Wednesday 9 December 2020

រដ្ឋាភិបាល​កៀរគរ​ថវិកា​ទិញ​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩


ដោយ សុជីវី
2020-12-09
រដ្ឋាភិបាល​កៀរគរ​ថវិកា​ទិញ​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩

រដ្ឋាភិបាល​កៀរគរ​ថវិកា​ទិញ​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ហ្វេសប៊ុក



រដ្ឋាភិបាល​ប្រកាស​បញ្ចេញ​ថវិកា ដើម្បី​ទិញ​វ៉ាក់សាំង ជំងឺ​កូ​វីដ​១៩ (Covid-19) ចំនួន​មួយ​លាន​ដូស សម្រាប់​ក្រុម​មនុស្ស​ប្រឈម​ហានិភ័យ​ខ្ពស់ ចំនួន​ប្រាំ​សែន (៥០​ម៉ឺន​)​នាក់ ដំបូង​។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល ក៏​កំពុង​កៀរគរ​ថវិកា ពី​ឈ្មួញ មន្ត្រី​នយោបាយ និង​ពលរដ្ឋ​បន្ថែម​ទៀត ដើម្បី​ទិញ​វ៉ាក់សាំង​។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកាជាតិ ទិញ​វ៉ាក់សាំង ចាក់​ឲ្យ​ពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព​គ្នា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​កំណត់​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​ណាមួយ។

លោក​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ទាំង​២​ក្រសួង ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង ចំនួន​មួយ​លាន (១​លាន​)​ដូ​ស យក​មក​ចាក់​ជូន​ប្រជាជន ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​លើ​ក្រុម​គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និង​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន​ប្រាំ​សែន (៥០​ម៉ឺន​)​នាក់ និង​ត្រៀម​បម្រុង​ថវិកា​ទិញ ពីរ​លាន (២​លាន​) ទៅ បី​លាន (៣​លាន​) ដូ​ស នៅ​ជំហាន​បន្ទាប់។


លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​នៅ​ក្រ ខ្វះ​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង ដូច្នេះ លោក​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​សុខាភិបាល និង​រដ្ឋមន្ត្រី ហិរញ្ញវត្ថុ ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម ជួយ​ដល់​ប្រជាជន​។ ក្រៅពី​គម្រោង​ត្រៀម​បម្រុង​ថវិកា​នេះ លោក ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​នេះ​ដែរ។

​ក្រុម​ឈ្មួញ មាន​ងារ​ជា​ឧកញ៉ា និង មន្ត្រី​នយោបាយ​នៃ​បក្ស​កាន់អំណាច បាន​ប្រកាស​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ខ្ទង់ពាន់​ដុល្លារ ដល់​រាប់​លាន​ដុល្លារ ក្នុង​ម្នាក់ៗ ជា​បន្តបន្ទាប់​។ ចំណែក​ពលរដ្ឋ​សាមញ្ញ​ខ្លះ​ទៀត ក៏បាន​បរិច្ចាគ​ថវិកា តាម​លទ្ធភាព​ដែរ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា ពលរដ្ឋ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ទាំងស្រុង ព្រោះ ក្រោយ​ការប្រកាស​ប៉ុន្មាន​ម៉ោង រដ្ឋាភិបាល ទទួល​បាន​ថវិកា​ជិត​ម្ភៃ​លាន (១៨​លាន​)​ដុល្លារ​។ លោក ផៃ ស៊ីផាន ប្រាប់​ថា លោក មិនទាន់​ដឹង​ថា រដ្ឋាភិបាល នឹង​ត្រៀម​ថវិកា​ចំនួន​ប៉ុន្មាន ហើយ​ដំណើរការ​កិច្ចប្រជុំ របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ចាប់ផ្ដើម ឬ​សម្រេច​បែប​ណា​ទេ។

តែ​យ៉ាងណា លោក​អះអាង​ថា រដ្ឋាភិបាល​គ្រប់គ្រង​ថវិកា​ជំនួយ​របស់​សប្បុរស​ជន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ កាលពី​កន្លង​មក បាន​ត្រឹមត្រូវ​ល្អ ដោយ​រក្សាទុក​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក្រសួង​សុខាភិបាល ជា​អ្នក​ស្នើ​សុំ​ដក យក​មក​ចាយវាយ ដោយមាន​បញ្ជី​ចំណាយ​ត្រឹមត្រូវ៖ «ទី​១ លុយ​ម្ដុំ​ហ្នឹង សម្ដេច លោក បែងចែក​ទៅ​ក្រសួងសុខាភិបាល ហើយ​ទុក​មួយ​ចំនួន​ទៀត នៅ​ក្រសួង​ហិរញ្ញវត្ថុ​។ អាហ្នឹង គឺ​មាន​តួលេខ​ត្រឹមត្រូវ ច្បាស់លាស់ ហើយ​ពេល​ដក គឺ​ក្រសួង​សុខាភិបាល ជា​អ្នក​ដក​។ នេះ​ជា​បុព្វសិទ្ធិ​របស់​ក្រសួង​សុខាភិបាល ដែល​ដក​ពី​លុយ ដែល​ជា​ថវិកា​ហ្នឹង​ចេញទៅ​។ យើង​មើល​តែ​ប៉ុណ្ណេះ តើ​វា​តម្លាភាព ឬ​មិន​តម្លាភាព យើង​មើល​លើ​សេចក្ដីទុកចិត្ត​ទៅវិញ​។ គាត់​ប្រកាស​យប់​មិញ មិន​ដល់​១២​ម៉ោង​ផង បាន​២០​លាន បាន​សេចក្ដីថា គេ​ទុកចិត្ត​លើស​ម្ដេច​រួចស្រេច​ហើយ តាម​តួលេខ​ហ្នឹង»។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​គាំទ្រ​វិធានការ​នានា របស់​រដ្ឋាភិបាល​។ លោក សរសេរ ក្នុង​ហ្វេសប៊ុក​ថា រដ្ឋាភិបាល បាន​ដាក់​ចេញ​គម្រោង​ផែនការ​ទាន់​ពេល​វេលា ក្នុង​ការ​ត្រៀម​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ លោក​ក៏បាន​ចូលរួម​សរសើរ​សប្បុរសជន ក្នុង​ការ​ចូលរួម​ជួយ​ថវិកា ដល់​រដ្ឋាភិបាល ដើម្បី​ទិញ​វ៉ាក់សាំង​ដែរ និង​បាន​អំពាវនាវ ឲ្យ​សហគមន៍​អន្តរជាតិ ប្រទេស​អភិវឌ្ឍន៍ មាន​ធនធាន ជួយ​ផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​នេះ ដល់​ប្រជាពលរដ្ឋ​ខ្មែរ តាម​លទ្ធភាព​មនុស្សធម៌។

ចំណែក តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្ត​ពោធិ៍សាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង សង្កេត​ឃើញ​ថា ឈ្មួញ​មាន​ងារ ជា​ឧកញ៉ា​ខ្លះ ដែល​មាន​ប្រវត្តិ​ធ្លាប់​រកស៊ី​ទុច្ចរិត​ជាមួយ​របប​ក្រុង​ភ្នំពេញ បាន​ឆ្លៀត​ឧបត្ថម្ភ​លុយ ជំនួយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩ ដើម្បី​យក​របប​ក្រុងភ្នំពេញ ធ្វើជា​ខ្នងបង្អែក បន្ត​របរ​ទុច្ចរិត កេងប្រវ័ញ្ច​ជាតិ និង​ពលរដ្ឋ​៖ «អានេះ ខ្ញុំ​គ្រាន់តែ​លឺ​អ្វី ដែល លោក ហ៊ុន សែន អួត​កន្លង​មក​ទេ ព្រោះ​កន្លងមក លោក ហ៊ុន សែន តែងតែ​អួត​អំពី​លុយ​ដែល​គាត់​មាន លុយ​ដែល​គាត់​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ រឿង​កូវីដ រឿង​អ្វី​ហ្នឹង គឺ​គាត់​មាន​លុយ​ច្រើន​ណាស់ រាប់ពាន់​លាន​ដុល្លារ​។ រួច​ហេតុអ្វី បានជា​ត្រូវការ​ចាំបាច់ បែរជា​ថា ជា​ប្រទេស​ក្រីក្រ អត់​មាន​លទ្ធភាព​ទិញ​។ ប្រជាជន គឺជា​រឿង​ចម្បង​ណាស់ ព្រោះ​ជាតិ​មួយ អាច​កំណត់​ពី​ជាតិ​សាសន៍​មួយ​បាន ត្រូវតែ​មាន​មនុស្ស ត្រូវ​មាន​ប្រជាជន​។ អ៊ីចឹង បើ​សិន​ទុក​ឲ្យ​ប្រជាជន​យើង​ស្លាប់​អស់ យើង​ធ្វើ​ម្ដេច​កំណត់​ជាតិ​សាសន៍​យើង​បាន​? ឬមួយ គាត់​ដឹកនាំ​ប្រទេស គាត់​មើល​តែ​គ្រួសារ​គាត់​ទេ មើល​តែ​មន្ត្រី រាជការ ដែល​គាំទ្រ ហើយ​នៅ​ក្បែរ​គាត់​ទេ ហើយ​ប្រជាជន នរណា​ស្លាប់​អ្វី ស្លាប់​ទៅ ហើយ​អ៊ីចឹង គាត់​ទៅ​ដឹកនាំ​ប្រទេស​ធ្វើ​អ្វី​? លាលែង​ទៅ»។

ពាក់ព័ន្ធ​នឹង​ការទិញ​វ៉ាក់សាំង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីមអេង ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រៀម​ថវិកាជាតិ ដើម្បី​ទិញ​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ ទទួល​បាន​គ្រប់គ្នា ក្នុង​ករណី​កៀរគរ​ថវិកា​ពី សប្បុរសជន មិន​បាន​គ្រប់​ចំនួន៖ «យើង​មិន​បាន​ឃើញ ការ​ផ្សព្វផ្សាយ​របាយការណ៍​ជាក់លាក់​ណាមួយ​ទេ​។ ប៉ិន​យើង​គ្រាន់តែ​លឺ លើកឡើង​ពី​ការ​ចំណាយ​ប៉ុនណាៗ​។ ប៉ុន្តែ​គ្រាន់​ថា ជាក់ស្ដែង​យ៉ាង​ម្ដេច យើង​មិន​បាន​ដឹង​ទេ​ណា​។ ជា​រួម​ណា ហើយ​យើង​ក៏​មិន​បាន​ដឹង ប្រព័ន្ធ​នៃ​ការ​បញ្ចេញ ការគ្រប់គ្រង​យ៉ាង​ម្ដេច ក៏​យើង​មិន​បាន​ដឹង​របៀប ការចាយវាយ យ៉ាង​ម្ដេច​ដែរ​។ អ៊ីចឹង​ហើយ ក៏​ជា​រឿង​មួយ ដែល​ប្រជាពលរដ្ឋ​ខ្លះ ក៏​មាន​ការ​ចោទ​ជា​សំណួរ​ដូចគ្នា​ដែរ ជុំវិញ​បញ្ហា​នេះ​។ ប៉ុន្តែ​រឿង​ដែល​សំខាន់​បំផុត គឺ​យើង​រីករាយ ដែល​ថា​កម្ពុជា​ក៏​គ្រោង​ឲ្យ​មាន​វ៉ាក់សាំង​ដូច​គេ ដូច​ឯង»។

ជាមួយគ្នា​នេះ ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា មាន​មនុស្ស​ចំនួន​២​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃទី​០៨ ធ្នូ ដោយសារ អ្នក​ទាំងពីរ ធ្លាប់​ទៅ​ទិញ​ទំនិញ នៅ​ហាង​ប៉េត្រូ (Pedro) និង​ហាង​ហ្សែនដូ (Zendo) កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា។

ក្រសួង​ក៏​ប្រកាស​ថា មាន​អ្នកជំងឺ​កូវីដ​១៩​ម្នាក់ បានជា​សះស្បើយ គឺ​ស្ត្រីជន​ជាតិខ្មែរ​អាម៉េរិកាំង ម្នាក់ អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ក្រុង​ប៉ៃលិន ដែល​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ​ហើយ។

នៅ​ថ្ងៃ​ដដែល ក្រសួង​សុខាភិបាល ក៏បាន​បន្ត​យក​សំណាក ធ្វើតេស្ត​លើក​ទី​២ លើ​មនុស្ស​រាប់​ពាន់​នាក់​បន្ត​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ចូល​សហគមន៍ ២៨ វិច្ឆិកា នៅ​តាម​ទីតាំង​ផ្សេងគ្នា ជាច្រើន​កន្លែង ដូចជា នៅផ្ទះ​ប្រធានរដ្ឋសភា លោក ហេង សំរិន ផ្ទះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បន្ទាយ​អង្គរក្ស ទួល​ក្រសាំង ក្រុង​តាខ្មៅ និង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​៣៥០​នាក់។ ព្យាបាល​ជាសះស្បើយ ៣០៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ៣៣​នាក់ និង​មណ្ឌល​សុខភាព​ចាក់​អង្រែ (១០​នាក់​) សរុប ៤៣​នាក់​៕ 

No comments: