ដោយ ជាតិ ចំណាន និងសេក បណ្ឌិត
2020-12-20
អតីតអ្នកទោសមនសិការលោក គង់ រ៉ៃយ៉ា ត្រូវជនមិនស្គាល់មុខលបស្ទាក់វាយក្បាល និងធាក់ផ្ដួលម៉ូតូនៅតាមផ្លូវ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២០។
រូបហ្វេសប៊ុក
អ្នកចូលចិត្តឈឺឆ្អាលរឿងសង្គមដែលធ្លាប់ជាប់ពន្ធនាគារពីរដង គឺយុវជន គង់ រ៉ៃយ៉ា ត្រូវជនមិនស្គាល់មុខលបស្ទាក់វាយក្បាល និងធាក់ផ្ដួលម៉ូតូនៅតាមផ្លូវ ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ធ្នូ នេះ។ មន្ត្រីសង្គមស៊ីវិលយល់ថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគួរស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកជនល្មើសយកមកអនុវត្តតាមផ្លូវច្បាប់។
អតីតអ្នកទោសមនសិការលោក គង់ រ៉ៃយ៉ា ឱ្យអាស៊ីសេរីដឹងថា ជនមិនស្គាល់មុខ២នាក់ បានជិះម៉ូតូម៉ាក ហុងដា ភីស៊ីអិច (Hongda PCX) ស្ទាក់វាយ និងធាក់ផ្តួលម៉ូតូលោក ២លើក បំណងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវ២០១១ ជិតផ្សារឈូកមាស រាជធានីភ្នំពេញ ខណៈពេលលោកកំពុងដឹកទឹកឃ្មុំយកទៅលក់។ លោកបន្តថា ការវាយឆ្មក់លើកទី១នោះ ពុំបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ដោយសារលោកបានពាក់មួកការពារសុវត្ថិភាព ហើយប្រមាណ៥នាទីក្រោយមក ពួកគេក៏បានធ្វើសកម្មភាពវាយលោកម្តងទៀត ដោយប្រើប្រាស់ដែកតាន់ប៉ងវាយក្បាល ប៉ុន្តែរអិលត្រូវស្មារបស់លោក។ លោកចាត់ទុកករណីលបវាយប្រហារនេះ គឺជាការរៀបចំជាប្រព័ន្ធ និងជាករណីតែមួយដូចនឹងសកម្មជនគណបក្សសង្គ្រោះជាតិ និងយុវជនសង្គមដទៃទៀត ដែលរងការវាយប្រហារកន្លងមក។ លោកលើកឡើងថា លោកបានជូនដំណឹងនេះ ទៅអង្គការសង្គមស៊ីវិល ដើម្បីជួយរកយុត្តិធម៌ជូនលោករួចហើយ ប៉ុន្តែលោកគ្មានជំនឿលើសមត្ថកិច្ចក្នុងការស្វែងរកជនដៃដល់មកអនុវត្តទោសនោះទេ៖ «ខ្ញុំជឿជាក់ថា ករណីវាយដំមកលើរូបខ្ញុំនៅលើដងផ្លូវហ្នឹង គឺជាការវាយដំដែលគំរាមកំហែង បំភិតបំភ័យហើយវាជារឿងដែលពាក់ព័ន្ធជាមួយនឹងការឡើងកម្ដៅនយោបាយនៅក្នុងប្រទេសកម្ពុជាហ្នឹងសុទ្ធសាធ។ ខ្ញុំគ្រាន់តែសំណូមពរថា យើងជាខ្មែរដូចគ្នា យើងគួរតែរៀននិយាយគ្នាឱ្យស្រួលបួល ហើយយើងមិនគួរបន្តការប្រើអំពើហិង្សាទៀតទេ។ យើងគួរតែរៀននិយាយគ្នាទៅ យើងសុទ្ធតែជាអ្នកចេះដឹង សុទ្ធតែជាអ្នកដែលមានបទពិសោធប្រឡូកនៅក្នុងឆាកនយោបាយនៃប្រទេសកម្ពុជា យើងត្រូវដឹងថា កាលណាយើងឈ្លោះគ្នា យើងប្រើហិង្សាដាក់គ្នាវាអត់ចំណេញទាំងសងខាង»។
អ្នករិះគន់រដ្ឋាភិបាល និងគាំទ្រគោលនយោបាយគណបក្សសង្គ្រោះជាតិ យុវជន គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគារពីរលើករួចមកហើយ។ លើកទីមួយ លោកជាប់ពន្ធនាគាររយៈពេល១ ឆ្នាំកន្លះ ដោយសារតែការបង្ហោះសាររឿងបដិវត្តន៍ពណ៌ កាលពីឆ្នាំ២០១៥។ នៅខែកក្កដា ឆ្នាំ២០១៩ លោកត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារម្តងទៀត បន្ទាប់ពីលោកបានផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ លោកជាប់ឃុំអស់រយៈពេលជិត ៥ខែ មុនត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ តែព្យួរទោសដែលនៅសល់។ ក្រោយចេញពីពន្ធនាគារ យុវជនរូបនេះបានភៀសខ្លួនទៅកាន់ប្រទេសថៃមួយរយៈ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន។ តែក្រោយមក លោកបានត្រឡប់ទៅកម្ពុជាវិញ ដើម្បីរស់នៅជួបជុំគ្រួសារ និងប្រកបរបរចិញ្ចឹមជីវិតតាមធម្មតាវិញ។
ទាក់ទងនឹងអំពើហិង្សាលើ យុវជន គង់ រ៉ៃយ៉ា នេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បញ្ជាក់ថា លោកពុំទាន់បានទទួលព័ត៌មាននេះទេ។ តែលោកអះអាងថា ប្រសិនមានករណីវាយប្រហារបែបនេះកើតឡើង សមត្ថកិច្ចនឹងសហការជាមួយជនរងគ្រោះ ដើម្បីស៊ើបអង្កេតរកជនដៃដល់មកអនុវត្តទោស៖ «ឥឡូវហ្នឹងខ្ញុំអត់ទាន់បានជួបបញ្ហា ចាំមើលខ្ញុំឆេកមើលជាមួយខណ្ឌសិន។ ទាក់ទងជំហានដំបូងយើងត្រូវធ្វើការស្រាវជ្រាវសិនថា តើជាករណីអី អាហ្នឹងពេលខ្លះវាអាចជាករណីបុគ្គល ករណីគំនុំអ៊ីចឹង។ អ៊ីចឹងដល់យើងស្រាវជ្រាវដឹងថា តើជាករណីអី អាហ្នឹងបានយើងឈានជំហានដល់ធ្វើការអនុវត្តការងារហ្នឹង ព្រោះឥឡូវហ្នឹងយើង សមត្ថកិច្ចមិនដែលថា ដកឃ្លាក្នុងការស្រាវជ្រាវទេ គឺតែងតែធ្វើការសហការជាមួយជំនាញគ្រប់ទាំងអស់ ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យករណីមួយៗហ្នឹងអ៊ីចឹង»។
ទោះជាមានការអះអាងបែបនេះក្តី ក៏អំពើហិង្សាលើសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងកន្លងក អាជ្ញាធរមិនដែលវែកមុខចាប់ជនដៃដល់យកមកផ្ដន្ទាទោសបាននោះឡើយ ហើយករណីនេះបានកើនឡើងជាបន្តបន្ទាប់។
កាលពីថ្ងៃទី១២ ធ្នូ កន្លងទៅ មានអំពើហិង្សាពីរករណី បានកើតឡើងលើសកម្មជនគណបក្សសង្គ្រោះជាតិ និងសាច់ញាតិរបស់ពួកគេ។ ជនរងគ្រោះម្នាក់ គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតច្បារអំពៅទី២ រាជធានីភ្នំពេញ លោក ជឿន សារឹម ត្រូវជនដៃដល់ស្ទាក់វាយដោយដំបង បណ្ដាលឱ្យរងរបួសយ៉ាងដំណំ។ ចំណែក ម្នាក់ទៀត ជាកូនប្រុសមន្ត្រីបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ លោក កែវ ថែ គឺយុវជន កែវ សុខសិរី ត្រូវជនដៃដល់ព្រួតវាយចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ខណៈពេលដែលលោកកំពុងជិះកង់ហាត់ប្រាណ។
ចំណែក សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងលោក គង់ ម៉ាស់ វិញ ក៏ត្រូវជនមិនស្គាល់មុខជិះម៉ូតូតាមលោក ហាក់ក្នុងបំណងធ្វើបាបរូបលោកផងដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការមិនអាចចាប់ជនដៃដល់បានក្នុងករណីហិង្សាបែបនេះ ធ្វើឱ្យសកម្មជន យុវជន និងមន្ត្រីសង្គមស៊ីវិល ជាដើម មានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ លោកចាត់ទុកករណីនេះ គឺជារឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយសារជនល្មើសមិនត្រូវបានស៊ើបអង្កេត និងផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយរឿងនេះហាក់មានលក្ខណៈជាប្រព័ន្ធ៖ «បើសិនជាករណីនេះចេះតែបន្តទៅទៀត អាហ្នឹងគឺបង្កើនការភ័យខ្លាច អសន្តិសុខទៅលើសកម្មជន ឬក៏អ្នកធ្វើការងារសង្គមតទៅទៀត។ សមត្ថកិច្ចរបស់យើងមិនមែនមិនមានលទ្ធភាព ឬក៏មិនមានសមត្ថភាពទេក្នុងការស៊ើបអង្កេតទៅលើករណីទាំងអស់នេះ។ អ៊ីចឹងយើងសំណូមពរថា សុំឱ្យសមត្ថកិច្ចដែលពាក់ព័ន្ធហ្នឹងធ្វើការស៊ើបអង្កេតលើករណីនេះដោយហ្មត់ចត់ ដោយឯករាជ្យ ហើយនឹងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងបំបាត់នូវវប្បធម៌និទ្ទណ្ឌភាព ឬក៏ទប់ស្កាត់នូវអំពើហិង្សានេះ កុំឱ្យរីករាលដាលបន្តទៀត»។
គិតមកដល់ពេលនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិជាង ២០នាក់ហើយ ដែលត្រូវជនមិនស្គាល់មុខលួចវាយឱ្យរងរបួស។ ករណីភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ ហើយរហូតមកដល់ពេលនេះគ្មានជនប្រព្រឹត្តណាម្នាក់ត្រូវបានអាជ្ញាធររកឃើញ ឬក៏ចាប់ខ្លួនឱ្យមកទទួលទោសនោះទេ។ ករណីអំពើហិង្សាលើមន្ត្រីគណបក្សសង្គ្រោះជាតិ ច្រើនមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺជនដៃដល់ជិះម៉ូតូពាក់មួកសុវត្ថិភាព លួចវាយជនរងគ្រោះពីក្រោយខ្នង ហើយប្រើដំបងដែកវាយសំដៅក្បាលរបស់ជនរងគ្រោះ។ អាជ្ញាធរបានត្រឹមតែឆ្លើយដដែលៗថា កំពុងស៊ើបអង្កេតករណីទាំងនេះ ប៉ុន្តែអាជ្ញាធរមិនដែលបង្ហាញលទ្ធផល ឬភស្តុតាងដែលអាចជឿទុកចិត្តបានទាក់ទងនឹងដំណើរការស៊ើបអង្កេតនោះឡើយ៕
No comments:
Post a Comment