ដោយ វែន សុមេធ
2020-12-07
ពលរដ្ឋខ្មែរនៅអូស្ត្រាលីគាំទ្ររដ្ឋាភិបាលប្រទេសនេះ ដែលនឹងគ្រោងអនុម័តច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ លោក ហុង លីម អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ
រូប៖ RFA
ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីគាំទ្ររដ្ឋាភិបាលប្រទេសនេះ ដែលនឹងគ្រោងអនុម័តច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដែលរំលោភសិទ្ធិមនុស្សនៅដើមឆ្នាំ២០២១ខាងមុខ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាថា ការសម្រេចបែបនេះជាសិទ្ធិរបស់អូស្ត្រាលី និងថា ច្បាប់នេះមានចរិតនយោបាយ។
ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីលើកឡើងថា នេះជាភាពអាម៉ាស់នៃរបបក្រុងភ្នំពេញ ដែលត្រូវរដ្ឋាភិបាលប្រទេសអូស្ត្រាលី ធ្វើច្បាប់ដាក់ទណ្ឌបែបនេះ។ ការលើកឡើងបែបនេះ ក្រោយពេលសារព័ត៌មានអូស្ត្រាលី និងពលរដ្ឋខ្មែរ បានទទួលដំណឹងថា សំណើធ្វើច្បាប់នេះបានឆ្លងផុតគណៈកម្មាធិការសភាហើយ ដែលរដ្ឋសភាអូស្ត្រាលីនឹងត្រូវលើកយកទៅអនុម័តក្នុងពេលខាងមុខឆាប់ៗ នេះ។
អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម ឱ្យអាស៊ីសេរីដឹងថ្ងៃទី៧ ខែធ្នូថា ច្បាប់នេះ គឺអូស្ត្រាលីសំដៅដាក់ទណ្ឌលើក្រុមមនុស្ស រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្ដោតខ្លាំងលើប្រទេសចិន ហើយក្នុងនោះ ក៏មានការដាក់ទណ្ឌលើថ្នាក់ដឹកនាំ និងមន្ត្រីនៃរបបក្រុងភ្នំពេញផងដែរ។ លោក ហុង លីម ដែលជាអ្នកចូលរួមជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីធ្វើច្បាប់នេះ ប្រាប់ថាច្បាប់នេះ គឺស្រដៀងគ្នានឹងច្បាប់គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) របស់អាមេរិកដែរ៖ «ច្បាប់ហ្នឹងច្រើន ទសវត្សរ៍ច្រើនមកហើយ មិនដែលមានទេ។ ជាកំណត់ប្រវត្តិសាស្ត្រមួយសំខាន់ដែរណា គឺគេ (អូស្ត្រាលី) នឹងឃាត់ឃាំងមិនចូលស្រុកគេ ហើយបង្កកទ្រព្យសម្បត្តិ ដែលមាននៅអូស្ត្រាលី ហើយគេធ្វើហ្នឹង មានដូចអាមេរិកអ៊ីចឹង ហើយខ្លាំងជាងពួកអង់គ្លេសនិងកាណាដា»។
អតីតសមាជិកសភាអូស្ត្រាលីរូបនេះយល់ថា រដ្ឋសភាអូស្ត្រាលី អាចនឹងប្រជុំអនុម័តច្បាប់នេះនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខគឺជាពេលដែលសមាជិកសភាចូលបំពេញការងារវិញ។ លោកឱ្យដឹងថា ច្បាប់នេះគឺ រដ្ឋាភិបាលអូស្ត្រាលីជាស្នើឡើង។ ដូច្នេះនៅពេលសភាអនុម័តរួចហើយគឺ នឹងអាចអនុវត្តបានលឿន។
កាលពីចុងខែមីនាអនុគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្ត្រាលីបានកោះហៅតំណាងពលរដ្ឋខ្មែរបង្ហាញពីការចង់បាននៃការទាមទារធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមដឹកនាំរបបក្រុងភ្នំពេញដែលរំលោភសិទ្ធិមនុស្ស។
ស្រដៀងគ្នាដែរនេះ សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី លោក ខៀវ តារា ឱ្យដឹងដែរថា ឥទ្ធិពលនៃច្បាប់នេះក្រៅពីដាក់ទណ្ឌលើថ្នាក់ដឹកនាំ ឬមន្ត្រីកម្ពុជាកម្ពុជាដែលរំលោភសិទ្ធិក៏មានការដាក់ទណ្ឌលើសាច់ញាតិរបស់អ្នកទាំងនោះដែរ ហើយទណ្ឌកម្មនេះ អាចនឹងហាមមិនឲ្យជាន់ទឹកដីអូស្ត្រាលី បង្កកទ្រព្យសម្បត្តិ និងហាមមិនឱ្យរកស៊ីនៅប្រទេសនេះ។ លោកថា ក្នុងនាមជាពលរដ្ឋគាំទ្ររដ្ឋាភិបាលអូស្ត្រាលីពេញទំហឹង។ លោកថា នេះជាមេរៀនក្នុងពិភពលោក គ្មានប្រទេសប្រជាធិបតេយ្យណាមួយគាំទ្រជនផ្ដាច់ការនោះទេ៖ «នៅក្នុងពិភពលោកនេះគេមិនចូលអំពើរំលោភសិទ្ធិមនុស្ស កាន់លទ្ធិផ្ដាច់ការ នៅពេលច្បាប់នេះកើតឡើង ជាមេរៀនសម្រាប់អ្នកនាំបែបផ្ដាច់នៅការនៅកម្ពុជាយើងអបអរសារទរ»។
សហរដ្ឋអាមេរិកបានឈានមុខគេក្នុងការអនុម័តច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់ទណ្ឌកម្មមន្ត្រីជំនិតរបស់លោក ហ៊ុន សែន រួមមានមេកងអង្គរក្សរបស់លោក ហ៊ុន សែន នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយឧត្ដមសេនីយ៍ គន់ គីម ដែលជាទេសរដ្ឋមន្ត្រី និងលោក ទ្រី ភាព ជាឈ្មួញឈើនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និយាយថា ការសម្រេចបែបនេះរបស់អូស្ត្រាលី គឺជាចរិតនយោបាយប៉ុណ្ណោះ។ អ្នកនាំពាក្យដដែលលើកឡើងថា ពេលនេះពិភពលោកកំពុងចោទប្រកាន់ថា ទាហានប្រទេសនេះបានរំលោភសិទ្ធិមនុស្ស ប៉ុន្តែពេលនេះបែរមកចោទ កម្ពុជាថារំលោភសិទ្ធិមនុស្សទៅវិញ។ ទោះយ៉ាងណា លោកថាបើអូស្ត្រាលីសម្រេចធ្វើច្បាប់នេះមែននោះរដ្ឋាភិបាលកម្ពុជានឹងធ្វើការទាមទារប្រឆាំងការសម្រេចនេះ ដោយតាមរយៈកិច្ចការងារការទូត៖ «ការដាក់ទណ្ឌកម្មគ្រាន់ជានិន្នការនយោបាយហើយនិន្នាការនយោបាយគឺតាម អាណត្តិរបស់មន្ត្រីនយោបាយនៅខាងនោះចំពោះកម្ពុជាយើងមិនមានការប្រព្រឹត្តិភេរវកម្មប្រព្រឹត្តិនូវអ្វីដទៃទៀតឡើយ»។
ពេលនេះក្រៅពីប្រទេសអូស្ត្រាលី ដែលកំពុងដំណើរធ្វើច្បាប់ដាក់ទណ្ឌកម្មនេះ នៅប្រទេសកាណាដា (Canada) និងប្រទេសអង់គ្លេស (England) ជាដើម ក៏កំពុងធ្វើច្បាប់បែបនេះដែរ។ កាលពីក្នុងអំឡុងទសវត្សទី៩០ ប្រទេសអូស្ត្រាលី ធ្លាប់ដើរតួសំខាន់ក្នុងការផ្ដួចផ្ដើមឱ្យមានដំណោះស្រាយចំពោះជម្លោះនយោបាយនៅកម្ពុជា ដែលមានអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនាសម័យនោះគឺលោក ហ្គារ៉េត អេវាន គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីជឿជាក់ថា ពេលនេះអូស្ត្រាលីនៅតែខ្វល់ខ្វាយពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា និងជំរុញឱ្យមានការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញ៕
1 comment:
I no longer want to hear anything from Ah Hong Lim aka Ah Hong Lob.
I fed up with his stupid ideas, which inadvertently helped Ah Kwack Hun Sen and Yuon.
Post a Comment