ដោយ ហេង រស្មី
2020-12-06
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការកណ្ដាលគណបក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
RFA
មន្ត្រីនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបន្តអះអាងថា ពួកគេមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់របស់តុលាការ ក្នុងសំណុំរឿងរួមគំនិតក្បត់ និងបទញុះញង់ ដែលតុលាការតម្រូវឲ្យពួកគេ ត្រូវបំភ្លឺនៅតុលាការនៅដើមឆ្នាំ២០២១ខាងមុខនេះ។ មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិក៏អះអាងថា កូនក្តីរបស់លោកគ្មានប្រព្រឹត្តបទល្មើសដែរ។
មន្ត្រីនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិលើកឡើងថា ពួកគេមិនដឹងថា ខ្លួនចូលរួមក្បត់ជាតិ និងញុះញង់តាមរយៈអ្វីឡើយ ខណៈពួកគេមិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់របស់តុលាការ។ ទោះរកមិនឃើញថា ខ្លួនប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញយ៉ាងណាក្ដីក៏ពួកគេនៅតែរក្សាជំហរចូលបំភ្លឺនៅតុលាការដដែល។
សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ឌឹម សារឿន ប្រាប់អាស៊ីសេរីថ្ងៃទី៤ ខែធ្នូ ថា ទោះតុលាការពន្យារពេលសវនាការដើម្បីទុកពេលឱ្យលោកអ្នកផ្សេងត្រៀមខ្លួនរកភស្តុតាងដើម្បីតតាំងក្ដី ប៉ុន្តែលោករកមិនឃើញសកម្មភាពមួយណាដែលជាទង្វើក្បត់ជាតិនោះទេ។ លោកយល់ថា សកម្មភាពដែលតុលាការចោទប្រកាន់បទរួមគំនិតក្បត់ និងញុះញង់គឺគ្មានអីក្រៅរូបលោក ហូប នំបញ្ចុក ឬអង្គុយផឹកកាហ្វេ ឬការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្ដិដែលធ្លាប់ធ្វើការជាមួយគ្នាប៉ុណ្ណោះ៖ «បាទរកឃើញអត់ឃើញថា ព្រោះយើងនៅទីភ្លឺ គេនៅទីងងឹតហើយ គេនៅទីងងឹតគេជាអ្នករកភស្តុតាងឱ្យយើងថា យើងអង្គុយគុយទាវកាហេ្វ គេលួចថតបានហូបនំបញ្ចុកគេលួចថតបានហី អ៊ីចឹងយើងអត់ដឹង ប៉ុន្តែសម្រាប់គេចាត់ទុកជាភស្តុតាងក៏មិនដឹង»។
ស្រដៀងគ្នានេះដែរ យុវជនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិលោក ភួង ថា លោកគ្រាន់តែបានសិក្សាផ្លូវច្បាប់ជាមួយមេធាវី ប៉ុន្តែឯកសារផ្សេងៗទៀតលោកគ្មានភស្តុតាងអ្វីផ្ដល់ឱ្យមេធាវីឡើយ។ លោកថា លោកមិនបានប្រព្រឹត្តិដូចការចោទ ដូច្នេះលោកមិនដឹងថា ខ្លួនព្រឹត្តិកំហុសបែបណាឬជាមួយអ្នកណាឡើយ។ យុវជនដដែលនៅតែចាត់ទុកថា រឿងនេះជារឿងនយោបាយ។ លោករម្លឹកទៀតថា កាលពីលោកចូលបំភ្លឺនៅតុលាការ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅរឹតតែបង្ហាញថាតុលាការបំពេញការងារមានភាពខ្វះចន្លោះ និងកំហុសឆ្គងខ្លះ ខណៈសំណុំរឿងនេះជាក្ដីធំ និងមានជនរងការចោទប្រកាន់ច្រើនក្ដី៖ «ការចោទប្រកាន់គ្រាន់តែជាល្បែងនយោបាយដែលអ្នកនយោបាយឬក៏មន្ត្រីតុលាការធ្វើការគំរាមកំហែងមកលើពួកខ្ញុំ»។
ជាស្ថាបនិកមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរដែលមិនមែនជាសមាជិករបស់គណបក្សសង្គ្រោះជាតិ កញ្ញា សេង ធារី ឱ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញាថា កញ្ញាទើបទទួលបានឯកសារពីតុលាការ ដោយតុលាការក្រុងភ្នំពេញបានចោទប្រកាន់ថា កញ្ញាបានគេចខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ប៉ុន្តែកញ្ញាបញ្ជាក់ថា កញ្ញាមិនដែលគេចខ្លួនម្ដងណាទេ។ កញ្ញានៅតែចោទប្រកាន់ថា ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីដែលគណៈមេធាវីផ្ដល់ឱ្យជួយការពារក្ដីក្នុងសំណុំរឿងនេះគឺជាតួអង្គក្នុងឆាកល្ខោននយោបាយប៉ុណ្ណោះ៖ «ជាការច្នៃប្រឌិតជារឿងល្ខោន ប៉ុន្តែខ្ញុំនឹងតទល់ចូលគុកក៏ខ្ញុំអត់ខ្លាចដែរ ព្រោះខ្លាចការនិយាយកុហកភូតភរហើយខ្ញុំខ្លាចអត់បាននិយាយការពិតជាងខ្លាចរបបសព្វថ្ងៃនេះ»។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា តុលាការក្រុងភ្នំពេញសម្រេចលើកពេលជំនុំជម្រះរឿងក្តីសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ១២០នាក់ ទៅខែមករា និងខែមីនា ឆ្នាំ២០២១ខាងមុខវិញ ដើម្បីទុកពេលឱ្យក្រុមមេធាវីពិនិត្យសំណុំរឿងឡើងវិញ និងទំនាក់ទំនងជាមួយកូនក្ដីឱ្យបានពេញលេញ។ ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាកោះជាបន្តបន្ទាប់កោះហៅមេដឹកនាំមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ១២៥នាក់ចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធការចូលរួម និងគាំទ្រគម្រោងមាតុភូមិនិវត្តន៍លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
មេធាវីម្នាក់ការពារក្ដីក្នុងសំណុំរឿងនេះ លោក ឡោ ជុនធី ដែលការពារក្ដីមនុស្ស១២នាក់ក្នុងចំណោមមនុស្សជាង ១២០នាក់នេះឱ្យអាស៊ីសេរីដឹងថា ចាប់តាំងពីតុលាការលើកពេលជំនុំជម្រះកាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ លោកមិនទាន់បានឯកសារ ឬភស្តុតាងណាមួយពីកូនក្ដីរបស់លោកនៅឡើយទេ៖ «និយាយចំតាំងពីបែកគ្នាមក អត់ទាន់បានជួបអីទេបញ្ហារហូតដល់អ៊ីចឹងពិបាកទាក់ទង»។
ចំណែកមេធាវីការពារក្ដីឱ្យមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងម្នាក់គឺលោក សំ សុគង់ អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទូល។
ជុំវិញករណីតុលាការចោទប្រកាន់លើថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិនេះដែរ ថ្នាក់ដឹកនាំនិងសកម្មជនទាំងអស់នៃគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញប្រកាសថា នឹងវិលចូលកម្ពុជាវិញជាថ្មីម្ដងទៀតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខ។ គម្រោងវិលចូលស្រុកជាថ្មីទៀតនេះ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដើម្បីទៅតតាំងក្តីនៅតុលាការក្រុងភ្នំពេញដែលបានចោទប្រកាន់ក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ១២០នាក់ ពីបទ "ឧបឃាត" បទ "រួមគំនិតក្បត់" និងបទ "ញុះញង់"៕
No comments:
Post a Comment