Monday, 21 December 2020

ការ​ដំឡើង​តួនាទី​កូនប្រុស​៣​នាក់​របស់​លោក សុខ អាន និង​តែងតាំង​អ្នកស្រី បាន ស្រីមុំ រង​ការ​រិះគន់


ដោយ សុជីវី
2020-12-20
ការ​ដំឡើង​តួនាទី​កូនប្រុស​៣​នាក់​របស់​លោក សុខ អាន និង​តែងតាំង​អ្នកស្រី បាន ស្រីមុំ រង​ការ​រិះគន់
ការ​ដំឡើង​តួនាទី​កូនប្រុស​៣​នាក់​របស់​លោក សុខ អាន និង​តែងតាំង​អ្នកស្រី បាន ស្រីមុំ រង​ការ​រិះគន់ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី​នៃ​របប​ភ្នំពេញ។
រូប​ពី​ហ្វេសប៊ុក

 

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​រដ្ឋាភិបាល​ចំពោះ​ការដំឡើង​តួនាទី​កូនប្រុស ៣​នាក់​របស់​លោក សុខ អាន ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្នុង​ក្រសួង​សំខាន់ៗ និង​ការ​តែងតាំង​តំណាងរាស្ត្រ​ស្ត្រី​មួយ​រូប គឺ​អ្នកស្រី បាន ស្រីមុំ ជា​អភិបាលខេត្ត​ប៉ៃលិន បន្ត​ពី​ប្ដី។ ពួកគេ ចាត់ទុកថា ការតែងតាំង​សែស្រឡាយ​ប្រពន្ធ​កូន​អ្នកធំ​នេះ គឺជា​គំរូ​អាក្រក់​នៅ​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​អភិបាលកិច្ច សំដែង​ការ​ព្រួយបារម្ភ​អំពី​ប្រសិទ្ធភាព​ការងារ និង​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ស្រប​ពេល​ដែល​កូន​ប្រពន្ធ​មន្ត្រី​ជាន់ខ្ពស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​ការងារ​សំខាន់​ក្នុង​ជួ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

ក្តី​បារម្ភ​នេះ ក្រោយ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​បី​ដាច់ដោយឡែក​តែងតាំង​កូនប្រុស​បី​នាក់ របស់​អតីត​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​តែមួយ​សប្តាហ៍​។ ក្នុង​នោះ​លោក សុខ សង្វារ ដែល​មាន​តួនាទី​ជា​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​បានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ។ មួយថ្ងៃ​បន្ទាប់មក លោក សុខ សូកាន ដែល​ជា​តំណាងរាស្ត្រ​ដែល​មាន​វ័យក្មេង​ជាងគេ​របស់​បក្ស​កាន់អំណាច​ដែរ​នោះ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។ រំលង​បានតែ​មួយថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ លោក សុខ សូកេន ត្រូវ​បាន​ដំឡើង​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បន្ទាប់ពី​លោក កាន់​ដំណែង​ជា​អនុរដ្ឋលេខាធិការ​ក្នុង​ក្រសួង​នេះ ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក។


ចំណែក កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៨ កូនប្រុស​លោក សុខ អាន ម្នាក់ទៀត គឺ​លោក សុខ ពុទ្ធិវុធ ត្រូវ​កូនប្រសា​របស់​លោក ហ៊ុន សែន ផង​នោះ ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

ក្រៅពី​ការតែងតាំង​កូនប្រុស​លោក សុខ អាន នោះ កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ព្រះមហាក្សត្រ ក៏បាន​សម្រេច​តែងតាំង​តំណាងរាស្ត្រ​ស្ត្រី​មួយ​រូប គឺ​អ្នកស្រី បាន ស្រីមុំ ជា​អភិបាលខេត្ត​ប៉ៃលិន តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ដែរ ។ អ្នកស្រី​គឺជា​ភរិយា​របស់​អតីត​អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន ដែល​បច្ចុប្បន្ន លោក​គឺជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ អ្នកស្រី វ៉ែន ដារា បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការតែងតាំង​តាម​ទំនើងចិត្ត និង​បែប​បក្សពួក​គ្រួសារនិយម ដោយ​គ្មាន​ការវាយតម្លៃ​និង​ការ​ប្រកួតប្រជែង​ត្រឹមត្រូវ​នេះ​។ អ្នកស្រី បារម្ភ​ថា ចំពោះ​ការតែងតាំង​អ្នកស្រី បាន ស្រីមុំ ជា​អភិបាលខេត្ត​ប៉ៃលិន​នេះ​វិញ គឺ​អាច​ជា​សំណាងអាក្រក់​សម្រាប់​ពល​រដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ព្រោះ​កាល​មិន​ទាន់​បាន​ឡើងជា​ចៅហ្វាយខេត្ត​ផង អ្នកស្រី បាន ស្រីមុំ បាន​ដើរ​យក​ដី​ប្រជាពលរដ្ឋ និង​ដី​សាធារណៈ​ជាច្រើន​កន្លែង​ទៅ​ហើយ ទម្រាំ​មានអំណាច​ពេញដៃ​ថែមទៀត គឺ​ទាំង​ពលរដ្ឋ និង​មន្ត្រីរាជការ​ថ្នាក់ក្រោម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន នឹង​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ផ្សេងៗ តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការ​ប្រើ​អំណាច​មិន​ត្រឹមត្រូវ៖ «​ប្រជាពលរដ្ឋ​អស់សង្ឃឹម​ហ្មង ដោយសារ​តាំងពី​មិនទាន់​បាន​ធ្វើ​តំណាងរាស្ត្រ​ផង គាត់​ធ្វើបាប​ប្រជាពលរដ្ឋ​នៅ​ប៉ៃលិន គាត់​ដុត​ផ្ទះ គាត់​រើ​បណ្ដេញ​ចេញ​ពី​ផ្ទះ គាត់​ប្រើ​ឱ្យ​គេ​រឹបអូស​យក​ដី​ប្រជាពលរដ្ឋ ។ ខ្ញុំ​សោកស្ដាយ​ដែល​មិន​គួរ​ណា​ចុះហត្ថលេខា​មិនបាន​មើល​ប្រវត្តិ​បុគ្គល​ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់​។ គាត់​អត់​មាន​គិត​អី គឺ​គិតតែ​អំណាច និង​លុយ​កាក់។ កាល​គាត់​ទៅ​ដល់​ទឹកដី​នៅ​ប៉ៃលិន​ដំបូង​គឺ​អត់​មានអី​សោះ ទៅ​តែ​ខ្លួន​សោះ ហើយ​បើក​ខារ៉ាអូខេ​នៅ​៥៥៥ តែ​ប្តី​គាត់​អភិបាលខេត្ត អ៊ីចឹង​ហើយ​គាត់​ដើរ​យក​ដី​យក​អី​គ្រប់កន្លែង»។

ចំណែក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការតែងតាំង​កូន​ប្រពន្ធ ឬ​សែស្រឡាយ​សាច់ញាតិ​របស់​មន្ត្រី​កំពូលៗ​នៃ​គណបក្ស​កាន់​អំណាច​នេះ គឺជា​រឿង​អយុត្តិធម៌ សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​សមត្ថភាព​និង​ចំណេះដឹង​ខ្ពស់​តែ​គ្មាន​សែស្រឡាយ​ជា​អ្នកធំ​។ លោក បន្ត​ថា រដ្ឋាភិបាល ត្រូវតែ​ផ្តល់​ឱកាស​ឱ្យ​បាន​ស្មើៗ​ភាព​គ្នា​សម្រាប់​យុវជន​ទូទៅ​ក្នុង​ការ​ប្រកួត​ប្រជែង​សមត្ថភាព​យក​ដំណែង​សម្រេចចិត្ត​ទាំង​នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ៖ «​ខ្ញុំ​គិត​ថា កម្ពុជា គួរតែ​ទៅ​ឱ្យ​ឆ្ងាយ​ពី​ហ្នឹង។ យើង​ទទួលស្គាល់​ថា កូន​អ្នកធំ គេ​មាន​ចំណេះដឹង គេ​មានឱកាស​រៀន​សូត្រ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ហើយ​មកវិញ គេ​មាន​ឱកាស​បំពេញការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ការ​ផ្តល់​ឱកាស​បែបនេះ វា​គួរតែ​ផ្តល់​ឱកាស​ស្មើៗ​គ្នា ឱ្យ​កូន​អ្នក​ផ្សេងៗ​កូន​អ្នក​ក្រ​អីហ្នឹង បាន​រៀនសូត្រ​ខ្ពស់ៗ ហើយ បាន​មុខ​ដំណែង​បែបនេះ​បាន​ប៉ុណ្ណា ហើយ​ភាគរយ​នេះ​ខ្ពស់ វា​៥០​លើ​៥០​ដែរ​ទេ​?»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកស្រី បាន ស្រីមុំ បានទេ​ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង ពុំ​មាន​អ្នកទទួល​។ ទោះ​យ៉ាងណា អ្នកស្រី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក កាលពី​ថ្ងៃទី​១៩ ធ្នូ​ថា នឹង​ខិត ខំ​ប្រឹងប្រែង​បំពេញការងារ​ឱ្យ​បាន​ល្អ និង​បម្រើ​សេវា​ការងារ​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​អ្នក​ខេត្ត​ប៉ៃលិន​ឱ្យ​បាន​ល្អ​ប្រសើរ និង​ធ្វើ​យ៉ាងណា​សហការ​​​​​គ្នា​បំពេញការងារ​ឱ្យ​រលូន​ទៅមុខ​បន្ថែម​ទៀត ជាពិសេស​បន្ត​ការងារ​អភិវឌ្ឍន៍​និង​ថែរក្សា​ស្នាដៃ​ដែល​អតីត​អភិបាលខេត្ត​មុនៗ​បាន ចូលរួម​​​ចំណែក​កសាង​ឡើង​នា​ពេល​កន្លង​មក។

ចំណែក​លោក សុខ សូកាន មិន​អាច​ទាក់ទង​បានទេ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ។

អ្នក​តាមដាន​សង្គម​លើកឡើង​ថា ជា​ធម្មតា​ទៅ​ហើយ​សម្រាប់​មន្ត្រី​កំពូលៗ​របស់​បក្ស​កាន់អំណាច តែងតែ​យក​កូន​ប្រពន្ធ ឬក៏​សាច់ញាតិ​មក​ដាក់​ឱ្យ​កាន់​តំណែង​ក្រោម​ឱវាទ​របស់​ខ្លួន ឬក៏​កន្លែង​ខ្លាញ់​ណាមួយ​។ ប្រការ​នេះ បាន​ធ្វើ​ឱ្យ​កូន​អ្នក​ក្រ ឬ​កូន​អ្នកស្រែ បន្ត​អស់សង្ឃឹម ព្រោះ​តំណែង​មន្ត្រី​ជាន់ខ្ពស់​គឺ​អ្នកធំៗ​គេ​រៀបចំ​ដាក់​កូន​គេ​អស់​ហើយ។

ជាក់ស្ដែង កូនប្រុស​របស់​លោក ហ៊ុន សែន ទាំង ៣​នាក់ គឺ​មាន​លោក ហ៊ុន ម៉ា​នី ជា​សមាជិកសភា លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន ម៉ានិត គឺជា​មន្ត្រី​ជាន់ខ្ពស់​កង​ទ័ព ខណៈ​កូន​ប្រសារ​របស់​លោក​ដូចជា​លោក ឌី វិជ្ជា ដែល​ត្រូវជា​ស្វាមី​អ្នកស្រី ហ៊ុន ម៉ា​ណា គឺជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ។

រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង មាន​កូន​ប្រុស​ឈ្មោះ ស សុខា ឡើង​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ កូនប្រុស​ពៅ​ឈ្មោះ ស រដ្ឋា មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ ៣ និង​ក្មួយៗ របស់​លោក ក៏​ជា​មន្ត្រី​ជាន់ខ្ពស់​ប៉ូលិស​ដែរ​។ រីឯ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​មាន​កូន​ប្រុស​ឈ្មោះ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ស្រប​ពេល​ប្រធានរដ្ឋសភា​លោក ហេង សំរិន មាន​កូន​ប្រសា​ឈ្មោះ វង សូត ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​។ លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល មាន​កូន​ប្រុស​ឈ្មោះ ស៊ុយ ឌីម៉ង់ គឺជា​រដ្ឋលេខាធិការ​ក្រសួង​នោះ​ដែរ​។ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​លោក អ៊ុក រ៉ាប៊ុន មាន​កូន​ប្រុស​ឈ្មោះ អ៊ុក ពញ្ញា ជា​រដ្ឋលេខាធិការ​ក្នុង​ក្រសួង​ជាមួយគ្នា​។ ទន្ទឹមគ្នា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏​មាន​កូនប្រុស ២ នាក់​របស់​លោក ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង​យ៉ិនទៀង ពុទ្ធិ​រ៉ា ជា​ជំនួយការ​នៃ​អង្គភាព​មួយ​នេះ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។

ដោយឡែក កូនប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​គឺ​លោក ទៀ សីហា ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​សៀមរាប ខណៈ​លោកស្រី មិថុនា ភូថង ជា​កូនស្រី​លោក យុទ្ធ ភូថង ក្លាយ​ជា​អភិបាលខេត្ត​កោះកុង​ត​ពី​ឪពុក​។ លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា មាន​កូន​ប្រុស​គឺ​លោក ជាម ច័ន្ទសោភ័ណ្ឌ ជា​អភិបាលខេត្ត​ត្បូងឃ្មុំ​។ លោក ជា ចាន់តូ ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​កូន​ស្រី​ម្នាក់​ឈ្មោះ ជា សិរី គឺជា​អគ្គនាយក​បច្ចេកទេស​នៃ​ស្ថាប័ន​នេះ។ និន្នាការ​បែបនេះ​ក៏បាន​កើតឡើង​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ផង​ដែរ ដោយ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋសភា​ឯក​បក្ស​ភាគច្រើន មាន​កូនចៅ ឬ​សាច់​សារ​លោហិត​របស់​ពួកគេ​បម្រើការ​ជា​មន្ត្រី​នៅ​ក្នុង​នោះ​ដែរ​។ អ្នក​ទាំងនោះ​មាន​ជាអាទិ៍ អនុប្រធាន​ទី​១ រដ្ឋសភា លោក ងួន ញ៉ិល មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ ងួន រាសី គឺជា​នាយក​ខុទ្ទកាល័យ​របស់​លោក​ផ្ទាល់​។ អគ្គលេខាធិការ​រង​រដ្ឋសភា លោក មិត្ត ការ៉េន មាន​សាច់ញាតិ​ជាច្រើន​រាប់​ទាំង​ប្រពន្ធ កូន និង​កូនប្រសា​របស់​លោក​ផង​សុទ្ធសឹងតែ​ធ្វើការ​ក្នុង​រដ្ឋសភា​ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល តែងតែ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​ច្បាប់​ស្ដីពី​ទំនាស់​ផលប្រយោជន៍ ដែល​ចែង​ឱ្យ​ច្បាស់លាស់​អំពី​បញ្ហា​គ្រួសារ ឬ​សាច់​ញា​តិ​និយម​នៅ​ក្នុង​ស្ថាប័ន​ជាតិ ហើយ​ច្បាប់​នេះ​ត្រូវ​ចាប់​អនុវត្ត​ពី​មន្ត្រី​ថ្នាក់​កំពូល​មុនគេ ដើម្បី​ផ្ដល់​ភាពជា​គំរូ​ដល់​មន្ត្រី​ថ្នាក់ក្រោម៕

No comments: