ដោយ សេក បណ្ឌិត
2020-12-04 rfa
កម្មករសំណង់កំពុងបំពេញការងារទាំងនោះ គឺជាមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលភៀសខ្លួនទៅប្រទេសថៃ ថតថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
រូប៖ សកម្មជន
អ្នកនយោបាយមួយក្រុមនៃគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួន នៅប្រទេសថៃនាំគ្នាធ្វើការងារសំណង់ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។ ទោះបីក្លាយជាកម្មករសំណង់ ក៏មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងនោះ នៅតែរក្សាជំហរមិនក្បត់ឆន្ទៈម្ចាស់ឆ្នោត និងត្រៀមខ្លួនវិលចូលស្រុកវិញ ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងប្រទេសថៃ ដែលកម្មករកំពុងធ្វើការងារយ៉ាងសស្រាក់សស្រាំ ដោយកម្លាំង និងជំនាញវាយកម្ទេចអគារ ក្នុងនោះក៏មានកម្មករមួយក្រុម ទើបចូលថ្មីនៅកន្លែងនេះ។ អ្នកខ្លះធ្វើបានបីខែ មួយខែ ហើយអ្នកផ្សេងទៀត ទើបចូលធ្វើពួកគេមិនទាន់មានជំនាញអីនោះទេ សម្រាប់ការងារថ្មីនេះ។ តាមពិតមនុស្សមួយក្រុម ដែលមានគ្នាប្រមាណ ១០នាក់ នេះគឺជាមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលធ្លាប់មានងារជាឯកឧត្ដម និងមានតួនាទីជាសមាជិកប្រឹក្សាខេត្ត ខណ្ឌ និងជាចៅសង្កាត់រងជាដើម ប៉ុន្តែដោយមិនក្បត់ឆន្ទៈម្ចាស់ឆ្នោត និងគេចពីការធ្វើទុក្ខបុកម្នេញពីរបបក្រុងភ្នំពេញពួកគេបង្ខំចិត្តរត់ភៀសខ្លួនមកប្រទេសថៃ។
ឱនងើបៗ យកដែកពន្លាកចាក់ទម្លុះជញ្ជាំង លោក ដួង ចាន់ត្រា ដែលធ្លាប់មានងារឯកឧត្ដម កាលពីគណបក្សសង្គ្រោះជាតិមិនទាន់រំលាយតែពេលនេះជាកម្មករសំណង់យកកម្លាំងប្ដូរនឹងប្រាក់ ដើម្បីអាចដោះស្រាយបញ្ហាជីវភាពនៅទីនេះ។ សមាជិកក្រុមប្រឹក្សា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំងរូបនេះនិយាយថា បើការងារនេះអ្នកផ្សេងធ្វើបាន លោកក៏ធ្វើបានដូចគ្នា៖ «
ទោះយ៉ាងណាលោកថា ពេលដំបូងលោកក៏ពិបាកធ្វើចិត្តសម្រាប់ការងារនេះដែរ ព្រោះកន្លងមក ធ្លាប់តែកាន់ប៊ិច ឬពាក់អាវធំធ្វើការងារក្នុងការិយាល័យ។ និយាយរៀបរាប់មិនប៉ុន្មានផង ទឹកភ្នែកអ្នកនយោបាយរូបនេះ ក៏ហូរស្រក់ចុះដោយលោកមិននឹកស្មានថា លោកប្រែពីអ្នកនយោបាយមកជាកម្មករសំណង់បែបនេះទេ។ ទោះបែបនេះលោក ដួង ចានត្រា ថា ក្នុងនាមលោកជាអ្នកប្រជាធិបតេយ្យ ដែលធ្វើនយោបាយតតាំងជាមួយគណបក្សកាន់អំណាច ដែលមានចរិតផ្ដាច់ការ គឺលោកត្រៀមខ្លួនរួចហើយថា នឹងអាចលំបាកគ្រប់បែបយ៉ាង ឬក៏ត្រូវជាប់ពន្ធនាគារបើលោកមិនចាកចេញពីប្រទេសកម្ពុជា៖ «
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត ដៃកាន់ញញួរយ៉ាងណែន លោក តោ និមល កំពុងវាយកម្ទេចជញ្ជាំងអគារទាំងហូរញើសពេញខ្លួន។ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះឱ្យអាស៊ីសេរីដឹងថា ការរស់នៅប្រទេសថៃ ត្រូវចំណាយច្រើន ហើយម៉្យាងទៀតសម្រាប់គ្រួសារលោក ត្រូវចំណាយលុយលើការប្រើអ៊ីនធើណិត និងមធ្យោបាយផ្សេងៗ សម្រាប់ការផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ដូចនេះលោក និងភរិយាត្រូវប្រឹងរកលុយបើមិនដូច្នេះទេ អាចនឹងគ្មានលុយបង់ថ្លៃបន្ទប់ជួល៖ «
មិនឆ្ងាយពីលោក តោ និមល សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត ជាចៅសង្កាត់រងទី២ ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក វឿង សំណាង កំពុងចុះចាក់ឆ្កឹះពិតានពីខាងលើធ្លាក់ចុះក្រោម។ លោកថា ពេលចាប់ផ្ដើមធ្វើការងារនេះដំបូងខ្លួនមិនដឹងថា ត្រូវចងដែកមុន ឬលាយស៊ីម៉ងត៍មុននោះទេ ប៉ុន្តែដោយការព្យាយាមអាចធ្វើឱ្យលោកអាចបំពេញការងារនេះ។
លោក វឿង សំណាង ប្រាប់ថា លោកធ្វើការងារនេះដោយសារខ្វះខាតលុយបង់ថ្លៃបន្ទប់ និងការចំណាយថ្លៃហូបចុកប្រចាំថ្ងៃ។ លោកប្រាប់ថា ក្នុងស្ថានភាពនេះពិបាករកការងារធ្វើ ព្រោះវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែលោកអាចមានការងារធ្វើ គឺជាភ័ព្វសំណាងរបស់លោកទៅហើយទោះការងារនេះហត់នឿយ និងប្រឈមគ្រោះថ្នាក់ក្ដី៖ «
រីឯកម្មករសំណង់ម្នាក់ទៀតជាសកម្មជនគណបក្សសង្គ្រោះជាតិដែរនោះ គឺលោក សៅ ពលក្ខណ៍ ធ្វើការងារលើកដាក់ និងទម្លាក់ពិតានចុះក្រោមជាមួយកម្មករផ្សេងទៀតក្នុងការដ្ឋាននេះ។ លោកឱ្យដឹងថា លោកអាចចូលធ្វើការងារនៅទីនេះ បើទោះជាគ្មានឯកសារត្រឹមត្រូវដូចពលករផ្សេងទៀត ព្រោះទទួលបានការអនុគ្រោះ និងការយោគយល់ពីមេការខ្មែរនៅទីនេះ។ លោកថា ទោះលោកមិនសូវចេះការងារផ្នែកនេះ តែលោកអាចទទួលបានប្រាក់ឈ្នួលក្នុងមួយថ្ងៃប្រមាណ ១៤ដុល្លារក្នុង មួយថ្ងៃដូចកម្មករផ្សេងទៀតដែរ។ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះនិយាយថា ទោះការងារពិបាកយ៉ាងណា ក៏លោកពេញចិត្តធ្វើ និងនៅតែមានឆន្ទៈតស៊ូដោយរង់ចាំថ្ងៃវិលចូលស្រុកវិញជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ៖«
ការដ្ឋានសំណង់កន្លែងនេះភាគច្រើន គឺពលករខ្មែរជាអ្នកធ្វើ ថៅកែធំជាជនជាតិថៃ និងមានមេការគ្រប់គ្រងទូទៅជាជនជាតិខ្មែរ។ ម្នាក់នេះហើយ ដែលបានផ្តល់ការងារដល់មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងនេះ។ អ្នកគ្របគ្រងរូបនេះសុំលាក់ឈ្មោះ និងសំឡេង ប្រាប់អាស៊ីសេរីថា លោកបានផ្ដល់ប្រាក់ឈ្នួលដល់អ្នកនយោបាយទាំងនេះស្មើនឹងកម្មករផ្សេងទៀតដែរ។ លោកយល់ថា ការអនុញ្ញាតឱ្យមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលគ្មានឯកសារត្រឹមត្រូវធ្វើការងារមិនត្រឹមត្រូវតាមច្បាប់ប្រទេសថៃក្ដី ប៉ុន្តែក្នុងនាមលោកជនជាតិខ្មែរ និងជាអ្នកប្រជាធិបតេយ្យ លោកត្រូវតែជួយគេតាមអ្វីដែលលោកអាចធ្វើបាន។
រីឯប្រធានក្រុមការងារជាជាតិខ្មែរម្នាក់ទៀត លោក ងួន ស៊ីលាភ ប្រាប់ថា មន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលធ្វើការងារនៅទីនេះ ខំធ្វើការដូចកម្មករផ្សេងទៀតដែរ៖ «
សព្វថ្ងៃមានសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៦៤នាក់ ដែលបានរត់ទៅប្រទេសថៃ គេចចេញពីការទុក្ខបុកម្នេញ និងមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លោកថា ឆន្ទៈរបស់មន្ត្រីគណបក្សសង្គ្រោះជាតិភាគច្រើនគឺសុខចិត្តភៀសខ្លួន និងលំបាកគ្រប់បែបយ៉ាង ដើម្បីរក្សាកម្លាំងតស៊ូនយោបាយតទៅទៀត ដោយមិនព្រមលក់ឧត្ដមគតិនោះទេ។ ពួកគេនៅតែរក្សាជំហរវិលចូលស្រុកវិញជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងចូលរួមបោះឆ្នោត៕
No comments:
Post a Comment