Wednesday, 23 December 2020

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ប្រកាស​បង្កើត​បក្ស​ថ្មី​ចូលរួម​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ


ដោយ ​វ៉ែន សុមេធ
2020-12-22
​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ប្រកាស​បង្កើត​បក្ស​ថ្មី​ចូលរួម​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ
​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ប្រកាស​បង្កើត​បក្ស​ថ្មី​ចូលរួម​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ពេល​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo Provided


 

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ម្នាក់ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាស​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣។ បក្ស​កាន់អំណាច ស្វាគមន៍​ការ​បង្កើត​បក្ស​ថ្មី ថា ជា​សិទ្ធិ​នយោបាយ ខណៈ​អ្នកវិភាគ​ថា គណបក្ស​ថ្មី​នេះ នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ដូច​គណបក្ស​តូចៗ​ផ្សេង​ទៀត​ដែរ។

លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យ​ដឹង​ថា លោក​នឹង​រៀបចំ​បង្កើត​គណបក្ស​ថ្មី នៅ​ក្រោយ​ថ្ងៃ​ទី៤ មករា ព្រោះ​លោក​កំពុង​រង់ចាំ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ដឹកនាំ​ដោយ អ្នកស្រី មូរ សុខហួរ។ ក្នុង​ករណី​អ្នកស្រី មូរ សុខហួរ អាច​វិល​ចូល​ប្រទេស​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន លោក អ៊ូ ច័ន្ទរ័ត្ន នឹង​មិន​បង្កើត​បក្ស​ថ្មី​ទេ ហើយ​ងាក​ទៅ​គាំទ្រ​អ្នកស្រី មូរ សុខហួរ វិញ។


លោក​បន្ត​ថា គម្រោង​បង្កើត​បក្ស​ថ្មី​នេះ ដោយសារ​គ្មាន​ជំនឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​មាន​ឱកាស​ធ្វើ​នយោបាយ​នៅ​កម្ពុជា​បាន​ទៀត​។ លោក​មើលឃើញ​ថា ជាង​៣​ឆ្នាំ មក​នេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស បាន​តស៊ូ​អស់ហើយ ទាំង​ការទូត និង​តវ៉ា ប៉ុន្តែ​មិន​ជោគជ័យ​ទេ។ លោក​ថា ការ​តស៊ូ​របស់​បក្ស​ប្រឆាំង ច្រើន​ឆ្នាំ​មកនេះ មិន​ត្រឹម មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ ថែមទាំង​បណ្ដាល​ឱ្យ​កម្ពុជា​បន្ត​បាត់បង់​ផលប្រយោជន៍​ជា​បន្តបន្ទាប់៖ «​ពីមុន ខ្ញុំ​យល់​ដែរ​ថា អន្តរជាតិ អាច​នឹង​មាន​សម្ពាធ​ខ្លាំង​អ្វី​ខ្លាំង រហូតដល់​មានការ​គេ​ចង់​ជជែក​គ្នា​ដែរ​។ មែនទែន គេ​ចង់​ចរចា​ចង់​អ្វី​ដែរ ដោយសារ​សម្ពាធ​អន្តរជាតិ​ហ្នឹង យើង​ឃើញ​មុន​ពេល​គេ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហ្នឹង រដ្ឋាភិបាល គិត​ថា អាច​ជជែក​គ្នា​បាន​ដែរ មែនទែន​។ ក៏ប៉ុន្តែ ទីបំផុត​ទៅ ដោយសារ ជំហរ​យើង​រៀងខ្លួន​ហ្នឹង ធ្វើ​ឱ្យ​ខាតបង់​ទាំងអស់​ហ្នឹង ហើយ EBA ក៏​ដាច់​ទៅ​។ គណបក្ស​ប្រឆាំង ក៏​រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ»។

ទោះយ៉ាង​ណា លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា លោក​មិន​មាន​គោលដៅ ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច​ទេ ហើយក៏​មិន​ចូលរួម ជាមួយ​គណបក្ស​ផ្សេងទៀត​ដែរ តែ​លោក​កំពុង​ប្រមូល​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​បង្កើត​គណបក្ស​ថ្មី​ចូលរួម​ការបោះឆ្នោត​នា​ពេល​ខាងមុខ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ស្វាគមន៍​បំណង​បង្កើត​គណបក្ស​ថ្មី របស់ លោក អ៊ូ ច័ន្ទរ័ត្ន។ លោក​អះអាង​ថា លោក អ៊ូ ច័ន្ទរ័ត្ន មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ និង​បង្កើត​គណបក្ស​ថ្មី​។ លោក សុខ ឥសាន មាន​ជំនឿ​ថា ការ​បង្កើត​គណបក្ស​ថ្មី នឹង​មិន​ប៉ះពាល់​ប្រជាប្រិយភាព​គណបក្ស​កាន់អំណាច​ទេ៖ «គាត់​ធ្វើ​សកម្មភាព​នយោបាយ​ស្របតាម​គោលការណ៍​ច្បាប់ អត់​មាន​ទាស់​អ្វី​ជាមួយ​គណបក្ស​ប្រជាជន។ គណបក្ស​ប្រជាជន​ជា​គណបក្ស​មួយ​ដូចគ្នា នឹង​គណបក្ស​ផ្សេង​ដែរ។ គណបក្ស​ប្រជាជន ធ្វើ​សកម្មភាព​នយោបាយ ក៏​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដែរ​។ អ៊ីចឹង គឺ​គណបក្ស​ណា​ក៏​ដោយ គឺថា ធ្វើ​សកម្មភាព យក​គុណ​សម្បត្តិ​រៀងៗ​ខ្លួន ដើម្បី​ដណ្ដើម​ជ័យជម្នះ​នៅ​ពេល​ខាងមុខ អត់​មាន​ប៉ះពាល់​ដល់​គណបក្ស​ផ្សេង ក្រៅពី​គណបក្ស​សាមី​ទេ»។

យុវជន​ផ្នែក​ច្បាប់ និង​សង្គម លោក វ៉ន ចាន់ឡូត យល់​ថា ការ​បង្កើត​គណបក្ស​ថ្មី ទោះ​ក្រោម​ហេតុផល​ណា ក៏​គ្មាន​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅ​កម្ពុជា​ទេ​។ លោក​អះអាង​ថា មិន​ទាន់​មាន​គណបក្ស​ថ្មី ឬ ចាស់ ណាមួយ អាច​មាន​សមត្ថភាព​ប្រកួតប្រជែង ជាមួយ​គណបក្ស​កាន់អំណាច បាន​ទេ ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ៖ «ទោះបីជា​រូបភាព នៃ​ប្រទេស​ផ្សេងៗ ដែល​យើង​ឃើញ​ថា មាននៅ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល ពិតមែន ក៏ប៉ុន្តែ​ប្រទេស​ទាំងអស់​ហ្នឹង ក៏​មាន​នូវ​យន្តការ​ផ្សេងៗ ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល ស្ដារ​ឡើងវិញ​នូវ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ»។

គិត​ត្រឹម​ខែ​វិច្ឆិកា មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១៤​នាក់ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុង​ចំណោម​១១៨​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​។ ជាមួយ​គ្នា​នេះ​មាន​អតីតមន្ត្រី​បក្ស​ប្រឆាំង ៣​ក្រុម​បាន​នាំ​គ្នា​បង្កើត​គណបក្ស​ថ្មី គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​អភិរក្សនិយម និង​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ។ ក្រៅ​ពី​នេះ មាន​អ្នក​សុំ​សិទ្ធិ​នយោបាយ​ម្នាក់ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ អ្នកស្រី លី ស្រីវីណា ក្រោយ​គ្លីនិក​ពេទ្យ​របស់​អ្នកស្រី​ត្រូវ​ក្រសួង​សុខាភិបាល​បិទ៕

No comments: