Tuesday 8 December 2020

អ្នកវិភាគ​ថា ការ​ចង់​ប្រកាស​ដាក់​ប្រទេស​​ក្នុង​ភាព​អាសន្ន ជា​ការ​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល​ជាង​ទប់ស្កាត់​កូវីដ


ដោយ​ ទីន ហ្សាការីយ៉ា
2020-12-07
អ្នកវិភាគ​ថា ការ​ចង់​ប្រកាស​ដាក់​ប្រទេស​​ក្នុង​ភាព​អាសន្ន ជា​ការ​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល​ជាង​ទប់ស្កាត់​កូវីដ
អ្នកវិភាគ​ថា ការ​ចង់​ប្រកាស​ដាក់​ប្រទេស​​ក្នុង​ភាព​អាសន្ន ជា​ការ​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល​ជាង​ទប់ស្កាត់​កូវីដ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន។
រូប​ពិ​ហ្វេសប៊ុក​លោក ហ៊ុន សែន



 

ក្រុម​អ្នក​វិភាគ​លើកឡើង​ថា លោក​ហ៊ុន សែន ប្រកាស​ចង់​ប្រើប្រាស់​ច្បាប់​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន ទំនងជា​ហេតុផល​នយោបាយ​ច្រើនជាង ការទប់ស្កាត់​ជំងឺ​កូវីដ១៩។

អ្នកវិភាគ​យល់​ថា ក្នុង​ស្ថានភាព​បែបនេះ របប​លោក ហ៊ុន សែន គួរតែ​ផ្តល់​តួនាទី​ឲ្យ​អ្នក​ជំនាញ​ឬ​ក្រសួង​សុខាភិបាល​ទទួល​ខុសត្រូវ​ឲ្យ​បាន​ច្រើន ក្នុង​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នេះ។

ក្រុម​អ្នកវិភាគ​និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ជំរុញ​ឲ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ កុំ​យក​រឿង​នយោបាយ​មក​លាយឡំ​នឹង​រឿង​ជំងឺ​កូវីដ​១៩។

ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ជំងឺ​កូវីដ១៩ កំពុង​រាតត្បាត​នៅ​កម្ពុជា​នៅ​ពេល​នេះ មិនទាន់​ស្ថិតនៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​ឡើយ​។ លោក គល់ បញ្ញា លើកឡើង​ថា លោក ហ៊ុន សែន ប្រកាស​ចង់​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​នេះ មិនមែន​ជា​ហេតុផល​តែ​ម្យ៉ាង​ដើម្បី​ចង់​ទប់ស្កាត់​ជំងឺ​កូវីដ១៩​នោះ​ទេ​៖ «ព្រឹត្តិការណ៍​ដែល​កើតឡើង​ហ្នឹង ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ អ្នក​នយោបាយ​មិនមែន​មិន​ឲ្យ​ពាក់ព័ន្ធ​ទេ តែ​អ្នក​នយោបាយ​គួរតែ​ឲ្យ​អ្នកឯកទេស​គេ​ធ្វើការ ហើយ​អ្នក​ឯកទេស​មិនទាន់​វាយតម្លៃ​អី​ផង អ្នក​នយោបាយ​ក៏​មិន​គួរ​ប្រកាស​ណាមួយ​មុន​អ្នកឯកទេស​វាយតម្លៃ​រឿង​ជំងឺ​កូ​វីដ​១៩​នេះ​ដែរ»។


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ពី​ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ​១៩​ថ្មីៗ​នេះ ថា​ជា​ព្រឹត្តិការណ៍​៣​វិច្ឆិកា និង​ព្រឹត្តិការណ៍​កូវីដ​ឆ្លង​ចូល​សហគមន៍ ២៨ វិច្ឆិកា​។ លោក​កំពុងតែ​ព្រួយបារម្ភ​អំពី​ការ​រីក​ដាល​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ខាងមុខ។

លោក ហ៊ុន សែន ឲ្យ​ដឹង​ថា លោក​បាន​ត្រៀម​ព្រះរាជក្រឹត្យ សារលិខិត​សម្រាប់​ថ្វាយ​ព្រះមហាក្សត្រ និង​លិខិត​ដាក់​ទៅ​ប្រធានរដ្ឋសភា និង​ព្រឹទ្ធសភា​រួចហើយ ដើម្បី​ស្នើសុំ​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​៖ «ពិតមែន​ហើយ ខ្ញុំ​សូម​និយាយ​ដោយ​ត្រង់​ថា ខ្ញុំ​បាន​ត្រៀម​រួចរាល់​អស់ហើយ​នូវ​ព្រះរាជក្រឹត្យ​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន និង​អនុក្រឹត្យ​ដាក់​ប្រធាន​សភា ព្រឹទ្ធសភា តែ​ខ្ញុំ​មិន​ចង់​ឈាន​ដល់​ចំណុច​នេះ​ដែរ ព្រោះ​វា​បំផ្លាញ​សេដ្ឋកិច្ច»។

ទាក់ទង​និង​បញ្ហា​នេះ លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា មាន​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​នេះ គេ​ប្រើប្រាស់​ច្បាប់​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​ដែរ ប៉ុន្តែ​ប្រទេស​ទាំងនោះ​រដ្ឋាភិបាល​គេ​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​នេះ​៖ «មានតែ​២២​ឬ​២៣​ប្រទេស ដែល​អាច​ប្រើ​ច្បាប់​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន តែ​រដ្ឋាភិបាល​គេ គេ​ប្រើ​ដោយ​ប្រុងប្រយ័ត្ន​ដែរ ហើយ​គេ​មាន​ថវិកាជាតិ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ទាំង​អ្នកក្រ ទាំង​អ្នក​បាត់បង់​ការងារ រដ្ឋាភិបាល​ជា​អ្នក​ចេញ​សង​។ តែ​ប្រទេស​គេ​ទំហំ​ដែល​គេ​អាច​ប្រើ​ច្បាប់​នេះ គឺ​វា​ធំ​ពេក​វា​ឆ្លង​ច្រើន​ពេក សម្រាប់​កម្ពុជា​វិញ​មិនទាន់​ដល់​កម្រិត​នេះ​នៅ​ឡើយ​ទេ»។

វិបត្តិ​ជំងឺ​កូវីដ១៩​បាន​ផ្ទុះឡើង​នៅ​កម្ពុជា​មិន​ខុស​ពី​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក​ឡើយ ក៏ប៉ុន្តែ​ក្រុម​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អះអាង​ថា ជំងឺ​កូវីដ​១៩​នេះ រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់​ពលរដ្ឋ​ដោយ​ស្មើភាព​ឡើយ​។ ពលរដ្ឋ​ខ្លះ​ទៀត ជំពាក់​បំណុល​ធនាគារ និង​ខ្វះ​ស្បៀង​ជាដើម។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ថា ពលរ​ដ្ឋ និង​អ្នក​ប្រកប​របប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រឈម​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​។ លោក​បន្ថែម​ថា សព្វថ្ងៃ​នេះ ទោះជា​រដ្ឋាភិបាល​មិនទាន់​ប្រើប្រាស់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​ក្ដី តែ​អាជ្ញាធរ​តាមដាន​និង​គាបសង្កត់​ក្រុម​អ្នក​ប្រកប​របប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​ពេល​ពួកគាត់​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​ផ្នែក​ជីវភាព​នោះ​៖ «កាន់តែ​ធ្ងន់​ទៅ បើសិនជា​ប្រកាស​ប្រើ​ច្បាប់​នេះ ហើយ​ឥលូវ​នេះ​បិទ​ច្រក​ព្រំដែន គឺ​យើង​លំបាក​ខ្លាំង​ណាស់ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កម្មករ​ប្រាក់ចំណូល​របស់​គាត់​គឺ​ចំណុចសូន្យ​តែម្ដង​។ បើ​ការ​ដាក់​ច្បាប់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន រដ្ឋាភិបាល​ដាក់​ទៅ តែ​ត្រូវ​ជួយ​ដល់​កម្មករ​ផង កុំ​ចែក​តាម​បក្ស​តាម​ពួក ព្រោះ​កម្មករ​ធ្លាក់ខ្លួន​ដើរ​រើស​អេតចាយ និង​ដើរ​បេះ​ត្រកួន​ដើម្បី​ជីវភាព​ប្រចាំថ្ងៃ»។

ច្បាប់​ស្ដីពី​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន ត្រូវ​បាន​សភា​ឯក​បក្ស​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​ដ៏​ចម្រូងចម្រាស​កាលពី​ខែ​មេសា​ឆ្នាំ​២០២០​។ អ្នកវិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ធ្វើ​ច្បាប់​នេះ​ឡើង ទុក​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​ទុក​ប្រើប្រាស់​ក្នុង​ពេល​ចាំបាច់​ណាមួយ ដើម្បី​បម្រើ​នយោបាយ​របស់​ខ្លួន។

ខ្លឹមសារ​ច្បាប់​ស្ដីពី​ប្រទេស​នៅ​ក្នុង​ភាព​មាន​អាសន្ន ជា​ច្បាប់​មួយ​ដែល​អ្នកវិភាគ និង​សង្គម​ស៊ីវិល​អះអាង​ថា ជា​ច្បាប់​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ទាំងស្រុង ហើយ​អំណាច​ទាំងអស់​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​រដ្ឋាភិបាល​។ មាត្រា​៥ ក្នុង​កថាខណ្ឌ​ចុងក្រោយ​ចែងថា​៖ «​ក្នុង​ពេល​សង្គ្រាម ឬ​ក្នុង​កាលៈទេសៈ​ដទៃ​ទៀត ដែល​សន្តិសុខ​ជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ដោយ​រាជរដ្ឋាភិបាល​ឬ​លោក ហ៊ុន សែន អាច​ធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក»។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី​មាន​ប្រសាសន៍​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ច្បាប់​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​នៅ​ពេល​នេះ មាន​ផល​ហេតុ​នយោបាយ​ជាច្រើន​ទៀត ក្រៅពី​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩​នេះ។ លោក​បន្ថែម​ថា ការ​ចង់​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​នេះ នៅ​ស្រប​ពេល​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក និង​ជា​ការ​ចង់​ទាញ​យក​វិបត្តិ​កូវីដ​នេះ​ទៅជា​ប្រយោជន៍​នយោបាយ​៖ «អាច​ជា​យុទ្ធសាស្ត្រ​បង្ហាញ​ពី​របត់​នយោបាយ​ថ្មី​និង​ធំ​មួយ​នៅ​ដើម​ឆ្នាំ​២០២១ ដូច្នេះ​ឱកាស​ប្រើប្រាស់​កូវីដ​ដើម្បី​ជា​ប្រយោជន៍​នយោបាយ​ក៏​ជិត​ផុត​ទៅ​ហើយ​ដែរ ដោយសារ​តែ​មាន​វ៉ាក់សាំង ហើយ​អ្នកនយោបាយ​ប្រើប្រាស់​វិបត្តិ​នេះ​ក៏​មិនមែន​ជា​រឿង​មិន​តូច​ដែរ ហើយ​ឱកាស​ទាញ​យក​ប្រយោជន៍​ពី​ជំងឺ​កូវីដ​១៩​ក៏​ជិត​ផុត​ទៅ​ដែរ»។

អ្នកវិភាគ​លើកឡើង​ថា ជំងឺ​កូវីដ​១៩ បាន​ផ្ទុះឡើង​នៅ​ពេល​នេះ ជា​ពេលវេលា​សមស្រប ដែល​លោក ហ៊ុន សែន យក​មក​ធ្វើជា​ហេតុផល​គ្រប់គ្រាន់ ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​។ អ្នកវិភាគ​ពន្យល់​ថា លោក ហ៊ុន សែន អាច​នឹង​ប្រកាស​ប្រើ​ច្បាប់​នេះ​នៅ​ពេល​ឆាប់ៗ​នេះ ក្នុង​គោលបំណង ដើម្បី​សម្រេច​គោលបំណង​ធំ​របស់​លោក ក្នុង​ការ​ផ្ទេរ​អំណាច​ឲ្យ​កូនចៅ​ត​វង្ស​ត្រកូល ក្នុង​កាលៈទេសៈ​សមស្រប​ណាមួយ ដោយ​យក​ច្បាប់​នេះ “ជា​ឧបករណ៍ ដើម្បី​ប្រើ​កម្លាំងបាយ​ស្របច្បាប់ បើ​សិន​ជា​មាន​អ្នក​ហ៊ាន​ងើប​ជំទាស់“៕

1 comment:

Anonymous said...

What happens to Ah Norouk 31st February Hun Sen ?

Could it be the news of Mu Soch Huor's return to Cambodia trigger the COVID 19 ?

You (Ah Kwak Hun Sen ) have emulated so many tricks from your evil master Yuon. You are so cheap, cheaper than shit.