Saturday 28 November 2020

របប​ក្រុង​ភ្នំពេញ​រង​ការ​រិះគន់​រឿង​ឱ្យ​ម៉ាស​ដល់​ប្រទេស​មួយ​ចំនួន ពេល​ពលរដ្ឋ​ខ្លួន​កំពុង​ខ្វះខាត


ដោយ សុជីវី
2020-11-28
លោកនាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរែន (Video Conference) ស្ដី​អំពី​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០២០។
លោកនាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរែន (Video Conference) ស្ដី​អំពី​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន



មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជុំវិញ​ការ​ផ្ដល់​អំណោយ​ជា​ម៉ាស និង​គ្រឿង​បរិក្ខារ​ពេទ្យ​ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ស្រប​ពេល​ពលរដ្ឋ​ខ្លួនឯង​កំពុង​ជួប​ការ​ខ្វះខាត​នៅឡើយ​។ ពួកគេ​ថា ការ​ធ្វើ​បែបនេះ គ្រាន់តែ​ជា​ការ​ចង់​បាន​មុខមាត់ ដោយ​មិន​គិត​ពី​សុខទុក្ខ​ពលរដ្ឋ​ខ្លួនឯង។ ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថា កម្ពុជា​មាន​ម៉ាស និង​ឧបករណ៍​បង្ការ​ជំងឺ​កូវីដ​-១៩ គ្រប់គ្រាន់ ទើប​មាន​លទ្ធភាព​ផ្ដល់​អំណោយ​ដល់​ប្រទេស​ជា​មិត្ត​បាន។

មន្ត្រី​បក្ស​ប្រឆាំង​និង​ពលរដ្ឋ​លើកឡើង​ថា ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា និង​ពិភពលោក​នៅតែ​ប្រឈម​នឹង​ជំងឺ​កូវីដ​១៩​នៅ​ឡើយ រដ្ឋាភិបាល​គួរ​គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ​របស់​ខ្លួន​ជាមុន​សិន មុននឹង​ផ្ដល់​អំណោយ​ជា​ម៉ាស់ និង​ឧបករណ៍​បង្ការ​ជំងឺ​កូវីដ​១៩ ច្រើន​មុខ​ឱ្យ​ប្រទេស​ដទៃ​នោះ​ទេ ព្រោះ ប្រទេស​ខ្លះ​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​កម្ពុជា​ផង។

សមាជិកសភា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន និយាយ​ថា លោក​ស្វាគមន៍​សកម្មភាព​មនុស្ស​ធម៌ ប៉ុន្តែ​លោក​ថា មុននឹង​រដ្ឋាភិបាល​ប្រើ​បេះដូង​ទូលំទូលាយ​ត្រូវ​គិត​ដល់​ពលរដ្ឋ​របស់​ខ្លួន​ជា​មុន​សិន​។ លោក​សង្កេតឃើញ​ទៀត​ថា ប្រទេស​ដែល​លោក ហ៊ុន សែន ផ្ដល់​ជំនួយ​នេះ​គឺ​សុទ្​ធតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ល្អ​ជាង​កម្ពុជា ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​គ្មាន​លុយ​ទិញ​ម៉ាស​ប្រើ​នៅ​ឡើយ៖ «យើង​ត្រូវ​គិត​ប្រជាជន​យើង​ជាមុន​សិន មុន​គិតដល់​អ្នកដទៃ​ហើយ​យើង​ប្រទេស​ក្រីក្រ​ផង​យើង​មិន​គួរ​គិត​អ្នកដទៃ​មុន​យើង​ទេ»។


ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក តោ និមល ឱ្យដឹង​ថា ប្រទេស​ថៃ​មាន​សេដ្ឋកិច្ច និង​កម្រិតជីវភាព​ពលរដ្ឋ​ខ្ពស់​ជាង​ពលរដ្ឋ​កម្ពុជា ប៉ុន្តែ​ប្រទេស​នេះ​មិនទាន់​ផ្ដល់​អំណោយ​ជា​ម៉ាស ឬ​គ្រឿង​បរិក្ខា​ពេទ្យ​ដើម្បី​បង្ការ​ជំងឺ​កូវីដ​ទៅ​ប្រទេស​ណាមួយ នៅឡើយ​ទេ ដោយ​គេ​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្លួន​ជា​ចម្បង។ លោក​យល់​ថា ទង្វើ​មនុស្សធម៌​របស់​លោក ហ៊ុន សែន គឺ​នាំ​ភាព​អាម៉ាស់​ទៅវិញ​ទេ ដោយ​ខ្លួនឯង​គ្រប់គ្រង​បញ្ហា​ជំងឺ​កូវីដ​មិនទាន់​បាន​ល្អ​ត្រឹមត្រូវ​ផង ប៉ុន្តែ​បែរជា​ដើរ​តួរ​ធ្វើជា​រដ្ឋាភិបាល​ចិត្តធម៌​ទៅ​បរទេស​វិញ៖ «មិន​ការពារ​ពលរដ្ឋ​ខ្លួនឯង ហើយ​មក​ធ្វើ​ឫក​សំញែង​ចិត្តធម៌​ជួយ​ប្រទេស​គេ»។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ពេលនេះ គឺ​ក្រោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្ដល់​ម៉ាស់​ដល់​ប្រទេស​ឡាវ​(Laos) និង​ភូមា ឬ​មីយ៉ាន់ម៉ា​(Myanmar) ចំនួន​ពីរ​លាន​ម៉ាស រីឯ ប្រទេស​ទីម័រ​ខាងកើត​(East Timor) ម៉ាស​ចំនួន ១​លាន ៦​ម៉ឺន និង​សម្ភារៈ​វេជ្ជសាស្ត្រ​រាប់​ម៉ឺន​គ្រឿង​ទៀត ដែល​រួមមាន​វ៉ែនតា​សុវត្ថិភាព សំលៀកបំពាក់​សុវត្ថិភាព និង​បរិក្ខា​ពេទ្យ​ដើម្បី​បង្ការ​ជំងឺ​កូវីដ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឱ្យ​ដឹង​ថា ការ​ផ្ដល់​អំណោយ​នេះ​ឈរ​លើ​គោលការណ៍​មនុស្សធម៌ កិច្ច​សហប្រតិបត្តិ​អន្តរជាតិ ដែល​បញ្ជាក់​ថា កម្ពុជា​តូច​មែន​តែ​បេះដូង​ធំ​។ លោក​ថា កម្ពុជា​មាន​ម៉ាស់ និង​ឧបករណ៍​បង្ការ​ជំងឺ​កូវីដ​១៩​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយតប​ពេល​មាន​គ្រោះអាសន្ន​ណាមួយ ពេល​កម្ពុជា​ផ្ដល់​អំណោយ​ទាំងនេះ​ដល់​ប្រទេស​ដទៃ​។ អ្នកនាំពាក្យ​ដដែល​ចោទប្រកាន់​អ្នក​រិះគន់​ថា ជា​មនុស្ស​ពុតត្បុត និង​អាត្មានិយម៖ «ទោះបី​ប្រទេស​យើង​ក្រ ប៉ុន្តែ​យើង​បាន​ដើរ​តួនាទី​កំពូល​លើ​ឆាក​អន្តរជាតិ​ដូចជា​ការ​រក្សា​សន្តិភាព​ការចែក​ចំណេះដឹង​អំពី​ការ​កម្ចាត់​អាវុធ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ហើយ​យើង​បាន​បង្ហាញ​បេះដូង​ធំ​របស់​យើង​ជា​បេះដូង​មនុស្សធម៌»។

ប៉ុន្តែ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ើង ឲ្យ​អាស៊ីសេរី​ដឹង​ថា ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​មក លោកស្រី​មិនដែល​ទទួល​ម៉ាស់​ពី​រដ្ឋាភិបាល​នោះ​ទេ ទោះ​លោកស្រី​ជា​ពលរដ្ឋ​ក្រីក្រ​ក្ដី​។ ពលរដ្ឋ​រូប​នេះ ចង់​ឃើញ​រដ្ឋាភិបាល​ចែក​ជូន​ម៉ាស់ គ្រឿង​បរិក្ខារ​ពេទ្យ​ដើម្បី​បង្ការ​ជំងឺ​កូវីដ​ដល់​ពលរដ្ឋ​ខ្លួនឯង​គ្រប់ៗ​គ្នា​សិន មុននឹង​ចែក​អំណោយ​ទៅ​ប្រទេស​នានា៖ «ពួក​ខ្ញុំ​ទិញ​ម៉ាស់​គេ​ប្រើ​កន្លែង​ខ្លះ​ទិញ​អត់​បាន​ផង អី​ចុះ​រដ្ឋាភិបាល​ដើរ​ចែក​ប្រទេស​ដទៃ​ទៀត​អ៊ីចឹង​សួរ​ថា យ៉ាងម៉េច​ដែរ​សុំ​ឱ្យ​រដ្ឋាភិបាល​គាត់​គិត​ឡើងវិញ​ទៅ»។

អំឡុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួងសុខាភិបាល​បញ្ចេញ​ម៉ាស់​ជាង​២ លាន​ម៉ាស់ ដើម្បី​ចែក​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ ទី​ដែល​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្រោយ​ព្រឹត្តិការណ៍​នេះ​បិទ​បញ្ចប់ រដ្ឋាភិបាល​មិន​បាន​បញ្ចេញ​ម៉ាស់​ចែក​ជូន​ពលរដ្ឋ​ទៀត​ទេ តែ​បាន​ផ្តល់​ជំនួយ​ជា​ម៉ាស់​រាប់​លាន​ម៉ាស់​ទៅ​ប្រទេស​ភូមា និង​ឡាវ​វិញ។

របាយការណ៍​ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ចំនួន​អ្នកជា​សះស្បើយ​ជំងឺ​កូវីដ​មាន​ចំនួន ២៩៨​នាក់ ក្នុងចំណោម​អ្នកមាន​ជំងឺ​នេះ​ចំនួន​៣០៧​នាក់។ ក្រសួង​អះអាង​ដែរ​ថា ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា គ្មាន​អ្នក​ឆ្លង​ថ្មី​ទៀត​នោះ​ទេ៕

No comments: