Tuesday 15 December 2020

ខួប ២៨ឆ្នាំ៖ រដ្ឋាភិបាល​ប្ដេជ្ញា​អភិរក្ស​តំបន់​អង្គរ ក្នុង​ពេល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន (Naga Corp) អភិវឌ្ឍន៍​នៅ​ក្បែរ​នោះ


Manekseka Sangkum

With so many Chinese visitors to visit Angkor Wat annually, why not build another imposing casino complex to overshadow the temple as they did at expense of the national Buddhist institute in the capital. eh? 

🔺🔺🔺

ដោយ វែន សុមេធ
2020-12-14
ខួប ២៨ឆ្នាំ៖ រដ្ឋាភិបាល​ប្ដេជ្ញា​អភិរក្ស​តំបន់​អង្គរ ក្នុង​ពេល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន (Naga Corp) អភិវឌ្ឍន៍​នៅ​ក្បែរ​នោះ

ខួប ២៨ឆ្នាំ៖ រដ្ឋាភិបាល​ប្ដេជ្ញា​អភិរក្ស​តំបន់​អង្គរ ក្នុង​ពេល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន (Naga Corp) អភិវឌ្ឍន៍​នៅ​ក្បែរ​នោះ ទិដ្ឋភាពប្រាសាទអង្គរវត្ត កាល​ពី​​ថ្ងៃ​ទី១៨ ខែសីហា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ



ថ្ងៃ​ទី១៤ ធ្នូ ឆ្នាំ​នេះ គឺជា​ខួប​ទី ២៨ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​វត្ត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក របស់​អង្គការ​យូណេស្កូ (UNESCO)។ រដ្ឋាភិបាល ប្រកាស​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ដើម្បី​អភិរក្ស​តំបន់​ប្រាសាទ​អង្គរវត្ត។ រីឯ​អ្នក​ឃ្លាំមើល ជំរុញ​រដ្ឋាភិបាល​ឱ្យ​លើក​គម្រោង​វិនិយោគ​ខ្នាត​ធំ​របស់​ក្រុមហ៊ុន ណាហ្គាខប (Naga Corp) លើ​ផ្ទៃដី​ជិត ១០០ហិកតារ ចេញ​ពី​តំបន់​កៀក​រមណីយដ្ឋាន​អង្គរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​រំឭក​ខួប​ទី ២៨ឆ្នាំ​នេះ​ថា រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​អភិរក្ស​ប្រាសាទ​អង្គរវត្ត​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​នេះ។ លោក​ បញ្ជាក់​ថា សារ​រំឭក​ខួប​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ។ ពិសេស​នោះ​លោក ហ៊ុន សែន ក៏​ចង់​ឲ្យ​ពលរដ្ឋ​សម្ដែង​ការ​ដឹង​គុណ​ដល់​បុព្វបុរស​ខ្មែរ ក្នុង​ការ​ធ្វើ​ពលិកម្ម និង​ជម្នះ​ឧបសគ្គ ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ និង​ពិភពលោក មួយ​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​អង្គរវត្ត បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​លេខ១ នៅ​លើ​ពិភពលោក ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់ មក​ទស្សនា និង​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​ប្រទេស​កម្ពុជា។


ទោះ​បី​ជា​រដ្ឋាភិបាល ប្ដេជ្ញា​ចិត្ត​ថែ​រក្សា​អភិរក្ស​ប្រាសាទ​អង្គរវត្ត​បែប​នេះ​ក្តី ប៉ុន្តែ​ថ្មីៗ នេះ រដ្ឋាភិបាល​​បាន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ណាហ្គា ខប (Naga Corp) បើក​គម្រោង​វិនិយោគ​ខ្នាត​ធំ​ក្នុង​ទឹកដី​ក្បែរ​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​សាង​សង់​សណ្ឋាគារ​ផ្កាយ​ប្រាំ កន្លែង​ជិះ​ក្ដារ​លើទឹក សួន​ទឹក​ខ្នាត​ធំ សួន​ផ្កា​ចម្រុះ​ឧទ្យាន​វប្បធម៌​បែប​ប្រវត្តិសាស្ត្រ និង​ទីក្រុង​ចិន​ក្នុង​ខេត្ត​សៀមរាប (Siem Reap China Town) ដែល​ក្រុមហ៊ុន​ដាក់​ឈ្មោះ​ជា​រួម​ជា​ភាសា​អង់គ្លេស​ថា «Angkor Lake of Wonder»។

គម្រោង​នេះ មាន​ទឹកប្រាក់​ជំហាន​ដំបូង ៣៥០លាន​ដុល្លារ​អាមេរិក។ គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ ក្រុមហ៊ុន​បាន​ជួល​ដី​រដ្ឋាភិបាល​ទំហំ ៧៥ហិកតារ ចម្ងាយ ៥០០ម៉ែត្រ ពី​ឧទ្យាន​ជាតិ​អង្គរ។ បច្ចុប្បន្ន​ដី​តំបន់​នោះ គ្រប់គ្រង​​ដោយ​អាជ្ញាធរ​អប្សរា។ រដ្ឋាភិបាល​ជួល​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​ខប (Naga Corp) រយៈ​ពេល ៥០ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ២០២០ ដល់​ឆ្នាំ២០៧០ ក្នុង​តម្លៃ ៤សែន ៥ម៉ឺន (៤៥០.០០០) ដុល្លារ ក្នុង​មួយ​ឆ្នាំ ហើយ​ដំឡើង​ថ្លៃ ៥ភាគ​រយ នៅ​ឆ្នាំ​បន្ទាប់។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី១៤ ធ្នូ។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​ថា ការ​បង្កើត​កន្លែង​កម្សាន្ត​បែប​សិប្បនិម្មិត​របស់​ក្រុមហ៊ុន​ចិន​នឹង​ផ្ដល់​ការ​ងារ​ឱ្យ​ពលរដ្ឋ​ខ្មែរ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​នឹង​ជួយ​ផ្ដល់​ចំណូល​ដល់​រដ្ឋាភិបាល។ លោក​អះអាង​ថា គម្រោង​នោះ​មិន​មាន​កាស៊ីណូ​បន​ល្បែង​ស៊ីសង​ទេ ហើយ​ប្រសិន​បើ​គម្រោង​នោះ​ប៉ះពាល់​ដល់​វប្បធម៌​កម្ពុជា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ភ្លាម។

អគ្គ​លេខាធិការ​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ សេវាកម្ម​កម្ពុជា​លោក ហ៊ាំង រ៉ុន ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​ចូលរួម​អបអរ​សាទរ ថ្ងៃ​ខួប ២៨ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​គ្រប់គ្រង​ឧទ្យាន​ជាតិ​អង្គរ​បាន​ល្អ។

លោក ហ៊ាំង រ៉ុន ឲ្យ​ដឹង​ថា ស្ថានភាព​ភ្ញៀវ​ទេសចរណ៍ នៅ​តំបន់​អង្គរ​ឆ្នាំ​នេះ ធ្លាក់​ចុះ​ខ្លាំង មិន​ធ្លាប់​មាន​ព្រោះ​តែ​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19)។ លោក​ប្រាប់​ថា រាល់​ឆ្នាំ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ មក​លេង​តំបន់​អង្គរ​មិន​ដែល​ដាច់ តែ​ឆ្នាំ​នេះ​ខ្សត់​ភ្ញៀវ​អន្តរ​ជាតិ និង​មាន​ភ្ញៀវ​ជាតិ តិច​តួច​បាន​មក​លេង។ សម្រាប់​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​ផ្នែក​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ​រូប​នេះ យល់​ថា គម្រោង​វិនិយោគ​ខ្នាត​ធំ របស់​​​ក្រុម​ហ៊ុន​ចិន ណាហ្គា ខប នៅ​ពេល​ខាង​មុខ​នឹង​ផ្ដល់​ទាំង​ភាព​វិជ្ជមាន និង​ភាព​អវិជ្ជមាន សម្រាប់​វិស័យ​ទេសចរណ៍ និង​ប្រវត្តិ​សាស្ត្រ នៅ​ខេត្ត​សៀមរាប៖ «ខ្ញុំ​គិត​ថា ដោយសារ​ខាង​រដ្ឋាភិបាល គាត់​ព្យាយាម​មិន​ឲ្យ​មាន​ល្បែង​ស៊ីសង​ឬ​ល្បែង​អ្វី​អ៊ីចឹង។ ខ្ញុំ​គិត​ថា បើ​សិន​ជា​ធ្វើ​ឲ្យ​មាន​វា​អាច​មាន​ផល​ប៉ះពាល់​ខ្លះ ហើយ​ក៏​អាច​មាន​ផល​ល្អ​ខ្លះ​ដែរ។ វា​មិន​មែន​ថា ល្អ​ទាំងអស់ ឬ​ក៏​អាក្រក់​ទាំង​អស់​ដែរ។ វា​របៀប​ថា មាន​ ហាសិប ហាសិប អ៊ីចឹង​ណា»។

អង្គការ យូណេស្កូ បាន​ដាក់​ប្រាសាទ​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​អង្គរ​ទាំងមូល ព្រមទាំង​បរិវេណ និង​ព្រៃ​ព្រឹក្សា​នៅ​តំបន់​អង្គរ​ទំហំ ៤០១​គីឡូម៉ែត្រ​ការ៉េ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ១៩៩២។ អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ថា តំបន់​អង្គរ​ចែក​ចេញ​ជា ៣ គឺ​តំបន់​កណ្ដាល (ផ្ទៃដី ៣៥.១០០​ហិកតារ) មាន​ប្រាសាទ​ច្រើន​ជាង​គេ ដូចជា ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ប្រាសាទ​តា​ព្រហ្ម ប្រាសាទ​នាគព័ន្ធ ជាដើម។ ឯ​តំបន់​ខាង​ជើង (ផ្ទៃដី ២.០០០​ហិកតារ) មាន​ប្រាសាទ​បន្ទាយ​ស្រី និង​តំបន់​ខាង​ត្បូង ឬ​ហៅថា តំបន់​រលួស (ផ្ទៃដី ៣.០០០​ហិកតារ) មាន​ប្រាសាទ​បាគង ប្រាសាទ​ព្រះគោ ប្រាសាទ​លលៃ ជាដើម។

ក្រោយ​ការ​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​រួច តំបន់​ឧទ្យាន​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ​ទាំង​មូល​បាន​ក្លាយ​ជា​កន្លែង​រក​ចំណូល​ឲ្យ​កម្ពុជា​រាប់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ តាម​រយៈ​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា៕

1 comment:

Anonymous said...

Khmer people must not let Ah Roleuy Hun Sen destroy Cambodia.
Khmer people must make a huge protest to stop this NAGA shit company destroying Khmer spirit Angkor Wat.

Ah Roleuy Hun Sen has so little education. He cannot differentiate between wrong and right.