Tuesday 8 December 2020

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​ប្រទេស​នេះ ​ដែល​នឹង​គ្រោង​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ


ដោយ វែន សុមេធ
2020-12-07
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​ប្រទេស​នេះ ​ដែល​នឹង​គ្រោង​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​ប្រទេស​នេះ ​ដែល​នឹង​គ្រោង​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហុង លីម អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ
រូប៖ RFA

 

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​ប្រទេស​នេះ ដែល​នឹង​គ្រោង​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ដែល​រំលោភ​សិទ្ធិមនុស្ស​នៅ​ដើម​ឆ្នាំ២០២១​ខាង​មុខ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថា ការ​សម្រេច​បែប​នេះ​ជា​សិទ្ធិ​របស់​អូស្ត្រាលី និង​ថា ច្បាប់​នេះ​មាន​ចរិត​នយោបាយ។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​លើក​ឡើង​ថា នេះ​ជា​ភាព​អាម៉ាស់​នៃ​របប​ក្រុង​ភ្នំពេញ ដែល​ត្រូវ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ធ្វើ​ច្បាប់​ដាក់​ទណ្ឌ​បែប​នេះ។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​សារ​ព័ត៌មាន​អូស្ត្រាលី និង​ពលរដ្ឋ​ខ្មែរ បាន​ទទួល​ដំណឹង​ថា សំណើ​ធ្វើ​ច្បាប់​នេះ​បាន​ឆ្លង​ផុត​គណៈកម្មាធិការ​សភា​ហើយ ដែល​រដ្ឋសភា​អូស្ត្រាលី​នឹង​ត្រូវ​លើក​យក​ទៅ​អនុម័ត​ក្នុង​ពេល​ខាងមុខ​ឆាប់ៗ នេះ។


អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក ហុង លីម ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៧ ខែ​ធ្នូ​ថា ច្បាប់​នេះ គឺ​អូស្ត្រាលី​សំដៅ​ដាក់​ទណ្ឌ​លើ​ក្រុម​មនុស្ស រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ផ្ដោត​ខ្លាំង​លើ​ប្រទេស​ចិន ហើយ​ក្នុង​នោះ ក៏​មានការ​ដាក់​ទណ្ឌ​លើ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ​ផង​ដែរ។ លោក ហុង លីម ដែល​ជា​អ្នក​ចូលរួម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើ​ច្បាប់​នេះ ប្រាប់​ថា​ច្បាប់​នេះ គឺ​ស្រដៀង​គ្នា​នឹង​ច្បាប់​គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) របស់​អាមេរិក​ដែរ៖ «ច្បាប់​ហ្នឹង​ច្រើន ទសវត្សរ៍​ច្រើន​មក​ហើយ មិន​ដែល​មាន​ទេ។ ជា​កំណត់​ប្រវត្តិសាស្ត្រ​មួយ​សំខាន់​ដែរ​ណា គឺ​គេ (អូស្ត្រាលី) នឹង​ឃាត់ឃាំង​មិន​ចូល​ស្រុក​គេ ហើយ​បង្កក​ទ្រព្យ​សម្បត្តិ ដែល​មាន​នៅ​អូស្ត្រាលី ហើយ​គេ​ធ្វើ​ហ្នឹង មាន​ដូច​អាមេរិក​អ៊ីចឹង ហើយ​ខ្លាំង​ជាង​ពួក​អង់គ្លេស​និង​កាណាដា»។

អតីត​សមាជិកសភា​អូស្ត្រាលី​រូប​នេះ​យល់​ថា រដ្ឋសភា​អូស្ត្រាលី អាច​នឹង​ប្រជុំ​អនុម័ត​ច្បាប់​នេះ​នៅ​ក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ២០២១ ខាង​មុខ​គឺជា​ពេល​ដែល​សមាជិកសភា​ចូល​បំពេញ​ការងារ​វិញ។ លោក​ឱ្យ​ដឹង​ថា ច្បាប់​នេះ​គឺ រដ្ឋាភិបាល​អូស្ត្រាលី​ជា​ស្នើ​ឡើង។ ដូច្នេះ​នៅ​ពេល​សភា​អនុម័ត​រួច​ហើយ​គឺ នឹង​អាច​អនុវត្ត​បាន​លឿន។

កាលពី​ចុងខែ​មីនា​អនុ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​កោះហៅ​តំណាង​ពលរដ្ឋ​ខ្មែរ​បង្ហាញ​ពី​ការ​ចង់បាន​នៃ​ការ​ទាមទារ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ​ដែល​រំលោភ​សិទ្ធិមនុស្ស។

ស្រដៀងគ្នា​ដែរ​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី លោក ខៀវ តារា ឱ្យ​ដឹង​ដែរ​ថា ឥទ្ធិពល​នៃ​ច្បាប់​នេះ​ក្រៅ​ពី​ដាក់​ទណ្ឌ​លើ​ថ្នាក់​ដឹក​នាំ ឬ​មន្ត្រី​កម្ពុជា​កម្ពុជា​ដែល​រំលោភ​សិទ្ធិ​ក៏​មានការ​ដាក់​ទណ្ឌ​លើ​សាច់ញាតិ​របស់​អ្នក​ទាំងនោះ​ដែរ​ ​ហើយ​ទណ្ឌកម្ម​នេះ អាច​នឹង​ហាមមិនឲ្យ​ជាន់​ទឹក​ដី​អូស្ត្រាលី បង្កក​ទ្រព្យសម្បត្តិ និង​ហាម​មិន​ឱ្យ​រកស៊ី​នៅ​ប្រទេស​នេះ។ លោក​ថា ក្នុងនាម​ជា​ពលរដ្ឋ​គាំទ្រ​រដ្ឋាភិបាល​អូស្ត្រាលី​ពេញទំហឹង​។​ ​លោក​ថា​ ​នេះ​ជា​មេរៀន​ក្នុង​ពិភពលោក​ ​គ្មាន​ប្រទេស​ប្រជាធិបតេយ្យ​ណា​មួយ​គាំទ្រ​ជន​ផ្ដាច់ការ​នោះ​ទេ៖ «នៅ​ក្នុង​ពិភពលោក​នេះ​គេ​មិន​ចូល​អំពើ​រំលោភ​សិទ្ធិមនុស្ស កាន់​លទ្ធិ​ផ្ដាច់ការ នៅ​ពេល​ច្បាប់​នេះ​កើត​ឡើង ជា​មេរៀន​សម្រាប់​អ្នកនាំ​បែប​ផ្ដាច់​នៅ​ការ​នៅ​កម្ពុជា​យើង​អបអរ​សារ​ទរ»។

សហរដ្ឋអាមេរិក​បាន​ឈាន​មុខ​គេ​ក្នុង​ការ​អនុម័ត​ច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់​ទណ្ឌកម្ម​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន រួម​មាន​មេកង​អង្គរក្ស​របស់​លោក ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេសរដ្ឋមន្ត្រី និង​លោក ទ្រី ភាព ជា​ឈ្មួញ​ឈើ​នៅ​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន និយាយ​ថា ការ​សម្រេច​បែប​នេះ​របស់​អូស្ត្រាលី គឺ​ជា​ចរិត​នយោបាយ​ប៉ុណ្ណោះ។ អ្នក​នាំ​ពាក្យ​ដដែល​លើក​ឡើង​ថា ពេល​នេះ​ពិភពលោក​កំពុង​ចោទ​ប្រកាន់​ថា ទាហាន​ប្រទេស​នេះ​បាន​រំលោភ​សិទ្ធិមនុស្ស ប៉ុន្តែ​ពេល​នេះ​បែរ​មក​ចោទ កម្ពុជា​ថា​រំលោភ​សិទ្ធិមនុស្ស​ទៅ​វិញ។ ទោះ​យ៉ាង​ណា លោក​ថាបើ​អូស្ត្រាលី​សម្រេច​ធ្វើ​ច្បាប់​នេះ​មែន​នោះ​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើការ​ទាមទារ​ប្រឆាំង​ការ​សម្រេច​នេះ ដោយ​តាម​រយៈ​កិច្ចការ​ងារ​ការ​ទូត៖ «ការ​ដាក់ទណ្ឌកម្ម​គ្រាន់​ជា​និន្នការ​នយោបាយ​ហើយ​និន្នាការ​នយោបាយ​គឺ​តាម​ អាណត្តិ​​របស់​មន្ត្រី​នយោបាយ​នៅ​ខាង​នោះ​ចំពោះ​កម្ពុជា​យើង​មិន​មាន​ការ​ប្រព្រឹត្តិ​ភេរវកម្ម​ប្រព្រឹត្តិ​នូវ​អ្វី​ដទៃ​ទៀត​ឡើយ»។

ពេល​នេះ​ក្រៅ​ពី​ប្រទេស​អូស្ត្រាលី ដែល​កំពុង​ដំណើរ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ នៅ​ប្រទេស​កាណាដា (Canada) និង​ប្រទេស​អង់គ្លេស (England) ជា​ដើម ក៏​កំពុង​ធ្វើ​ច្បាប់​បែប​នេះ​ដែរ។ កាល​ពី​ក្នុង​អំឡុង​ទសវត្ស​ទី៩០ ប្រទេស​អូស្ត្រាលី ធ្លាប់​ដើរតួ​សំខាន់​ក្នុង​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ដែល​មាន​អតីត​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​នា​សម័យ​នោះ​គឺ​លោក ហ្គារ៉េត អេវាន គឺ​ជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ជឿជាក់​ថា ពេល​នេះ​អូស្ត្រាលី​នៅ​តែ​ខ្វល់ខ្វាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​ឡើង​វិញ៕

1 comment:

Anonymous said...

I no longer want to hear anything from Ah Hong Lim aka Ah Hong Lob.
I fed up with his stupid ideas, which inadvertently helped Ah Kwack Hun Sen and Yuon.