Thursday 5 November 2020

លោក ហ៊ុន សែន ត្រូវ​​ក្រុង​ក្នុង​ផ្ទះ ១៤​ថ្ងៃ ក្រោយ​ជួប​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ដែល​ផ្ទុក​កូវីដ១៩


ដោយ មួង ណារ៉េត
2020-11-05
លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ) ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ី​យ៉ា​តូ (Peter Szijjarto) នា​វិមានសន្តិភាព កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ) ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ី​យ៉ា​តូ (Peter Szijjarto) នា​វិមានសន្តិភាព កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ២០២០។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក ចំនួន ១៤​ថ្ងៃ ក្រោយ​ជួប​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី (Hungary) ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩។

​អ្នកឃ្លាំមើល​សង្គម ថា​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ភាព​ធ្វេសប្រហែស និង​បំពាន​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដែល​អាច​នាំ​ហានិភ័យ​ដល់​សុខភាព​សាធារណៈ។

អ្នកឃ្លាំមើល​សង្គម​លោក​បណ្ឌិត សេង សារី ថា ការណ៍​ដែល​មន្ត្រី​ជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​កម្ពុជា ប្រព្រឹត្ត​រំលង​គោលការណ៍​សុវត្ថិភាព និង​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ជំនួប​ជាមួយ​​រដ្ឋមន្ត្រីការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ី​យ៉ា​តូ (Peter Szijjarto) ក្នុង​ពេល​ដែល​ពិភពលោក កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​-១៩​នេះ មិន​ត្រឹមតែ​ជា​ការ​ធ្វេសប្រហែស និង​បំពាន​ប៉ុណ្ណោះ​ទេ តែ​ជា​គំរូ​អាក្រក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ថែម​ទៀត​ផង៖ «វា​ជា​ការ​បំពាន​ទៅលើ​លក្ខខណ្ឌ​របស់​ក្រសួង​សុខាភិបាល ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ខ្លួនឯង​! វា​ធ្វើជា​គំរូ​មួយ ដែល​បង្ហាញ​ថា ខ្លួនឯង ជា​អ្នក​ដាក់​លក្ខខណ្ឌ ឲ្យ​ពលរដ្ឋ​គោរព​ទៅ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ប៉ុន្តែ​ខ្លួន​ឯង​បែរជា​បំពាន​គោលការណ៍​ខ្លួនឯង​ទៅ​វិញ។ ទោះបីជា​យ៉ាងណាក៏ដោយ នេះ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែរ ដែល​កើតឡើង ហើយ​បើ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ទៅដល់​សុខភាព​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ហ្នឹង វា​ជា​រឿង​ដ៏​សោកស្ដាយ​សម្រាប់​យើង​ក្នុង​នាម​ជា​ពលរដ្ឋ»។


ក្រសួង​សុខាភិបាល ដាស់​តឿន និង​ក្រើន​រម្លឹក​ជាប្រចាំ ថា​ជំងឺ​កូវីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​ជាប់​ជានិច្ច​។ ក្រសួង​សូម​ពលរដ្ឋ​ទាំងអស់ ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេសជិតខាង​កម្ពុជា និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវីដ​-១៩ ដ៏​ខ្លាំងក្លា​នៅ​ឡើយ​។ ជា​គោលការណ៍ ដើម្បី​រក្សា​គម្លាត​បុគ្គល ក្រសួង​ស្នើ​ឲ្យ​អង្គុយ ឈរ​រង់ចាំ ឈរ​ជជែក ត្រូវ​រក្សា​គម្លាត​ពី​គ្នា និង​ត្រូវ​បន្ត​ពាក់​ម៉ាស់ នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែល ដើម្បី​សម្លាប់​មេរោគ។

លោក ហ៊ុន សែន ដែល​ត្រូវ​បាន​អ្នកកាសែត​ចិន ឲ្យ​រហស្សនាម​ថា ជា​បុរស​សង្ហា​ដើរ​បញ្ច្រាស​ទិស និង​ពី​ដំបូងៗ ធ្លាប់​ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ខ្លាច​ជំងឺ​កូ​វីដ​-១៩ និង​មិន​ចាំបាច់​ពាក់​ម៉ាស់​នោះ ក្រោយមក ក៏​ងាក​មក​ធ្វើជា​ផ្ញើ​សារ​តាម​ហ្វេសប៊ុក ប្រាប់​ពលរដ្ឋ​ជារឿយៗ ឲ្យ​គោរព​គោលការណ៍​ណែនាំ អំពី​សុវត្ថិភាព របស់​ក្រសួងសុខាភិបាល​។ ប៉ុន្តែ​ខ្លួន​លោក​ផ្ទាល់ និង​មន្ត្រី​ហែហម​លោក​ជាច្រើន មិន​អនុវត្ត​តាម​គោលការណ៍​នេះ​ទេ ដោយ​មិន​ដែល​ពាក់​ម៉ាស់ ពេល​ជួប​មន្ត្រី​បរទេស និង​ពេល​ចុះ​ជួប​ប្រជា​ពលរដ្ឋ​តាម​ខេត្ត។

ជា​ឧទាហរណ៍​ជាក់ស្ដែង កាល​ពី​ពេល​ជួប​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី កាលពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​នោះ លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​របស់​លោក មិន​ពាក់​ម៉ាស់​ទេ ស្រប​ពេល​ដែល​មន្ត្រី​ប្រតិភូ​ហុងគ្រី​ពាក់​ម៉ាស់​ទាំងអស់ អត់​តែ​លោក​រដ្ឋមន្ត្រីការបរទេស ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto)។

នៅ​ថ្ងៃ​ដដែល ក្រោយ​គណៈប្រតិភូ​ហុងគ្រី ចាក​ចេញពី​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ អាជ្ញាធរ​ថៃ​បាន​ធ្វើ​តេស្ត​រក​ឃើញ រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​រូប​នោះ មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ តែ​មន្ត្រី​ហុងគ្រី ១២ នាក់​ទៀត ដែល​អម​ដំណើរ​ជាមួយ មិន​មាន​ផ្ទុក​ជំងឺ​នេះ​ទេ។

ដោយសារ​ការ​ធ្វេស​ប្រហែស និង​បំពាន​គោលការណ៍​ក្រសួងសុខាភិបាល​នេះ លោក ហ៊ុន សែន ភរិយា​របស់​លោក ក្រុម​អង្គរក្ស និង​អ្នកបើកបរ​សរុប​ចំនួន ១៨ នាក់ ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ រង់ចាំ​ការ​តាមដាន​សុខភាព​បន្ត។

ដោយឡែក​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និង​ក្រសួង​ធនធាន​ទឹក ដែល​សុទ្ធតែ​បាន​ជួប និង​ចាប់ដៃ​ជាមួយ​មន្ត្រី​បរទេស​នោះ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ សម្រេច​ឲ្យ​ធ្វើ​ចត្តាឡីស័ក តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល។

ឯ​ក្រសួង​អប់រំ​ឯណោះ ក៏​ប្រញាប់​ចេញ​សេចក្តី​អំពាវនាវ​ដល់​គ្រឹះស្ថានសិក្សា​ណា ដែល​មាន​បុគ្គលិក​បាន​ចូលរួម និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​នឹង​គណៈប្រតិភូ​ហុងគ្រី​នេះ ដោយ​ឲ្យ​ត្រូវ​ផ្អាក​ដំណើរការ​សិក្សា​រយៈពេល ១៤ ថ្ងៃ ស្រប​ពេល​ដែល​អ្នក​ប៉ះពាល់​ផ្ទាល់ ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​ដែរ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ អំពី​មូលហេតុ​អ្វី ដែល​នាំ​ឲ្យ​ក្រសួង ចេញ​សេចក្តី​អំពាវនាវ​បែបនេះ បើ​នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា មិន​មាន​សេចក្ដី​រាយការណ៍​ណាមួយ ថា ប្រតិភូ​ហុងគ្រី បាន​ជួប​មន្ត្រី​ក្រសួង​អប់រំ​ណា​ម្នាក់​នោះ​ឡើយ។

អ្នកឃ្លាំមើល​សង្គម​ថា ហានិភ័យ​បែបនេះ គេ​អាច​បញ្ចៀស​បាន ដោយ​គ្រាន់តែ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល រាល់​ពេល​ជួប​មន្ត្រី​បរទេស​បែប​នេះ។

កន្លងមក​លោក ហ៊ុន សែន រង​ការរិះគន់ ថា​ធ្វើ​ផ្គើន​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ​-១៩ ដូចជា​ព្រម​ឲ្យ​កប៉ាល់​ទេសចរ​បរទេស ដែល​ដឹក​មនុស្ស​ជាង ២​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ និង​ដឹក​ភ្ញៀវ​តាម​រថយន្ត ដើរលេង​ទៀត​ផង នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់ មិន​ហ៊ាន​ឲ្យ​កប៉ាល់​នោះ ចូល​ចត​ប្រទេស​គេ​ទេ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩។ ក្រោយ​មក​លោក ហ៊ុន សែន បាន​ព្រមាន​បណ្ដេញ​អ្នកណា​ហ៊ាន​ពាក់​ម៉ាស់ ចូល​ក្នុង​សាលសន្និសីទ៖ «នែ៎​! នៅ​ក្នុង​ហ្នឹង បើ​សិន​មាន​នរណា​មួយ​ពាក់​ម៉ាស់ ខ្ញុំ​ដេញចេញ​! មក​ពាក់​ម៉ាស់​ស្អី នៅ​ក្នុង​កន្លែង​នេះ​? នេះ​អត់​មាន​អ្នកណា​ពាក់​ម៉ាស់​ទេ បើសិនជា​ពាក់​ម៉ាស់​ខ្ញុំ​ដេញចេញ​។ អត់​ឲ្យ​នៅ​ហ្នឹង​ទេ​! អ្ហែង​ទៅ​ស៊ី​ជាមួយ​ម៉ាស់ ទៅ​នៅ​ជាមួយ​ម៉ាស់​ទៅ​! ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា​! វា​ឆ្ងល់​រឿង​កន្លែង​ហ្នឹង​! អត់​ទាន់​ងាប់​ម្នាក់​ផង»។

គេ​នៅចាំ​មើល​ថា តើ​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក នឹង​អាច​រួច​ផុត​ពី​ការ​ឆ្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ ដែល​សម្លាប់​មនុស្ស​ជាង ១​លាន ២​សែន​នាក់ (១ ២១៧ ៧៤៥ នាក់ គិត​ត្រឹម​ថ្ងៃ​ទី ០៤ ខែ វិច្ឆិកា​) នៅ​លើ​ពិភពលោក​នេះ ដែរ​ឬ​យ៉ាងណា​? យ៉ាងហោចណាស់ គេ​ត្រូវ​រង់ចាំ​រហូតដល់ ១៤​ថ្ងៃ​ទៀត​ដែរ៕

2 comments:

Anonymous said...

When Ah Prett Hun Sen said the test was negative that means it was positive.

Likewise when he said one of the CNRP's members was a traitor that means Ah Hun Sen was Khmer traitor.

Just the opposite of what Ah Prett Hun Sen said.

Anonymous said...

In Cambodia, only people traveled from abroad would be tested positive.

As soon as you have landed in Cambodia's airport, your chance of being tested positive is almost 100%. For every foreigner tested positive, the Cambodian government will stand to make thousands of dollars.

The other objective for this scam is, Hun Sen can blame on foreigners for his country's COVID-19 infection. It's a stone that can kill two birds.