Tuesday, 22 December 2020

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ថា ក្រុមហ៊ុន​ស៊ីងបាយអូថេក ឈូស​ឆាយ​ផ្លូវ​ដើម្បី​ដឹក​ឈើ​ចេញពី​ព្រៃឡង់


ដោយ៖ អាស៊ីសេរី
2020-12-21
សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ថា ក្រុមហ៊ុន​ស៊ីងបាយអូថេក ឈូស​ឆាយ​ផ្លូវ​ដើម្បី​ដឹក​ឈើ​ចេញពី​ព្រៃឡង់
សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ថា ក្រុមហ៊ុន​ស៊ីងបាយអូថេក ឈូស​ឆាយ​ផ្លូវ​ដើម្បី​ដឹក​ឈើ​ចេញពី​ព្រៃឡង់ ទិដ្ឋភាព​ពលរដ្ឋ​កំពុង​ដង​ជ័រ​ទឹក ក្នុង​ព្រៃ​ឡង់ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

 

ប្រជា​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech Co.,Ltd) បាន​ឈូស​ឆាយ​ផ្លូវ​ប្រវែង​ជាង ៣០​គីឡូម៉ែត្រ​ក្នុង​តំបន់​ព្រៃឡង់ ដើម្បី​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ។ ប្រជា​សហគមន៍​ថា ក្រោយ​ពី​ឈូស​ឆាយ​ផ្លូវ​រួចរាល់ ក្រុម​ពលរដ្ឋ​រាប់​រយ​នាក់ កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​ចេញពី​ព្រៃ​ឡង់ តម្រង់​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន។

ប្រជាសហគមន៍​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២១ ធ្នូ ថា ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង ៣០ គីឡូម៉ែត្រ ដែល​ក្រុមហ៊ុន​ស៊ីងបាយអូថេក ទើប​តែ​ឈូស​ឆាយ​នៅ​រយៈពេល ២ខែ​ចុងក្រោយ​នេះ​ចាប់ពី​ចំណុច​ភូមិ​អូរឡង់ រហូតដល់​ផ្លូវ​ក្រវ៉ាត់​ក្រុមហ៊ុន ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ឈើ។


សមាជិក​សហគមន៍​ព្រៃឡង់​ខេត្តស្ទឹងត្រែង លោក គង់ រី ដែល​បាន​ចុះ​អង្កេត​រឿង​នេះ ប្រាប់​ អាស៊ីសេរី ថា ផ្លូវ​មួយ​ខ្សែ​នេះ នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ជោគវាសនា​ព្រៃឡង់​ដែល​នៅ​សេសសល់​ចុងក្រោយ។ លោក​ថា នៅ​រយៈពេល ១ខែ​ចុងក្រោយ​នេះ ក្រុម​ពលរដ្ឋ​រស់នៅ​ឃុំកាំងចាម និង​ឃុំសៀមបូក បាន​បាត់បង់​ដើមជ័រទឹក រាប់ពាន់​ដើម ដោយសារ​កម្មករ​ក្រុមហ៊ុន​លួចចូល​កាប់​ធ្វើអាជីវកម្ម។ លោក​បន្ថែម​ថា បច្ចុប្បន្ន មាន​គោយន្ត​ជាច្រើន​គ្រឿង​សម្រុក​ដឹកឈើ​ទាំង​យប់​ទាំងថ្ងៃ​ចេញពី​ព្រៃឡង់៖ «គោយន្ត​មិនមែន​តិច​រយ​គ្រឿង ហើយ​ទាំងយប់​ទាំង​ថ្ងៃ លោក​គិត​មើល? កាប់​ពី​ព្រៃឡង់​ដឹក​លក់​ឱ្យ​ក្រុមហ៊ុន​ហ្នឹង​ហ្មង ចាំ​ទិញ​នៅ​ផ្លូវ​ក្រវាត់​ក្រុមហ៊ុន​ហ្នឹង។ គេ​ទិញ​ខ្លះ​ទិញ​ឈើ​មូល​អូស​ចូល​ក្រុមហ៊ុន ខ្លះ​ទិញ​ឈើ​ក្តារ​ដាក់​កំពង់​ក្បឿង​ទៅ​ក្តារ​សសរ និង​គ្រឿងឈើ។ ការ​កាប់​បំផ្លាញ​គឺ​ពលរដ្ឋ​កាប់​លក់​ឱ្យ​ក្រុមហ៊ុន​ហ្មង»។

ប្រជាសហគមន៍​ព្រៃឡង់​រូប​នេះ​បន្ថែម​ថា ពលរដ្ឋ​រាប់រយ​នាក់​បាន​ស៊ីឈ្នួល​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃឡង់ លក់​ឱ្យ​មេការ​ក្រុមហ៊ុន​ស៊ីងបាយអូថេក។ លោក​ថា មេការ​ក្រុមហ៊ុន​បាន​ដើរឃោសនា​គំរាម​ពលរដ្ឋ​ថា ប្រសិនបើ​មិន​លក់​ដើមច្បោះ​ឱ្យ​ក្រុមហ៊ុន​ទេ គេ​នឹង​កាប់​បំផ្លាញ​ចោល៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ តិចទៀត​នឹង​អស់​ព្រៃឡង់​យើង​ហ្នឹងហើយ។ កាលណា​អស់​ព្រៃឡង់ យើង​ ​ក្លាយ​ជា​ព្រៃ​ហ្នឹង គឺជា​ព្រៃល្បោះ ពលរដ្ឋ​មិន​ដឹង​ ​មាន​ស្អី​ហ្នឹង​រក​ទៀត​ទេ បើ​វា​អស់ទៅហើយ? គាត់​ភ័យ​បារម្ភ​ខ្លាច​អស់​ច្បោះជ័រ គាត់​ថា​ មុននឹង​អស់​ច្បោះជ័រ គាត់​បាន​កាប់​លក់​ខ្លះ​ដែរ។ គាត់​ពិបាកចិត្ត​ដោយសារ​ទប់មិនឈ្នះ​ក្រុមហ៊ុន​ហ្នឹង បាន​តិចតួច​ក៏​គាត់​ត្រូវ​កាប់​លក់​ដែរ។ និយាយរួម​អស់​រាប់ពាន់​ដើម»។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង លោក អេង ភីរុង និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការ​លើកឡើង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី២១ ធ្នូ។ ចំណែក​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ។

រីឯ ​តំណាង​ក្រុមហ៊ុន​ស៊ីងបាយអូរថេក លោក ហេង សុទ្ធារ៉ា បាន​ចេញ​លិខិត​បំភ្លឺ​កាលពីដើម​ខែធ្នូ បដិសេធ​ចំពោះ​ការចោទប្រកាន់​ថា ក្រុមហ៊ុន​មាន​ជាប់​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ទ្រង់ទ្រាយ​ធំ​ជា​ថ្មីទៀត។ ការលើកឡើង​នេះ​ ​បន្ទាប់ពី​មានការ​ចុះផ្សាយ​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ដែល​ចោទ​ក្រុមហ៊ុន​នេះ​ថា បាន​កែន​ពលរដ្ឋ​រាប់រយ​នាក់​ ​កាប់ឈើ និង​ដឹកឈើ​តាម​គោយន្ត​លក់​ឱ្យ​ខ្លួន ឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេតឃើញ​ថា ក្រុម​ពលរដ្ឋ​ចូលព្រៃ​កាប់​ឈើ និង​ដឹកជញ្ជូន​ចេញពី​ព្រៃឡង់​បាន​ដោយសារ​មាន​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។ លោក​ថា ដើមឈើ​ផលិត​ជ័រទឹក​ដែល​ជា​ប្រភព​ចំណូល​អ្នកស្រុក​នឹង​បាត់បង់​ទាំងស្រុង ហើយ​មន្ត្រី​ជំនាញ​នឹង​រក​លេស​ឆ្លើយ​ដោះសា​គេច​ពី​ការទទួលខុសត្រូវ​ដដែលៗ៖ «ចំពោះ​ពលរដ្ឋ​សាមញ្ញ​យើង​អាច​ធ្វើ​បាន តែ​ចំពោះ​មន្ត្រី​និង​អ្នក​មាន​អំណាច មាន​លុយ យើង​នៅ​មិនទាន់​ធ្វើ​បាន​ពេញលេញ។ អាហ្នឹង​ហើយ ដែល​យើង​ឃើញ​ថា​ ​ការ​អនុវត្ត​តួនាទី​របស់​មន្ត្រី​បរិស្ថាន និង​មន្ត្រី​ជំនាញ គឺ​គាត់​មិនទាន់​អនុវត្ត​ច្បាប់​ ឬ​តួនាទី​ភារកិច្ច​ហ្នឹង​ឱ្យ​ស្រប​ទៅ​តាមច្បាប់​នៅឡើយ​ទេ»។

ក្រុមហ៊ុន​ស៊ីងបាយអូថេក វិនិយោគ​ដំណាំ​ឧស្សាហកម្ម​អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ​លើ​ផ្ទៃដី​ចំនួនជា​ង ៣ម៉ឺន​ហិកតារ (៣៤.០០៧) កាលពី​ខែមិថុនា ឆ្នាំ២០១២ ឋិតនៅ​ក្នុង​ស្រុកសំបូរ ខេត្តក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

នៅ​រសៀល​ថ្ងៃទី២១ ខែធ្នូ ប្រជាសហគមន៍​ព្រៃឡង់ ២នាក់ បាន​ធ្វើដំណើរ​ដល់​ការិយាល័យ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ដើម្បី​សួរនាំ​ពី​ហេតុផល​មន្ត្រី​ជំនាញ​បណ្តែត​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​ស៊ីងបាយអូថេក កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រៃឡង់​ជា​ថ្មីទៀត ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ឆ្លើយ​ថា មិនទាន់​ជឿ​លើ​ការអះអាង​របស់​ពលរដ្ឋ​នោះ​ទេ​ដោយ​រង់ចាំ​មន្ត្រី​បរិស្ថាន​ចុះ​ស៊ើប​អង្កេត​សិន៕

No comments: