ដោយ មួង ណារ៉េត
2020-11-05
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto) នាវិមានសន្តិភាព កាលពីថ្ងៃទី៣ ខែវិច្ឆិកា ២០២០។
រូបពីហ្វេសប៊ុក លោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក កំពុងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ ក្រោយជួបរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី (Hungary) ដែលមានផ្ទុកជំងឺកូវីដ-១៩។
អ្នកឃ្លាំមើលសង្គម ថាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បង្ហាញភាពធ្វេសប្រហែស និងបំពានគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលអាចនាំហានិភ័យដល់សុខភាពសាធារណៈ។
អ្នកឃ្លាំមើលសង្គមលោកបណ្ឌិត សេង សារី ថា ការណ៍ដែលមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តរំលងគោលការណ៍សុវត្ថិភាព និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto) ក្នុងពេលដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩នេះ មិនត្រឹមតែជាការធ្វេសប្រហែស និងបំពានប៉ុណ្ណោះទេ តែជាគំរូអាក្រក់ដល់ប្រជាពលរដ្ឋខ្មែរទូទៅថែមទៀតផង៖ «វាជាការបំពានទៅលើលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល ដែលជាសេនាធិការរបស់រដ្ឋាភិបាលខ្លួនឯង! វាធ្វើជាគំរូមួយ ដែលបង្ហាញថា ខ្លួនឯង ជាអ្នកដាក់លក្ខខណ្ឌ ឲ្យពលរដ្ឋគោរពទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ប៉ុន្តែខ្លួនឯងបែរជាបំពានគោលការណ៍ខ្លួនឯងទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ នេះជារឿងគួរឲ្យសោកស្ដាយដែរ ដែលកើតឡើង ហើយបើមានផលប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់សុខភាពរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហ្នឹង វាជារឿងដ៏សោកស្ដាយសម្រាប់យើងក្នុងនាមជាពលរដ្ឋ»។
ក្រសួងសុខាភិបាល ដាស់តឿន និងក្រើនរម្លឹកជាប្រចាំ ថាជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងជាប់ជានិច្ច។ ក្រសួងសូមពលរដ្ឋទាំងអស់ ប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ។ ជាគោលការណ៍ ដើម្បីរក្សាគម្លាតបុគ្គល ក្រសួងស្នើឲ្យអង្គុយ ឈររង់ចាំ ឈរជជែក ត្រូវរក្សាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគ។
លោក ហ៊ុន សែន ដែលត្រូវបានអ្នកកាសែតចិន ឲ្យរហស្សនាមថា ជាបុរសសង្ហាដើរបញ្ច្រាសទិស និងពីដំបូងៗ ធ្លាប់ប្រាប់ពលរដ្ឋខ្មែរកុំឲ្យខ្លាចជំងឺកូវីដ-១៩ និងមិនចាំបាច់ពាក់ម៉ាស់នោះ ក្រោយមក ក៏ងាកមកធ្វើជាផ្ញើសារតាមហ្វេសប៊ុក ប្រាប់ពលរដ្ឋជារឿយៗ ឲ្យគោរពគោលការណ៍ណែនាំ អំពីសុវត្ថិភាព របស់ក្រសួងសុខាភិបាល។ ប៉ុន្តែខ្លួនលោកផ្ទាល់ និងមន្ត្រីហែហមលោកជាច្រើន មិនអនុវត្តតាមគោលការណ៍នេះទេ ដោយមិនដែលពាក់ម៉ាស់ ពេលជួបមន្ត្រីបរទេស និងពេលចុះជួបប្រជាពលរដ្ឋតាមខេត្ត។
ជាឧទាហរណ៍ជាក់ស្ដែង កាលពីពេលជួបរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី៣ ខែវិច្ឆិកានោះ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរបស់លោក មិនពាក់ម៉ាស់ទេ ស្របពេលដែលមន្ត្រីប្រតិភូហុងគ្រីពាក់ម៉ាស់ទាំងអស់ អត់តែលោករដ្ឋមន្ត្រីការបរទេស ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto)។
នៅថ្ងៃដដែល ក្រោយគណៈប្រតិភូហុងគ្រី ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ អាជ្ញាធរថៃបានធ្វើតេស្តរកឃើញ រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនោះ មានផ្ទុកជំងឺកូវីដ-១៩ តែមន្ត្រីហុងគ្រី ១២ នាក់ទៀត ដែលអមដំណើរជាមួយ មិនមានផ្ទុកជំងឺនេះទេ។
ដោយសារការធ្វេសប្រហែស និងបំពានគោលការណ៍ក្រសួងសុខាភិបាលនេះ លោក ហ៊ុន សែន ភរិយារបស់លោក ក្រុមអង្គរក្ស និងអ្នកបើកបរសរុបចំនួន ១៨ នាក់ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ រង់ចាំការតាមដានសុខភាពបន្ត។
ដោយឡែករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងធនធានទឹក ដែលសុទ្ធតែបានជួប និងចាប់ដៃជាមួយមន្ត្រីបរទេសនោះ ត្រូវបានរបបក្រុងភ្នំពេញ សម្រេចឲ្យធ្វើចត្តាឡីស័ក តាមការកំណត់របស់ក្រសួងសុខាភិបាល។
ឯក្រសួងអប់រំឯណោះ ក៏ប្រញាប់ចេញសេចក្តីអំពាវនាវដល់គ្រឹះស្ថានសិក្សាណា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូហុងគ្រីនេះ ដោយឲ្យត្រូវផ្អាកដំណើរការសិក្សារយៈពេល ១៤ ថ្ងៃ ស្របពេលដែលអ្នកប៉ះពាល់ផ្ទាល់ ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃដែរ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងអប់រំ អំពីមូលហេតុអ្វី ដែលនាំឲ្យក្រសួង ចេញសេចក្តីអំពាវនាវបែបនេះ បើនៅក្នុងជំនួបកាលពីថ្ងៃទី៣ ខែវិច្ឆិកា មិនមានសេចក្ដីរាយការណ៍ណាមួយ ថា ប្រតិភូហុងគ្រី បានជួបមន្ត្រីក្រសួងអប់រំណាម្នាក់នោះឡើយ។
អ្នកឃ្លាំមើលសង្គមថា ហានិភ័យបែបនេះ គេអាចបញ្ចៀសបាន ដោយគ្រាន់តែថ្នាក់ដឹកនាំរដ្ឋាភិបាល គោរពឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍របស់ក្រសួងសុខាភិបាល រាល់ពេលជួបមន្ត្រីបរទេសបែបនេះ។
កន្លងមកលោក ហ៊ុន សែន រងការរិះគន់ ថាធ្វើផ្គើនក្នុងស្ថានភាពជំងឺកូវីដ-១៩ ដូចជាព្រមឲ្យកប៉ាល់ទេសចរបរទេស ដែលដឹកមនុស្សជាង ២ពាន់នាក់ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ និងដឹកភ្ញៀវតាមរថយន្ត ដើរលេងទៀតផង នៅពេលដែលប្រទេសជិតខាង និងក្នុងតំបន់ មិនហ៊ានឲ្យកប៉ាល់នោះ ចូលចតប្រទេសគេទេ ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩។ ក្រោយមកលោក ហ៊ុន សែន បានព្រមានបណ្ដេញអ្នកណាហ៊ានពាក់ម៉ាស់ ចូលក្នុងសាលសន្និសីទ៖ «នែ៎! នៅក្នុងហ្នឹង បើសិនមាននរណាមួយពាក់ម៉ាស់ ខ្ញុំដេញចេញ! មកពាក់ម៉ាស់ស្អី នៅក្នុងកន្លែងនេះ? នេះអត់មានអ្នកណាពាក់ម៉ាស់ទេ បើសិនជាពាក់ម៉ាស់ខ្ញុំដេញចេញ។ អត់ឲ្យនៅហ្នឹងទេ! អ្ហែងទៅស៊ីជាមួយម៉ាស់ ទៅនៅជាមួយម៉ាស់ទៅ! ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា! វាឆ្ងល់រឿងកន្លែងហ្នឹង! អត់ទាន់ងាប់ម្នាក់ផង»។
គេនៅចាំមើលថា តើលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃរបបលោក នឹងអាចរួចផុតពីការឆ្លងនៃជំងឺដ៏កាចសាហាវ ដែលសម្លាប់មនុស្សជាង ១លាន ២សែននាក់ (១ ២១៧ ៧៤៥ នាក់ គិតត្រឹមថ្ងៃទី ០៤ ខែ វិច្ឆិកា) នៅលើពិភពលោកនេះ ដែរឬយ៉ាងណា? យ៉ាងហោចណាស់ គេត្រូវរង់ចាំរហូតដល់ ១៤ថ្ងៃទៀតដែរ៕
2 comments:
When Ah Prett Hun Sen said the test was negative that means it was positive.
Likewise when he said one of the CNRP's members was a traitor that means Ah Hun Sen was Khmer traitor.
Just the opposite of what Ah Prett Hun Sen said.
In Cambodia, only people traveled from abroad would be tested positive.
As soon as you have landed in Cambodia's airport, your chance of being tested positive is almost 100%. For every foreigner tested positive, the Cambodian government will stand to make thousands of dollars.
The other objective for this scam is, Hun Sen can blame on foreigners for his country's COVID-19 infection. It's a stone that can kill two birds.
Post a Comment