើយ»។

ចំណែក សមាជិក​ក្រុមការងារ ១០០​រាត្រី លោក ឃីម សុខុម នៅ​មិនទាន់​ជឿ​ថា វៀតណាម​រុះរើ​តង់ និង​សំណង់​រឹង​ចេញពី​តំបន់​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល​អស់​នោះ​ទេ ព្រោះ​អាជ្ញាធរ​នៅតែ​រឹតត្បិត​មិន​ឱ្យ​ពួក​លោក ចុះ​ពិនិត្យ​រឿង​នេះ​ជាក់ស្ដែង​។ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ យុវជន និង​អង្គការ​សង្គម​ស៊ីវិល ចុះ​ពិនិត្យ​ករណី​នេះ ឱ្យ​បាន​ទូលំទូលាយ ដោយ​កុំ​រឹតត្បិត គំរាមកំហែង និង​ចាប់​ចង​ពលរដ្ឋ​៖ «យើង​ឃើញ​ថា កន្លងមក​អត់​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​ទៅ​មើល​បង្គោល​ព្រំដែន​ទេ គ្រាន់​ក្នុង​ការ​និយាយ​រឿង​ព្រំដែន​ហ្នឹង​ទេ អាហ្នឹង​ជា​កំហុស​មួយ​ដ៏​ធ្ងន់»។

ដោយឡែក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​កំពុង​រស់នៅ​និរទេស​នៅ​សហរដ្ឋអាមេរិក គាំទ្រ​ចំពោះ​ការ​រុះរើ​តង់ និង​សំណង់​រឹង របស់​យោធា​វៀតណាម ក្នុង​តំបន់​ព្រំដែន​ជាប់​ខេត្ត​កណ្ដាល ក៏ប៉ុន្តែ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ភាគី​វៀតណាម ត្រូវ​រុះរើ​តង់ និង​សំណង​រឹង​ចេញពី​តំបន់​ព្រំដែន​នៃ​ខេត្ត ដែល​នៅ​ជាប់​ប្រទេស​វៀតណាម​ទាំងអស់​។ លោក​ទទូច​ជា​ថ្មី​ទៀត ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ភាគី​វៀតណាម ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​លុបចោល​សន្ធិសញ្ញា​បំពេញ​​​​​​​​បន្ថែម​ទាំងឡាយ​​​​​​​​​​​​​​​​​​​​​​​​​ណា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ៕

No comments: