ដោយ ទីន ហ្សាការីយ៉ា
2020-12-04
មតិពលរដ្ឋជុំវិញការប្រកាសវិលចូលស្រុកជាថ្មីទៀតរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថតរូបជាមួយមន្ត្រីមា៉ឡេស៊ី នាទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
RFA/Chun Chanboth
ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេគាំទ្រការវិលចូលស្រុកវិញរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយជាមួយគណបក្សកាន់អំណាច ដោយតម្កល់ប្រយោជន៍ជាតិជាធំ។ រីឯពលរដ្ឋខ្លះទៀតឱ្យដឹងថា ពួកគេមិនភ្ញាក់ផ្អើលទេចំពោះការប្រកាសវិលចូលស្រុករបស់ក្រុមថ្នាក់ដឹកនាំបក្សប្រឆាំង ព្រោះពួកគេយល់ថា ជាល្បែងនយោបាយ។ ពលរដ្ឋបញ្ចេញមតិបែបនេះ បន្ទាប់ពីថ្នាក់ដឹកនាំបក្សប្រឆាំងប្រកាសធ្វើមាតុភូមិនិវត្តន៍ជាថ្មីទៀត នៅដើមខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ដើម្បីចូលតតាំងក្តីនៅតុលាការកម្ពុជា។
ពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប លោក សៀម វ៉ាន់ មានជំនឿថា ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនឹងវិលចូលស្រុកតាមការសន្យា ប្រសិនបើរដ្ឋាភិបាលមិនរារាំងនោះទេ។ លោកអំពាវនាវឱ្យអ្នកនយោបាយត្រូវក្លាហានប្រឈមមុខគ្នា ដោះស្រាយបញ្ហាជាតិដើម្បីឱ្យពលរដ្ឋធូរស្បើយក្នុងចិត្តខ្លះ ៖ «សំណូមពរខ្ញុំសូមមកវិញដាច់ខាត ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះយើងខ្មែរតែមួយទេ។ បើខ្មែរយើងបែកបាក់សាមគ្គីហើយ បរទេសវាឈ្លានពានហើយ មិនថា ចិន មិនថា យួនមិនថាប្រទេសណាទេ តែខ្មែរអត់ចេះសាមគ្គីគ្នា គឺពិបាកណាស់។ សំណូមពរដល់សម្ដេចហ៊ុន សែន ឱ្យចេះសាមគ្គីគ្នា ដោះស្រាយសន្តិវិធីឱ្យខ្មែរបានរួចផុតពីឆ្មាំយួន ដែលឈ្លានពានទឹកដីនេះបាទ»។
រីឯពលរដ្ឋជនជាតិដើមភាគតិចរស់នៅខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភិរម្យ ចង់ឱ្យមេដឹកនាំគណបក្សប្រឆាំង វិលចូលស្រុកដូចការសន្យា ដើម្បីតតាំងក្តីនៅតុលាការ។ លោកស្រីយល់ថា ប្រសិនបើក្រុមមេបក្សប្រឆាំងនៅតែសម្ងំនៅក្រៅប្រទេស ជម្លោះនយោបាយនឹងគ្មានច្រកចេញនោះទេ៖ «យើងកំពុងមានបញ្ហារឿងប្រទេសជាតិយើង គាត់គួរតែមកសម្រាប់ជួយប្រទេសជាតិហ្នឹង ដូចថា រាល់ថ្ងៃហ្នឹងសម្រាប់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិហ្នឹង យើងឃើញថា ឈ្លោះគ្នាអ៊ីចឹង បើយើងនិយាយទៅជារឿងនយោបាយរបស់គេ ជាបងប្អូន តែឈ្លោះគ្នាក្នុងន័យ ដើម្បីប្រទេសជាតិ អត់មានបញ្ហាអីទេ គាត់គួរតែហ៊ានប្រឈមមុខ»។
ជាមួយគ្នានេះដែរ ពលរដ្ឋរស់នៅខេត្តព្រះវិហារ លោក ជុំ សុភឿន ចាត់ទុកគម្រោងវិលត្រឡប់របស់មេដឹកនាំគណបក្សប្រឆាំងនេះជារឿងល្អ។ តែយ៉ាងណា លោកថា ក្នុងកាលៈទេសៈនេះ ពលរដ្ឋកំពុងលំបាកវេទនាផ្នែកសេដ្ឋកិច្ច ក្រោយពីផ្ទុះជំងឺកូវីដ១៩ ដូច្នេះអ្នកនយោបាយគួរតែអធ្យាស្រ័យគ្នា និងសាមគ្គីគ្នា កសាងជាតិឡើងវិញ៖ «បើគាត់ចូលស្រុក រដ្ឋាភិបាលគួរតែឱ្យគាត់ចូលរស់នៅទឹកដីកម្ពុជាផង ខ្ញុំចង់ឱ្យគាត់ដឹកនាំនយោបាយ ដឹកនាំពេញប្រទេសហ្នឹងណា។ អ្វីក៏ដោយបើអត់មាន ការប្រកួតប្រជែង ដាស់តឿនគ្នាទៅវិញទៅមក ការអភិវឌ្ឍអាចលូតលាស់ច្រើន»។
ចំណែកជនជាតិដើមភាគតិចកួយ រស់នៅខេត្តស្ទឹងត្រែង លោក ថាន់ វ៉ន លោកសាទរ ប្រសិនបើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានសុឆន្ទៈចង់ដោះស្រាយជម្លោះនយោបាយ ជាមួយរដ្ឋាភិបាលមែននោះ៖ «ចូលប្រទេសជាតិដើម្បីទម្លាក់ ហ៊ុន សែន ចោល អាហ្នឹងហើយគេហៅខុស យើងមិននឹងនិយាយអី យើងវិភាគមើល។ បើសិនគាត់ប្រើគោលបំណងគាត់ យើងទៅដោះស្រាយបញ្ហាដែលមានកិច្ចការដែលគាំងក្នុងប្រទេសហ្នឹង ចូលរួមដោះស្រាយ ដើម្បីលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ អាហ្នឹងសម្រេចហ៊ុន សែន គាត់មិនខឹងប៉ុន្មានទេ»។
ដោយឡែក ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក ស៊ឺន ពិសិដ្ឋ ឱ្យដឹងថា លោកមិនចាប់អារម្មណ៍ចំពោះបញ្ហានេះនោះទេ ព្រោះការប្រកាសវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ពុំមែនជារឿងថ្មីឡើយ៖ «ការវិលត្រឡប់របស់គណបក្សសង្គ្រោះជាតិ គាត់ចេញសេចក្ដីថ្លែងការណ៍ ខ្ញុំគិតថា ដូចជាគ្មានអីប្រែប្រួលទេបង។ វាដូចជាធម្មតា»។
គណបក្សសង្គ្រោះជាតិប្រកាសថា ថ្នាក់ដឹកនាំ និងសកម្មជនទាំងអស់ដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញ នឹងវិលចូលកម្ពុជាវិញនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខ។ គម្រោងវិលចូលស្រុកជាថ្មីទៀតនេះ ដឹកនាំដោយអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដើម្បីទៅតតាំងក្តីនៅតុលាការក្រុងភ្នំពេញ ដែលបានចោទប្រកាន់ក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០០នាក់ ពីបទ "ឧបឃាត" បទ "រួមគំនិតក្បត់" និងបទ "ញុះញង់"។ សំណុំរឿងខ្លះ តុលាការគ្រោងបើកសវនាការនៅអំឡុងខែធ្នូ នេះ ចំណែកសំណុំរឿងខ្លះទៀត តុលាការគ្រោងជំនុំជម្រះនៅខែមករា និងខែមីនា ឆ្នាំ២០២១ ខាងមុខ។
ជុំវិញគម្រោងវិលចូលស្រុកវិញជាថ្មីទៀតរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា អាជ្ញាធរបានត្រៀមលក្ខណៈរួចហើយ ដើម្បីចាប់ខ្លួនអ្នកដែលមានក្នុងដីកាចាប់ខ្លួនរបស់តុលាការ។ ចំណែកអ្នកដែលគ្មានក្នុងដីកាចាប់ខ្លួន លោកថា ពួកគេនឹងត្រូវដាក់ឱ្យធ្វើចត្តាឡឺស័កជាមុនសិន៖ «មានពិបាកអី ព្រោះមនុស្សមានសំណុំរឿងរួចហើយ អ៊ីចឹងមកគេអនុវត្តតែច្បាប់ទៅ ចប់បាត់ហើយ មានបញ្ហាអីរារាំងអី មកដល់ឃើញមុខគឺ គ្រឹបហ្មង»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្លាប់បានដាក់ផែនការវិលចូលកម្ពុជាវិញម្ដងរួចមកហើយ កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែគម្រោងនេះត្រូវបរាជ័យ ដោយសាររបបលោក ហ៊ុន សែន បិទគ្រប់ល្ហកមិនឱ្យពួកគេអាចវិលចូលមាតុប្រទេសវិញបានឡើយ។ ជាងនេះទៅទៀត អាជ្ញាធរ បានចាប់ខ្លួនសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុក យ៉ាងហោចណាស់ ជាង៨០នាក់ ក្នុងរយៈពេលជាង ១១ខែ នៃឆ្នាំ២០១៩ នេះ។ ចំណែកសកម្មជនជិត២០០ នាក់ផ្សេងទៀត មានដីកាចាប់ខ្លួន និងការកោះហៅ ពីតុលាការ និងពីប៉ូលិសមូលដ្ឋានជាដើម។
ទោះជាយ៉ាងណា ក្នុងគម្រោងវិលចូលស្រុកវិញលើកនេះ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិអះអាងថា ពួកគេមិនខ្លាចនឹងជាប់ពន្ធនាគារនោះទេ តែសំខាន់របបលោក ហ៊ុន សែន ត្រូវបើកផ្លូវឱ្យពួកគេចូលស្រុកជាមុនសិន ដើម្បីពួកគេបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ ស្របតាមការកោះហៅរបស់តុលាការ៕
No comments:
Post a Comment