ដោយ សុជីវី
2020-12-13 rfa
សកម្មជន និងកូនប្រុសមន្ត្រីបក្សប្រឆាំង ២នាក់ ត្រូវជនមិនស្គាល់មុខវាយឱ្យរងរបួសធ្ងន់ធ្ងរ សមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតច្បារអំពៅទី២ រាជធានីភ្នំពេញ លោក ជឿន សារឹម (ស្ដាំ) និងកូនប្រុសប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក កែវ ថៃ គឺយុវជន កែវ សុខសិរី ត្រូវជនមិនស្គាល់វាយប្រហារ ឱ្យរបួស កាលពីថ្ងៃទី១២ ធ្នូ ២០២០។
រុបផ្ដល់ឱ្យ
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅភ្នំពេញ និងកូនមន្ត្រីគណបក្សនេះម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំង ត្រូវជនមិនស្គាល់មុខ ស្ទាក់វាយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ មន្ត្រីសិទ្ធិមនុស្ស និងសាច់ញាតិជនរងគ្រោះស្នើទៅសមត្ថកិច្ចស្រាវជ្រាវរឿងដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ជនរងគ្រោះទាំងពីរនាក់ ដែលម្នាក់ជាសកម្មជនគណបក្សសង្គ្រោះជាតិ បានចេញពីមន្ទីរពេទ្យហើយ ចំណែកម្នាក់ទៀតជាកូនកូនប្រុសរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
សមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតច្បារអំពៅទី២ រាជធានីភ្នំពេញ លោក ជឿន សារឹម ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ប្រដាប់ដោយដំបងស្ទាក់វាយរូបគាត់យ៉ាងដំណំពេលលោកកំពុងរត់ម៉ូតូកង់បី ដឹកភ្ញៀវនៅម្ដុំបែកចាន រាជធានីភ្នំពេញ កាលពីព្រលប់ម៉ោង៦កន្លះថ្ងៃទី១២ ធ្នូ។ លោក ជឿន សារឹម ឱ្យអាស៊ីសេរីដឹងថា ជនដៃដល់ទាំងនោះមានមាឌធំខ្ពស់ស្លៀកពាក់ស្អាតបាត បានព្រួតគ្នាវាយលោកចំក្បាល និងខ្នង។ លោកថា ជនដៃដល់ទាំងនោះមិនបានប្លន់លុយ ឬទូរស័ព្ទលោក ក្រោយវាយលោកហើយពួកគេក៏នាំគ្នាគេចខ្លួនបាត់ស្រមោល៖ «គេមកអែបខាងស្ដាំខ្ញុំហើយម្នាក់ខាងក្រោយចុះរើសដុំថ្មគុបខ្ញុំ ខ្ញុំបើករ៉ឺម៉កចេញមានម៉ូតូមួយទៀតជិះមកឃាំងមុខរ៉ឺម៉កខ្ញុំហើយម្នាក់មកពីខាងយកឈើជ្រុងវាយខ្ញុំ»។
ទាក់ទងករណីនេះ អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេនៅថ្ងៃទី១៣ ខែធ្នូដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
រីឯប្រពន្ធរបស់ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក កែវ ថៃ ដែលកំពុងជាប់ឃុំនៅព្រៃស គឺ លោកស្រី សំ ចិន្ដា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៣ ខែធ្នូថា កូនប្រុសលោកស្រី ឈ្មោះ កែវ សុខសិរី អាយុ១៦ត្រូវមិនស្គាល់បីនាក់ជិះម៉ូតូវាយធ្វើបាប កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ពេលកំពុងជិះកង់តាមផ្លូវ។ លោកស្រីឱ្យដឹងទៀតថា ជនសង្ស័យបានយកដំបងវាយចំក្បាលកូនលោកស្រី និងតាមដេញវាយបន្ថែមទៀត ប៉ុន្តែកូនលោកស្រីបានរត់គេចខ្លួន និងស្រែកឱ្យអ្នកភូមិជួយទើបជនបង្ករត់គេចខ្លួន៖ «កូនខ្ញុំត្រូវរបួសក្បាលខាងស្តាំ ហើយភ្នែកនិងថ្ពាល់ហើយផុតពីហ្នឹងក្បាលជង្គង់ និងកអីរត់ដួលគ្នាខំដូចធ្វើសង្គ្រាមអ៊ីចឹងណា»។
លោកស្រីប្រាប់ថា ពេលនេះលោកស្រី បានបញ្ជូនកូនមកព្យាបាលនៅភ្នំពេញដោយសារស្ថានភាពរបួសកូនប្រុសលោកកាន់តែធ្ងន់ធ្ងរជាពិសេសត្រង់ក្បាល។
អាស៊ីសេរីបានព្យាយាមទូរស័ព្ទទៅអធិការនគរបាលស្រុកបរិបូណ៌ លោក ជាង សុវណ្ណារិទ្ធិ ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។ ទោះយ៉ាងណា ប្រពន្ធលោក កែវ ថៃ ប្រាប់ថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទៅចុះកន្លែងហេតុដើម្បីពិនិត្យនិងសាកសួរសាក្សីនៅកន្លែងកើតហេតុ។
រីឯអ្នកសម្របសម្រួល អង្គការអាដហុក ខេត្តកំពង់ឆ្នាំង សំ ច័ន្ទគា ថា បើមានការស្នើសុំពីជនរងគ្រោះឬសាច់ញាតិអង្គការនឹងតាមដាន ឃ្លាំមើលករណីនេះ ប៉ុន្តែមិនទាន់ទទួលបានសំណើណាមួយពីសាច់ញាតិជនរងគ្រោះនៅឡើយទេ។ លោក សំ ច័ន្ទគា ឱ្យដឹងទៀតថា នេះ ជាករណីទី១ដែលកើតឡើងនៅខេត្តកំពង់ឆ្នាំង៖ «ប្រសិនជាក្រុមគ្រួសារនៃសកម្មជននយោបាយចេះរងការធ្វើទុក្ខបុកម្នេញហើយមិនអាចរកយុត្តិធម៌ បានធ្វើឱ្យរដ្ឋាភិបាលប៉ះពាល់អាប់មុខអាប់មាត់ទាំងក្នុងសង្គមជាតិ និងអន្តរជាតិ»។
គិតមកដល់ពេលនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិជាង ២០នាក់ហើយ ដែលជនមិនស្គាល់មុខលួចវាយឲ្យរបួស ដែលភាគច្រើនកើតឡើងនៅភ្នំពេញ ហើយរហូតមកដល់ពេលនេះគ្មានជនប្រព្រឹត្តណាម្នាក់ត្រូវបានអាជ្ញាធររកឃើញ ឬក៏ចាប់ខ្លួនឲ្យមកទទួលទោសនោះទេ។ ករណីអំពើហិង្សាលើមន្ត្រីគណបក្សសង្គ្រោះជាតិ ច្រើនមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺជនដៃដល់ជិះម៉ូតូពាក់មួកសុវត្ថិភាព លួចវាយជនរងគ្រោះពីក្រោយខ្នង ហើយប្រើដំបងដែកវាយសំដៅក្បាលរបស់ជនរងគ្រោះ។ កាលពីខែតុលាកន្លងទៅ អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា អំពើហិង្សាកើតឡើងញឹកញាប់នេះ ធ្វើឲ្យអង្គការសង្គមស៊ីវិលជឿថា សកម្មជនបក្សប្រឆាំងទាំងនេះ បានក្លាយជាគោលដៅនៃការវាយប្រហារដោយសារតែទស្សនៈនយោបាយរបស់ពួកគេ។ អង្គការនេះ លើកឡើងថា ករណីទាំងនេះ គឺជនរងគ្រោះនិងគ្រួសាររបស់ពួកគេ កំពុងរងគ្រោះពីរដង។ ពួកគេមិនត្រឹមតែទទួលរងអំពើហិង្សាដោយសារទស្សនៈនយោបាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ថែមទាំងមិនទទួលបានការគាំទ្រពីស្ថាប័នយុត្តិធម៌ និងអាជ្ញាធរសមត្ថកិច្ចឡើយ ដូចជាមិនជួយគាំទ្រការថែទាំផ្នែកវេជ្ជសាស្ត្រ និងមិនបានស្វែងរក និងនាំខ្លួនជនល្មើសទៅផ្ដន្ទាទោសផងដែរ៕
1 comment:
Yuon controls Ah Kbot Cheat Hun Sen. Yuon can do anything it wants in Cambodia. Ah Kwack Hun Sen can only suppress Khmer people to please his master Yuon.
Post a Comment