Friday 4 December 2020

អ្នក​ជំនាញ​កសិកម្ម​ស្វាគមន៍​កម្ពុជា​នាំ​ចេញ​ផ្លែ​ស្វាយ​លើក​ដំបូង​ទៅ​ប្រទេស​ចិន


ដោយ ហេង រស្មី
2020-12-04
អ្នក​ជំនាញ​កសិកម្ម​ស្វាគមន៍​កម្ពុជា​នាំ​ចេញ​ផ្លែ​ស្វាយ​លើក​ដំបូង​ទៅ​ប្រទេស​ចិន
អ្នក​ជំនាញ​កសិកម្ម​ស្វាគមន៍​កម្ពុជា​នាំ​ចេញ​ផ្លែ​ស្វាយ​លើក​ដំបូង​ទៅ​ប្រទេស​ចិន ក្រុម​កម្មករ​នៅ​ក្រុមហ៊ុន ហ៊ុន ទី កំពុង​វេច​ខ្ចប់​ផ្លែស្វាយ​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម



កម្ពុជា​បាន​នាំ​ចេញ​ផ្លែ​ស្វាយ​​ខ្ចី​ស្រស់​ ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៣ ខែធ្នូ តាម​រយៈ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដែល​គ្រប់​គ្រង​ដោយ​ជនជាតិ​ចិន។​អ្នក​ជំនាញ​កសិកម្ម​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ ​ប៉ុន្តែ​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​គួរ​ តែ​បង្កើត​សមាគម​ប្រមូល​ទិញ​ស្វាយ​ពី​កសិករ​នៅ​ក្នុង​ស្រុក ដើម្បី​ឱ្យ​ពួក​គេ​អាច​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ។

អ្នក​ជំនាញ​កសិកម្ម​និង​ ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​បណ្ឌិត​ យ៉ង សាំងកុមារ​ មាន​ប្រសាសន៍​ថា ការ​នាំ​ផ្លែ​ស្វាយ​ចេញ​ពី​កម្ពុជា​ ទៅ​កាន់​ប្រទេស​ចិន​ គឺ​ជា​រឿង​ល្អ​ ដោយ​សារ​តែ​កន្លង​មក ផ្លែ​ស្វាយ​ភាគ​ច្រើន​នៅ​កម្ពុជា​មាន​ការ​លំបាក​ក្នុង​ការ​រក​ទី​ផ្សារ​សម្រាប់​លក់​ចេញ​ ហើយ​ម៉្យាង​វិញ​ទៀត​ រដូវ​ប្រមូល​ផល​ផ្លែ​ស្វាយ​ជិត​ឈាន​មក​ដល់​ ដែល​ជា​ឱកាស​មួយ​សម្រាប់​ដែល​កសិករ​មួយ​ចំនួន​បាន​ទទួល​ផល​ចំពោះ​កសិផល​របស់​ខ្លួន។

លោក​បន្ថែម​ថា​ ដើម្បី​នាំ​ចេញ​ផ្លែ​ស្វាយ​ទៅ​ប្រទេស​ចិន​អោយ​តាម​កម្រិត​​ស្តង់ដារ​ កសិករ​គួរ​តែ​ចង​ក្រង​ ជា​សមាគម​ ហើយ​ក្រសួង​កសិកម្ម​ត្រូវ​គាំទ្រ​ដល់​សមាគម​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​ផ្ដុំ​ និង​ការ​ចរចា​ជាមួយ​ក្រុម​ហ៊ុន។​ លោក​ថា​ ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៩​ មាន​សល់​ផ្លែ​ស្វាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ដែល​កសិករ​ពិបាក​ក្នុង​ការ​រក​ទី​ផ្សារ​សម្រាប់​នាំ​ចេញ៖ «ដំណាំ​ស្វាយ​គឺ​ជា​ដំណាំ​មួយ​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​បើ​យើង​មាន​ឱកាស​នាំ​ចេញ​ទៅ​ទី​ផ្សារ​ចិន​ ជប៉ុន​ កូរ៉េ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​រដ្ឋាភិបាល​ជាពិសេស​ក្រសួង​កសិកម្ម​ ត្រូវ​មាន​គោល​នយោបាយ​គាំទ្រ​ដល់​សមាគម​ជាតិ​ដែល​ទាក់​ទង​ការ​ដាំ​ស្វាយ»។


ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​នេះ គឺ​ក្រោយ​ពេល​គេហទំព័រ​របស់​ក្រសួង​កសិកម្ម បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣ ធ្នូ​ថា ក្រុម​ហ៊ុន​ឯក​ជន​ដែល​គ្រប់​គ្រង​ដោយ​ជនជាតិ​ចិន​មួយ​ឈ្មោះ​ ក្រុមហ៊ុន​ ហ៊ុន ទី​ បាន​ចាប់​ផ្ដើម​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ជា​លើក​ដំបូង​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​បាន​បោះ​ទុន​វិនិយោគ​លើ​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ ការ​លាង​សម្អាត​ ការ​វេច​ខ្ចប់ ការ​បង្កើត​ឃ្លាំង​ស្តុក​ត្រជាក់​ និង​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧។

​គេ​ហទំព័រ​របស់​ក្រសួង​កសិកម្ម​ មិន​បាន​បញ្ជាក់​ចំនួន​ផ្លៃ​ស្វាយ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ដំបូង​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ​គ្រាន់​តែ​បញ្ជាក់​ថា​ មាន​ចំនួន​មួយ​កុងតឺន័រ​ប៉ុណ្ណោះ។​

អាស៊ីសេរី​មិន​អាច​​ទាក់ទង​មន្ត្រី​ក្រុម​ហ៊ុន​ ហ៊ុន ទី​ ដែល​មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ បាន​ទេ កាល​ពី​ថ្ងៃ​ទី៣ ធ្នូ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុទ្ធី នៅ​ពេល​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ ក្រសួង​កសិកម្ម​ និង​អគ្គ​រដ្ឋបាល​គយ​របស់​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ២០២០ បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ ដែល​រំពឹង​ថា​ ឱ្យ​បាន​ដល់ ៥០ម៉ឺន​តោន នៅ​ក្នុង​មួយ​ឆ្នាំ។

ទាក់​ទិន​នឹង​បញ្ហា​នាំ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​នេះ។ កសិករ​ដាំ​ស្វាយ​មួយ​រូប​នៅ​ក្នុង​ខេត្ត​កំពត​ លោក​ស្រី សេង គូន មាន​ប្រសាសន៍​ថា​ លោក​ស្រី​បាន​ដាំ​ស្វាយ​ប្រមាណ​ជាង ៣៣៥​ដើម កាល​ពី ៥ឆ្នាំ​មុន ហើយ​ឥឡូវ​នេះ​ផ្លែ​ស្វាយ​កំពុង​ប្រមូល​ផល តែ​មិន​សូវ​បាន​ល្អ​ដូច​ឆ្នាំ២០១៩ ទេ។

លោក​ស្រី​បាន​បញ្ជាក់​ថា កន្លង​មក​មិន​ដែល​មាន​ក្រុម​ហ៊ុន​របស់​ប្រទេស​ចិន​មក​ទាក់​ទង​ទិញ​ផ្លែ​ស្វាយ​ស្រស់​ពី​លោក​ស្រី​ទេ គឺ​មាន​តែ​ឈ្មួញ​រក​ស៊ី​ក្នុង​ស្រុក​មក​​ទិញ​ផ្លែ​ស្វាយ​ដើម្បី​ទៅ​លក់​បន្ត​តែ​ប៉ុណ្ណោះ។​

លោក​ស្រី​បន្ថែម​ថា បើ​រដ្ឋាភិបាល​ជួយ​បង្កើត​សមាគម​ជាតិ ដើម្បី​ប្រមូល​ទិញ​ផ្លែ​ស្វាយ​ស្រស់​ពី​កសិករ​នោះ វា​ល្អ​ប្រសើរ​ដោយ​សារ​អាច​លក់​បាន​ថ្លៃ​ជាង​ឈ្មួញ​នៅ​ក្នុង​ស្រុក៖ «បើ​គេ​មក​ទិញ វា​ស្រួល​លក់​។​ឆ្នាំ​ទៅ​ដោយ​សារ​បញ្ហា​កូវីដ​ ស្វាយ​ជ្រុះ​ចោល​ពេញ​ណា​ពេញ​ណី​ទាំង​អស់»។

អគ្គនាយកដ្ឋាន​កសិកម្ម​ឲ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​កសិកម្ម បាន​ទទួល​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ចម្ការ​ស្វាយ​ និង​ទី​តាំង​វេច ខ្ចប់​សម្រាប់​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ចំនួន ៤៨ក្រុមហ៊ុន ម្ចាស់​ចម្ការ និង​សមាគម​កសិកម្ម។

ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ឱ្យ​បាន​ល្អ​ សម្រាប់​ការ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ អគ្គ​នាយកដ្ឋាន​កសិកម្ម​ កំពុង​អនុវត្ត​សកម្មភាព​មួយ​ចំនួន​នៅ​តាម​ទីតាំង​ចម្ការ​ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​ ឱ្យ​បំពេញ​បាន​នូវ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន។

សកម្មភាព​ទាំងនោះ​រួមមាន​ បណ្ដុះបណ្ដាល​បច្ចេកទេស​ស្ដីពី​ការ​អនុវត្ត​កសិកម្ម​ល្អ បណ្ដុះបណ្ដាល​បច្ចេកទេស​ស្ដីពី​ការ​គ្រប់គ្រង​សមាសភាព​ចង្រៃ បណ្ដុះបណ្ដាល​បច្ចេកទេស​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់ និង​អង្កេត​តាមដាន និង​រៀបចំ​ប្រព័ន្ធ​ព្យាករណ៍​សមាសភាព​ចង្រៃ​នៅ​តាម​ចម្ការ​ដែល​បាន​ចុះ​បញ្ជី​នាំ​ចេញ ព្រម​ទាំង​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ដំណាំ​ស្វាយ។

គិត​ត្រឹម​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០២០ នេះ មាន​ក្រុមហ៊ុន​ចំនួន ៤ កំពុង​ប្រតិបត្តិការ​សាងសង់​ទី​តាំង​វេច ខ្ចប់​ ដោយ​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​​​សម្រាប់​កម្ចាត់​ពង​រុយ​ចោះ​ផ្លែ​ស្វាយ។ ក្រុមហ៊ុន​ទាំង​នោះ​មាន​ទី​តាំង​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ស្រុក​កំពង់​សីលា ខេត្ត​​ព្រះ​សីហនុ និង​ខណ្ឌ​សែន​សុខ​ ក្រុង​ភ្នំពេញ៕


Mango_for_export_1.jpg

Mango_for_export_1.jpg ផ្លែស្វាយនៅ​ក្រុមហ៊ុន ហ៊ុន ទី កម្ពុជា ត្រូវ​បាន​វេចខ្ចប់ សម្រាប់​នាំ​ទៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក​ក្រសួង​កសិកម្

No comments: