Wednesday, 23 December 2020

សកម្មជន​មូលដ្ឋាន​បក្ស​ប្រឆាំង​ ​ប្តឹង​អង្គការសហប្រជាជាតិ​ ​ឲ្យ​ជួយ​អន្តរាគមន៍​ ​រឿង​សុវត្ថិភាព


ដោយ​លោក មួង ណារ៉េត
2020-12-22
សកម្មជន​មូលដ្ឋាន​បក្ស​ប្រឆាំង​ ​ប្តឹង​អង្គការសហប្រជាជាតិ​ ​ឲ្យ​ជួយ​អន្តរាគមន៍​ ​រឿង​សុវត្ថិភាពសកម្មជនគណបក្សសង្គ្រោះជាតិលោក គង់ ម៉ាស់ (រូបឆ្វេង) លោក ម៉ៃ ហុង​ស្រៀង (រូបកណ្តាល) និង​លោក គា វិសាល (រូបស្ដាំ) និង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំកម្ពុជា
រូប​ថត​តាមហ្វេស​ប៊ុក​របស់​សាម៉ី​ខ្លួន និង RFA



សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​នាំគ្នា​ដាក់ពាក្យ​ប្តឹង​ទៅ​ការិយាល័យ​ឧត្តមស្នងការ អង្គការ សហប្រជាជាតិ​ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​ឲ្យ​ជួយ​អន្តរាគមន៍​ ​រឿង​សុវត្ថិភាព​របស់​ពួកគាត់​ ​ក្រោយ​ករណី​វាយដំ​ ​និង​ធ្វើបាប​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​ ​បាន​កើតមានឡើង​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​ ​គ្មាន​ជន​ដៃដល់​ណា​ម្នាក់​ ​ត្រូវ​បាន​ផ្តន្ទាទោស​នោះ​ឡើយ​។

​សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​សុទ្ធតែ​បង្ហាញ​ការ​ខកចិត្ត​ ​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាក ស្រាន្ត​ ​ពី​ជន​មិន​ស្គាល់​មុខ​ ​និង​ម​ន្រ្តី​អាជ្ញាធរ​មូលដ្ឋាន​ ​មក​លើ​ពួកគាត់​។​

​ពួកគាត់​ថា​ការ​ធ្វើទុក្ខបុកម្នេញ​ ​គំរាមកំហែង​ ​បំភិតបំភ័យ​ ​រើសអើង​នយោបាយ​ ​និង​វាយដំ​ធ្វើបាប​លើ​សកម្មជន​បក្ស​ប្រឆាំង​ ​កើតមាន​ស្ទើរគ្រប់​រូបភាព​ ​និង​គ្រប់​ទម្រង់​ ​ដូចជា​ការ​លប​វាយនឹងដំបង​ដែក​ ​ឬ​ឈើ​ជ្រុង​ ​ពេល​កំពុង​ធ្វើដំណើរ​តាមផ្លូវ​ ​កា​រដាក់​កម្លាំង​ ​ឬ​មនុស្ស​ឈ្លប​យកការណ៍​ ​ឬ​តាមដាន​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​ ​គ្រប់​ទីកន្លែង​ ​សូម្បីតែ​ការ​ជួបជុំ​ទទួលទាន​អាហារ​នៅផ្ទះ​រួមគ្នា​ ​ក៏មាន​គេ​តាម​រករឿង​ដែរ​។​


សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ចាម​ ​និង​ធ្លាប់​ជាប់ឃុំ​ ​លោក​ ​គា​ ​វិសាល​ ​ប្រាប់​អាស៊ី​សេរី​ថា​លោក​ទទួល​បាន​ភាព​អយុត្តិធម៌​ម្តង​ហើយ​ម្តងទៀត​ ​នៅ​ក្នុង​សង្គម​នេះ​ ​រួម​ទាំង​ការ​ចាប់​លោក​ដាក់គុក​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ ​ទាំង​អយុត្តិធម៌​។​

​ឥឡូវ​ ​ក្រោយ​លោក​ជាប់គុក​គ្រប់​កាល​កំណត់​ ​និង​បាន​ចេញពី​គុក​ ​ក៏​ត្រូវ​គេ​បន្ត​តាម​ធ្វើទុក្ខបុកម្នេញ​ ​និង​គំរាមកំហែង​ឥត​ស្រាកស្រាន្ត​ទៀត​ ​គឺ​មិន​ឲ្យ​លោក​អនុវត្ត​សិទ្ធិ​សេរីភាព​ ​និង​ជីវភាព​នយោបាយ​លោក​ ​ដោយ​សុខ​សន្តិភាព​នោះ​ឡើយ​។​ ​លោក​ ​គា​ ​វិសាល​ ​ថា​លោក​បាន​សម្រេច​ដាក់​លិខិត​ទៅ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​អង្គការសហប្រជាជាតិ​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​ ​ធ្នូ​ ​គឺ​ក្រោយ​ព្រឹត្តិការណ៍​វាយដំ​ធ្វើបាប​យុវជន​ ​គង់​ ​រ៉ៃ​យ៉ា​ ​និង​ការ​ទទួល​បាន​សារ​គំរាម​ធ្វើបាប​រូបលោក​ដែរ​ <<​មាន​សារ​គម្រាម​ប្រយោល​មួយ​ ​មក​លើ​ពួក​ខ្ញុំ​ ​ដូច​បី​នាក់​ដែល​សម្ភាស​ជាមួយ​អាស៊ី​សេរី​ហ្នឹង​ ​ក៏​មិន​រួចខ្លួន​។​ ​ត្រង់​ចំណុច​ហ្នឹងហើយ​ ​ដែល​ធ្វើឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​។​ ​ខ្ញុំ​ត្រូវតែ​មាន​វិធានការ​ទប់​ស្កាត់​ ​ហើយ​ខ្ញុំ​ត្រូវ​ដាក់​ទៅ​យូ​អិ​ន​ ​ដើម្បីឲ្យ​ UN ​គេ​ការពារ​សិទ្ធិ​ឲ្យ​ខ្ញុំ​ខ្លះ​ ​ព្រមទាំង​តាមដាន​ ​ឃ្លាំមើល​សុវត្ថិភាព​ឲ្យ​ខ្ញុំ​ផង​>>​។​

ដូចគ្នា​នេះ​ដែរ​ ​លោក​ ​ម៉ៃ​ ​ហុង​ស្រៀ​ង​ ​ដែល​ជាសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​ធ្លាប់​ជាប់ឃុំ​ ​ដោយ​អាជ្ញាធរ​ដាក់​ពន្ធ​នាគា​រ​អស់​រយៈពេល​ជាច្រើន​ខែ​ ​បាន​សរសេរ​លិខិត​មួយ​ដាច់ដោយឡែក​ ​ទៅ​ស្ថាប័ន​អង្គការសហប្រជាជាតិ​នេះ​ឲ្យ​ជួយ​រឿង​សុវត្ថិភាព​នេះ​ដែរ​ ​កាលពី​ថ្ងៃ​ទី​ ​២​០​ ​ខែ​ ​ធ្នូ​ ​ដោយ​ ​លោក​បញ្ជាក់​ថា​ ​តាំងពី​ចេញពី​ពន្ធ​នាគា​រ​ ​លោក​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ​ជាពិសេស​ក្រោយ​មានការ​ចាប់ចង​សកម្មជន​ ​ទាំង​បំពានច្បាប់​ ​និង​ការ​លួច​វាយ​ធ្វើបាប​សកម្មជន​បក្ស​ប្រឆាំង​ជាង​ ​២​០​ ​នាក់​មក​ហើយ​ ​ហើយ​គ្មាន​ដែល​រកមុខ​ជន​ដៃដល់​ឃើញ​នោះ​ទេ​។​

លោក​ ​ម៉ៃ​ ​ហុង​ស្រៀ​ង​ ​បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ ​ថា​លិខិត​របស់​លោក​នេះ​ ​គឺ​ធ្វើ​ដើម្បី​ប្រយោជន៍​សកម្មជន​ទូទៅ​ផង​ ​និង​សម្រាប់​ខ្លួន​លោក​ផង​ ​ព្រោះ​លោក​ថា​សង្គម​នេះ​ ​មនុស្ស​គោរព​តែ​តាម​អនុសាសន៍​ ​មិន​គោរពច្បាប់​នោះ​ទេ​ <<​សង្គម​ហ្នឹង​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​មួយ​ទាំងមូល​រលំរលាយ​ ​មិន​ប្រាកដ​ថា​ខ្ញុំ​ហ្នឹង​ត្រូវ​ដំបង​ឬ​ដុំ​ថ្ម​ ​ឬ​នរ​ណាមួយ​ត្រូវ​ដំបង​ឬ​ដុំ​ថ្ម​នោះ​ទេ​។​ ​យើង​គ្រាន់តែ​ចង់​ជម្រាប​ទៅដល់​ UN ​ឲ្យ​ជួយ​ឃ្លាំមើល​>>​។​

អតីត​អ្នកទោស​នយោបាយ​ម្នាក់ទៀត​គឺ​ ​លោក​ ​គង់​ ​ម៉ាស់​ ​ពី​ខេត្ត​ស្វាយរៀង​ ​បាន​សរសេរ​លិខិត​ទៅ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នេះ​ដែរ​ ​ដើម្បី​ឱ្យ​ស្ថាប័ន​នេះ​ ​ជួយ​ឃ្លាំមើល​ ​និង​ការពារ​សុវត្ថិភាព​ជូន​លោក​ ​ក្រោយ​មាន​ជន​ប្លែក​មុខ​មួយ​ក្រុម​តាមដាន​ ​និង​ប៉ុនប៉ង​ធ្វើបាប​រូបលោក​។​ ​លោក​ ​គង់​ ​ម៉ាស់​ ​សង្ស័យ​ថា​ ​នេះ​ជា​ការរៀបចំ​ជា​ប្រព័ន្ធ​របស់​អ្នកមានអំណាច​ ​ដែល​ប៉ុនប៉ង​វាយប្រហារ​បង្ក​របួស​ស្នាម​មក​លើ​រូបលោក​ ​មិន​ឲ្យ​ចេញមុខ​សម្តែង​មតិ​ ​ឬ​ឈឺឆ្អាល​រឿង​សង្គម​តទៅទៀត​។​

​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​នេះ​ ​សូម្បីតែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​ជាប់ពន្ធនាគារ​ឯណោះ​ ​គឺ​លោក​ ​កែវ​ ​ថៃ​ ​ដែល​កូនប្រុស​របស់​លោក​អាយុ​ ​១​៦​ ​ឆ្នាំ​ ​ត្រូវ​គេ​វាយដំ​ឲ្យ​របួសធ្ងន់​នា​ពេលថ្មីៗនេះ​ ​ក៏បាន​សរសេរ​លិ​ខិតចេញ​ពី​ពន្ធ​នាគា​រ​ ​ដើម្បី​អំពាវនាវ​ឲ្យ​អង្គការ​ជាតិ​ ​និង​អន្តរជាតិ​ជួយ​យកចិត្តទុកដាក់​រឿង​នេះ​ផង​ដែរ​។​

​អាស៊ី​សេរី​ ​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ ​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ​ឆាយ​ ​គឹម​ខឿន​ ​ជុំវិញ​រឿង​សុវត្ថិភាព​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ​ ​ប៉ុន្តែ​ ​លោក​មិន​លើក​ទូរសព្ទ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​លោក​ធ្លាប់​បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ ​ថាបើ​សកម្មជន​ទាំងនោះ​ ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ​លោក​ស្នើ​ឲ្យ​ពួកគាត់​រាយការណ៍​ ​ឬ​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​។​

​ទោះបី​ម​ន្រ្តី​តំណាង​ស្ថាប័ន​នគរបាល​ជាតិ​រូប​នេះ​ ​ស្នើ​ឲ្យ​ពលរដ្ឋ​ប្តឹងប៉ូលិស​ ​បើ​មាន​បញ្ហា​សុវត្ថិភាព​ក៏ដោយ​ ​ក៏​សកម្មជន​គណបក្សប្រឆាំង​ ​ប្រាប់​ថា​ពួកគាត់​គ្មាន​ជំនឿ​លើ​ស្ថាប័ន​ប៉ូលិស​ ​និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នោះ​ទេ​។​ ​លោក​ ​គា​ ​វិសាល​ ​ថា​លោក​បាន​សង្កេតឃើញ​ការ​វាយដំ​សកម្មជន​បក្ស​ប្រឆាំង​កន្លងមក​ ​គឺ​ជន​ដៃដល់​ ​ហាក់ដូចជា​ត្រូវ​បានការ​ពារ​យ៉ាងល្អ​ ​ដូច​មាន​ការរៀបចំ​ទុកជាមុន​យ៉ាង​ត្រឹមត្រូវ​ <<​ពេល​ដែល​វាយ​ហើយ​ ​មើលទៅ​ដំណើរ​ពួក​ហ្នឹង​ ​វា​ចេញទៅ​ដោយ​សុវត្ថិភាព​ ​ហាក់ដូចជា​មាន​មាន​រៀបចំ​លក្ខណៈ​ជា​ប្រព័ន្ធ​ទុក​ជាស្រេច​ ​ធ្វើឲ្យ​ខ្ញុំ​ហ្នឹង​ដាក់ពាក្យបណ្តឹង​យ៉ាងម៉េច​កើត​! ​ប៉ុន្តែ​ ​ខ្ញុំ​អត់មាន​ជំនឿ​ត្រង់ថា​ ​បញ្ហា​ដែល​កើតឡើង​សម្រាប់​សកម្មជន​គណបក្ស​នយោបាយ​ ​បក្ស​ប្រឆាំង​តាំងពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ ​រហូតដល់​មកដល់​ថ្នាក់​មូលដ្ឋាន​ក៏ដោយ​ ​គឺ​គេ​អត់​ដែល​ចាត់ការ​ ​ហើយ​មិនដែល​ឃើញ​ចាប់​ជនល្មើស​ហ្នឹង​យកមក​អនុវត្ត​ទោស​ទណ្ឌ​ទៅ​តាមច្បាប់​នោះ​ទេ​>>​។​

លោក​ ​គា​ ​វិសាល​ ​រួម​នឹង​មេឃុំ​ ​និង​ចៅសង្កាត់​ជាប់ឆ្នោត​ជាច្រើន​រូប​ផ្សេងទៀត​ ​រួម​ទាំង​ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សង្កាត់​បឹង​ទំពុន​ទី​២​ ​លោក​ ​ជា​ ​ម៉ន​ ​ផង​ ​ក៏​រង​ការ​យារ​យី​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​ដែរ​ ​កាលពី​ថ្ងៃ​ទី​ ​២​០​ ​ខែ​ ​ធ្នូ​ ​គឺ​ពេល​ដែល​ពួកគាត់​រៀបចំ​ពិធី​ពិសា​រ​អាហារ​រួមគ្នា​មួយ​ ​នៅ​គេហដ្ឋាន​របស់​លោក​ ​ជា​ ​ម៉ន​ ​នៅ​សង្កាត់​បឹង​ទំពុន​ទី​ ​១​ ​ដែល​មាន​អ្នកចូលរួម​ ​ដែល​ជាសកម្ម​ជន​ ​និង​ម​ន្រ្តី​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ​២​០​ ​នាក់​។​ ​លោក​ ​ជា​ ​ម៉ន​ ​ប្រាប់​អាស៊ី​សេរី​ ​ថា​អាជ្ញាធរ​មូលដ្ឋាន​ ​មិន​ហ៊ាន​ចូល​អុកឡុក​ក្នុង​គេ​ហ​រដ្ឋា​ន​របស់​លោក​ទេ​ ​ក៏ប៉ុន្តែ​តាម​យាយី​នៅ​ខាងក្រៅ​ <<​កម្មវិធី​ហ្នឹង​ត្រូវ​បាន​អាជ្ញាធរ​គេ​ព័ទ្ធ​មុខ​ព័ទ្ធ​ក្រោយ​ ​គេ​អត់​ហាន​ចូលក្នុង​ផ្ទះ​ទេ​។​ ​បាន​នៅ​ត្រឹម​ខាងក្រៅ​>>​។​

​ទោះ​ជា​មិន​មានការ​វាយដំ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ពេល​នោះ​ក៏ដោយ​ ​ក៏មាន​ជន​មិន​ស្គាល់​មុខ​ ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​របស់​ម​ន្រ្តី​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ ​ពេល​ពួកគាត់​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​និង​បាន​ប៉ុនប៉ង​ឆែកមើល​មុខ​មនុស្ស​ជិះ​ក្នុង​រថយន្ត​នោះ​ផង​។​ ​ម​ន្រ្តី​បក្ស​ប្រឆាំង​ថា​ ​ជន​ដែល​តាម​ឃ្លាំមើល​ ​និង​ចាំ​ធ្វើទុក្ខបុកម្នេញ​ម​ន្រ្តី​បក្ស​ប្រឆាំង​នោះ​ ​គឺ​មាន​មាឌ​ដំបង​ ​ដូច​ជន​ដែល​ធ្លាប់​វាយ​ចៅសង្កាត់​កោះ​ដាច់​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​ស៊ិន​ ​បូ​ណា​ ​អ្នក​ជន​សង្ស័យ​ដែល​វាយ​យុវជន​ ​គង់​ ​រ៉ៃ​យ៉ា​។​

​លោក​ ​ជា​ ​ម៉ន​ ​ចោទ​ជា​សំណួរ​ថា​ ​បើ​ប្រទេស​មាន​សុខ​សន្តិភាព​ពិតប្រាកដ​មែន​ ​ចុះ​ហេតុ​ដូចម្តេច​បានជា​អាជ្ញាធរ​មូលដ្ឋាន​ ​នៅតែ​បន្ត​តាមដាន​សកម្មជន​គណបក្សប្រឆាំង​គ្រប់ពេល​គ្រប់​វេលា​ ​សូម្បីតែ​ពេល​ជួបគ្នា​ទទួលទាន​អាហារ​នៅផ្ទះ​ ​ជា​លក្ខណៈ​គ្រួសារ​បែប​នេះ​?

ម​ន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​ឯណោះ​ ​ក៏​ព្រួយបារម្ភ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​ ​និង​ការ​វាយដំ​ ​ដែល​កើតឡើង​ជាបន្តបន្ទាប់​នោះ​ដែរ​។​ ​អ្នកនាំពាក្យ​អង្គការ​ ​អា​ដ​ហុ​ក​ ​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​ថា​អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ​កន្លងមក​ ​ទំនងជា​ធ្វើឡើង​ក្នុង​ចេតនា​ចង់​គំរាមកំហែង​ ​និង​បំបាក់​ស្មារតី​សកម្មជន​ទាំងនោះ​ ​កុំឲ្យ​ធ្វើសកម្មភាព​នយោបាយ​ ​គាំទ្រ​គណបក្សប្រឆាំង​ ​ឬ​សកម្មភាព​តស៊ូ​មតិ​នេះ​តទៅទៀត​។​

​លោក​ក៏​ចោទ​ជា​សំណួរ​ដែរ​ ​ថា​ហេតុអ្វីបានជា​អាជ្ញាធរ​ ​មិន​អា​ចចាប់​ជនល្មើស​មក​ផ្តន្ទាទោស​បាន​ ​បើ​ទោះបីជា​មាន​ករណី​ខ្លះ​ ​ដូច​ករណី​វាយដំ​លោក​ ​ស៊ិន​ ​បូ​ណា​ ​ចៅសង្កាត់​កោះ​ដាច់​នោះ​ ​ភិនភាគ​ជន​សង្ស័យ​ ​ត្រូវ​គេ​ថត​បាន​ទៀត​ផង​នោះ​ <<​មិនមែន​សមត្ថកិច្ច​កម្ពុជា​អសមត្ថភាព​ក្នុង​ការ​ចាត់វិធានការ​ទេ​។​ ​វា​ហាក់ដូចជា​ការ​មិន​អើពើ​ ​មិន​យកចិត្តទុកដាក់​ ​បណ្ដែតបណ្ដោយ​ឲ្យ​បញ្ហា​ហ្នឹង​ចេះតែ​បន្ត​កើតមានឡើង​ ​ធ្វើឲ្យ​សាធារណជន​ដែលគេ​ដាន​រឿង​នយោបាយ​ហ្នឹង​ ​គេ​ដាក់​ការ​មន្ទិលសង្ស័យ​ហើយ​ ​ថា​វា​ច្បាស់ជា​មានការ​រៀប​ឡើង​ ​អាច​ថា​ជា​ប្រព័ន្ធ​ក្នុង​រឿង​ហ្នឹង​>>​។​

​ទោះ​ជា​រង​ការ​ធ្វើ​ទុក្ខម្នេញ​យ៉ាងនេះ​ក្ដី​ ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ ​នៅតែ​អះអាង​ថា​ ​ពួកគាត់​ ​មិន​អាច​ឈរ​ឱបដៃ​មើល​អំពើ​អយុត្តិធម៌​សង្គម​ ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​នោះ​ទេ​។​ ​ពួកគាត់​នៅតែ​តាំងចិត្ត​តស៊ូ​មតិ​ ​និង​ហ៊ាន​និយាយ​ការពិត​អំពី​បញ្ហា​សង្គម​ ​ហើយ​ជឿជាក់​ថា​ ​សហគមន៍​អន្តរជាតិ​ ​ក៏​មិន​ឈរ​ឱបដៃ​មើល​បញ្ហា​អយុត្តិធម៌​សង្គម​នៅ​កម្ពុជា​នោះ​ដែរ​៕

No comments: