Friday 27 November 2020


ដោយ ទីន ហ្សាការីយ៉ា
2020-11-25
អ្នកសារព័ត៌មាន​ពី​ស្ថាប័ន​នានា ចូលរួម​​ពិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​លើក​ទី៤ នៅថ្ងៃទី១៤ ខែ​មករា។
អ្នកសារព័ត៌មាន​ពី​ស្ថាប័ន​នានា ចូលរួម​​ពិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​លើក​ទី៤ នៅថ្ងៃទី១៤ ខែ​មករា។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


 

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន សម្ដែង​ការ​ខឹង​សម្បារ​ចំពោះ​អ្នកសារព័ត៌មាន​មួយ​ចំនួន​ដែល​ស្រង់​សម្ភី​លោក​ដោយ​ដុំៗ ដែល​លោក​ថា ធ្វើ​ឱ្យ​បាត់​ខ្លឹមសារ​ដើម​។ លោក​ថា លោក​ត្រូវ​ប្រើ​វិធានការ​ច្បាប់​ដើម្បី​ចាត់ការ​អ្នកសារព័ត៌មាន​ទាំងនោះ​។ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​ថា នេះ​ជា​សារ​គំរាមកំហែង​ថ្មី​មួយទៀត​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​២៥ តុលា​ថា លោក​មិន​ពេញចិត្ត​ឡើយ​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ច្បិច​យក​ចំណុច​ខ្លី​ណាមួយ​នៃ​សុន្ទរកថា​របស់​លោក យក​មក​ចុះផ្សាយ ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​។ លោក​ចង់​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ចាក់​ផ្សាយ​សម្ដី​របស់​លោក​ឱ្យ​បាន​ពេញលេញ ដោយ​មិន​ត្រូវ​កាត់​ច្រៀក​សម្ដី​ទាំង​នោះ​ឡើយ​។ លោក​អះអាង​ថា មាន​ករណី​ខ្លះ លោក​ត្រូវតែ​ប្តឹង​អ្នកសារព័ត៌មាន​ដែល​ស្រង់​សម្ដី​លោក​ដោយ​ខ្លី​យក​ទៅ​ផ្សាយ​។ ជា​ឧទាហរណ៍ អ្នកសារព័ត៌មាន​អនឡាញ​ម្នាក់​ដែល​យក​សម្ដី​លោក​ទៅ​បង្ហោះ​លើ​ហ្វេសប៊ុក ទាក់ទង​នឹង​រឿង​ឱ្យ​អ្នក​រត់​ម៉ូតូឌុប​លក់​ម៉ូតូ​ចាយ បើ​ក្ស័យធន​ក្នុង​ពេល​វិបត្តិ​កូវីដ​-១៩ នោះ​ជាដើម៖ «​កន្លែង​ខ្លះ ខ្ញុំ​ក៏​ត្រូវ​ប្តឹង​ដែរ សម្ដី​របស់ខ្ញុំ​ម៉ា​គគោក ម៉េច​ក៏​មិន​យក​ទៅ​បង្ហោះ ទៅ​បង្ហោះ​អ្វី​អា​សារ​តែមួយ​ដុំ​ហ្នឹង​? ខ្ញុំ​ត្រូវ​ប្ដឹង​ដែរ ព្រោះ​រឿង​ហ្នឹង​មិនមែន​រឿង​ធម្មតា​ពេក។ វា​រឿង​បង្កើត​ទៅជា​ការ​ញុះញង់ បង្កើត​ឱ្យ​មាន​ចលាចល​។ សម្ដី​របស់ខ្ញុំ​មិន​អាច​កាត់​យក​មួយ​កង់ៗ​ទេ​។ មិន​ខ្វះ​ទេ ឥលូវ​គេ​កំពុង​ផ្សាយ​បន្ត​ផ្ទាល់ យក​មក​ចាក់​ឡើងវិញ​មើល វា​មាន​ន័យ​យ៉ាងម៉េច»។


ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​របស់​លោក ថត​ទុក​រាល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​។ លោក​ថា ក្នុង​ករណី​ដែល​អ្នកសារព័ត៌មាន​ផ្សាយ​ខ្លឹមសារ​សម្ភាស​នោះ​មិន​អស់​សេចក្ដី នោះ​ប្រព័ន្ធ​ឃោសនា​របស់​លោក ត្រូវ​ចុះផ្សាយ​បទ​សម្ភាស​នោះ​ទាំង​ដុល។

ទោះជា​យ៉ាងណា អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាត់​ទុក​ប្រសាសន៍​របស់​លោក ហ៊ុន សែន នេះ​ថា ជា​ការ​គំរាមកំហែង​ថ្មី​មួយទៀត​លើ​សេរីភាព​សារព័ត៌មាន និង​ការងារ​របស់​អ្នកសារព័ត៌មាន។

នាយក​ប្រតិបត្តិ​សម្ពន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) លោក ណុប វី ពន្យល់​ថា ប្រសិនបើ​អ្នកសារព័ត៌មាន​ស្រង់​សម្ដី​ប្រភព​ដោយ​មិន​ត្រឹមត្រូវ នោះ​ត្រឹមតែ​ជា​កំហុស​វិជ្ជាជីវៈ​ប៉ុណ្ណោះ​។ លោក​ថា ប្រភព​អាច​ធ្វើ​លិខិតស្នើ​សុំ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​កែតម្រូវ​ការ​ចុះផ្សាយ​របស់​ខ្លួន ដោយ​មិន​ត្រូវ​ប្ដឹងផ្ដល់ ឬ​ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​នោះ​ឡើយ ព្រោះ​វា​ផ្ទុយ​ពី​ច្បាប់​របប​សារព័ត៌មាន និង​រដ្ឋធម្មនុញ្ញ​កម្ពុជា៖ «​ដោយសារ​លោក​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល មាន​តួនាទី​ខ្ពស់ ហើយ​ណាមួយ​ពាក្យ​សម្តី​របស់​លោក​មាន​អំណាច​ខ្លាំង​ទៅទៀត អ៊ីចឹង​ហើយ​បើ​នៅ​ក្នុង​ករណី​នៃ​ការ​គំរាម​ប្ដឹង​អ៊ីចឹង ក៏​វា​អាច​ថា ជា​សារ​មួយ​ដែល​ធ្វើ​ឱ្យ​បងប្អូន​អ្នកសារព័ត៌មាន​ខ្លះ​ហ្នឹង​មានការ​ព្រួយបារម្ភ គាត់​ភ័យខ្លាច ឬមួយ​ក៏​គាត់​មានការ​ដាក់​គំនាប​ខ្លួន​គាត់​នៅ​ពេលដែល​គាត់​សរសេរ​ព័ត៌មាន​ដែរ»។

ចំណែក ការី​និពន្ធ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) លោក ពៅ មេត្តា វិញ លើកឡើង​ថា វិជ្ជាជីវៈ​សារព័ត៌មាន មាន​គោលការណ៍ និង​ក្បួនខ្នាត​ត្រឹមត្រូវ ជាពិសេស​សម្រាប់​សារព័ត៌មាន​ឯករាជ្យ​។ លោក​សង្កេតឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ថ្លែង​សុន្ទរកថា​រយៈពេល​ជាច្រើន​ម៉ោង ហើយ​ក្នុង​សុន្ទរកថា​នីមួយៗ​មាន​លាយឡំ​ទៅ​ដោយ​រឿង​បុគ្គល រឿង​គ្រួសារ និង​រឿងរ៉ាវ​កាលពី​អតីតកាល ដូច្នេះ​អ្នកសារព័ត៌មាន​មិន​អាច​យក​សម្ដី​ទាំង​នោះ​មក​ផ្សាយ​ទាំងអស់​បាន​ឡើយ​។ លោក​បន្ត​ថា ករណី​ខ្លះ​ទៀត អ្នកសារព័ត៌មាន​សម្ភាស​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​បាន​ការ​ឆ្លើយតប ឬ​ការ​បកស្រាយ​បន្ថែម​លើ​ចំណុច​ណាមួយ មិនមែន​ជា​បទ​សម្ភាស​ដែល​ត្រូវ​យក​មក​ចាក់​ផ្សាយ​ទាំងស្រុង​នោះ​ទេ។

លោក ពៅ មេត្តា បន្ថែម​ថា ប្រសាសន៍​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី រឿង​ប្រើ​ច្បាប់​ដើម្បី​ឆ្លើយ​តប​នឹង​ការងារ​របស់​អ្នកសារព័ត៌មាន​នោះ នឹង​ប៉ះពាល់​ដល់​ការ​បំពេញ​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា៖ «​យន្តការ​ភ្លាមៗ យើង​ដឹង​ហើយ​ថា គួរតែ​មាន​ការ​ឱ្យ​ពិនិត្យ មាន​ការ​ឱ្យ​ចុះផ្សាយ​ឡើងវិញ អា​ហ្នឹង​ដំណាក់កាល​យើង​មាន​។ ប៉ុន្តែ​គាត់​ហាក់​ដូចជា យើង​មើល​ករណី​ជាក់ស្ដែង​រឿង​នោះ គឺ​ប្ដឹង​ភ្លាម ចាប់​ភ្លាម រុញ​ទៅ​តុលាការ​ភ្លាម ឃុំខ្លួន​ភ្លាម ហើយ​វា​ចូល​ហើយ ក្នុង​ការ​គំរាម ធ្វើ​ឱ្យ​សារព័ត៌មាន​ផ្សេងៗ​ទៀត គាត់​ខ្លាច​តែម្ដង»។

កាលពីដើម​ខែ​មេសា កន្លង​ទៅ អាជ្ញាធរ​បាន​ចាប់ខ្លួន​នាយក​សារព័ត៌មាន​អនឡាញ ធីវ​ហ្វេសប៊ុក (TVFB) លោក សុវណ្ណ រិទ្ធី ក្រោយ​ពី​លោក​បាន​ស្រង់​សម្ដី​លោក ហ៊ុន សែន មក​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​ថា «​បើ​អ្នក​រត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»។ អាជ្ញាធរ​ចោទ​លោក​ថា ផ្សាយ​ព័ត៌មាន​មាន​ចរិត​ញុះញង់ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​។ តុលាការ​បាន​កាត់ទោស​អ្នកសារព័ត៌មាន​រូប​នេះ​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​១៨ ខែ ដោយ​អនុវត្ត​ទោស​៥ ខែ និង​២៨ ថ្ងៃ ហើយ​ទោស​នៅសល់​ត្រូវ​ព្យួរ​។ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​ករណី​នេះ​ថា ជា​រឿង​អយុត្តិធម៌ ព្រោះ​លោក សុវណ្ណ រិទ្ធី ត្រឹមតែ​ដកស្រង់​សម្ដី​ផ្ទាល់​របស់​លោក ហ៊ុន សែន មក​ផ្សាយ​ជា​សាធារណៈ មិន​បាន​បំភ្លៃ​ពាក្យពេចន៍ ឬ​ខ្លឹមសារ​អ្វី​ឡើយ។

អង្គការ​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧ រហូត​មក បន្ទាប់ពី​របប​ក្រុងភ្នំពេញ បាន​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​ប្រេកង់​វិទ្យុ​មួយ​ចំនួន ចាប់ខ្លួន​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ទាក់ទង​នឹង​អំពើ​ចារកម្ម ចោទប្រកាន់ និង​ផ្ដន្ទាទោស​អ្នកកាសែត​ពី​បទ​ញុះញង់ ព្រមទាំង​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ជាដើម​។ ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​នេះ ធ្វើឡើង​ក្នុង​បរិបទ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​កម្ចាត់​សំណល់​របស់​គណបក្សប្រឆាំង​ធំ​ជាងគេ​មួយ​នេះ ដើម្បី​ធានា​ជ័យជម្នះ​ផ្ដាច់មុខ និង​ការ​កាន់អំណាច​យូរអង្វែង​ត​ទៅ​មុខ​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

No comments: